ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin បញ្ជា​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​របស់​ក្រុម​បស្ចិម​ប្រទេស


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​អំពី​ការ​ត្រៀម​កងកម្លាំង​នុយក្លេអ៊ែរ​ជាស្រេច​​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​របស់​ក្រុម​បស្ចិម​ប្រទេស ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Russian Pool/Reuters TV via REUTERS)
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​អំពី​ការ​ត្រៀម​កងកម្លាំង​នុយក្លេអ៊ែរ​ជាស្រេច​​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​របស់​ក្រុម​បស្ចិម​ប្រទេស ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Russian Pool/Reuters TV via REUTERS)

នៅ​ក្នុង​ស្ថានការណ៍​តានតឹង​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​រវាង​ប្រទេស​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឲ្យ​កងកម្លាំង​ផ្នែក​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ត្រៀម​ខ្លួន​រួច​ជាស្រេច​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា «សេចក្ដី​ថ្លែងការណ៍​បែប​គឃ្លើន» របស់​បណ្ដា​ប្រទេស​ជា​សមាជិក​នាំមុខ​នៃ​អង្គការ​អូតង់ (NATO)។

បទបញ្ជា​នេះ​មាន​ន័យ​ថា លោក Putin ចង់​ឲ្យ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ត្រៀម​រួច​ជាស្រេច​សម្រាប់​បាញ់ ហើយ​បទ​បញ្ជា​នេះ​បាន​បង្ក​ជា​ការ​គំរាមកំហែង​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​ការ​ឆ្លើយតប​របស់​ក្រុម​បស្ចិម​ប្រទេស​ចំពោះ​ការ​ឈ្លានពាន​នេះ អាច​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្គ្រាម។

ស្រប​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​វិវត្ត​នេះ ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​របស់​អ៊ុយក្រែន​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​គណៈប្រតិភូ​រុស្ស៊ី នៅ​ចំ​ពេល​ដែល​កងកម្លាំង​របស់​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ខិត​កាន់តែ​ជិត​ចូល​ទៅ​ដល់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​ការ​ចេញ​បទបញ្ជា​ឲ្យ​ត្រៀម​អាវុធ​នុយក្លេអ៊ែរ​នេះ លោក Putin មិន​ត្រឹមតែ​យោង​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​បណ្ដា​សមាជិក​អង្គការ​អូតង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​យោង​ទៅលើ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដែល​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​លើ​រុស្ស៊ី ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ទណ្ឌកម្ម​លើ​រូប​លោក​ផ្ទាល់​ផងដែរ។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ក្រុម​មន្ត្រី​កំពូល​របស់​ខ្លួន លោក Putin បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ និងប្រធាន​អគ្គសេនាធិការកងទ័ព​រុស្ស៊ី​ឲ្យ​ត្រៀម​កងកម្លាំង​នុយក្លេអ៊ែ​រួចជា​ស្រេច​ដើម្បី​ប្រយុទ្ធ។

លោក Putin បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ថា៖ «បណ្ដា​ប្រទេស​លោក​ខាង​លិច​មិន​ត្រឹមតែ​ចាត់​វិធានការ​មិន​សមរម្យ​មកលើ​ប្រទេស​របស់​យើង​លើ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​កំពូល​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​នាំមុខ​នៃ​អង្គការ​អូតង់​ថែមទាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បែប​គឃ្លើន​ទាក់ទិន​នឹង​ប្រទេស​របស់​យើង​ផងដែរ»។

អ្នកស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ឲ្យ​ដឹង​ថា លោក Putin កំពុង​តែ​ងាក​ទៅរក​របៀប​ដែល​លោក​បាន​ប្រើ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​រុស្ស៊ី​ឈ្លានពាន​លើ​អ៊ុយក្រែន «ដែល​នោះ​គឺ​ដើម្បី​បង្កើត​ការ​គំរាមកំហែង​ដែល​មិន​មាន ដើម្បី​រក​ហេតុផល​សម្រាប់​ការ​ឈ្លានពាន​ជា​បន្ត​ទៀត [លើ​អ៊ុយក្រែន]។ សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​អាមេរិក​គួរតែ​មើល​លើ​បញ្ហា​នេះ​តាមរយៈ​ជ្រុង​នេះ។ យើង​បាន​ឃើញ​លោក [Putin] ធ្វើ​ដូច្នេះ​ម្ដង​ហើយ​ម្ដង​ទៀត»៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG