ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​ពិភពលោក ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​មាតា ទារក និង​កុមារ


វាគ្មិន​ដែល​ជា​អ្នកជំនាញ និង​មន្រ្តី​រដ្ឋាភិបាល​ កំពុង​ជជែក​ពិភាក្សា​លើ​ប្រធានបទស្តីពី «ការ​​វិភាគសកម្មភាពរួមគ្នាដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ» ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

វេទិ​កា​​នេះ​ មាន​កិច្ចពិភាក្សា​សំខាន់ៗ​ចំនួន​បួន​ ដែល​ផ្តោត​លើ​ការ​ដឹកនាំ​នយោបាយ​ ​សកម្មភាព​ពហុវិស័យ​ ​គណនេយ្យ​ភាព​ ​និង​អំណាច​នៃ​ភាព​ជា​ដៃគូ។​

រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​ ​និង​អង្គការដៃគូ​សំខាន់ៗ​ ​បាន​រៀបចំ​វេទិកា​ភាព​ជាដៃគូ​ស្តី​អំពី​សុខភាព​មាតា​ ​ទារក​ ​និង​កុមារ​ ​(PMNCH)​ ​លើកទី​៤​ ​មាន​ចំនួន​រយៈពេល​ពីរ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​១២​-១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ក្នុង​ទីក្រុង​ញូវ​ដេលី​ ប្រទេស​ឥណ្ឌា​ ​ដោយ​មាន​អ្នកចូល​រួម​ប្រមាណ​ជា​ជាង​១,៥០០​នាក់ ​មក​ពី​ជុំវិញ​ពិភព​លោក​ ​រួមទាំង​កម្ពុជា​ផងដែរ។​ ​វេទិ​កានេះ​ មាន​កិច្ចពិភាក្សា​សំខាន់ៗ​ចំនួន​បួន​ ដែល​ផ្តោត​លើ​ការ​ដឹកនាំ​នយោបាយ​ ​សកម្មភាព​ពហុវិស័យ​ ​គណនេយ្យ​ភាព​ ​និង​អំណាច​នៃ​ភាព​ជា​ដៃគូ។​

អ្នក​ចូលរួមកំពុង​ស្តាប់​កិច្ចពិភាក្សា​ពាក់ព័ន្ធនឹង​ការលើកកម្ពស់​សុខភាព​ស្រ្តី និង​កុមារ ​ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨។ (កាន់⁠ វិច្ឆិកា/VOA)
អ្នក​ចូលរួមកំពុង​ស្តាប់​កិច្ចពិភាក្សា​ពាក់ព័ន្ធនឹង​ការលើកកម្ពស់​សុខភាព​ស្រ្តី និង​កុមារ ​ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨។ (កាន់⁠ វិច្ឆិកា/VOA)

វេទិកា​ភាព​ជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា​ ​ទារក​ ​និងកុមារ​ (PMNCH) ​ដែល​ធ្វើ​ឡើងនៅ​ដើម​ខែធ្នូ​ ឆ្នាំ២០១៨ ​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​១,៥០០​នាក់នៅ​ទូទាំង​ពិភព​លោក​ ​ក្នុង​នោះ​រួមមាន​មន្រ្តី​រដ្ឋាភិបាល​ ​អ្នក​នយោបាយ​ ​អង្គការ​សង្គម​ស៊ីវិល​ ​សាស្រ្តាចារ្យ​ អ្នក​ជំនាញ​ ​និង​យុវជន​ជា​ដើម។​ ​អ្នក​ចូលរួម​ទាំងអ​ស់​បាន​ពិភាក្សា​ ​ចែក​រំលែក​ចំណេះ​ដឹង​ ​និង​បទ​ពិសោធន៍​ ដោយ​បាន​ប្រមូល​នូវ​សន្ទុះ​នយោបាយ​កាន់​តែ​ខ្លាំង​ ​ដែល​ជា​របៀប​វារៈ​នៃ​ផ្លាស់ប្តូរ​ ​ក្នុង​ការ​ជួយឲ្យ​សម្រេច​បាន​នូវ​យុទ្ធសាស្រ្ត​សកល​ ​ដែល​ជា​ទិស​ដៅ​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព។​

​វេទិកា​ភាព​ជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា​ ​ទារក​ ​និង​កុមារ​ ​(PMNCH)​ ​លើកទី​៤ ដែ​ល​រៀប​ចំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ​និង​រដ្ឋាភិបាល​ឥណ្ឌា​ ​ព្រមទាំង​ដៃគូ​សំខាន់​ៗ​ជាច្រើន​ទៀត​ ​បាន​ធ្វើឡើងចំនួន​ពីរ​ថ្ងៃ​ ​គឺ​នៅ​ថ្ងៃ​ទី​១២-១៣​ ​ខែធ្នូ​ ឆ្នាំ​២០១៨​ ​ក្នុង​ទីក្រុងញូវ​ដេលី​ ​ប្រទេស​ឥណ្ឌា​ ​ដោយ​មាន​អ្នកចូល​រួម​ប្រមាណជា​ជាង​១,៥០០​នាក់​ជុំវិញ​ពិភព​លោក​ ​រួមទាំង​កម្ពុជា​ផង។​ ​វេទិ​កានេះ​មាន​កិច្ច​ពិភាក្សា​សំខាន់ៗចំនួន​បួន​ ​ដែល​ផ្តោត​លើ​ការដឹកនាំ​នយោបាយ​ ​សកម្មភាព​ពហុវិស័យ​ ​គណ​នេយ្យ​ភាព​ ​និង​អំណាច​នៃ​ភាព​ជា​ដៃគូ។​

នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Shri Narendra Modi ថ្លែងក្នុង​ពិធី​បើក​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង​១,៥០០នាក់ មកពី​៨៥​ប្រទេស នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា ពី​ថ្ងៃ​ទី​១២-១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)
នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Shri Narendra Modi ថ្លែងក្នុង​ពិធី​បើក​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង​១,៥០០នាក់ មកពី​៨៥​ប្រទេស នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា ពី​ថ្ងៃ​ទី​១២-១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

ក្នុង​កិច្ច​ចាប់​ផ្តើម​វេទិកាដោយ​មាន​ការ​ចូល​រួម​បើក​ពី​នាយក​រដ្ឋមន្រ្តី​ប្រទេស​ឥណ្ឌា​ ​លោក​ ​Shri Narendra Modi​ ​ផង​នោះ​ ​ក្រុម​មន្រ្តី​ដឹកនាំ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ ​និង​មន្រ្តី​នៃ​ស្ថាប័ន​អន្តរជាតិ​ធំៗតាម​បណ្តា​ប្រទេស​មួយចំនួន​ ​បាន​លើកឡើង​អំពី​សារសំខាន់នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្រ្តី​ ​ព្រម​ទាំង​ការ​រួម​គ្នា​ក្នុងការ​លើក​កម្ពស់សុខភាព​ស្រ្តី​ ​ទារក​ ​និង​កុមារ។​

ក្រុម​អ្នក​ជំនាញ​អន្តរជាតិដែល​ចូលរួម​ក្នុង​វេទិកា​ដែល​ផ្តោត​សំខាន់​លើ​ស្រ្តី​ ​និង​កុមារ​នោះ​លើក​ឡើង​ថា​ ​អ្នក​តំណាងរាស្រ្ត​ ​ជា​ពិសេសស្រ្តី​ដែល​ជា​តំណា​ង​រាស្រ្ត​ ​គឺ​ជាក្រុម​មនុស្ស​ដ៏សំខាន់​ក្នុងការ​ជំរុញ​ផ្នែក​សុខភាព​ស្រ្តី​ ​និង​កុមារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។​

អ្នកស្រី Gabriela Cuavas Barron ប្រធានសហភាពអន្តរសភាប្រទេស​ស្វីស ថ្លែង​ក្នុង​កិច្ចពិភាក្សា​ស្តីអំពីតួនាទី​របស់​ស្រ្តី​ក្នុង​ភាព​ជាអ្នកដឹកនាំ​នយោបាយ ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)
អ្នកស្រី Gabriela Cuavas Barron ប្រធានសហភាពអន្តរសភាប្រទេស​ស្វីស ថ្លែង​ក្នុង​កិច្ចពិភាក្សា​ស្តីអំពីតួនាទី​របស់​ស្រ្តី​ក្នុង​ភាព​ជាអ្នកដឹកនាំ​នយោបាយ ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)

អ្នកស្រី​ ​Gabriela Cuevas Barron​ ​ប្រធាន​សហភាព​អន្តរ​សភា​ ​(IPU)​ ​ថ្លែង​ក្នុង​វេទិកា​ភាព​ជាដៃគូ​អន្តរ​ជាតិ​នា​ថ្ងៃ​ទី​១២ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​ថា​ ​តំណាង​រាស្រ្ត​ដែល​ជា​អ្នកធ្វើ​ការ​ក្នុង​រដ្ឋសភា​ ​គឺ​ជា​បុគ្គល​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព​របស់​ស្រ្តី​ និង​កុមារ​ ​ដោយសារ​ពួក​គេ​ជា​អ្នក​តាក់តែង​ច្បាប់សម្រាប់​អនុវត្ត​ក្នុង​ប្រទេស។​ ​អ្នកស្រី​បន្ថែម​ថា​តំណាង​រាស្រ្ត​នៅ​លើ​ពិភព​លោក​នេះ​មាន​ចំនួន​៤ម៉ឺន​៦ពាន់​នាក់​ ​និង​ថា​ ​ពិភព​លោក​មិន​ត្រូវ​ការការ​ចេញ​សេចក្តី​ថ្លែងការណ៍​នយោបាយពី​តំណាងរាស្រ្ត​ទាំង​នោះ​ទេ​ ​ប៉ុន្តែ​ពិភព​លោក​ត្រូវ​ការការ​តាំង​ចិត្ត​ ​និង​ការ​បញ្ចេញ​សកម្ម​ភាព​ការងារ​ដោយ​ផ្ទាល់​របស់​ក្រុម​តំណាង​រាស្រ្ត​ទាំង​នោះ​ ​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ថានភាព​សុខភាព​ស្រ្តី​ ​កុមារ​ ​និង​មនុស្ស​វ័យ​ជំទង់​មាន​ភាព​ប្រសើរ​ឡើង។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«យើង​ត្រូវ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល។​ ​យើង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ត្រួត​ពិនិត្យ។​ ​ហើយ​ជា​ការពិត​មួយ​នៃ​អាណត្តិ​សំខាន់​បំផុត​គឺ​ត្រូវ​ធ្វើការ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ដែល​យើង​តំណាង​ឲ្យ។​ ​មធ្យោបាយ​តែមួយ​គត់​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​ ​គឺ​យើង​ចាប់ផ្តើម​ពី​សហគមន៍​ផ្ទាល់​របស់​យើង​ ​ហើយ​នោះ​ជា​មូលហេតុ​ដែល​សមាជិក​សភា​មាន​សារៈសំខាន់​ហើយ​ចាំ​បាច់​សម្រាប់​ការអនុវត្ត​នេះ»។​

ក្នុង​កិច្ច​ពិភាក្សាមួយ​ជជែកអំពី​តួនាទី​ស្រ្តី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​នយោបាយ​ ដែល​ជា​កិច្ចពិភាក្សា​មួយ​នៃ​វេទិកា​ភាព​ជាដៃគូ​អន្តរជាតិ​នោះ​ ​អ្នកស្រី​ ​Gabriela Cuevas Barron​ ​បាន​លើកឡើង​អំពី​តួនាទី​សំខាន់របស់​ស្រ្តី​ក្នុង​ការ​ដឹកនាំ​នយោបាយ។​ អ្នកស្រី​និយាយ​ថា​ ​ស្រ្តី​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​នយោបាយ​ ​អាច​ផ្តល់​នូវ​គំរូ​សំខាន់ៗ​សម្រាប់​ការ​តស៊ូមតិ​ដើម្បី​ផ្លាស់ប្តូរ​ ​និង​ធ្វើ​ច្បាប់​ដើម្បី​កែ​លំអរ​សុខភាព​ និង​សុខុមាលភាព​របស់​ស្ត្រី​កុមារ​ និង​មនុស្ស​វ័យ​ជំទង់​។ យ៉ាងណាក្តី​ អ្នកស្រី​ថា ការ​ប្រឡូក​ចូល​ក្នុង​វិស័យ​នយោបាយ​របស់​ស្រ្តី​ ជារឿយៗ​ត្រូវ​បាន​រារាំង​ដោយ​កង្វះ​ការអប់រំ​ និង​ប្រាក់​ចំណូល​ ហើយ​សូម្បី​តែ​នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​នយោបាយ​ ក៏​ពួកគេ​មិន​ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​តួនាទី​សំខាន់​ ឬ​មាន​ឥទ្ធិពល​នោះ​ដែរ។​

ចំណែក​អ្នកស្រី​ ​Helga Fogstad​ ​នាយិកា​ប្រតិបត្តិ​នៃ​វេទិកា​ភាព​ជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា​ ​ទារក​ ​និងកុមារ​ ​(PMNCH)​ ​ប្រទេស​ស្វីស​ ប្រាប់​ ​VOA​ ​ក្នុង​អំឡុង​នៃ​ការ​ប្រាព្ធ​វេទិកា​ពិភព​លោក​នោះ​ថា​ ​បច្ចុប្បន្ន​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​ ​គឺ​ជា​ចំណុច​សំខាន់​បំផុត​ដែល​គ្រប់គ្នា​ត្រូវ​ចូលរួម​ និង​ជំរុញ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ភាព​ស្មើគ្នា​ ​និង​សុខភាព​របស់​ស្រ្តី​ ​និង​កុមារ​នៅ​ទូទាំង​ពិភព​លោក។​ ​អ្នកស្រី​បន្ត​ថា គ្រប់​ភាគី គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ​សុទ្ធតែ​មាន​ភារកិច្ច​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​សុខភាព​ស្រ្តី​ ​និង​កុមារ​ ដែល​ក្នុង​ចំណោម​នោះ ​អ្នកតំណាង​រាស្រ្ត​គឺ​ជា​បុគ្គល​ដែល​សំខាន់​ជាង​គេ​ក្នុង​ការ​អនុវត្ត។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំគិត​ថា តំណាង​រាស្រ្តមាន​តួនាទី​យ៉ាង​សំខាន់​។ ហើយ​ក្នុង​វេទិកា​អន្តរជាតិ​នេះ​ យើង​មាន​សន្និបាត​សភា​មួយ។​ ​ពីព្រោះ​សភា​ជា​សំឡេង​របស់​សមាជិក​សភា​ និង​ជា​សំឡេង​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ពួកគេ​ ដូច្នេះ​ពួកគេ​ត្រូវ​បន្ទាប​ខ្លួន​ក្នុង​ការទទួល​ខុសត្រូវ​តាម​រយៈការ​តាម​ដាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ»។​

វេទិកា​ដៃ​គូ​អន្តជាតិ​នោះ​បានធ្វើ​ឡើង​ចំ​ទិវា​ផ្តល់​សេវា​សុខភាព​ជា​សាកល​ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី១២ ​ខែធ្នូ ​និង​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ។​

ការ​ដាក់​តាំង​បង្ហាញ​អំពី​អាហារូបត្ថម្ភ ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​អ្នកចូល​រួមក្នុងវេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)
ការ​ដាក់​តាំង​បង្ហាញ​អំពី​អាហារូបត្ថម្ភ ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​អ្នកចូល​រួមក្នុងវេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)

ស្រ្តី​ និង​កុមារ​នៅ​ទូទាំង​ពិភពលោក​ ជា​ពិសេស​ស្រ្តី​ និង​កុមារ​ក្នុង​ប្រទេស​ក្រីក្រ​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​មិន​ទទួលបាន​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​នោះ​ទេ​ ជាពិសេស​លើ​ភាព​ស្មើគ្នា​ និង​បញ្ហា​សុខភាព។​

វីដេអូ​ឃ្លីបមាន​រយៈពេល​ជិត​១នាទី​ ដែល​ជា​ការ​ថ្លែង​របស់លោក​ António Guterres​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ​ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ទាំង​មូល​នោះ ​ដោយ​លើកឡើង​អំពី​ការ​រួមគ្នា​របស់​ប្រទេស​នានា​ ​ដៃគូ​ពាក់ព័ន្ធ​ ម្ចាស់​ជំនួយ​ និង​សង្គម​ស៊ីវិល ​ក្នុងការ​លើកកម្ពស់​សុខភាព​ស្រ្តី និង​កុមារ។​

លោក​ ​António Guterres​ ​ថ្លែងក្នុង​វីដេអូនោះ​តាម​ន័យ​ដើម​ថា៖ «​ឥឡូវ​នេះ​យើង​ត្រូវ​បន្ត​ជំរុញ​ទៅ​មុខ​នូវ​ដំណើរការ​វិវត្ត​ទៅ​មុខ​នេះ ​ជាមួយនឹង​វិធានការ​អន្តរ​វិស័យ​ថ្មីៗ​ ដែល​គាំទ្រ​ពី​ក្រោយ​ដោយ​យន្តការ​ដូច​ជា អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ។ ​ហើយ​យើង​ត្រូវ​ការ​សកម្មភាព​ជា​រួម​ដ៏​រឹងមាំ​ពី​ភាព​ជា​ដៃ​គូ​សម្រាប់​ផ្នែក​សុខភាព​មាតា​ ទារក និង​កុមារ។​ អង្គការ​សហ​ប្រជាជាតិ​ប្តេជ្ញា​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ដើម្បី​ធានា​ការ​លើក​កម្ពស់​សុខាភាព​មនុស្ស​ទូទៅ និង​ការ​ផ្តល់​សេវា​សុខាភិបាល​ជា​សាកល»។​បើតាម​លោក​វេជ្ជបណ្ឌិត​ ​Tedros Adhanom Ghebreyesus​ ​នាយក​អង្គការ​សុខភាព​ពិភព​លោក (WHO)​ ​លើក​ឡើង​ក្នុងវេទិការ​នោះថា​ ​យ៉ាង​ហោច​ណាស់​ ​ពាក់​កណ្តាល​នៃ​ប្រជាជន​នៅ​លើ​ពិភព​លោក​ ​មិន​អាច​ទទួល​បាន​សេវា​សំខាន់ៗ​ ​ខណៈ​ដែល​ស្ត្រី​ ​កុមារ​ ​និង​ក្មេង​ជំទង់​ ​គឺ​ស្ថិត​ក្នុង​ចំណោម​ជន​ដែល​ងាយ​រងគ្រោះ​ជាង​គេ។​ ​ស្រ្តី​ចំនួន​៨៣០​នាក់​នៅ​តែ​ស្លាប់​ជា​រៀងរាល់​ថ្ងៃ​នៅ​ពេល​សម្រាល ​ឬ​ទាក់ទង​នឹង​ផល​វិបាក​ផ្សេងៗ។​ ​ជា​រៀងរាល់​ឆ្នាំ​ ​កុមារ​ចំនួន​៥លាន​៦​សែន​នាក់​បានស្លាប់ក្នុង​អំឡុង​ក្រោយ​ការ​សម្រាល​៥​ថ្ងៃ។​ ​ចំណែក​មនុស្ស​វ័យ​ជំទង់​ចំនួន​១លាន​២សែន​នាក់​ ​ត្រូវ​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ។​

លោក ប៉ូច​ ប៊ុនណាក់​ រដ្ឋលេខាធិការ​ក្រសួង​ផែនការកម្ពុជា កំពុង​ថ្លែងក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី «ការ​រួម​សហការគ្នា​ ពីការ​ដែល​គ្រាន់តែនិយាយឲ្យ​ក្លាយទៅជាការពិត» នូវការ​សម្រេច​ឲ្យ​បាន​គោលការណ៍អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាពនៅ​ឆ្នាំ​២០៣០ ​ក្នុងវេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)
លោក ប៉ូច​ ប៊ុនណាក់​ រដ្ឋលេខាធិការ​ក្រសួង​ផែនការកម្ពុជា កំពុង​ថ្លែងក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី «ការ​រួម​សហការគ្នា​ ពីការ​ដែល​គ្រាន់តែនិយាយឲ្យ​ក្លាយទៅជាការពិត» នូវការ​សម្រេច​ឲ្យ​បាន​គោលការណ៍អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាពនៅ​ឆ្នាំ​២០៣០ ​ក្នុងវេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)

នៅ​កម្ពុជា​ ស្រ្តី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឆ្អឹង​ខ្នង​សំខាន់សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។​ ​យ៉ាង​នេះក្តី​ ​ស្រ្តី​នៅ​តែ​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ចាត់​ទុក​ថា​ជាភេទ​ទន់​ខ្សោយ​ ​និង​ត្រូវ​រង​ការ​រើស​អើង​ ​ព្រមទាំង​មិន​មាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​ឈាន​ចូល​ក្នុង​វិស័យ​នយោបាយ​ជាដើម។​

អង្គការ​យូនីសេហ្វ​បាន​បង្ហាញ​ថា​ ​ស្រ្តីស្លាប់ដោយ​សារកង្វះ​ការ​ថែ​រទាំពេល​សម្រាល​កូន​នៅ​ពេល​ដែល​មាន​ស្ថានភាព​ត្រូវ​ជួយ​សង្គ្រោះ​បន្ទាន់​ ​និង​ដោយ​សារ​តែ​កង្វះ​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​មាន​ជំនាញ​ថែ​ទាំ​នៅ​ពេល​ស្រ្តី​សម្រាល​កូន។​

កញ្ញា​ ​សេង រាសី​ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ដែល​ជា​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្រ្តី​ ​លើក​ឡើង​ថា​ ​ស្រ្តី​នៅ​កម្ពុជា​មាន​ការ​ប្រឈម​ច្រើន​ទាំង​ផ្នែក​សុខភាព​ ​និង​ការ​ចូលរូម​ដឹកនាំ​ ​និង​សម្រេច​ចិត្ត​ក្នុង​សង្គម​ ​ដោយ​សារ​ស្រ្តី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភេទ​ទន់​ខ្សោយ​ ​រួម​នឹងផ្នត់​គំនិត​ដែល​ថា​ ​ស្រ្តី​គួរ​នៅ​ផ្ទះ​ថែរទាំ​កូន​ជាដើម។​ ​កញ្ញា​បន្ត​ថា​ ​កម្ពុជា​ចាំបាច់​ត្រូវ​លើក​ទឹកចិត្ត​ ​និង​ផ្តល់​អំណាច​ផ្នែក​នយោ​បាយឲ្យ​បាន​កាន់​តែ​ច្រើន​ដល់​ស្រ្តី ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ក្នុង​សង្គម​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។​

កញ្ញា​លើកឡើង​ថា៖​

«គោល​នយោបាយ​នៃ​ច្បាប់​ហ្នឹង​មាន​ហើយ​ ​ប៉ុន្តែ​ផ្នត់​គំនិត​ហ្នឹង​អត់​ទាន់​ផ្លាស់​ប្តូរ។​ ​ដូច្នេះ​ការ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ ​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ ​ស្តីអំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ ​និង​ផ្នត់​គំនិត​ថ្នាក់​ដឹកនាំ​អ្នក​នយោបាយ​ ​ក្នុង​ការ​ឲ្យ​មើល​ឃើញ​ថា​ ​យេនឌ័រ​ជារឿង​អាទិភាព​មួយ​ ​ហើយ​យេនឌ័រ​មិនមែន​ជា​រឿង​របស់​ស្ត្រី​ ​យេនឌ័រ​មិនមែន​ជារឿង​របស់​កុមារ​ទេ​ ​ប៉ុន្តែ​សមភាព​យេនឌ័រ​គឺជា​រឿង​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​វិស័យ​ផ្សេងៗ​ហ្នឹង​ ​អាច​ឆ្លើយតប​ទៅ​នឹងតម្រូវការ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​ ​ជាពិសេស​ក្រុម​ដែល​ងាយ​រង​គ្រោះ»។​

នាយិកាប្រតិបត្តិ​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​រូប​នេះ​បន្ថែម​ថា​ ​នៅ​ពេល​ដែល​ស្រ្តី​មាន​តួនាទី​ក្នុង​នយោបាយ​ ​ស្រ្តី​អាច​ជំរុញ​ ​និង​ដោះ​ស្រាយ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​ និង​ផល​វិបាក​របស់​ស្រ្តី​ ​និង​កុមារ​បាន​កាន់​តែ​ប្រសើរ។​

កញ្ញា​បញ្ជាក់​ថា៖​

«ពេល​ដែល​យើង​ធ្វើ​គោល​នយោបាយ​បាយ​ ​យើង​ត្រូវ​ឈរ​លើ​គោលការណ៍​មួយ​ថា​ ​តើ​គោល​នយោបាយ​ ឬ​ច្បាប់​ហ្នឹង​ បាន​ឆ្លើយ​តប​នឹង​ឆន្ទៈរាស្រ្ត ​ឬ​មួយ​ក៏​ផល​ប្រយោជន៍របស់​រាស្រ្ត​ ជាពិសេស​ក្រុម​ដែល​ងាយ​រងគ្រោះ​ជា​ស្រ្តី​ និង​កុមារ​នោះ​ដែរ​ ឬអត់?​ ​អញ្ចឹង​ប្រសិនបើស្រ្តី​គាត់​ដែល​ជា​ថ្នាក់​ដឹកនាំ​ ឬ​មួយ​ជា​អ្នក​នយោបាយ​ហ្នឹង​ គាត់​មាន​ឱកាស​នៅ​ខាង​ក្នុង​ហ្នឹង​ គាត់​នឹង​ពាំនាំ​បញ្ហា​ទាំងអស់​ហ្នឹង​ ដែល​ភាគ​ច្រើន​បញ្ហា​ទាំងអស់​ហ្នឹង​អត់​ត្រូវ​បាន​មើល​ឃើញ​ឬទេ»។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​ស្រី​ ​ឡោក ខេង​ ​ប្រធាន​គណៈកម្មការ​សុខា​ភិបាល​និង​កិច្ចការ​នារី​នៃ​រដ្ឋ​សភា​កម្ពុជា​ជាច្រើន​ដង តែ​រហូត​មក​ដល់​ពេល​នេះនៅ​តែ​មិនមាន​ការ​ឆ្លើយ​តប។

ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ថ្នាំ​ពេទ្យ និង​បរិក្ខា​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធនឹង​សុខភាព​ម្តាយ​ ទារក និង​កុមារ ក្នុងវេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)
ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ថ្នាំ​ពេទ្យ និង​បរិក្ខា​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធនឹង​សុខភាព​ម្តាយ​ ទារក និង​កុមារ ក្នុងវេទិកា​ស្តីអំពី​សុខភាពមាតា ទារក និងកុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)

​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ប្រទេស​កម្ពុជា​ ​ជា​ញឹកញាប់​តែងតែ​រង​គ្រោះ​ដោយសារ​កង្វះ​អាហា​រូបត្ថម្ភ​។​ ​ជា​ឧទាហរណ៍​ ​អ្នកសិក្សា​ស្រាវ​ជ្រា​វជាច្រើន​ បាន​រក​ឃើញ​ថា​ យ៉ាង​ហោច​ណាស់​ ​ពាក់​កណ្តាល​នៃ​ស្ត្រី​ មាន​ផ្ទៃពោះទាំង​នោះ​ ​មាន​ជំងឺ​ស្លេក​ខ្លាំង​ដោយសារ​ការ​ចុះ​ថយ​នៃ​គោ​លិ​កា​ក្រហម​របស់​ឈាម​។ ផល​ប៉ះពាល់​នេះ​ ​មិន​ត្រឹមតែ​មានទៅ​លើ​សុខភាព​របស់​មាតា​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាពរបស់​កុមារ​ផង​ដែរ​ ជាមួយ​នឹង​ភាព​ទាក់ទង​គ្នា​រវាង​ជំងឺ​មាតា​ និង​ទារក​មិន​គ្រប់​ខែ​ ​និង​មិន​គ្រប់​ទម្ងន់។​

​ក្នុង​វេទិកា​ដៃ​គូអន្តជាតិ​នោះ​ ​រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល​របស់​ប្រទេស​ជាច្រើន​បាន​ឡើង​ថ្លែង​អំពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​ ​និង​ជំរុញ​ផ្នែក​សុខភាព​ ​និង​សិទ្ធិ​របស់​ស្រ្តី​ ​និង​កុមារ​តាម​បណ្តា​ប្រ​ទេស​នីមួយៗ។​ ​ចំណែក​តំណាង​ពី​ប្រទេស​កម្ពុជា​ ​ដែល​មាន​រដ្ឋលេខាធិការ​ក្រសួង​ផែនការ​ ​និង​ស្ថិតិ​កម្ពុជា​ ​មិន​បាន​ឡើង​ថ្លែង​អំពី​ការ​តាំង​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​វេទិកានោះ​ទេ។​ ​យ៉ាង​ណាក្តី ក្នុង​គេហ​ទំព័រ​របស់​ភាព​ជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា​ ​ទារក​ ​និង​កុមារ​ ​(PMNCH)​ ​បាន​ផ្សព្វ​ផ្សាយ​អំពីសេចក្តី​ថ្លែងការណ៍​នៃ​ការតាំង​ចិត្ត​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ​ផង​ដែរ។​

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​គ្រាន់​តែ​បញ្ជាក់​ថា​ជា​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ ​តែ​មិនមាន​ឈ្មោះ​រូបវ័ន្ត​បុគ្គល​ណា​ម្នាក់​នោះ​ ​ក្រសួង​សុខា​ភិបាល​កម្ពុជា​ប្តេជ្ញាចាត់​វិធានការ​ប្រកប​ដោយ​ចីរភាព​ ​ដើម្បី​បញ្ចប់​រាល់​ការស្លាប់​ដែល​អាច​ការពារ​បានលើ​ស្ត្រី ​កុមារ ​និង​ក្មេង​ជំទង់​ ក្នុង​ជំនាន់​មួយ​ និង​ធានា​បាន​នូវ​សុខុមាលភាព​របស់​ពួកគេ។

ក្នុងសេចក្តី​ថ្លែងការណ៍​នៃ​ការ​តាំងចិត្ត​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ជា​ភាសា​អង់គ្លេស​នោះ​ ​ត្រូវ​បាន​បញ្ជាក់​ក្នុងន័យ​ដើម​ថា៖​

«ក្នុង​នាម​ក្រសួង​សុខាភិបាល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការគាំទ្រ​របស់​យើង​ចំពោះ​យុទ្ធសាស្រ្ត​សកល​សម្រាប់​សុខភាព​កុមារ​ និង​យុវវ័យ​ ​(២០១៦-២០៣០)​ ​ដែល​ជា​ការខិតខំ​ប្រឹង​ប្រែង​ជា​សកល​មួយ​ ដើម្បី​នាំ​យក​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មក​ជាមួយ​គ្នា ​ក្នុង​ការគាំទ្រ​ដល់​ការងារ​របស់​ប្រទេស​នានា​ដើម្បី​លើក​កម្ពស់​សុខភាព​ ​និង​សុខុមាល​ភាព​របស់​ស្ត្រី​កុមារ​ ​និង​យុវវ័យ»។​

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា​ ​បង្កើត​ និង​អនុវត្ដ​គោល​នយោបាយ ​និង​យុទ្ធសាស្រ្ត​ដែល​ជា​មជ្ឈមណ្ឌល​ស្ត្រី​កុមារ​ និង​វ័យ​ជំទង់​ដើម្បី​កែ​លម្អរ​សុខភាព​បន្ត​ពូជ​មាតា​ ​ទារក​ ​និង​ក្មេង​ជំទង់​ និង​អាហារ​បំប៉ន​ ​(RMNCAH-N)​ ​រួមមាន​ការចាក់ថ្នាំ​បង្ការ​រោគ​ ​បង្កើន​ការបែងចែក​ថវិកា​ជាតិ​ទៅ​វិស័យ​សុខា​ភិបាល​ស្រប​តាម​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ក្នុង​ថវិកា​សុខភាព​ជាតិ​ដោយ​ផ្តោត​ជាពិសេស​លើ​សុខភាព​របស់ស្រ្តី​ កុមារ​ និង​កុមារ​វ័យ​ជំទង់។​ បង្កើត​យន្តការ​ដើម្បី​ជួយ​ដល់​ការថែទាំ​សុខភាព​ស្បូន និង​ទារក​ និង​សេវា​ផែនការ​គ្រួសារ​សម្រាប់​ក្រុម​ងាយរងគ្រោះ​បំផុត​ រួម​មាន​ទារក ​កុមារ ​កុមារ​វ័យ​ជំទង់ ​និង​ស្ត្រី​ពិការ ​តាមរយៈ​គម្រោង​ការពារ​សុខភាព​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ស្រ្តី​អ្នកចូលរួម​ជាជនជាតិ​ឥណ្ឌាម្នាក់ ​កំពុងបិទ​ក្រដាសពណ៌បង្ហាញ​ពីបទ​ពិសោធន៍​ក្នុងការ​ទទួល​បាន​អាហារ​បី​ពេល​កាលពី​ពេល​នៅ​វ័យ​កុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)
ស្រ្តី​អ្នកចូលរួម​ជាជនជាតិ​ឥណ្ឌាម្នាក់ ​កំពុងបិទ​ក្រដាសពណ៌បង្ហាញ​ពីបទ​ពិសោធន៍​ក្នុងការ​ទទួល​បាន​អាហារ​បី​ពេល​កាលពី​ពេល​នៅ​វ័យ​កុមារ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)

ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​១៦​លាន​នាក់ ​ចំនួន​ស្រ្តី​មាន​ប្រមាណ​៥២​ភាគ​រយ​ ប៉ុន្តែ​ចំនួន​ស្រ្តី​ក្នុង​តំណែង​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ មាន​ចំនួនទាប​នៅ​ឡើយ។ ​ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ​សរុប​ទាំង​១២៥​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​តែ​ស្រ្តី​២៥​នាក់​តែ​ប៉ុណ្ណោះ​គឺ​ស្មើ​នឹង​២០​ភាគរយ។​ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​ស្រ្តី​មាន​ប្រមាណ​១៨​ភាគរយ។ ​សម្រាប់​តំណែង​មន្រ្តី​រដ្ឋាភិបាល ​ទាំង​គ្រប់​កម្រិត​ភាគ​ច្រើន​គ្រប់​ដណ្តប់​ដោយ​បុរស។​

សម្រាប់ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​១១៥៧២​នាក់ ​ស្រ្តី​មាន​ចំនួន​២៣២៣​នាក់​គឺ​ស្មើ​នឹង​ប្រមាណ​២០​ភាគរយ​។ ​ហើយក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​សរុប​១៦៤៦ឃុំ​សង្កាត់​ មាន​ឃុំ​សង្កាត់​ជាង​៣០០​មិន​មាន​ក្រុម​ប្រឹក្សា​ស្រ្តី​សូម្បី​តែ​ម្នាក់។​ ប៉ុន្តែ​ការងារ​ដឹកនាំ​ឃុំ​សង្កាត់​តម្រូវ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ម្នាក់​ទទួល​បន្ទុក​ផ្នែក​ស្រ្តី​និង​កុមារ ​នៅ​ក្នុង​ឃុំ៕

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG