ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ផ្ដល់​ឱកាស​ឲ្យ​ឥណ្ឌា​បង្កើន​ឥទ្ធិពល​ប្រឆាំង​នឹង​ចិន


ប្រធានាធិបតី​ឥណ្ឌា​និង​វៀតណាម​ចាប់ដៃ​គ្នានៅ​ក្នុង​កិច្ច​ពិភាក្សា​បិទទ្វារ​មួយ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេសវៀតណាម​កាលពីថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨។
ប្រធានាធិបតី​ឥណ្ឌា​និង​វៀតណាម​ចាប់ដៃ​គ្នានៅ​ក្នុង​កិច្ច​ពិភាក្សា​បិទទ្វារ​មួយ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេសវៀតណាម​កាលពីថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ភាព​ជឿនលឿន​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​វៀតណាម និង​ឥណ្ឌា នឹង​ជួយ​ឲ្យ​ប្រទេស​ទាំង​ពី​ទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​អំពី​កិច្ចការ​ទ្វីប​អាស៊ី។

ទំនាក់ទំនង​រវាង​ឥណ្ឌា និង​វៀតណាម​បាន​រីក​ចម្រើន​ម្ដង​ទៀត ដោយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​អំឡុង​សប្ដាហ៍​ទី ៣ នៃ​ខែ​វិច្ឆិកា នៅ​ពេល​ដែល​ប្រធានាធិបតី​ឥណ្ឌា​លោក Shri Ram Nath Kovind ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម​ចំនួន ៣ ថ្ងៃ។ លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក Nguyen Phu Trong ក្នុង​ជំនួប​ពិភាក្សា​បិទ​ទ្វារ​មួយ។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឲ្យ​មិត្តភាព​ដែល​លូតលាស់​លឿន​និង​យូរ​ឆ្នាំ​មក​ហើយ​តាំង​ពី​ទសវត្សរ៍​១៩៧០ មក​នេះ កាន់តែ​រឹងមាំ​បន្ថែម​ទៀត។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពី​បាន​ចាប់ផ្ដើម​នៅ​ទសវត្សរ៍ ១៩៧០ ដែល​នៅ​ពេល​នោះ មេដឹកនាំ​វៀតណាម​នានា​ជ្រើស​យក​ឥណ្ឌា​ដើម្បី​ធ្វើ​ឲ្យ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​មាន​ភាព​ចម្រុះ។

ទំនាក់ទំនង​នេះ​បាន​លោត​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ឆ្នាំ ២០១៦ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​រួម​សហប្រតិបត្តិការ​គ្នា​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ។ នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ​ព្រួយ​បារម្ភ​ពី​ប្រទេស​ចិន។

លោក Sameer Lalwani អនុ​ប្រធាន​គម្រោង​អាស៊ី​ខាង​ត្បូង​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ Stimson របស់​សហរដ្ឋ​អាមេរិក និយាយ​ដូច្នេះ​ថា៖ «ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​គឃ្លើន​របស់​ចិន រដ្ឋាភិបាល​ឥណ្ឌា​ព្យាយាម​ពង្រឹង​សមត្ថភាព​របស់​រដ្ឋាភិបាល​វៀតណាម​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ប្រទេស​ចិន និង​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ឥណ្ឌា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ប្រជែង​ជាមួយ​នឹង​វត្តមាន​ដែល​កំពុង​កើន​ឡើង​របស់​ចិន​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង»។​

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

ប្រទេស​វៀតណាម និង​ប្រទេស ៤ ផ្សេង​ទៀត​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ចំនួន​ប្រហែល ៩០ ភាគរយ។

ប្រទេស​វៀតណាម និង​ចិន​មាន​ជម្លោះ​ដ៏​ប្រល័យ​ជាមួយ​គ្នា​នៅ​លើ​សមុទ្រ​កាល​ពី​ឆ្នាំ ១៩៧៤ និង​ឆ្នាំ ១៩៨៨ និង​បាន​បុក​នាវា​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ឆ្នាំ ២០១៤។

ប្រទេស​ចិន​បាន​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ដើម្បី​ជា​តឹកតាង​គាំទ្រ​ការ​ទាមទារ​កាន់កាប់​របស់​ខ្លួន​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ឥណ្ឌា​ដែល​មាន​ទីតាំង​នៅ​ខាងលិច​ឧបទ្វីប​ឥណ្ឌូចិន​មិន​បាន​ទាមទារ​កាន់កាប់​សមុទ្រ​ដែល​ស្ថិត​នៅ​ខាង​កើត​ប្រទេស​វៀតណាម​នោះ​ទេ។

ប៉ុន្តែ​កាលពី​ឆ្នាំ​មុន កងកម្លាំង​យោធា​ចិន​និង​ឥណ្ឌា​រាប់​រយ​នាក់​បាន​ប្រយុទ្ធ​គ្នា​នៅ​លើ​តំបន់​ខ្ពង់​រាប​ភ្នំ​ហិមាល័យ ដែល​ជា​តំបន់​ជម្លោះ​រវាង​ប្រទេស​ចិន​និង​ប្រទេស​ប៊ូតង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​ក៏​ប្រឆាំង​នឹង​ចិន​ផង​ដែរ ដោយសារ​ចិន​បាន​គាំទ្រ​ប្រទេស​ប៉ាគីស្ថាន ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ខ្លួន។

ប្រទេស​ឥណ្ឌា​ក៏​បាន​ខ្នះខ្នែង​ជួយ​ប្រទេស​អូស្ត្រាលី ជប៉ុន និង​សហរដ្ឋ​អាមេរិក​ផង​ដែរ ដើម្បី​ល្បាត​សមុទ្រ​នានា​នៅ​ទ្វីប​អាស៊ី ដែល​នៅ​ទី​នោះ ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​ប្រទេស​ចិន​បាន​ចាក់​បំពេញ​ដី​នៅ​លើ​កោះ​តូចៗ ដែល​ក្នុង​ករណី​ខ្លះ​គឺ​សម្រាប់​ប្រើប្រាស់​ផ្នែក​យោធា។

ប្រទេស​ទាំង​នោះ​ចង់​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​បើក​ចំហ​ជា​អន្តរជាតិ ជាជាង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន។

លោក Trung Nguyen នាយក​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្ស​សាស្ត្រ ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​វៀតណាម​ចង់​ឲ្យ​ឥណ្ឌា​មាន​តួនាទី​សកម្ម​ជាង​មុន​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ដោយសារតែ​វៀតណាម​ដឹង​ថា ឥណ្ឌា​មិន​សូវ​ជា​សកម្ម​ប៉ុន្មាន​ទេ​នៅ​ក្នុង​ក្រុម​ប្រទេស​ចំនួន ៤ ដែល​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន»។

ឥណ្ឌា​និង​វៀតណាម​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ពួកគេ​ដំបូង​នៅ​សមុទ្រ Bay of Bengal កាលពី​ខែ​តុលា ដើម្បី​ពង្រឹង​ទំនាក់ទំនង «ផ្នែក​ការងារ»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Press Trust of India។

ប្រទេស​ឥណ្ឌា​បាន​ផ្ដល់​ឥណទាន​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក​ឲ្យ​វៀតណាម ដើម្បី​ទិញ​សព្វាវុធ និង​បាន​ស្នើ​ឲ្យ​មាន​ប្រព័ន្ធ​ផ្ដល់​ដំណឹង​ជា​មុន​អំពី​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បញ្ជូន​ទិន្នន័យ​រលក​យក្ស​ស៊ូណាមិ​ទៅ​ឲ្យ​ប្រទេស​វៀតណាម។

ការ​រុករក​ប្រេង​និង​ឧស្ម័ន

វៀតណាម និង​ឥណ្ឌា​នឹង​ប្រើប្រាស់​ការ​រុករក​ប្រេង​ឥន្ធនៈ​ដើម្បី​ពង្រឹង​ជំហរ​របស់​ពួកគេ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​អាច​ទទួល​បាន​ប្រយោជន៍​ពី​នេះ។ នេះ​បើ​យោង​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​នានា។

ប្រទេស​វៀតណាម និង​ឥណ្ឌា​បាន​ធ្វើ​ពាណិជ្ជកម្ម «ខ្លាំងក្លា» ជាមួយ​គ្នា​រួច​មក​ហើយ ដោយ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ ១២ ពាន់ ៨ រយ​លាន​ដុល្លារ​អាមេរិក នៅ​រវាង​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ឥណ្ឌា។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៃ​ប្រទេស​វៀតណាម បាន​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​គួរតែ​កើន​ដល់​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ត្រឹម​ឆ្នាំ ២០២០។ ការ​វិនិយោគ​របស់​ឥណ្ឌា​ក្នុង​ប្រទេស​វៀតណាម​កាល​នោះ​មាន​ចំនួន ២ ពាន់​លាន​ដុល្លារ។

ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​សាខា​របស់​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ផលិត​ប្រេង​វៀតណាម PetroVietnam Exploration Production Corporation ដើម្បី​ស្វែងរក​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ចិន​ប្រហែល​ជា​កំពុង​សង្កេត​មើល​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​យ៉ាង​យកចិត្ត​ទុកដាក់។

ប្រទេស​វៀតណាម​កំពុង​ត្រូវ​ការ​ជំនាញ​និង​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ឧស្ម័ន​និង​ប្រេង​នៅ​ក្នុង​សមុទ្រ​ដ៏​វែង​អន្លាយ​របស់​ខ្លួន។ ទាំង​ក្រុមហ៊ុន​ប្រេង​ក្រុង​ស្រុក និង​ក្រុមហ៊ុន​ប្រេង​បរទេស​នឹង​អាច​រក​ចំណូល​បាន​ពី​ការ​រក​ឃើញ​ប្រេង​ណា​មួយ។

លោក Maxfield Brown បុគ្គលិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Dezan Shira & Associates ក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយ​ថា៖ «បញ្ហា​នៃ​ប្រេង​នេះ​ប្រហែល​ជា​បញ្ហា​នយោបាយ​ធំ​មួយ។ ខ្ញុំ​ច្បាស់​ថា វៀតណាម​ចង់​រក​ប្រទេស​ណា​ដែល​មាន​បំណង​វិនិយោគ​លើ​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ ហើយ​មិន​ខ្លាច​ការ​គំរាមកំហែង​នៃ​ការ​លុកលុយ​ផ្លូវ​ទឹក​របស់​ប្រទេស​ចិន»។

ក្រុមហ៊ុន Repsol ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង​របស់​ប្រទេស​អេស្ប៉ាញ បាន​លះបង់​នូវ​គម្រោង​មួយ​ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ខែ​មិនា ដោយសារ​សម្ពាធ​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​ពេលនោះ។

ប្រទេស​វៀតណាម​ឥឡូវ​នេះ​កំពុង​ពិចារណា​លើ​គម្រោង​រុករក​ឧស្ម័ន​មួយ​ដែល​មាន​ទឹក​ប្រាក់​៤ ពាន់ ៦ រយ​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ក្រុមហ៊ុន ExxonMobil។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ដៃគូ​ក្នុង​ប្រទេស​វៀតណាម CNG Vietnam Joint Stock Company។ ប្រទេស​ចិន​ក៏​បាន​ទាមទារ​ទីតាំង​ដូចគ្នា​នោះ​ដែរ។

លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ New South Wales នៃ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «ប្រទេស​វៀតណាម​តែងតែ​ព្យាយាម​ទាក់ទាញ​ពួកគេ​ឲ្យ​ធ្វើ​ការ​រុករក​ប្រេង​ច្រើន​ជាង​មុន ហើយ​ឥណ្ឌា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​ទីតាំង​ប្រេង​ណា​ដែល​មិន​អំណោយ​ផល ឬ​ក៏​ទទួល​យក​ទីតាំង​ប្រេង​ណា​ដែល​មាន​ការ​ប្រទាំង​ប្រទើស​ជាមួយ​នឹង​ចិន»។

លោក Mohan Malik សាស្ត្រាចារ្យ​ផ្នែក​សន្តិសុខ​ទ្វីប​អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការ​សិក្សា​កិច្ចការ​សន្តិសុខ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​តិចតួច​តែ​ប៉ុណ្ណោះ​រហូត​មក​ទល់​នឹង​ពេល​នេះ។

លោក Malik បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​រុករក​ប្រេង​រួម​គ្នា​រវាង​វៀតណាម​និង​ឥណ្ឌា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ញូដេលី​បាន​បដិសេធ​ក្នុង​ការ​ចាក​ចេញ។ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​រួម​គ្នា និង​ការ​សំចត​នាវា​ឥណ្ឌា​នៅ​កំពង់ផែ​វៀតណាម រដ្ឋាភិបាល​ឥណ្ឌា​កំពុង​បង្ហាញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឃើញ​ថា ការ​ពង្រីក​ឥទ្ធិពល​របស់​កងទ័ព​ជើងទឹក​របស់​ចិន នឹង​ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ទាហាន​ជើង​ទឹក​ឥណ្ឌា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG