ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធ​សភាអាមេរិក​ស្នើ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ជួយ​ជំរុញ​ឱ្យ​​ដោះ​លែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា


លោក Edward J. Markey សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​ប្រចាំ​រដ្ឋ Massachusetts​
លោក Edward J. Markey សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​ប្រចាំ​រដ្ឋ Massachusetts​

សមាជិក​ព្រឹទ្ធ​សភានិង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​ការ​បរទេស​អាមេរិក ដោយ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ រួម​ទាំង​កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​លោក Edward J. Markey សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​ប្រចាំ​រដ្ឋ Massachusetts​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣។

សមាជិក​ព្រឹទ្ធ​សភា និង​តំណាង​រាស្ត្រ​សរុប​ចំនួន​១៨​រូប​បាន​ចូល​រួម​ក្នុង​ការ​ស្នើ​លិខិត​នេះ​ឡើង។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាជិក​ព្រឹទ្ធសភា​បញ្ជាក់​ជា​ភាសា​អង់​គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០​មក សង្គម​ស៊ីវិល​កម្ពុជា និង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ប្រមាណ​២៥០ នាក់​បាន​ប្រឈម​មុខ​នឹង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​ ដែល​បណ្តាល​ឱ្យ​ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ និរទេស ឬ​ចាក​ចេញ​ពី​គណ​បក្ស​ប្រឆាំង។ យោង​តាម​ក្រសួង​ការ​បរទេស អាជ្ញាធរ​កម្ពុជា​បាន​គំរាម​កំហែង និង​យាយី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស និង​កាតព្វ​កិច្ច​អន្តរជាតិ និង​បដិសេធ​នូវ​លទ្ធភាព​របស់​ប្រជាជន​ក្នុង​ការ​ចូល​រួម​កំណត់​អនាគត​របស់​ប្រទេស​របស់​ពួកគេ»។

សមាជិក​ព្រឹទ្ធ​សភា និង​តំណាង​រាស្ត្រ​អាមេរិក​បញ្ជាក់​ក្នុង​លិខិត​ដែល​ដាក់ទៅ​កាន់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Antony Blinken ថា៖ «យើង​មាន​ការ​រំខាន​ជា​ពិសេស​ចំពោះ​ការ​ជាប់​ពន្ធនាគារ​របស់​កញ្ញា សេង ធារី ដែល​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌ ហើយ​កញ្ញា​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ​សម្រាប់​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដែល​គ្មាន​បង្ក​ហានិភ័យ​អ្វី សោះ រួម​ទាំង​ការ​រិះ​គន់​លោក ហ៊ុន សែន និង​សារ​មួយ​ទៀត​ដែលជំរុញ​ឱ្យ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ»។

បើ​តាម​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា ក្រុម​ការងារ​អង្គ​ការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​បាន​ប្រកាស​ថា​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើ​ឡើង​តាម​អំពើ​ចិត្ត មាន​ហេតុ​ផល​នយោបាយ និង​បំពាន​ច្បាប់​អន្តរ​ជាតិ ហើយ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​កញ្ញា​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ការ​ស្នើ​សុំ​របស់​សមាជិក​ព្រឹទ្ធ​សភា និង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​គឺ​ជា​សិទ្ធិ​ក្នុង​ការ​ស្នើសុំ ដោយ​លោក​បញ្ជាក់​ថា​កម្ពុជា​រដ្ឋ​អធិបតេយ្យ ហើយ​រាល់​ការ​សម្រេច​ចិត្ត​អ្វី​គឺ​ផ្អែក​ទៅ​លើ​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។

លោក​បន្ត​ថា​រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​ក្នុង​ការ​ដោះ​លែង​អ្នក​នយោបាយ​ជាប់​ទោស​ណា​មួយ​នោះ​ទេ ដោយ​ពួក​គេ​ទាំង​នោះ​ត្រូវ​ចូល​ស្រាយ​បំភ្លឺ​តាម​នីតិវិធី​របស់​តុលាការ និង​ផ្អែក​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ហើយ​ផ្អែក​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ក៏​អត់​មាន​អ្នក​ទោស​នយោបាយ​ដែរ មាន​តែ​អ្នក​នយោ​បាយ​ដែល​មាន​ទោស​ដោយ​សារ​ប្រព្រឹត្ត​បទ​ល្មើស។ អ៊ីចឹង​ជា​គោល​ការណ៍​ច្បាប់​មាន​តែ​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ ហើយ​ធ្វើ​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ បង្ហាញ​ទឡ្ហីករណ៍​ ភស្តុតាង សក្ខីកម្ម​រឹង​មាំ​ ក្នុង​ដោះ​បន្ទុក​តតាំង​នឹង​បទ​ចោទ​។ រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ ហ្នឹង​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ជាតិ​របស់​កម្ពុជា»។

កាល​ពី​ខែ​កក្កដា លោក Edward J. Markey សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យធ្លាប់​បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​មួយ ក្នុង​គោល​បំណងជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ដាក់​ទណ្ឌកម្ម​នានា​លើ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ តាមរយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ហាម​ឃាត់​ទិដ្ឋាការ​មិន​ឱ្យចូល​សហរដ្ឋ​អាមេរិក​ និង​មិន​ឱ្យពលរដ្ឋ​អាមេរិ​កាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២២ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Edward J. Markeyបាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​លោក​ជំរុញ​កម្ពុជា​សម្រេច​ឱ្យ​បាន​នូវ​ការ​សន្យាតាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ដោយ​ឈរ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​សមាជិក​ព្រឹទ្ធសភា និង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ស្នើ​សុំ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ រួម​ទាំង​អំឡុង​ពេល​ដែល​លោកប្រធានាធិបតី​អាមេរិក​ Joe Biden ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា។

លោក​បញ្ជាក់​ថា​ការ​ស្នើ​សុំ​នេះ​អាច​ជា​ការ​ពញ្ញាក់​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្លាប់​ស្នើ​សុំ​ពេល​កន្លង​ទៅ ដោយ​សារ​តែ​កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​សកម្មភាព​ណា​មួយ​ពី​ការ​ស្នើ​សុំ​ទាំង​នោះ​ឡើយ។

លោក​ថ្លែងថា៖ «អ៊ីចឹង​ក្នុង​ករណី​នេះ​សម្រាប់​ខ្ញុំ​យល់​ថា កម្ពុជា​គួរ​តែ​មាន​ការ​ពិនិត្យ​ឡើង​នូវ​សំណើរ​នេះ​ ហើយ​ធ្វើ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ដើម្បី​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ត្រឡប់​មក​វិញ​មក​ដល់​កម្ពុជា ទាំង​ការ​ទំនាក់​ទំនង​ការ​ទូត​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក ទាំង​ការ​ទទួល​បាន​នូវ​ការ​ជួយ​ជ្រោម​ជ្រែង​ផ្អែក​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ក៏​ដូច​ជា​ការ​បើក​នៅ​លំហ​ប្រជា​ធិបតេយ្យ​ដែល​ជា​អ្វី​សំខាន់​ចាំ​បាច់​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​យើង​មាន​កំណត់​ឡើង មាន​ចែង​ឡើង​អំពី​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»។

បើ​តាម​ការ​សង្កេត​ឃើញ​របស់​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​រូប​នេះ លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រង​នូវ​សម្ពាធ​ ឬ​ការ​គាប​សង្កត់​ណា​មួយ​ពី​បណ្តា​ប្រទេស​លោក​សេរី​ ដោយ​សារ​តែ​កម្ពុជា​មិន​បាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​ទៅ​តាម​សំណើ​ដែល​បាន​ស្នើ​សុំ។ លោក​បន្ថែម​ទៀត​ថា​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​ឧបករណ៍​សិទ្ធិ​មនុស្ស​ជា​ច្រើន ដូច្នេះ​ការ​ទាម​ទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពី​សំណាក់​ប្រទេស​លោក​សេរី​មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​លើ​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំ​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា​យើង​កាន់​តែ​ធ្លាក់​ទៅ​ក្នុង​សភាព​មួយ​ដែល​រង​នូវ​គំនាប ឬ​ក៏​វិធានការ​ផ្សេងៗ​នោះ​ទេ ហើយ​ការ​ធ្វើ​បែប​នេះ​បណ្តា​ប្រទេស​លោក​សេរី​គេ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ដោយ​សារ​តែ​កម្ពុជា​យើង​បាន​ផ្តល់​នូវ​សច្ចា​ប័ន​ជាច្រើន​នូវ​ឧបករណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​យក​មក​អនុវត្ត​នៅ​កម្ពុជា។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​សមាជិក​នៃ​ហត្ថាលេខី​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែរ អ៊ីចឹង​គេ​មាន​សិទ្ធិ​ក្នុង​ការ​ជំរុញ​ឱ្យ​យើង​គោរព​ទៅ​តាម​អ្វី​ដែល​យើង​បាន​ផ្តល់​សច្ចា​ប័ន​ហ្នឹង ហើយ​វា​មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​ ឬ​ក៏​ការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អធិបតេយ្យ​ភាព​កម្ពុជា​ទេ»។

នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ អង្គការ​ថ្នាក់​តំបន់​ដែល​ធ្វើ​ការ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ប្រជា​ធិបតេយ្យ រួម​មានសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​(APHR) បណ្តាញ​ប្រជា​ធិបតេយ្យ​អាស៊ី​(ADN) វេទិកា​អាស៊ី​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស (FORUM-ASIA) បណ្តាញ​អាស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី(ANFREL) សម្ព័ន្ធ​ពិភព​លោក​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ​(CIVICUS) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch)​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​ការ​បើក​លំហ​នយោ​បាយ​ពេញ​លេញ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ ក៏​ដូច​ជា​ទទូច​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​បញ្ចប់​រាល់​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ ហើយ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ៕

XS
SM
MD
LG