ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Xi Jinping គ្រោង​ថ្លែង​ទៅកាន់​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ពាណិជ្ជកម្ម និង​ការស្តារ​ឡើងវិញ​ពី​ជំងឺ​រាតត្បាត


រូបឯកសារផ្គុំ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden (ឆ្វេង) ថ្លែង​នៅឯ​អគារ​ការិយាល័យប្រតិបត្តិ Eisenhower ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ និងប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​នៅពេល​លោក​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ាកាវ​នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារផ្គុំ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden (ឆ្វេង) ថ្លែង​នៅឯ​អគារ​ការិយាល័យប្រតិបត្តិ Eisenhower ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ និងប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​នៅពេល​លោក​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ាកាវ​នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​ចិន Xi Jinping ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ថ្លែង​ទៅ​កាន់​មេដឹកនាំ​នៃ​តំបន់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​ថ្ងៃ​សុក្រ ​ចំពេល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ និង​ភូមិសាស្ត្រ​នយោបាយ​កើន​ឡើង។ ​នេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ប្រទេស​ចិន​ បាន​ថ្លែង​ការប្តេជ្ញា​ប្រាប់​កិច្ច​ប្រជុំ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ា​ស៊ីហ្វិក ​(APEC) ​ដែល​មាន​សមាជិក​ ២១ ប្រទេស​ នៅ​សប្តាហ៍​នេះ ​ដោយ​លោក ​Xi Jinping ​បាន​ព្រមាន​នៅ​ក្នុង​វីដេអូ​ថត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ តំបន់​នេះ​ មិនត្រូវ​ត្រឡប់​ទៅ​រក​ភាព​តានតឹង​ដូច​សម័យ​សង្រ្គាម​ត្រជាក់​ទេ។​

ការ​អត្ថាធិប្បាយ​នេះត្រូវ​គេ​មើល​ឃើញ​ថា​ ​និយាយ​សំដៅ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ដើម្បី​ទប់ស្កាត់​អ្វី​ដែល​ពួកគេ​មើលឃើញ​ថា​ ជាកំណើន​ឥទ្ធិពល​សេដ្ឋកិច្ច ​និង​យោធា​របស់​ចិន។​

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា​ លោក ​Biden ​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កិច្ចប្រជុំ​នេះ​ ដោយ​បន្ថែម​ថា ​លោក​នឹង​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​ដោះស្រាយ​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក។​

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា៖​ «ការចូល​រួម​របស់​ប្រធានាធិបតី​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ និង​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី»។ ​

ក្រសួង​ការ​បរទេស​ចិន​ ក៏បាន​បញ្ជាក់​ដែរ​ថា ​លោក Xi Jinping ​នឹង​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​រយៈ​ការ​ភ្ជាប់​វីដេអូ។​

កិច្ចប្រជុំ​របស់ ​APEC ​ធ្វើឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​ដែល​គេទន្ទឹង​ខ្លាំង​រវាង​លោក​ Biden ​និង Xi ​ Jinping នៅ​ថ្ងៃចន្ទ​ ខណៈ​ប្រទេស​មហា​អំណាច​ទាំងពីរ ​រក​វីធី​ទប់ស្កាត់​មិន​ឱ្យ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​បំផុត​ក្នុង​ពិភពលោក​រីករាលដាល​ឆ្ពោះ​ទៅ​រក​ជម្លោះ។​

ជំនួប​របស់​ APEC ​គឺ​ជា​កិច្ច​ប្រជុំ​ពហុភាគី​ចុង​ក្រោយ​នៅ​ឆ្នាំនេះ ​ហើយ​កើត​ឡើង​បន្ទាប់ពី​ជំនួប​ចម្រូង​ចម្រាសរួមមាន​កិច្ចប្រជុំ​កំពូល ​G-20 នៅទី​ក្រុងរ៉ូម​ប្រទេស​អ៊ីតាលី​ និង​កិច្ច​ប្រជុំ​អំពី​អាកាសធាតុ​ (COP26)​ នៅ​ទីក្រុង ​Glasgow ប្រទេស​ស្កុតលែន។​

កិច្ចប្រជុំ​ APEC​2021 ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​អ៊ីនធឺណិត​ទាំងស្រុង​ ដោយសារ​តែ​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ម្ចាស់ផ្ទះ​ គឺ​នូវែលសេឡង់ ​ដែល​បាន​បិទ​ព្រំដែន​សម្រាប់​អ្នក​ដំណើរ​ស្ទើរតែ​ទាំងអស់​អស់​រយៈ​ពេល​១៨​ខែ។​

ប្រទេស​នូវែលសេឡង់​ បាន​សង្កត់​ធ្ងន់​លើ​ការ​គាំទ្រ​របស់ ​APEC ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ ពង្រីក​សេដ្ឋកិច្ច​មិន​ប្រើ​ធាតុកាបោន និង​ការ​រីកលូតលាស់​ប្រកប​ដោយ​ចីរភាព។​ នៅក្នុង​កិច្ចប្រជុំ​ពិសេស​រៀបចំ​ដោយ​នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​អ្នកស្រី ​Jacinda Ardern ​ក្នុងខែ​មិថុនា ​សមាជិក ​APEC ​បាន​សន្យា​ពង្រីក​ការ​ចែករំលែក​ និង​ការផលិត​វ៉ាក់សាំងកូវីដ១៩ ​និង​លុប​បំបាត់​រនាំង​ពាណិជ្ជកម្ម​សម្រាប់​ឱសថ។​

APEC នឹង​ប្រជុំ​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​ក្រោយ។

មន្ត្រីនានា​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​បាន​ស្នើ​រៀបចំ​កិច្ចប្រជុំ ​APEC ឆ្នាំ​២០២៣​ ជាលើក​ដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ ទោះជា​មិន​ទាន់​មាន​ការ​មូលមតិ​គ្នា​ទេ​នៅឡើយ​ក៏ដោយ។ ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin​ និង​ប្រធានាធិបតី​កាណាដា លោក​ Justin Trudeau ​ក៏ត្រូវ​គេរំពឹង​ថា ​នឹង​និយាយ​នៅក្នុង​កិច្ច​ប្រជុំ​នេះដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG