ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Putin នឹង​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​ស្អែក


ទាហាន​អ៊ុយក្រែន​ម្នាក់ នៅ​ទីតាំង​ប្រយុទ្ធ​មួយ​នៅ​ក្បែរ​ក្រុង Debaltsevo ក្នុង​តំបន់ Donetsk នៃ​ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
ទាហាន​អ៊ុយក្រែន​ម្នាក់ នៅ​ទីតាំង​ប្រយុទ្ធ​មួយ​នៅ​ក្បែរ​ក្រុង Debaltsevo ក្នុង​តំបន់ Donetsk នៃ​ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

នៅ​ថ្ងៃ​អង្គារ​ស្អែក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​តានតឹង​ដែល​កើនឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាងប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ជំនួប​របស់​មេដឹកនាំ​ទាំងពីរ​ នឹង​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ស្អែក។

សេតវិមាន​ប្រធានាធិបតី​អាមេរិក ​ក៏​បាន​បញ្ជាក់​អំពី​ជំនួប​នេះ​ផងដែរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ដូច​គ្នា​នេះ​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​លើកឡើង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Biden នឹង​គូសបញ្ជាក់​អំពី​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​សកម្មភាព​យោធា​របស់​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​អ៊ុយក្រែន ហើយ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​អ៊ុយក្រែន»។

ក្រៅពី​ការ​ពិភាក្សា​លើ​បញ្ហា​នៃ​ការ​បង្កើន​កងទ័ព​របស់​រុស្ស៊ី​នេះ វិមាន​ប្រធានាធិបតី​រុស្ស៊ី​បាន​លើកឡើង​ថា លោក Biden និង​លោក Putin ក៏​នឹង​ពិភាក្សា​គ្នា​ផងដែរ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​អំពី​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​របស់​ពួកគេ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ខែ​មិថុនា​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Biden បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​កំពុង​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​មាន «ការ​លំបាក​ខ្លាំង» នៅក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន ដែល​នៅ​ទីនោះ រុស្ស៊ី​បាន​បង្កើន​កងទ័ព​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG