ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

UNICEF៖ ​អត្រា​កខ្វះ​អាហារូបត្ថម្ភ​​កើន​ឡើង​​ខ្លាំង​​ចំណោម​កុមារ​ជនជាតិ​​រ៉ូហ៊ីងយ៉ា​​រត់​ភៀស​ខ្លួន​

  • Lisa Schlein

រូបឯកសារ៖ កុមារ​ឈ្មោះ Rosmaida Bibi ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​កង្វះ​អាហារូបត្ថម្ភ​អង្គុយ​នៅ​ជិត​ម្តាយ​ឈ្មោះ Hamida Begum នៅ​ជំរំ​បណ្តោះ​អាសន្ន​នៅជំរំ​ Dar Paing ខាង​ជើង​ទីក្រុង Sittwe រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​វាយ​តម្លៃ​អាហា​រូបត្ថម្ភ​របស់​អង្គការ​យូនីសេហ្វ (UNICEF)​បាន​រក​ឃើញ​ថា​ អត្រា​កង្វះ​អាហា​រូបត្ថម្ភ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​កុមារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចំពោះ​កុមារ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ដែល​បាន​រត់ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​ភូមា​ឬ មីយ៉ាន់ម៉ា​ទៅ​កាន់​ទីក្រុង​ Cox's Bazar​ នៅ​ប្រទេស​បង់ក្លា​ដែស។​

ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​នាពេល​ថ្មីៗ​នេះ​នៅ​ជំរំ​ Kutupalong​ក្នុងទីក្រុង​ Cox's Bazar​បាន​បង្ហាញ​ថា​ ៧,៥%​នៃ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ជា​កុមារ​បាន​រងគ្រោះ​ពី​ការ​ខ្វះ​អាហា​រូបត្ថម្ភ​យ៉ាង​ធ្ងន់​ធ្ងរ។ អង្គការ​ UNICEF​ បានឲ្យ​ដឹង​ថា​ តួលេខ​នេះ​គឺ​យ៉ាង​ហោច​ណាស់​មាន​ចំនួន​២​ដង​ច្រើន​ជាងអ្វី​ដែល​បាន​ឃើញ​នៅក្នុង​ចំណោម​កុមារ​រត់​ភៀស​ខ្លួន​ទាំង​អស់​តាំងពី​ខែ​ឧសភា​ឆ្នាំ​នេះ។​ មក​ដល់​ពេល​នេះ​ វា​មាន​រយៈពេល​៤ខែ​ហើយ​គឺចាប់តាំងពី​មុន​ពេល​មាន​ការ​ចាប់ផ្តើម​រត់​ភៀស​ខ្លួន​យ៉ាង​ច្រើន​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ពី​ភាគ​ខាងជើង​រដ្ឋ​ Rakhine ប្រទេស​ភូមាឬ មីយ៉ាន់ម៉ា។​

អ្នកនាំ​ពាក្យ​របស់​អង្គការ​ UNICEF​ គឺ​លោក​ Christophe Boulierac​ បាន​មាន​ប្រសាសន៍​ថា​ វាពិត​ជា​គួរឲ្យ​ព្រួយ​បារម្ភណាស់​ នៅពេលដែល​កុមារ​អាច​ស្លាប់​បាត់​បង់​ជីវិត​ដោយសារកង្វះ​អាហា​រូបត្ថម្ភ​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​ស្ថានភាព​នេះ​ជា​អ្វី​ដែល​អាច​បង្ការ​ និង​ព្យាបាល​បាន។​

លោក​ Boulierac ​បាន​ថ្លែង​ថា៖ «អាត្រា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​នៅ​រដ្ឋ​ Rakhine​ ដែលនៅ​ភាគ​ខាង​ជើងនេះ​គឺ​មាន​ចំនួន​លើស​ពី​ចំនួន​ប្រកាសអាសន្ន​ទៅទៀត។​ ស្ថាន​ភាព​របស់​កុមារ​ទាំងនេះ​មាន​សភាព​រឹត​តែ​យ៉ាប់​យ៉ឺន​ឡើង​ដោយសារ​តែ​ពួកគេ​បាន​ធ្វើដំណើរ​ផ្លូវឆ្ងាយ​ឆ្លងកាត់​ព្រំប្រទល់​ប្រទេស​ ហើយ​និង​ដោយសារតែ​ស្ថាន​ភាព​រស់នៅ​ក្នុង​ជំរំ​មិនល្អ»។​

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ច្រើន​ជាង​៦សែន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​តាំងពី​ថ្ងៃ​ទី២៥​ខែ​សីហា​កន្លងទៅ​នេះ។​ ​ជន​ភៀសខ្លួន​ប្រមាណ​ជា​២ម៉ឺន​៥​ពាន់​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរំ Kutupalong ដែល​ជា​ជំរំ​ត្រូវ​បាន​គេ​ធ្វើការ​វាយ​តម្លៃ​អំពី​កង្វះអាហារូបត្ថម្ភ​នេះ។​ អង្គការ​ UNICEF​ បាន​ឲ្យ​ដឹង​ថា​ ជនភៀសខ្លួន​កំពុង​ខ្វះ​ខាត​អាហារ​ និង​ទឹកស្អាត​យ៉ាងធ្ងន់ធ្ងរ។​ បញ្ហា​នេះ​ និង​ ស្ថាន​ភាព​កង្វះ​អានាម័យ​ អាច​ធ្វើ​ឲ្យ​មាន​ជម្ងឺ​រាគរូស​ ជម្ងឺ​ប៉ះពាល់​ផ្លូវដង្ហើម​ និង ជម្ងឺ​ផ្សេងៗ​ទៀតបាន​កើន​ឡើង។​

លោក​ Boulierac​ បាន​មាន​ប្រសាសន៍ថា​ កុមារ​ដែល​ប៉ះពាល់ដោយ​កង្វះ​អាហា​រូបត្ថម្ភ​ជាង២ពាន់​នាក់​បាន​ទទួល​ការ​ព្យាបាល​ពី​អង្គការ UNICEF​ និង​ ដៃគូ​នៅ​មជ្ឈមណ្ឌល​ចំនួន​១៥​កន្លែង។​ លោក​បាន​ប្រាប់​ វីអូអេ​ថា​ មជ្ឈមណ្ឌល​ព្យាបាល​ជា​ច្រើន​ទៀត​នឹង​ត្រូវ​រៀប​ចំ​ឡើង​ ក៏ប៉ុន្តែ​ការរៀបចំ​ឡើង​នេះ​មិន​អាច​លឿនគ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​ក្មេងៗ​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ដែល​កំពុង​តែ​ត្រូវ​ការ​អាហារ​បំប៉ន​ពិសេសនោះទេ៕

ប្រែសម្រួលដោយ លឹម ហ្គេចហៀង

XS
SM
MD
LG