ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​កើតមាន​នៅ​ភាគខាងត្បូង​ឥណ្ឌា​ក្រោយពី​ស្រ្តី​ពីរ​នាក់​មិន​ធ្វើ​តាម​បម្រាម​រាប់​សតវត្សរ៍​ដោយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ហិណ្ឌូ


បាតុករ​ស្រែក​ពាក្យស្លោក​ខណ​ដែល​ពួកគេ​ចូល​រួម​ក្នុង​បាតុកម្ម​បន្ទាប់ពី​ស្រ្តី​ពីរនាក់ចូល​ព្រះវិហារ​ Sabarimala ក្នុង​ទីក្រុង​ Kochi ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​០២ មករា​ឆ្នាំ២០១៨។
បាតុករ​ស្រែក​ពាក្យស្លោក​ខណ​ដែល​ពួកគេ​ចូល​រួម​ក្នុង​បាតុកម្ម​បន្ទាប់ពី​ស្រ្តី​ពីរនាក់ចូល​ព្រះវិហារ​ Sabarimala ក្នុង​ទីក្រុង​ Kochi ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​០២ មករា​ឆ្នាំ២០១៨។

ការណ៍​ដែល​ស្រ្តី​ពីរ​នាក់ បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ដែល​ជា​ទីសក្ការៈ​បូជា​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​គេ​ហៅ​ថា ជា«ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត»។ ក៏ប៉ុន្តែ ក្រុម​បាតុករ​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជា​«ការរួម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត»​មួយ​ទៅ​វិញ។

នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាតុកម្ម​បាន​កើត​មាន​ឡើង ក្រោយពី​ស្រ្តី​ពីរ​នាក់ បាន​ចូលទៅ​ក្នុង​ព្រះវិហារ​ដែល​ជា​ទីសក្ការៈ​បូជា​ដ៏​ពិសិដ្ឋ​មួយ​កន្លែង​របស់​អ្នកកាន់​សាសនា​ហិណ្ឌូ ដែល​នេះ ជា​ការបំពាន​ទៅ​នឹង​ពួកអ្នកកាន់​សាសនា​ហិណ្ឌូ ដែល​បាន​រារាំង​មិន​ឲ្យ​ស្រ្តី​ចូល​ទៅក្នុង​ទីសក្ការៈបូជា​នេះ ចាប់តាំងពី​តុលាការ​កំពូល បាន​សម្រេច​បដិសេធ​ចោល​បម្រាម​មួយ ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​មក​នោះ។

ការណ៍​ដែល​ស្រ្តី​ពីរ​នាក់ បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ដែល​ជា​ទីសក្ការៈ​បូជា​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​គេ​ហៅ​ថា ជា«ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត»។ ក៏ប៉ុន្តែ ក្រុម​បាតុករ​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជា​«ការរួម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត»​មួយ​ទៅ​វិញ ដែល​បាន​បញ្ឆេះ​ឡើងវិញ​នូវ​ភាពចម្រូងចម្រាស ដែល​ធ្វើ​ឲ្យ​មាន​កំហឹង​ចាប់តាំងពី​តុលាការ​កំពូល បាន​ចេញ​សេចក្តី​សម្រេច​អនុញ្ញាតិ​ឲ្យ​ស្រ្តី ដែល​មាន​អាយុ​ចន្លោះ​ពី ១០ ឆ្នាំ ដល់ ៥០ ឆ្នាំ ឲ្យ​អាច​ចូល​បួងសួង​ក្នុង​ព្រះវិហារ​បាន​នោះ។

ស្រ្តី​ដែល​ស្ថិត​ក្នុង​វ័យ​ជាង ៤០ ឆ្នាំ​ទាំងពីរ​នាក់​នេះ បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ Sabarimala ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ ក្នុង​រដ្ឋ Kerala នៅ​មុន​ថ្ងៃរះ កាលពី​ថ្ងៃពុធ ទី ២ ខែមករា កន្លង​ទៅ​នេះ ដោយ​មាន​ប៉ូលិស​អមដំណើរ​ជាមួយ​ឲ្យ​ផុត​ពី​ក្រសែភ្នែក​របស់​ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​ផ្សេង​ទៀត និង​ពី​កាមេរ៉ា​របស់​បណ្តាញ​ទូរទស្សន៍​នានា។ នារី​ដែល​ដល់​អាយុ​មាន​រដូវ មិន​ត្រូវ​បាន​អនុញ្ញាតិ ឲ្យ​ចូល​ទីសក្ការៈ​បូជា​ទេ ពីព្រោះ​ដោយសារតែ​គេ​ជឿ​ថា ព្រះអាទិទេព​មិន​ចូលចិត្ត​រឿង​កាមគុណ​ផ្លូវ​ភេទ​ទេ។​

គ្រាដែល​ព័ត៌មាន​អំពី​ការចូល​ទៅ​ក្នុង​ព្រះវិហារ​របស់​ស្រ្តី​ពីរ​នាក់​នេះ ត្រូវ​បាន​បែក​ខ្ជរខ្ចាយ ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​ដែល​មាន​កំហឹង​ដោយសារតែ អ្វី​ដែល​ពួកគេ​ហៅ​ថា «ការបំពាន​ទំនៀម​ទម្លាប់​របស់​ព្រះវិហារ» បាន​ដឹកនាំ​បាតុកម្ម​នៅ​តាម​ផ្លូវ​នៅ​ទូទាំង​រដ្ឋ។ ក្នុង​ទីក្រុង Thiruvananthapuram ប៉ូលិស បាន​ប្រើ​កាណុង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុម​បាតុករ។ ក្នុង​គ្រានោះ​ផងដែរ ក្រុម​អាចារ្យ​បាន​បិទ​ទ្វារ​ព្រះវិហារ​មួយ​រយៈ​ដើម្បី​ធ្វើ​ពិធី«បន្សុត» ទីសក្ការៈ​បូជា​តាម​ទម្លាប់ ក្រោយពី​ការចូល​ព្រះវិហារ​របស់​ស្រ្តី​ទាំងពីរ​នាក់​នោះ។

ស្រ្តី១២នាក់ ដែល​ប៉ុនប៉ង​ចូល​ព្រះវិហារ​នោះ ក្រោយពី​តុលាការ​កំពូល​ចេញ​សេចក្តី​សម្រេច​កាលពី​ខែកញ្ញា ឆ្នាំ​មុន មិន​អាច​ចូល​ព្រះវិហារ​បាន​ទេ ដោយ​ពួកគេ​ត្រូវ​បាន​ក្រុម​អ្នក​កាន់​សាសនា​ហិណ្ឌូ​ដ៏​សកម្ម ដែល​បាន​បោះជំរំ នៅ​តាម​ផ្លូវទៅ​ព្រះវិហារ​នោះ រារាំង​ពួកគេ។

ការចូល​ទៅ​ក្នុង​ព្រះវិហារ​របស់​ស្រ្តី​ទាំងពីរ​នាក់​នោះ មាន​ការជួយ​សម្រួល​ពី​សំណាក់​រដ្ឋាភិបាល​ឆ្វេង​និយម​របស់​រដ្ឋ​នេះ ដែល​បាន​និយាយ​ថា ខ្លួន​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ។

អភិបាលរដ្ឋ Kerala លោក Pinarayi Vijayan បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា៖

«លោក​បាន​និយាយ​យ៉ាង​ច្បាស់​ហើយ​ថា រដ្ឋាភិបាល​នឹងផ្តល់​ការការពារ បើ​ស្រ្តី​ណា​ម្នាក់​ចេញ​មុខ​ប្រាប់​ថា ពួកគេ​ចង់​ចូល​ព្រះវិហារ​នោះ»។

លោក Rahul Easwar ជា​សកម្មជន​ម្នាក់ ដែល​ដឹកនាំ​ការប្រយុទ្ធ​ប្រឆាំងនឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល បាន​ហៅ​ការចូល​ព្រះវិហារ​របស់​ស្រ្តី​ទាំងពីរ​នាក់​នោះ​ថា ជា «ឧប្បទេ្ទវហេតុ​ពាក់កណ្តាល​អាធ្រាត ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​មិន​កាន់​សាសនា»។

ព្រះវិហារ Sabarimala បាន​ក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍ ចាប់តាំងពី​តុលាការ​បាន​ចេញ​សេចក្តី​សម្រេច​នោះ​មក។ គ្រាដែល ក្រុម​សេរីនិយម មើល​ឃើញ​ថា ការសម្រេច​របស់​តុលាការ​ថា ជា​ការរីកចម្រើន​មួយ​ដែល​ធានា​ដល់​យុត្តិធម៌​យ៉េនឌ័រ​នោះ អ្នក​ខាង​ប្រកាន់​ទំនៀម​ទម្លាប់​វិញ បាន​សច្ចា​ថា នឹង​មិន​អនុញ្ញាតិ​ឲ្យ​ស្រ្តី​ចូល​ព្រះវិហារ​ទេ ដោយ​និយាយ​ថា តុលាការ មិន​អាច​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​បញ្ហា​ជំនឿ​សាសនា​ទេ។

នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអង្គារ​ទី ០១ ខែមករា​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្រ្តី Narendra Modi បាន​និយាយ​អំពី​បញ្ហា​ព្រះវិហារ​Sabarimala ដោយ​ហៅ​បញ្ហា​នេះ​ថា ជា​បញ្ហា​ទំនៀម​ទម្លាប់ មិនមែន​ជា​បញ្ហា​យ៉េនឌ័រ​ទេ។ លោក បាន​ចង្អុល​បង្ហាញ អំពី​ទស្សនៈ​របស់​ចៅក្រម​ម្នាក់ ក្នុង​ចំណោម​ចៅក្រម​ដែល​មាន​សមាជិក ៥រូប ដែល​បាន​និយាយ នៅក្នុង​សេចក្តី​សម្រេច​របស់​លោកស្រី លោកស្រី​ថា តុលាការ​មិនត្រូវ​ចូលពាក់ព័ន្ធ​នៅក្នុង​«បញ្ហា​ជំនឿ​សាសនា​ដ៏ជ្រៅ» នោះ​ទេ។

ភាពចម្រូងចម្រាស​ក្នុង​រឿង​ព្រះវិហារ Sabarimala នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​ស្មុគស្មាញ​ខាងផ្នែក​នយោបាយ គ្រាដែល​ការបោះឆ្នោត​ជាតិ​ខិតជិត​មកដល់ ហើយ​ការណ៍នេះ ទំនងជា​នឹង​បង្កើន​សន្ទុះ គ្រាដែល​ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​ស្តាំ​និយម សច្ចា​ថា នឹង​ពង្រីក​ការធ្វើ​បាតុកម្ម​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា។

អ្នកវិភាគ​នយោបាយ​ថ្លែង​ថា គណបក្ស​នានា​ដូចជា គណបក្ស Bharatiya Janata របស់​លោក Modi ជាដើម មើល​ឃើញ​បញ្ហា​នេះ ថា​ជា​បញ្ហា​មួយ​ទៀត ដែល​ធ្វើឲ្យ​មាន​ការគាំទ្រ​សាសនា​ហិណ្ឌូ។ លោក P.S Sreedharan Pillai ប្រធាន​គណបក្ស Bharatiya Janata ប្រចាំ​រដ្ឋ Kerala នេះ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា គណបក្ស​ Bharatiya Janata នឹង «គាំទ្រ​ការតស៊ូ​ប្រឆាំងនឹង​ការបំផ្លាញ​ជំនឿ​សាសនា»។

បញ្ហា​នេះ បាន​បន្ទុចបង្អាក់​យ៉ាងខ្លាំង​ដល់​រដ្ឋ Kerala ដែល​ជា​រដ្ឋ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រដ្ឋ​ដែល​មាន​ការរីកចម្រើន​បំផុត​មួយ នៅ​ប្រទេស​ឥណ្ឌា។ នៅក្នុង​ការជួប​ប្រមូល​ផ្តុំ​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋ ស្រ្តី​រាប់ពាន់​នាក់ បាន​ប្រទាក់គ្នា​ដូចជា​ច្រវ៉ាក់​នៅទូទាំង​រដ្ឋ​កាលពី​ថ្ងៃអង្គារទី ០១ ខែមករា ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​សមភាព​យ៉េនឌ័រ។

តុលាការកំពូល នឹង​បើក​សវនការ​ពិនិត្យ​មើល​ញ្ញត្តិ ដែល​តវ៉ា​ជំទាស់នឹង​សេចក្តី​សម្រេច​របស់​ខ្លួន អំពី​ការអនុញ្ញាតិ​ឲ្យ​ស្រ្តី​ចូល​ព្រះវិហារ​នេះ នៅ​មុន​ដំណាច់​ខែមករា​នេះ៕

ប្រែសម្រួល​ដោយ អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG