ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់ បង្ហាញ​សាមគ្គីភាព​ប្រឆាំង​នឹង​ភាពគឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​រដ្ឋធានី​រីហ្គា ប្រទេស​ឡេតូនី នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​រដ្ឋធានី​រីហ្គា ប្រទេស​ឡេតូនី នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពី​បាន​បង្ហាញ​នូវ​សាមគ្គីភាព​ប្រឆាំង​នឹង​ភាព​គឃ្លើន​ណា​មួយ​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​មក រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​អូតង់ (NATO) នឹង​បិទ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ឡេតូនី​នៅ​ថ្ងៃពុធ​នេះ ដោយ​ផ្តោត​លើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហ្សកហ្ស៊ី និង​អាហ្វហ្គានីស្ថាន។

ដោយ​លើកឡើង​អំពី​ការ​ចល័ត​កងទ័ព​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ពុំ​មាន​ភាព​ច្បាស់លាស់​ណា​មួយ​អំពី​ចេតនា​ពិត​ប្រាកដ​របស់​ប្រទេស​រុស្ស៊ី​នៅ​ឡើយ​ទេ [ជុំវិញ​រឿង​នេះ]»។

លោក Stoltenberg បាន​បន្ថែម​ថា៖ «វា​មិន​សំខាន់​នោះ​ទេ​ថា តើ​ការ​លុកលុយ​របស់​ប្រទេស​រុស្ស៊ី​មាន​ចំនួន ២០% ឬ ៨០% នោះ។ [អ្វី​ដែល​សំខាន់] គឺ​យើង​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ស្ថានការណ៍​ដ៏​អាក្រក់​បំផុត​ណា​មួយ​ដែល​អាច​កើតឡើង»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ព្រមាន​ប្រទេស​រុស្ស៊ី​ថា៖ «ភាព​គឃ្លើន​ជា​ថ្មី​ណា​មួយ [របស់​រុស្ស៊ី] នឹង​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​រង​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ»។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​តប​វិញ​កាលពី​ថ្ងៃ​អង្គារ​ថា យោធា​របស់​រុស្ស៊ី ​អាច​បង្ខំ​ចិត្ត​ឆ្លើយតប​ចំពោះ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ដឹកនាំ​ដោយ​បស្ចិម​ប្រទេស ប្រសិនបើ​អង្គការ​អូតង់​ឆ្លង​ហួស «បន្ទាត់​ក្រហម»៕

លោក Alex Yanevskyy ចូលរួម​ចំណែក​នៅក្នុង​សេចក្តីរាយការណ៍​នេះ ហើយនឹង​ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG