ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ជំរុញ​ឲ្យ​ប្រើ​ការ «ចរចា​ដោយ​សន្តិវិធី» ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​ពិភាក្សា​គ្នា​ដោយ​សន្ដិវិធី​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​ទំព័រ Facebook ផ្លូវការ​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ ទី២៧ ខែ​កុម្ភៈ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «តាម​ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ កងទ័ព​របស់​ប្រទេស​រុស្ស៉ី ប្រហែល​ជា​មិន​អាច​ផ្តួល​រំលំ​ប្រទេស​អ៊ុយក្រែន តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង​យោធា​បាន​ទេ ចំណែក​ឯ​យោធា​របស់​អ៊ុយក្រែន​ក៏​មិន​អាច​កម្ទេច​កម្លាំង​យោធា​របស់​រុស្ស៉ី​បាន​ដែរ ពោល​គឺ​មិន​អាច​យក​សង្រ្គាម​បញ្ចប់​សង្រ្គាម​បាន​នោះ​ទេ នៅ​សល់​ច្រកចេញ​តែ​មួយ​គត់ គឺ​ការ​ចរចា​ដោះស្រាយ​ដោយ​សន្តិវិធី»។

សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ត្រូវ​បាន​បង្ហោះ​ក្នុង​ពេល​ស្របាល​គ្នា​នឹង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ពី​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​ថា គណៈប្រតិភូ​របស់​អ៊ុយក្រែន​នឹង​គណៈប្រតិភូ​របស់​រុស្ស៊ី​នឹង​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​វិបត្តិ​នេះ «ដោយ​គ្មាន​លក្ខខណ្ឌ​ទុក​ជា​មុន នៅឯ​ព្រំដែន​រវាង​ប្រទេស​អ៊ុយក្រែន​និង​បេឡារុស»។

ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥ ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា៖ «ការ​វាយប្រហារ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​អ៊ុយក្រែន និង​រុស្ស៉ី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ កម្លាំង​យោធា​របស់​រុស្ស៉ី​សម្លាប់​យោធា​របស់​អ៊ុយក្រែន​មិន​ដល់​១០០០ នាក់​នោះ​ទេ បើ​ទោះបី​ចូល​កាន់កាប់​ទីក្រុង​មួយ​ចំនួន​ក៏ដោយ តើ​ត្រូវការ​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​កងទ័ព​ច្រើន​ប៉ុណ្ណា​ទើប​អាច​ឈ្នះ​សង្រ្គាម ឬ​បញ្ចប់​សង្រ្គាម​នេះ ប្រហែល​ជា​មិន​អាច​នោះ​ទេ។ បើទោះបី​រុស្ស៉ី​ចូល​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល និង​ប្រធានាធិបតី​ត្រូវបាន​សម្លាប់ ឬ​ត្រូវ​ចាប់ខ្លួន តើ​ប្រជាជន​របស់​គេ (អ៊ុយក្រែន) សុខចិត្ត​នៅ​ស្ងៀម​ទេ ប្រជាជន​អាច​នឹង​ក្រោក​ឡើង​តស៊ូ ដើម្បី​ប្រទេស​របស់​ពួកគេ»។

ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) របស់​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ស្ដី​អំពី​ស្ថានភាព​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នេះ​ថា៖ «គិត​ត្រឹម​ម៉ោង ៥ ល្ងាច ថ្ងៃទី ២៦ ខែ​កុម្ភៈ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​ចំនួន ២៤០ នាក់​បាន​ស្លាប់​និង​រងរបួស ដែល​ក្នុង​នោះ​អ្នក​ស្លាប់​មាន​យ៉ាង​តិច ៦៤ នាក់ [នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ]»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

ដំបូង​ឡើយ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បដិសេធ​សំណើ​របស់​រុស្ស៊ី​ដែល​ចង់​ជួប​ចរចា​នៅ​ក្នុង​ប្រទេស​បេឡារុស ដោយ​លោក​បាន​បញ្ជាក់​ថា លោក​មិន​អាច​ចរចា​នៅ​ក្នុង​ប្រទេស​បេឡារុស​បាន​ទេ ដោយសារ​តែ​រុស្ស៊ី​បាន​ប្រើ​ប្រទេស​នេះ​ជា​ទឹកដី​ដើម្បី​វាយប្រហារ​លើ​អ៊ុយក្រែន៕

XS
SM
MD
LG