ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch និយាយថា ការសង្កត់សង្កិនកើនឡើងនៅអាស៊ីក្នុងឆ្នាំ២០២៣


រូបឯកសារ៖ អ្នកគាំទ្រគណបក្ស Move Forward Party កាន់​ក្រដាសមួយដែលសរសេរថា «គោរព​សន្លឹកឆ្នោត​របស់​ខ្ញុំ» ​នៅក្នុង​ពេល​ធ្វើ​បាតុកម្ម​តវ៉ា នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកគាំទ្រគណបក្ស Move Forward Party កាន់​ក្រដាសមួយដែលសរសេរថា «គោរព​សន្លឹកឆ្នោត​របស់​ខ្ញុំ» ​នៅក្នុង​ពេល​ធ្វើ​បាតុកម្ម​តវ៉ា នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

អង្គការ Human Rights Watch ​និយាយនៅក្នុង​របាយការណ៍ថ្មី​មួយថា ​រដ្ឋាភិបាល​នៅក្នុង​ទ្វីបអាស៊ី​សង្កត់​សង្កិន​ជាងមុនកាលពី​ឆ្នាំទៅ ​ដោយសារ​តែ​ពួក​ប្រទេស​លោក​ខាង​លិចអនុគ្រោះ​ដល់ក្រុម​សម្ព័ន្ធមិត្ត​ដែលអាច​ជួយ​ទប់ទល់​នឹង​ការ​លេចឡើងនៃ​ប្រទេស​ចិន​និងវិធានការ​ដ៏​គឃ្លើន​របស់​ប្រទេសនេះដើម្បីបំបិទមាត់ក្រុម​អ្នក​រិះគន់​ខ្លួននៅ​ក្រៅ​ប្រទេស។

នៅក្នុង​របាយការណ៍​ពិភពលោក​ឆ្នាំ ២០២៤ របស់ខ្លួន​ត្រូវ​បានផ្សព្វផ្សាយកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅ​បូរី New York ក្រុម​ការពារសិទ្ធិមនុស្ស​នេះ​ រៀបរាប់​ស្ថានភាពសិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​ជាង ១០០ នៅ​ទូទាំង​ពិភពលោក​ កាលពី​ឆ្នាំទៅ រួម​មាន​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​ផង​ដែរ។

អ្នកស្រី Elaine Pearson នាយិកាផ្នែក​អាស៊ីនៃ​អង្គការនេះបាន​និយាយប្រាប់វីអូអេ​ថា៖ «នៅ​ឆ្នាំ ២០២៣ យើ​ងឃើញ​មា​នការចុះថយឆ្ពោះទៅកាន់​ការកាន់អំណាច​ផ្តាច់ការនៅ​ទូទាំងអាស៊ី»។

អ្នកស្រីបាន​បន្ថែម​ថា៖«ការសង្កត់សង្កិន​បាន​កើនឡើង​ច្រើន​ចាប់តាំង​ពីប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​ដល់​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេសដែល​មាន​ដូចជា​នៅ​ប្រទេស​ថៃ​ ឬ​ប្រទេស​កម្ពុជា​បាន​ចាត់ចែង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២៣។ តែ​ពួក​គេ​បានរកល្បិចកល​សម្រាប់​ធ្វើឱ្យ​មាន​លទ្ធផល​ដែល​ពួកគេ​ចង់បានដោយធ្វើឱ្យគណបក្សប្រឆាំង​ឬពួកបេក្ខ​ជន​ជំទាស់​គ្មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដោយរំលាយ​គណបក្ស​ប្រឆាំង។ ក្រៅពី​នេះ​រដ្ឋាភិបាលទាំង​នេះ​មិនបាន​ផ្តល់​សារៈសំខាន់​ដល់​ស្ថាប័ន​ដែលពិនិត្យ​មើល​ការរំលោភ​អំណាច​ទេ​។​ ក្រុមអ្នកការពារ​សិទ្ធិ​មនុស្សបាន​រង​ការវាយ​ប្រហារ​នៅក្នុង​ប្រទេស​ជាច្រើន។ ពួកគេ​ត្រូវ​បាន​បំបិទ​មាត់​មិនឱ្យនិយាយ​ស្តី បញ្ចេញ​មតិ ត្រូវ​យាយី ត្រូវ​ចាប់ខ្លួនហើយក្នុង​ករណី​ខ្លះត្រូវ​បាន​គំរាមកំហែង​ឬ​ត្រូវ​សម្លាប់​ថែម​ទៀត​ផង‍»។

អង្គការ Human Rights Watch បាន​ស្តី​បន្ទោស​ខ្លះលើបណ្តាប្រទេស​ប្រជាធិបតេយ្យសេរី និយម​ក្នុង​លោក​ខាងលិចនិង​អាស៊ី។ អង្គការ​នេះ​និយាយថា​ ប្រទេស​ទាំងនេះ​កាន់តែ​ច្រើនបានទាញ​យក​ផលប្រយោជន៍រយៈពេលខ្លី​ខាង​ពាណិជ្ជកម្មនិង​ខាង​សន្តិសុខ​ដាក់​នៅ​មុខ​ទំនាក់ទំនង​រយៈពេល​យូរផ្អែក​លើសិទ្ធិមនុស្ស ក្នុងនាមការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិននិង​កំណើនឥទ្ធិពលរបស់​ប្រទេស​នេះ​នៅ​ទូទាំង​តំបន់។

អ្នកស្រី Pearson និយាយ​ថា៖ «យើង​ឃើញ​ថារដ្ឋាភិបាល​ខ្លះ​បង្ហាញ​ថា ​ខ្លួន​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដែល​កំពុង​ងើប​ឡើង ប៉ុន្តែ​ពួក​គេ​ក៏​ទទួល​ស្គាល់​ដែរ​ថា​មាន​ហានិភ័យ​កើត​ចេញ​ពី​សេដ្ឋកិច្ច​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ហួសហេតុ​ជាមួយ​ចិន»។

អ្នកស្រី​បន្ត​ថា៖ «ដូច្នេះ​យើង​ឃើញ​ថារដ្ឋាភិបាល​ជាច្រើន​កំពុង​ងាក​ទៅ​រក​ឥណ្ឌា វៀតណាម​និង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ព្យាយាម​ពង្រឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ពួកគេ។ ពួកគេ​មិន​បាន​បង្ហាញ​ជំហរ​ការពារ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ទាំង​នេះ ឱ្យ​ដូចជំហរ​របស់​ពួក​គេ​នៅ​កន្លែង​ផ្សេង​ទេ»។

អ្នកស្រី Pearson បាន​លើក​ឡើង​អំពី​ការ​ទទួល​ស្វាគមន៍​ដោយ ​«កម្រាល​ព្រំ​ពណ៌​ក្រ ហម» សម្រាប់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​ប្រធានា​ធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. នៅ​ឯ​សេត​វិមាន​កាល​ពី​ឆ្នាំ​មុន ដោយ«មិន​បាន​លើក​ឡើង​ទាល់​តែសោះ​ពី​ក្ដីបារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ»។

អ្នកស្រី​ក៏បាន​កត់​សម្គាល់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ទៅ​កាន់​ប្រទេស​វៀតណាម​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ដែល​អ្នក​ស្រី​ចាត់​ទុក​ប្រទេស​នេះ​ថា​ជា​រដ្ឋ​មាន​បក្ស​តែ​មួយ​និង​មាន​ការគាបសង្កត់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​និង​វៀតណាមបាន​តម្លើង​កម្រិត​ទំនាក់​ទំនង​របស់​ពួក​គេ​ទៅ​ដល់«ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។

អ្នកស្រី​បន្ត​ថាប្រទេស​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាងត្បូង​និង​សហភាព​អឺរ៉ុប​ក៏​កំពុង​អនុវត្ត​ «គោលនយោបាយ​ពាណិជ្ជកម្ម»ដូច​គ្នា​ដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ​និយាយ​ថា ​ក្រៅពី​មិន​អើពើ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​កាល​ពី​អតីតកាល​និង​ពេល​បច្ចុប្បន្ន​នេះ គោល​នយោបាយ​ពាណិជ្ជកម្ម​បែប​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ដែល​មាន​លក្ខណៈ​គាបសង្កត់​បន្ត​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​ថែម​ទាំង​ប្រព្រឹត្ត​ទង្វើ​ទាំង​នោះ​កាន់​តែ​ខ្លាំង​ជាង​មុន។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បន្ត​ថាគោល​នយោបាយ​នេះ​ថែម​ទាំង​បាន​ផ្ដោត​លើការវាយ​ប្រហារ​អ្នករិះ​គន់​នៅ​ក្រៅ​ប្រទេស​ផងដែរ។

ប្រទេស​ចិន​បាន​រងការចោទប្រកាន់​ថាបាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​អស់​មួយ​រយៈ​ពេល​មកហើយ។ កាល​ពី​ឆ្នាំ​ទៅ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ចិន ៤០នាក់​ ថា​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ប្រឆាំង​ចិន​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក។

ចិន​ក៏​បាន​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រទេសឡាវ​ដែល​នៅ​ជិត​ខាង​ខ្លួន​ឱ្យ​បញ្ជូនមេធាវី​សិទ្ធិ​មនុស្ស​ទៅកាន់​ប្រទេស​ចិន​វិញ​កាល​ពីឆ្នាំ ២០២៣។ ចិន​ក៏​បាន​ចេញ​ដីកា​ចាប់ខ្លួន​សកម្មជន ៨នាក់ ​និង​អតីត​អ្នកច្បាប់​ដែល​បាន​រត់គេចចេញ​ពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​ចលនា​ថ្មី​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្រុង​ហុងកុង។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៀត​នោះ​គឺ​ការវាយ​ប្រហារ​របស់​ឥណ្ឌា​លើ​អ្នកប្រឆាំង​នៅ​ក្រៅ​ប្រទេសកាល​ពី​ឆ្នាំ​មុន។

កាល​ពី​ខែ​កញ្ញា លោក Justine Trudeau នាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដា​បាន​ចោទប្រកាន់​ភ្នាក់ងារ​រដ្ឋាភិបាល​ឥណ្ឌា​ថា​ទំនង​ជា​មាន​ជាប់​ទាក់ទិនដោយ​ផ្នែក​លើ​ការធ្វើ​ឃាត​មេដឹកនាំ​ផ្ដាច់​ខ្លួច​ក្រុម​សាសនា Sikh ដែល​ជា​ពលរដ្ឋ​កាណាដា​កាលពី ៣ខែ ​មុន​នៅ​ក្នុង​ទឹកដី​កាណាដា។

អ្នកស្រី Pearson ថ្លែង​បន្តថា៖ «ឥណ្ឌា​មាន​ប្រវត្តិ​ជាយូរ​មក​ហើយ​ដែល​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​មនុស្ស​ក្រៅ​ច្បាប់​នៅ​ក្នុង​ប្រទេស និង​មាន​និទណ្ឌភាព​ចំពោះ​ការសម្លាប់​ទាំង​នោះ។ ប៉ុន្តែ​នៅ​ពេល​រឿង​បែប​នេះ​កើត​ឡើង​នៅ​លើ​ទឹកដី​កាណាដា ហើយ​រដ្ឋាភិបាល​កាណាដា​ចោទ​ប្រកាន់​ថា​អ្នក​ដែល​សម្លាប់​មេដឹកនាំ​សាសនា Sikh ពិតជា​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​នោះ វា​បង្ហាញ​ឱ្យ​ឃើញ​ពីការកើន​ឡើង​នៃ​ការសម្លាប់​មនុស្ស​ក្រៅ​ច្បាប់»។

ឥណ្ឌា​បាន​ច្រាន​ចោល​ការអះអាង​នេះ ដោយចាត់​ទុក​ថាជា​ការអះអាង​គ្មាន​ហេតុផល ប៉ុន្តែ​ករណី​នេះ​បាន​បង្ហាញ​ការពិត​ខ្លះ ដោយ​ហេតុ​ថា​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​ពាក់​ព័ន្ធ​នឹង​ផែនការ​បរាជ័យ​មួយ​ ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការធ្វើ​ឃាត​សកម្មជន Sikh ម្នាក់​ទៀត​នៅ​សហរដ្ឋ​អាមេរិក។

បន្ថែម​លើ​ស្ថានការណ៍​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ចិន​និង​ឥណ្ឌា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​និយាយ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ក៏​កំពុង​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​មុន​ដែល​ពួក​យោធា​បាន​ឆក់​យក​អំណាច​កាល​ពី​ឆ្នាំ ២០២១ ហើយបាន​ប្រយុទ្ធ​ជាមួយ​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ដែល​មិន​ចុះ​ញ៉ម។

អង្គការ​សហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​រាប់​ពាន់​នាក់ត្រូវ​បាន​សម្លាប់​ហើយ​មនុស្ស​ជាង ២លាន​នាក់ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ចាប់​តាំង​ពី​រដ្ឋប្រហារ​បាន​កើត​ឡើង។ កាល​ពី​ខែ​កញ្ញា ក្រុម​អ្នក​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​របប​យោធា​មីយ៉ាន់ម៉ា​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​បច្ចុប្បន្ន​នេះ ឧក្រិដ្ឋកម្ម​ទាំង​ពីរ​ប្រភេទ​នេះ​កំពុង​កើន​ឡើង។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​វិវត្ត​កាន់​តែ​អាក្រក់​ទៅៗ។ វា​ច្បាស់​ណាស់​ថាមាន​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង ឧក្រិដ្ឋកម្ម​សង្គ្រាម​ធ្វើ​ឡើង​ដោយ​របប​យោធា​មីយ៉ាន់ម៉ា។ ពួក​គេ​បាន​ប្រើ​ប្រាស់​កង​កម្លាំង​ទ័ព​អាកាស​ដើម្បី​ទម្លាក់​គ្រាប់​បែក​លើ​ជន​ស៊ីវិល ហើយ​ទង្វើ​បែប​នេះ​កើន​ឡើង​កាន់តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»។

លោក Robertson ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ជា​ទីកន្លែងដែល​លោក​និយាយ​ថា ​របប​ដឹក​នាំ​ប្រទេស​នេះ​កំពុង​ប្រើ​ប្រាស់​ការរឹតត្បិត​ដោយ​យក​ជំងឺ​កូវីដ១៩ ជា​ហេតុផល​ដើម្បី​ដក​អំណាច​ពី​សហគមន៍​មូលដ្ឋាន​នានា​ដែល​ចាប់ផ្ដើម​វិធានការ​មួយ​ចំនួន​ដើម្បី​គេចពី​ការគ្រប់​គ្រង​ទាំង​ស្រុង​របស់​រដ្ឋ​ ដូចជា​ការទិញ​ទំនិញ​នៅ​តាម​ទីផ្សារ​ឯកជន​មុន​ការរាតត្បាតជំងឺ​សាកល​កើត​ឡើង។

នៅ​ប្រទេស​បង់ក្លាដែស រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់​ពាន់​នាក់​នៅ​ក្នុង​អំពើ​ហិង្សា​ជា​ច្រើន​ខែ មុន​ការបោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី ៧ ខែ​មករា ​កន្លង​ទៅ ដោយ​គណបក្ស​សម្ព័ន្ធភាព Awami ដែលជា​គណបក្ស​គ្រប់គ្រង​អំណាច​បាន​ឈ្នះ​សម្រាប់​អាណត្តិ​ទី៤​បន្ត​ទៀត។

សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ជា​ពិសេស​នៅ​ភាគ​ខាងកើត អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ​និយាយ​ថា ស្ថានការណ៍​នៅ​ទី​នោះ​មាន​សភាព​អាក្រក់​យ៉ាង​ខ្លាំង​នៅ​ជំរំ​ជន​ភៀសខ្លួន​ដែល​ជន​រ៉ូហ៊ីងយ៉ា​មីយ៉ាន់ម៉ា​ប្រមាណ ១លាន​នាក់​ កំពុង​រស់នៅ ស្រប​ពេល​ដែល​អំពើ​ហិង្សា​ដោយ​ក្រុម​ជនពាល​កំពុង​កើន​ឡើង​និង​មាន​ការកាត់​បន្ថយ​របប​អាហារ​ដែល​តិចតួច​ស្រាប់​សម្រាប់​ជន​ភៀស​ខ្លួន។ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ខ្លួន​ឯង របប​យោធា​ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​បិទ​មិន​ឱ្យ​មាន​លំហូរ​ជំនួយ​ចូល​ទៅ​កាន់​សហគមន៍​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ Rakhine ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ព្យុះ​សង្ឃរា កាល​ពី​ឆ្នាំ ២០២៣។

លោក Robertson ថ្លែង​ថា៖ «ស្ថានភាព​សម្រាប់​ជន​រ៉ូហ៊ីងយ៉ា​បាន​ឈាន​ដល់​កម្រិត​មួយ​អាក្រក់​ទាំង​នៅ​ក្នុង​រដ្ឋ Rakhine ក៏​ដូច​ជា​នៅ​ក្នុង​ជំរំ​នានា»។

ទោះបី​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​បាន​ពិនិត្យ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី​ក៏ដោយ ក៏​អង្គការ​នេះរក​មិន​ឃើញ​មាន​សញ្ញា​បង្ហាញ​ពី​ភាពប្រសើរ​ឡើង​សម្រាប់​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​តំបន់​នេះ​ទេ​ ដែល​ពួក​គេ​ភាគច្រើន​គឺជា​ក្រុម​ភាគតិច។ តុលាការ​កំពូល​ប្រទេស​ណេប៉ាល់​បាន​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​របស់​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ជាលើក​ទីមួយ ខណៈ​ដែល​ប្រទេស​ជប៉ុន​បាន​អនុម័ត​ច្បាប់​កាពារ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ពី​ «ការ​រើសអើង​ដោយ​អយុត្តិធម៌»។ ចំណែក​នៅ​ប្រទេស​ថៃ ច្បាប់​ស្ដីពី​ភាពស្មើរ​គ្នា​សម្រាប់​អាពាហ៍​ពិពាហ៍​បាន​រីក​ចម្រើន​ទៅ​មុខ​ឆ្ពោះ​ទៅកាន់​ការអនុម័ត​ច្បាប់​នេះ​ផងដែរ។

អ្នកស្រី Pearson ក៏​បាន​សង្កត់​ពី​ការដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​ប្រទេស​ហ្វីលីពីន រួមមាន​ទាំង​អតីត​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​និង​ជា​សកម្មជន​គឺ​អ្នកស្រី Leila de Lima បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល ៦ឆ្នាំ​ ពី​បទ​គ្រឿង​ញៀន​ដែល«ក្លែងក្លាយ»។

អ្នក​ស្រី​ថ្លែង​ថា៖« ការណ៍​នេះ​បង្ហាញ​ថា នៅ​ទីណា​ដែល​មាន​សម្ពាធ​ជា​បន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ​លើ​ករណី​ជាក់លាក់​ណា​មួយ វា​អាច​ឈាន​ដល់​លទ្ធផល​វិជ្ជមាន។ ពេល​ខ្លះ វា​មើល​ទៅ​ហាក់​ដូចជា​ពិបាក ប៉ុន្តែ ខ្ញុំ​គិត​ថា ​អ្វី​ដែល​យើង​បាន​រៀន​សូត្រ​គឺ​ថា យើង​ត្រូវ​តែ​បន្ត​ដាក់​សម្ពាធ​និង​ធានា​ថាសម្ពាធ​ទាំង​នោះ​កើត​ចេញ​ពី​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​ក៏​ដូចជា​ពី​រដ្ឋាភិបាល​នានា​នៅ​ក្រៅ​តំបន់​ដែរ»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG