ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​កំពូល​របស់​លោក Biden អំពី​លទ្ធិ​ប្រជាធិបតេយ្យ នាំឱ្យ​ក្រុម​អ្នកកាន់​អំណាច​ផ្តាច់ការ​ខឹងសម្បា


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​រដ្ឋ New Jersey ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​រដ្ឋ New Jersey ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

កាលពី​ជាង​៧០​ឆ្នាំមុន​នេះ​ លោក Winston Churchill ​នៃចក្រភព​អង់គ្លេស​បានព្រមាន​ថា វាំងនន​ដែកមួយ ត្រូវ​បាន​រូតចុះ​ក្នុង​ទ្វីប​អឺរ៉ុបដោយ​បែង​ចែកទ្វីប​នេះ​រវាង​ពួក​រដ្ឋ​ប្រជាធិបតេយ្យ និង​ក្រុម​រដ្ឋ​ដែលឋិត​ក្នុង​ទាសភាព​របស់​សហភាព​សូវៀត។ នៅ​ក្នុង​សុន្ទរកថាមួយ​ដែល​លោក​បាន​ថ្លែង​នៅក្រុង​ Fulton ​រដ្ឋ Missouri ​មេដឹកនាំក្នុង​សម័យ​សង្គ្រាម​ល្បីឈ្មោះរូប​នេះ បានសុំ​ដល់​ក្រុមប្រទេស​ជាតិ​សេរីឱ្យ​«ឈរ​ជា​មួយ​គ្នាជា​ឯកភាព» ​បើ​មិនធ្វើ​ដូច្នេះ​ទេ «យើង​ទាំង​អស់​គ្នា នឹងជួប​ប្រទះ​មហន្តរាយ​ធ្ងន់ធ្ងរ»។

សុន្ទរកថា​លោក បាននាំ​ឱ្យមេដឹកនាំ​សូវៀត​ លោក Joseph Stalin ​ខឹងសម្បា​ខ្លាំង ហើយ​បានហៅការព្រមាន​របស់​លោក Churchill ​ថា​ ជា​«ការ​ប្រកាស​សង្គ្រាម»។ តែបី​ឆ្នាំ​បន្ទាប់​មក ពួក​ប្រទេសប្រជាធិបតេយ្យ ​បាន​យក​ចិត្ត​ទុកដាក់​នឹងការអំពាវ​នាវដោយ​លោក​ Churchill ឱ្យមាន​ការរួបរួម​គ្នា ​ហើយ​អង្គការអូតង់​ បានកើតឡើង​ដោយស.រ.អ. ប្រទេស​កាណាដា​ និង​ប្រទេស​ជាតិមួយ​ចំនួន​ក្នុង​អឺរ៉ុប​ខាងលិច បានចុះ​ហត្ថលេខា​លើធម្មនុញ្ញ​ការពាររួម​គ្នា​មួយដែល​ពួក​អ្នកប្រវត្តិសាស្ត្រច្រើន​នាក់ ​មានជំនឿ​ថា​ ​បាន​បញ្ចៀស​មិន​ឱ្យ​មាន​សង្គ្រាម​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប។

ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​ធ្នូ លោក Joe Biden ​រៀប​ចំ​សន្និសីទ​កំពូល​ប្រជាធិបតេយ្យមួយ​ ដែល​ជា​សន្និសីទ​តាម​បណ្តាញ​វីដេអូ​ចាប់​ផ្តើម​ពីថ្ងៃព្រហស្បតិ៍ទី​៩​ ខែធ្នូ ដោយ​មានប្រទេស​ជាតិ​ជាង១០០​ចូល​រួម​ ដែល​មេដឹកនាំ​ស.រ.អ.​រូបនេះ​ សង្ឃឹម​ថា ​នឹង​ជួយ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យឡើង​វិញ​ក្នុងស.រ.អ.​ និង​ទូទាំង​ពិភពលោក។ សន្និសីទ​នេះ នឹង​បញ្ជូន​សារនៃ​ការប្តេជ្ញា​ចិត្ត​មួយទៅ​ឱ្យរដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ និង​ក្រុង​ប៉េកាំង។

ដូច​សុន្ទរកថាលោក Churchill ​នៅក្រុង Fulton ដែរ​ ​សន្និសីទ​កំពូលប្រជាធិបតេយ្យនេះ បណ្តាលឱ្យ​មាន​ការមិន​ពេញចិត្ត​ពី​អាជ្ញាធ​រ​វិមានក្រឹមឡាំង ​ហើយនៅពេល​នេះពី​រដ្ឋាភិបាលចិនផង​ដែរ។ ទាំងរុស្សី​ ទាំង​ចិន​ មិន​ត្រូវបានអញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ទេ។ កាលពី​ថ្ងៃ​សៅរ៍​ ទី​៤ ខែធ្នូ លោក Xu Lin អនុរដ្ឋមន្ត្រី​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈរបស់​គណបក្ស​ បាននិយាយប្រាប់​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ប៉េកាំងថា «​ស.រ.អ.​ ហៅ​ខ្លួន​ឯង​ថា​ ជាមេដឹកនាំលទ្ធិ​ប្រជាធិបតេយ្យ ហើយ​ចាត់​ចែងនិងប្រើប្រាស់​អ្វី​ដែល​ហៅ​ថា សន្និសីទ​កំពូល​ប្រជាធិបតេយ្យ។ អាមេរិកបានបង្ខំ ​និង​រំខាន​ក្រុម​ប្រទេសមានប្រព័ន្ធសង្គម និង​គំរូ​អភិវឌ្ឍន៍​ផ្សេងពី​ខ្លួន»។

ការ​មិន​យល់​ព្រមពី​ក្រុម​ប្រទេស​កាន់អំណាច​ផ្តាច់ការ​បានបន្ទរ​ឡើងកាលពី​ខែមុន​ដោយមាន​អត្ថបទ​បញ្ចេញមតិរួម​គ្នាមួយ​ដោយ​ពួក​ប្រេសិតរុស្សី​និង​ចិន​នៅ​រដ្ឋធានី​ Washington។​ ពួកគេ​បាននិយាយ​ថាសន្និសីទ​កំពូល​នេះ​ជា​ផលិតផល​នៃ​ការគិតបែបសង្គ្រាមត្រជាក់​។ ប្រេសិត​ទាំង​ពីរនាក់នេះបាននិយាយ​បង្ហាញ​ហេតុផល​ថាសន្និសីទ​កំពូល​នេះនឹង«​នាំឱ្យ​មាន​ការ​ប្រឈម​ដាក់គ្នាខាងមនោគមវិជ្ជានិង​នាំ​ឱ្យ​មាន​ការបែកបាក់​គ្នាក្នុង​ពិភពលោក​និង​បណ្តាល​ឱ្យ​មាន​«​ខ្សែ​បន្ទាត់បែង​ចែកគ្នា»ថ្មីៗ​ថែម​ទៀត​ផង។​ ប្រទេស​ចិន​ហាក់​ដូចជាខឹងខ្លាំង​ជា​ពិសេសដោយសារ​មាន​ការចូល​រួមដោយ​កោះតៃវ៉ាន់​ដែល​ចិនបានអះអាង​ទាមទារ​អធិបតេយ្យភាព​ហើយ​និយាយថា​កោះ​នេះគួរ​ឋិត​នៅក្រោមការគ្រប់គ្រង​របស់​ខ្លួន។

កំណើន​ភាព​តានតឹង

ក៏ប៉ុន្តែ ​«ខ្សែ​បន្ទាត់​បែង​ចែកគ្នា»​ ហាក់​ដូច​ជា​ត្រូវការ​ឱ្យ​មាន​ជំនួយ​តិច​តួចពីសន្និសីទកំពូលនេះ​ដែរ។ សន្និសីទ​តាម​បណ្តាញវី​ដេអូ​នេះ ​មាន​ឡើងនៅ​ពេល​មាន​កំណើន​ភាព​តានតឹង​រវាងក្រុមប្រទេសលោក​ខាងលិច និងរដ្ឋាភិបាល​ផ្តាច់ការនៅក្រុងម៉ូស្គូ និង​ក្រុងប៉េកាំង។​

អាជ្ញាធរ​វិមាន​ក្រឹមឡាំង ត្រូវ​បាន​ចោទប្រកាន់ពីការ​ប្រើព័ត៌មានក្លែង​ក្លាយដើម្បី​ជ្រៀតជ្រែក​ក្នុងការបោះ​ឆ្នោតក្នុងពួក​ប្រទេស​លោក​ខាង​លិច​ ​និង​ពី​បទធ្វើ​ឃាតក្រុមអ្នក​ប្រឆាំង​និងអ្នក​រិះគន់​រុស្សី​នៅលើ​ដី​អឺរ៉ុប។ ក្រុមមន្ត្រី​ស.រ.អ. និង​អ៊ុយ​ក្រែន​និយាយថា​ រដ្ឋាភិបាល​ម៉ូស្គូ បាន​ដាក់ក្រុម​ទាហាន​នៅតាមបណ្តោយ​ព្រំដែន​ខ្លួន​ជា​មួយ​ប្រទេសអ៊ុយ​ក្រែន​ ដែល​ជា​ចលនាធំបំផុត​របស់ក្រុម​ទាហាន​ កង​រថក្រោះ ​និងមីស៊ីល​រុស្ស៊ី​ចាប់​តាំង​ពី​រុស្ស៊ី​ បានចូល​កាន់កាប់​ឧបទ្វីប​គ្រីម៉េនៃ​ប្រទេស​អ៊ុយ​ក្រែន និង​ការចូល​លុកលុយក្នុង​តំបន់ Donbas ​នៃ​ប្រទេស​នេះ​ តាំង​ពី​ឆ្នាំ២០១៤ ​មក។

លោក Biden ដែលបាននិយាយជា​មួយ​សមភាគី​រុស្ស៊ីរបស់​លោកកាល​ពី​ថ្ងៃអង្គារ​ ទី​៧ ខែធ្នូ​ បានសន្យា​ថា​ នឹង​«មាន​ការផ្តើម​គំនិតទូលំទូលាយនិង​មាន​ន័យបំផុតដើម្បី​ធ្វើឱ្យ​លោក Putin ​មានការពិបាកខ្លាំង​ណាស់​ក្នុង​ការធ្វើ​អ្វី​ដែលមនុស្សច្រើននាក់​បារម្ភ​ថា​ លោក​អាច​ធ្វើ​បាន​នោះ»។

ហើយ​បើតា​ម​ក្រុម​សិទ្ធិមនុស្ស​ថា​ សន្និសីទ​កំពូលតាម​បណ្តាញវីដេអូរវាង​លោក​ Biden និង​មេដឹកនាំ​ចិន​លោក Xi Jinping ​កាលពី​ខែមុន​ បានធ្វើតែ​បន្តិច​បន្តួច​ដើម្បីបន្ធូរបន្ថយភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាងស.រ.អ.​ និង​ប្រទេស​ចិន។ ការទាក់ទងគ្នា​រវាង​ប្រទេស​ទាំង​ពីរនេះ​ បានតឹង​តែងដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាលប៉េកាំង​ទៅ​លើចលនា​លម្អៀង​ទៅ​ខាងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង​ និង​ការបង្ក្រាបលើ​សហគមន៍​ជនភាគតិចគោរព​សាសនា​ឥស្លាមក្នុង​តំបន់ Xinjiang នៃ​ប្រទេសចិន​ដែល​នៅ​ទី​នោះ​រដ្ឋាភិបាល​កុម្មុយនីស្តនេះ​ បាន​ឃុំឃាំងក្រុម​ជន​អំបូរ Uyghur ​ជាង​មួយ​លាន​នាក់ក្នុង​មជ្ឈមណ្ឌលឃុំឃាំង។​

សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សា​រដ្ឋ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។
សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សា​រដ្ឋ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។

សហរដ្ឋអាមេរិក​ ​និង​ប្រ​ទេសមហា​អំណាច​លោក​ខាង​លិច​ឯ​ទៀតៗ​ ​ក៏​បានចោទ​ប្រកាន់​ប្រទេស​ចិន​ថា បានធ្វើ​ពាណិជ្ជកម្មមិន​ត្រឹមត្រូវ​ និង​បាន​បង្ខិត​បង្ខំខាង​សេដ្ឋកិច្ច ​ដោយមាន​រួម​បញ្ចូលការលើក​ទឹក​ចិត្តឱ្យ​ក្រុម​ប្រទេស​ក្រី​ក្រ​ខ្ចីប្រាក់​ចិន​យ៉ាង​ច្រើន​ដែល​បន្ទាប់​មក​ ​អាច​ជា​ការធ្វើ​ឱ្យរដ្ឋាភិបាល​ក្រុងប៉េកាំង​មាន​ឥទ្ធិពលនយោបាយ​ដែលគេ​ស្គាល់​ថា​ ជាការទូតអន្ទាក់​បំណុល​។​

លោក​ Biden បានគូសបញ្ជាក់ច្រើន​ដងពីភាពខុស​គ្នា​ជា​មួយ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ីនៅ​ក្នុង​ការអំពាវនាវទូលំទូលាយ​របស់​លោក​ឱ្យ​ស.រ.អ. និងពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បង្ហាញ​ថា ក្រុម​ប្រទេស​ប្រជា​ធិបតេយ្យប្រុង​ប្រៀប​ការពារខ្លួន​ឯង ហើយ​អាច​ផ្តល់ឱ្យ​មនុស្ស​ជាតិ​នូវមាគ៌ា​ល្អ​ និង​មាន​ភាពស្មើ​គ្នា​ជាងក្រុម​ប្រទេសផ្តាច់ការ។ អ្នកនាំ​ពាក្យម្នាក់នៃ​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ​. បាននិយាយថា ​ដើម្បីគូសបញ្ជាក់ថា ​ពួកប្រទេស​ប្រជាធិបតេយ្យ​មាន​ឥទ្ធិពល​ នៅសប្តាហ៍​ទី​បី​នៃ​ខែធ្នូ រដ្ឋបាល​ស.រ.អ.​នឹង​ប្រកាស​អំពី​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ប្រារព្ធសន្និសីទ​កំពូល​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​យក​ជាទី​ដៅនូវក្រុម​ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ការរំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​។

អ្នក​នាំ​ពាក្យ​រូប​នេះបានថ្លែង​ប្រាប់ពួក​អ្នកកាសែត​ថា៖ «ក្រសួងហិរញ្ញវត្ថុ​ នឹងធ្វើសកម្មភាព​មួយ​ចំនួនដើម្បី​ដាក់​ទណ្ឌកម្ម​លើក្រុមបុគ្គល​ដែលធ្វើ​សកម្មភាព​អាក្រក់​ដែល​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ​ និងស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោកដោយ​មានរួម​បញ្ចូល​អំពើ​ពុក​រលួយ​ ការសង្កត់​សង្កិន ​ឧក្រិដ្ឋកម្ម​មានការ​ចាត់ចែងនិង​ការរំលោភ​ធ្ងន់ធ្ងរ​ឯ​ទៀតៗលើ​សិទ្ធិ​មនុស្ស»។​

ពួកមន្ត្រី​រដ្ឋបាល​ស.រ.អ.សង្ឃឹម​ថា ពួក​អ្នក​ចូលរួម​ឯ​ទៀតៗ នឹង​បង្ហាញ​ការប្រុងប្រៀប​ធ្វើសកម្មភាព​ប្រឆាំងនឹង​ក្រុម​សត្រូវនៃលទ្ធិ​ប្រជាធិបតេយ្យ​ តែ​ក៏​នឹង​បង្ហាញ​សញ្ញា​អំពីការប្រុងប្រៀប​របស់ខ្លួនក្នុង​ការធ្វើឱ្យ​មាន​ជា​ថ្មី និងការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុ​ង​ប្រទេសពួក​គេ​ផ្ទាល់ដោយថ្លែង​ថា ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់របស់សន្និសីទកំពូល​នេះ​ គឺ«លើ​ឧបសគ្គ​និង​ឱកាសប្រឈម​របស់​ពួក​ប្រទេស​ប្រជាធិបតេយ្យ​ និង​ផ្តល់​វេទិកាមួយ​សម្រាប់ឱ្យ​ក្រុម​មេដឹកនាំប្រកាសអំពី​ការប្តេជ្ញាផ្ទាល់​ខ្លួន និង​ការសន្យា​រួមគ្នាស្តី​ពីការ​កែ​ទម្រង់ និង​ការ​ផ្តើមគំនិត​សម្រាប់​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្សនៅ​ក្នុងប្រទេស​ផង​ខ្លួន និង​នៅ​ក្រៅប្រទេស​ផង​ដែរ»។

ក្រុម​មន្ត្រីអាមេរិកាំង​បានចៀសវាងការចាត់ទុកសន្និសីទ​នេះថា​ គ្រាន់​តែជា​ការប្រយុទ្ធ​រវាងពួក​ប្រទេស​មហា​អំណាច ហើយ​ផ្តោតការ​យក​ចិត្តទុកដាក់​តិច​លើភូមិសាស្ត្រ​នយោបាយ ហើយ​យក​ចិត្តទុក​ដាក់​ច្រើន​ជាងមុន​លើផល​ប្រយោជន៍ប្រកប​ដោយ​ចីរភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ចាប់​តាំងពី​ពេល​លោក​ធ្វើការ​ឃោសនា​បោះឆ្នោត​មក​ លោក Biden ​បាន​មានប្រសាសន៍​អំពីសារៈសំខាន់​របស់សហរដ្ឋ​អាមេរិក​ក្នុងការដឹកនាំដោយ​ធ្វើ​ជា​គំរូដើម្បី​ប្រមែប្រមូល​ប្រទេស​ក្នុង​ពិភពលោកឱ្យ​ពុះពារឧបសគ្គរួម​គ្នា​។​ លោក​បាន​និយាយបង្ហាញ​ហេតុ​ផល​ថា ​ការណ៍​នេះ ​តម្រូវឱ្យជនជាតិអាមេរិកាំង ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ផ្ទាល់ ហើយ​ឱ្យ​ប្រទេសប្រជាធិបតេយ្យ​ឯ​ទៀតៗធ្វើ​ដូច​គ្នា​ដែរ។

ប្រទេសហុងគ្រី

ក្នុង​ចំណោម​គោលដៅសំខាន់ៗ​នៃ​សន្និសីទ​កំពូល​នេះ​ មានការខិតខំបញ្ឈប់​ការធ្លាក់​ចុះ​នៃលទ្ធិ​ប្រជាធិបតេយ្យ។ បើ​តាម​អ្នក​វិភាគ​ខ្លះ​ថា សេចក្តី​សម្រេចផាត់ប្រទេសហុងគ្រី​ចេញ ដែលជា​រដ្ឋ​សមាជិក​តែមួយ​គត់​នៃ​សហភាព​អឺរ៉ុបដែលមិន​ត្រូវ​បានអញ្ជើញ​ មានន័យ​ថា ជា​ការបញ្ជូន​សារជាក់លាក់​មួយថា​ មេដឹកនាំ​ហុង​គ្រី​លោក Viktor Orban ​និងពួក​អ្នក​ធ្វើឱ្យប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ មិនអាច​រំពឹង​ថា នឹង​មានការ​អនុគ្រោះពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឡើយ។

លោក Steven Feldstein ​ដែលជាអតីត​ឧបការី​រងរដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. និយាយថា៖ ​«សម្រាប់​ប្រទេស​ហុងគ្រី​ ​ការ​ធ្លាក់​ចុះ​ខ្លាំងនៃលទ្ធិ​ប្រជាធិបតេយ្យរួម​ជា​មួយការបោះឆ្នោត​នៅ​ឆ្នាំក្រោយ ​និង​លទ្ធភាព​ដែលលោក ​Orban​ អាចប្រើ​សេចក្តី​អញ្ជើញឱ្យ​គាត់​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​ប្រជាធិបតេយ្យ ធ្វើឱ្យការជាប់​ឆ្នោត​ជាថ្មី​របស់គាត់ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ ធ្វើឱ្យ​ប្រទេស​ហុងគ្រី​ ក្លាយជា​ប្រទេស​មួយនាំ​ឱ្យ​[អាមេរិក] ​មាន​ហេតុផល ផាត់​មិន​ឱ្យ​ចូល​រួម​ក្នុង​សន្និសីទ​នេះ»។

តែជា​មួយប្រទេស​ជាង ​១០០ ​ចូល​រួមក្នុង​សន្និសីទ​នេះ លោក Feldstein និង​ពួក​ជន​ឯ​ទៀតៗ បារម្ភ​ថា សន្និសីទនេះ​ ប្រហែលត្រូវ​បញ្ចប់​ដោយ​គ្រាន់តែ​ជាកន្លែង​មួយ​បានតែ​ពិភាក្សា​គ្នាដោយមាន​លទ្ធផល​ជាក់ស្តែងតែ​បន្តិច​បន្តួច​។​

លោក Feldstein ​ដែល​នៅ​ពេល​នេះ​ ជាអ្នកស្រាវជ្រាវជាន់​ខ្ពស់នៅ​ឯអង្គការ​ Carnegie Endowment for Peace ជា​អង្គការស្រាវជ្រាវ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ថ្លែង​ថា៖​ «មាន​ការប្រថុយ​ប្រថាន​ថា សន្និសីទ​ធំ​តាម​បណ្តាញ​វីដេអូនេះ នឹងបញ្ចប់ដោយធ្វើឱ្យ​មាន​សកម្ម​ភាព​ជាក់ស្តែងតិច​តួច​ណាស់​»។ លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា៖​ «ក្រុម​លោក Biden បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​អំពាវ​នាវ​ឱ្យ​មាន​«សកម្មភាពពេញមួយ​ឆ្នាំ»នៅក្រោយ​សន្និសីទ​នេះ​ដែល​នឹង​ប៉ុន​ប៉ង​ធ្វើការ​សន្យាឱ្យ​ទៅ​ជា​ការ​ប្តេជ្ញា​ជាក់លាក់​ តែ​គេត្រូវ​រង់​ចាំ​មើលថា ​តើការប្រឹងប្រែងនេះ​ ​នឹងមានប្រសិទ្ធភាពបែបណា»។

លោក Feldstein ​ពោល​ថា៖ «ដោយធំ​ជាងមុន​ សន្និសីទ​នេះ អាចរួម​បញ្ចូលប្រទេស​ប្រជាធិបតេយ្យច្រើន​ជាងមុនដែល​អាច​ទទួលផល​ប្រយោជន៍ពី​ការយក​ចិត្តទុកដាក់ច្រើន​ជាង​មុន»។

លោក Joshua Kurlantzick ​ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​ទំនាក់​ទំនងបរទេស​ហៅ Council on Foreign Relations។ លោកមាន​កង្វល់តិច​ជាង​លោក Feldstein។ លោកនិយាយថា រដ្ឋបាល​លោក Biden ​ប្រហែល​ធ្វើឱ្យ​រាំង​ស្ទះសន្និសីទ​កំពូល​របស់​ខ្លួន​ផ្ទាល់​។ លោក​ថ្លែង​ថា «​រដ្ឋបាល​នេះ​ អញ្ជើញ​ប្រទេស​ជាង​១០០​ ដោយ​មាន​រួមបញ្ចូល​ប្រទេស​ប៉ាគីស្ថាន ​កេនយ៉ា ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​អ៊ីរ៉ាក់​ ហ្វីលីពីន ​និង​ប្រទេស​ឯទៀតៗ​ ដែលមិន​បានរៀប​ចំការបោះឆ្នោត​ដោយ​សេរី និង​មាន​ការប្រកួត​ប្រតជែង​ដោយ​យុត្តិធម៌ ​ហើយ​មិន​បាន​អនុញ្ញាតឱ្យ​មានសេរីភាព​ស៊ីវិលច្រើន​ក្រាស់ក្រែល​ទេ»។

លោកស​ង្ស័យថា ប្រទេស​ខ្លះ ​ត្រូវ​បានអញ្ជើញ​ដោយសារហេតុផល​យុទ្ធសាស្ត្រ​ជាជាង ​ពីព្រោះ​ប្រទេស​ទាំងនេះ ជា​ប្រទេស​ប្រជាធិបតេយ្យ។​

តែក្រុម​មន្ត្រីរដ្ឋបាល​លោក Biden និយាយ​ថា ​សន្និសីទកំពូល​នេះ​ ជាឱកាសមួយ​សម្រាប់​ឱ្យ​ស.រ.អ.​ គូសបញ្ជាក់សេរីភាព​ស៊ីវិល​ សេរីភាពនៃ​មនសិការ​ និង​ការប្រឆាំង​ដោយ​សន្តិវិធី​នៅ​ពេលវេលាមួយ​ដែលលទ្ធិ​ប្រជាធិបតេយ្យ កំពុង​ផុយ​ស្រួយនៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG