អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិកំពុងតែព្រមានអំពីការកើនឡើងភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងតាមទឹក នៅក្នុងប្រទេសកូរ៉េខាងជើង ដោយសារតែទិន្នផលដំណាំទាប។
ទិន្នផលដំណាំដែលត្រូវប្រមូលពីខែមិថុនាដល់ខែកញ្ញា នៅក្នុងប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះពាក់កណ្ដាលដោយសារតែគ្រោះរាំងស្ងួតកើតឡើងនៅមុនរដូវផ្ការីក។ អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិបានរាយការណ៍ថា ការថយចុះទិន្នផលដំណាំកំពុងតែជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើប្រជាជនរាប់ពាន់នាក់ ដែលភាគច្រើនជាជនងាយរងគ្រោះ។
របាយការណ៍នោះបានឲ្យដឹងថា មនុស្សចាស់ ក្រុមគ្រួសារដែលមានកូនក្មេង ម្ដាយបំបៅដោះកូន អ្នកមានជំងឺរ៉ាំរ៉ៃ ឬជនពិការ កំពុងត្រូវការជំនួយយ៉ាងខ្លាំង។
អ្នកនាំពាក្យកាកបាទក្រហម លោក Matthew Cochrane បានថ្លែងប្រាប់ VOA ថា ស្ថានភាពត្រូវការជំនួយមនុស្សធម៌នៅក្នុងសហគមន៍ជាច្រើននៅទូទាំងប្រទេសកូរ៉េខាងជើងកំពុងតែតឹងតែងយ៉ាងខ្លាំង។ លោកបានថ្លែងថា អង្គការសហប្រជាជាតិប៉ាន់ស្មានថា ប្រជាជនប្រមាណ១១លាននាក់ ដែលស្មើនឹង៤០ភាគរយនៃចំនួនប្រជាជនសរុបកំពុងត្រូវការជំនួយជាស្បៀងអាហារ។
លោក Cochrane បានថ្លែងថា៖
«កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានានៅទូទាំងពិភពលោកនេះ ដែលត្រូវការជំនួយមនុស្សធម៌ដោយស្ងៀមស្ងាត់។ ការងារដែលពួកយើងកំពុងធ្វើសព្វថ្ងៃនេះគឺព្យាយាមជួយដល់សហគមន៍ដែលងាយរងគ្រោះ ឲ្យមានលទ្ធភាពរស់រានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍និងប៉ុន្មានខែខាងមុខនេះ។ ប៉ុន្ដែវាប្រៀបដូចជាទឹកមួយតំណក់នៅក្នុងមហាសមុទ្រអញ្ចឹង។ ខ្ញុំគិតថា យើងត្រូវមានការគាំទ្រជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត»។
លោក Cochrane បានមានប្រសាសន៍ថា កុមារចំនួន២០ភាគរយនៅក្នុងប្រទេសកូរ៉េខាងជើងកំពុងតែខ្វះអាហារូបត្ថម្ភ។ លោកបានព្រមានថា វិបត្តិខ្វះស្បៀងអាហារសព្វថ្ងៃនេះអាចនឹងនាំឲ្យមានការកើនឡើងអត្រាខ្វះអាហារូបត្ថម្ភនិងជំងឺឆ្លងពីទឹក ដូចជាជំងឺរាគរូសនិងជំងឺរលាកពោះវៀនធំជាដើម។
លោក Cochrane បាននិយាយថា៖
«ជារឿយៗ នៅក្នុងស្ថានភាពដែលមានគ្រោះរាំងស្ងួត យើងឃើញមានការខ្វះខាតទឹក ហើយកន្លែងដែលមានទឹកក្លាយជាទឹកកខ្វក់ ដែកមិនអាចយកមកប្រើប្រាស់បាន។ ប៉ុន្តែប្រជាជនគ្មានជម្រើសអ្វីផ្សេងនោះទេ មានតែបង្ខំចិត្តប្រើប្រាស់ទឹកមិនស្អាតនោះ។ ដូច្នេះតាមរយៈការផ្ដល់នូវទឹកស្អាត សម្រាប់ដាំដំណាំនិងសម្រាប់ប្រជាជនប្រើប្រាស់ យើងសង្ឃឹមថា ទិន្នផលដំណាំកើនឡើង ដែលនាំឲ្យសន្ដិសុខស្បៀងកាន់តែប្រសើរឡើង។ យើងក៏សង្ឃឹមថា វាជួយការពារប្រជាជនមិនឲ្យឆ្លងជំងឺពីទឹកមិនស្អាតផងដែរ។»
អង្គការកាកបាទក្រហមកំពុងតែអំពាវនាវរកប្រាក់ជិត៥សែនដុល្លារដើម្បីផ្ដល់ជំនួយសង្គ្រោះជីវិតប្រជាជនរាប់ពាន់នាក់ដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងខេត្ត North Phyongan។
អង្គការនេះបានឲ្យដឹងថា ដោយសារតែស្ថានភាពកាន់តែធ្ងន់ធ្ងរ គេត្រូវចាត់វិធានការចាំបាច់នានាជាបន្ទាន់ ដើម្បីសង្គ្រោះអ្វីដែលអាចសង្គ្រោះបានពីការធ្លាក់ចុះទិន្នផលដំណាំ និងដើម្បីធានាថា ប្រជាជនដែលជិតអស់ស្បៀងអាហារស្ដុកទុកនឹងមិនត្រូវអត់ឃ្លាន៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា