ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នេប៉ាល់​និង​កម្ពុជា​ព្រមព្រៀង​បង្កើន​ចំណង​ការទូត​និង​ពាណិជ្ជកម្ម


លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន និងលោកស្រី Bidhya Devi Bhandari ប្រធានាធិបតីនេប៉ាល់ ជួបពិភាក្សាគ្នានៅក្នុងការ​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ ប្រទេសនេប៉ាល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​នេប៉ាល់​រយៈពេល​បីថ្ងៃ​ ​នាយករដ្ឋ​មន្ត្រី​ខ្មែរ​លោក​ ​ហ៊ុន សែន​ ​ ​បាន​ទទួល​ការ​សាទរ​ពី​មេដឹកនាំ​ប្រទេស​នេប៉ាល់​ ចំពោះ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​លោក​បាន​ព្រមព្រៀង​ជាមួយ​នេប៉ាល់​លើ​បញ្ហា​ជា​ច្រើន​ទៀត។

ប្រទេស​កម្ពុជា​និង​នេប៉ាល់​បាន​ព្រមព្រៀង​បង្កើន​ទំនាក់​ទំនង​ការទូត​ ​និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ហើយ​ក៏​បាន​ព្រម​ព្រៀង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ចន្ទ​នេះ។

​មេដឹកនាំ​កម្ពុជា​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កដ្ឋមណ្ឌូ​ប្រទេស​នេប៉ាល់​ ចាប់ពីថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ​ ឆ្នាំ​២០១៨។​ ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទី​នោះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ចូលរួម​ការ​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​ ២០១៨​ និង​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​ លោក​ខាត់​ហ្គា ប្រាសាត​ សាម៉ា អូលី​ និង​អ្នកស្រី ​ប៊ីធយ៉ា ដេវី​ ប្រធានា​ធិបតី​នេប៉ាល់​ ​និង​លោក​ ប្រាឌីព គូម៉ា យ៉ាវ៉ាលី​ ​រដ្ឋមន្ត្រីការ​បរទេស​នេប៉ាល់។

លោក​ ​ហ៊ុន សែន​ ​និង​សមភាគី​លោក​គឺ​លោក​ ​ខាត់ហ្គា ប្រាសាត​ ​សាម៉ា អូលី​ បាន​ធ្វើ​ជាអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ និង​អនុស្សារណៈ​ ចំនួន​បួន​ រួម​មាន​ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន​ការទូត​ និង​ផ្លូវការ​ កិច្ច​ព្រម​ព្រៀង​ស្តីពី​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​ការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការបរទេស​ប្រទេស​ទាំងពីរ​ ​និង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការលើ​វិស័យ​វប្បធម៌។

មុន​ការ​ចុះកិច្ច​ព្រមព្រៀង​ ​និង​អនុស្សារណៈ​ ​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ទាំងពីរ​ ​«បាន​ឯកភាព​គ្នា​ពន្លឿន​ការ​ចុះ​កិច្ចព្រម​ព្រៀង​ស្តី​ការ​ជំរុញ​ និង​ការពារ​វិនិយោគ​ទៅវិញ​ទៅ​មក​ និង​ការ​បង្កើត​ជើង​ហោះ​ហើយ​ត្រង់​រវាង​កម្ពុជា​និង​នេប៉ាល់​សំដៅ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍​ និង​សេដ្ឋកិច្ច»។

លោក​នាយក​រដ្ឋមន្ត្រី​នេប៉ាល់​ ខាត់​ហ្គា ប្រាសាត​ ​សាម៉ា អូលី​ ​ក៏​បាន​ថ្លែង​អបអរ​សាទរ​ចំពោះ​ជោគ​ជ័យ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​ថ្មីៗ​នេះ។ លោក​ខាត់​ហ្គា ប្រាសាត​ សាម៉ា អូលី ក៏​បាន​ស្វាគមន៍​ការ​សម្រេចចិត្ត​របស់​លោក ហ៊ុន សែន​ ក្នុង​ការ​តែងតាំង​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ ប្រទេស​ឥណ្ឌា​ ឲ្យ​ទទួល​បន្ទុក​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​នេប៉ាល់។

​ប្រទេស​នេប៉ាល់ស្ថិត​ក្នុង​ប្រទេស​ជាច្រើន​ដែល​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​ឃ្លាំ​មើល​ការបោះឆ្នោត​ នៅ​កម្ពុជា​កាលពី​ខែ​កក្កដា​កន្លង​ទៅ។ ទោះបី​នេប៉ាល់​ បាន​អបអរ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ​ ក៏មាន​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួម​មាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ មិន​គាំទ្រ​ដល់​ការ​បោះឆ្នោត​នោះ​ទេ​ ដោយ​ហេតុ​ថា​ គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ កេត សោផាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការទេស​កម្ពុជា​ តែ​មិន​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

លោក ​រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ប្រាប់​ ​VOAនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ការ​អបអរ​របស់​មេដឹកនាំ​ប្រទេស​នេប៉ាល់ ចំពោះ​ជោគជ័យ​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ គ្រាន់តែ​ជា​ភាសា​ការទូត​មួយ។

«វា​ជា​ការ​ធម្មតា​ទេ​ គេថា​ មាន​ភ្ញៀវ​ទៅ​ដល់​ផ្ទះ​ហើយ​ គេ​តែងតែ​និយាយ​លួងចិត្ត​ហើយ​ គេ​មិន​ដែល​និយាយ​ពាក្យ​មិន​គួរ​សម​ចំពោះ​ភ្ញៀវ​ទេ»។

លោក​ថ្លែង​បន្ថែម​ថា​ សហគមន៍​ប្រជាធិបតេយ្យ​ធំៗ​ មិន​ស្វាគមន៍​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​នោះ​ទេ។​

«បើ​យើង​មើល​ដំណើរការ​បោះឆ្នោត​កន្លង​មក​ហ្នឹង​ ឃើញ​បណ្តា​ប្រទេស​បស្ចិម​ប្រទេស​ហ្នឹង​ ធ្វើ​ការ​ថ្កោល​ទោស​ ម្តង​ហើយ​ម្តង​ទៀត​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ក៏​ដូច​ជា​ការ​បោះឆ្នោត​ផងដែរ​ ដែល​គេ​ថា​ បោះឆ្នោត​មិន​ស្រប​ច្បាប់​ បោះឆ្នោត​មិន​គោរព​ឆន្ទៈ​រាស្ត្រ​ មិន​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ អី​ហ្នឹង​បាទ។ ហើយ​ដូច្នេះ​ ការណ៍​ដែល​លើក​ឡើង​របស់ប្រទេស​នេប៉ាល់​ វា​មិន​ជា​ចម្លែក​អី​ទេ​ ពីព្រោះ​គាត់​ជា​ម្ចាស់​ផ្ទះ​បាទ»។​

បន្ថែម​លើ​ការ​ចុះ​ឯកសារ​កិច្ច​ព្រមព្រៀង​នានា​ លោក​ ​ហ៊ុន សែន​ ​ក៏​បាន​កត់សម្គាល់​នូវ​ចំណុច​ជា​ច្រើន​ទៀត គឺ​ការ​លើក​កម្ពស់​ជំនឿ​ទុក​ចិត្ត​គ្នា​ និង​ការ​ខិតខំ​បង្កើន​មិត្តភាព​ជាមួយ​ប្រទេស​ទាំង​អស់​ សំដៅ​ធានា​បាន​នូវ​សន្តិភាព​យូរអង្វែង​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជាដើម៕

XS
SM
MD
LG