រដ្ឋាភិបាលវិមានក្រឹមឡាំងថា ប្រធានាធិតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នឹងពិភាក្សាអំពីភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប និងវោហាសាស្ត្រដ៏«គឃ្លើន» របស់សហរដ្ឋអាមេរិកនិងអង្គការអូតង់ក្នុងអំឡុងពេលនៃជំនួបតាមវីដេអូនៅថ្ងៃពុធនេះ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការសន្ទនានោះ នឹងធ្វើឡើងនៅពេលដែលមានភាពតានតឹងខ្លាំងនៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំង២ជាមួយប្រទេសលោកខាងលិច ដោយរដ្ឋាភិបាលក្រុងប៉េកាំងស្ថិតនៅក្រោមសម្ពាធអំពីសិទ្ធិមនុស្ស ហើយរដ្ឋាភិបាលក្រុងមូស្គូស្ថិតនៅក្រោមសម្ពាធអំពីការស្ថាបនាកងទ័ពរបស់ខ្លួននៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយដោយសំដៅដល់រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងប៉េកាំងថា «ស្ថានភាពក្នុងកិច្ចការអន្តរជាតិ ជាពិសេស នៅទ្វីបអឺរ៉ុប មានការតានតឹងខ្លាំងបំផុតនៅពេលឥឡូវនេះ ហើយតម្រូវឲ្យមានការពិភាក្សារវាងសម្ព័ន្ធមិត្ត»។
លោកបាននិយាយថា «យើង ឃើញវោហាសាស្ត្រដ៏គឃ្លើនបំផុតខាងភាគីអង្គការអូតង់ និងសហរដ្ឋអាមេរិក ហើយការណ៍នេះ តម្រូវឲ្យមានការពិភាក្សារវាងយើងនិងចិន»។ រុស្ស៊ីមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយចិននៅពេលដែលទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសលោកខាងលិចកាន់តែអាក្រក់ឡើង ហើយលោក Putin បានប្រើភាពជាដៃគូជាវិធីមួយនៃការធ្វើឲ្យមានតុល្យភាពនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈដែលធ្វើកិច្ចព្រមព្រៀងផ្តល់ផលចំណេញដ៏ច្រើនបំផុត ជាពិសេសលើវិស័យថាមពលជាមួយចិន។ លោក Putin និងលោក Xi នៅឆ្នាំនេះ បានព្រមព្រៀងគ្នាបន្តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេល២០ឆ្នាំបន្ថែមទៀត។
លោក Peskov បានបញ្ជាក់ទៀតថា មេដឹកនាំទាំង២ នឹងធ្វើការសន្ទនារយៈពេលយូរដោយមានរបៀបវារៈធំទូលំទូលាយដែលរួមមានថាមពល ពាណិជ្ជកម្ម និងការវិនិយោគទុន។
ការពិភាក្សារបស់មេដឹកនាំទាំង២ នឹងធ្វើឡើងចំនួន៨ថ្ងៃ បន្ទាប់ពីជំនួបតាមវីដេអូរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានលោក Putin ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន ហើយលោក Putin បានប្រាប់លោក Biden ថា រុស្ស៊ី ត្រូវការការធានាខាងសន្តិសុខផ្លូវច្បាប់ពីប្រទេសលោកខាងលិច៕