ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចប្រជាធិបតេយ្យទាំង៧ឬ G-7 កាលពីថ្ងៃអាទិត្យបានព្រមានប្រទេសរុស្ស៊ីឲ្យកាត់បន្ថយការដាក់ពង្រាយកម្លាំងយោធាទ្រង់ទ្រាយធំរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែន បើពុំដូច្នេះទេ ប្រឈមនឹងអ្វីដែលខ្លួនចាត់ទុកថាជា «ផលវិបាក» ខាងសេដ្ឋកិច្ចដ៏ធំ។
រដ្ឋមន្ត្រីការបរទេស G-7 នៅក្នុងជំនួបមួយនៅក្នុងទីក្រុង Liverpool នៃប្រទេសអង់គ្លេស រួមជាមួយប្រធានកិច្ចការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេ បាន«រួបរួមគ្នា»នៅក្នុងការថ្កោលទោសការស្ថាបនាយោធានិងវោហាសាស្ត្រដ៏គគ្លើនចំពោះអ៊ុយក្រែន។
ក្រុមអ្នកការទូតដែលតំណាងឲ្យសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលីនិងជប៉ុន បានជំរុញឲ្យរដ្ឋាភិបាលក្រុងមូស្គូ«កាត់បន្ថយ»ការតានតឹង ស្វះស្វែងរកមធ្យោបាយការទូត ហើយគោរពតាមការតាំងចិត្តអន្តរជាតិរបស់ខ្លួនស្តីពីតម្លាភាពនៃសកម្មភាពយោធា។
ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកជឿថា រុស្ស៊ីបានពង្រាយកងទ័ ព៧ម៉ឺននាក់ ឬក៏ច្រើនជាងនោះ នៅតាមព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយអាចធ្វើការវាយប្រហារលើអតីតរដ្ឋរណបពីសហភាពសូវៀតរបស់ខ្លួនមួយនេះនៅដើមឆ្នាំ២០២២ ថ្វីបើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេជឿជាក់ថា មិនបានធ្វើការសម្រេចថានឹងឈ្លានពានក៏ដោយ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបដិសេធមិនឆ្លើយតបខាងយោធាចំពោះការឈ្លានពានណាមួយរបស់រុស្ស៊ីដល់អ៊ុយក្រែន ដែលនយោបាយនេះដូចនឹងអតីតប្រធានាធិបតីលោក Barack Obama ដែលមានលោក Biden ជាអនុប្រធានាធិបតីនៅពេលនោះ ដោយសម្រេចមិនបានឆ្លើយតបខាងយោធានៅពេលរុស្ស៊ី បានវាយកាន់កាប់ឧបទ្វីប Crimea របស់អ៊ុយក្រែននៅក្នុងឆ្នាំ២០១៤៕