ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Putin បញ្ជា​ឲ្យ​ប្រុងប្រៀប​កងកម្លាំង​នុយក្លេអ៊ែរ​ ខណៈ​មហាសន្និបាត​​អ.ស.ប.​នឹង​​ប្រជុំ​អាសន្ន​នៅ​ថ្ងៃ​ចន្ទ​


កង​រថយន្ត​យោធា​សំចត​នៅ​តាម​ផ្លូវ​មួយ​កន្លែង​ក្នុង​ទី​ក្រុង Mykolaivka នៃ​តំបន់ Donetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ជីវពល​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

កងកម្លាំងនុយក្លេអ៊ែរ​របស់​រុស្ស៊ី កំពុង​ស្ថិតក្នុង​ការប្រុងប្រៀប​ខ្លួន​មុន​សម័យ​ប្រជុំ​គ្រា​អាសន្នពិសេស​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​កោះ​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការដាក់​សម្ពាធ​ខាង​ការទូត​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទាក់ទិន​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ឲ្យ​ដាក់​កង​កម្លាំង​នុយក្លែអ៊ែរ​ឱ្យ​«ស្ថិត​ក្នុង​ការ​បំពេញ​ភារកិច្ច​ប្រយុទ្ធ​ពិសេស»​កាលពី​ថ្ងៃ​អាទិត្យ ដោយ​និយាយ​ថា អង្គការ​អូតង់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​«ដ៏​គឃ្លើន» ហើយ​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

បន្ទាប់ពី​ការបោះឆ្នោតសម្រាប់​សម័យ​ប្រជុំ​ពិសេស​ដ៏​កម្រ​មួយ​របស់​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​និយាយ​ថា រុស្ស៊ី​«មិន​បាន​រងការ​គំរាម​កំហែង​ពី​អង្គការ​អូតង់​ដែល​ជា​សម្ព័ន្ធភាព​ការពារ​ខ្លួន​ដែល​នឹង​មិន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។ នេះ​ជា​វិធានការបង្កើន​ភាព​តានតឹងនិង​មិន​ចាំបាច់​ដែល​គំរាម​កំហែង​យើង​ទាំង​អស់​គ្នា។ យើង ជំរុញ​ឲ្យ​រុស្ស៊ី​បន្ថយ​វោហារសាស្ត្រ​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​ខ្លួន​ចំពោះ​អាវុធ​នុយក្លេអ៊ែរ​នេះ»។

មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​ថា ការ សម្រេចចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ដាក់​កងកម្លាំង​កំញ៉ើញ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ការ​ប្រុងប្រៀប​នោះ ជា​«ការ​មិន​ចាំបាច់»​និង​«ជា​ការ​បង្កើន»​ភាព​តានតឹង។

មន្ត្រី​រូប​នោះ​បាន​បដិសេធ​ពុំ​ព្រម​ពិភាក្សា​អំពី​កងកម្លាំង​នុយក្លេអ៊ែររបស់​ភាគី​សហរដ្ឋ​អាមេរិក​ទេ។

លោក​បាន​ថ្លែង​ទៀត​ថា៖ « យើង​មាន​ទំនុកចិត្ត​ថា យើង​មាន​សមត្ថភាព​ការពារ​មាតុភូមិ​និង​ការពារ​សម្ព័ន្ធមិត្តនិង​ដៃគូ​របស់​យើង ហើយ​ការណ៍​នេះ​រួមបញ្ចូល​ទាំង​តាមរយៈ​ការកំញ៉ើញ​តាម​បែប​យុទ្ធសាស្ត្រ​ផង​ដែរ»។

រុស្ស៊ី បាន​បោះឆ្នោត​ប្រឆាំង​សម័យ​ប្រជុំ​ពិសេស​នៅ​ថ្ងៃ​ចន្ទ​នេះ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​សមាជិក​១៩៣​ប្រទេស ក៏ប៉ុន្តែ មិន​អាច​អនុវត្ត​អំណាច​វ៉េតូ​លើការ​បោះឆ្នោត​តាម​នីតិវិធី។ ប្រទេស​ចិន អេមីរ៉ាតអារ៉ាប់​រួម​ និង​ឥណ្ឌា បាន​បោះឆ្នោត​អនុប្បវាទ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Zhang Jun បាន​ពន្យល់​ពី​ការ​បោះឆ្នោត​អនុប្បវាទ​របស់​ចិនថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជឿ​ថា អាទិភាព​កំពូល​នៅពេល​ឥឡូវនេះ គឺ​គ្រប់​ភាគី​ទាំង​អស់ត្រូវ​អនុវត្ត​នូវ​ភាព​អត់ធ្មត់​ដើម្បី​រារាំង​ស្ថានភាព​នេះ​កុំ​ឲ្យ​កាន់តែ​អាក្រក់​ឡើងៗ។

សហភាព​អឺរ៉ុប​កំពុង​បញ្ជូន «យន្តហោះ​ចម្បាំង»​ ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ទប់ទល់​យោធា​រុស្ស៊ី។ ប្រធាន​កិច្ចការ​នយោបាយ​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​នឹង​មិន​និយាយតែអំពី​គ្រាប់​រំសេវ​ប៉ុណ្ណោះ​ទេ។ យើង​កំពុង​ផ្តល់​អាវុធ​សំខាន់ៗ​លើស​នេះ​ទៀត ដើម្បី​ទៅ​ធ្វើ​សង្គ្រាម»។

ក្នុង​ខណៈនោះ​ដែរ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​យល់ព្រម​បញ្ជូន​គណៈប្រតិភូ​ទៅកាន់​ព្រំដែន​ប្រទេស​បេឡារុស​ដើម្បី​ចាប់ផ្តើម​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​ដោយ​គ្មាន​លក្ខខណ្ឌ។

ការិយាល័យ​របស់​លោក​បាន​បញ្ចាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «យើង​បាន​យល់ព្រម​ថា គណប្រតិភូ​អ៊ុយក្រែន នឹង​ជួប​ជាមួយ​គណៈប្រតិភូ​រុស្ស៊ី​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​នៅ​ព្រំដែន​អ៊ុយក្រែន​និង​បេឡារុស្ស​នៅ​ជិត​ទន្លេ Pripyat»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG