អង្គការសហប្រជាជាតិបានព្រមានថា កុមាររាប់សែននាក់នឹងខ្វះអាហារូបត្ថម្ភក្នុងឆ្នាំនេះរួមមាន ១៨ម៉ឺន ៥ពាន់នាក់ដែលត្រូវការសង្គ្រោះជីវិតជាចាំបាច់។ ដើម្បីបញ្ចៀសគ្រោះមហន្តរាយ អង្គការសហប្រជាជាតិអំពាវនាវឲ្យមាន ការបង្កើនសកម្មភាព និងជំនួយមនុស្សធម៌ទៅដល់ប្រទេសសូម៉ាលី។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងប្រទេសសូម៉ាលី គឺតំបន់ Bay និង Bakool នៅភាគខាងត្បូង បន្ទាប់មកគឺតំបន់ Sool និង Sanaag នៅភាគខាងជើង នេះបើតាមក្រុមការងារមនុស្សធម៌។ ស្ថានភាពនៅក្នុងតំបន់ទាំងនោះ ត្រូវបានគេឲ្យដឹងថា ជាស្ថានភាព «មុនពេលទុរ្ភិក្ស»។
អ្នកតំណាងអង្គការ UNICEF ប្រចាំទេសនេះគឺលោក Steven Lauwerier ទើបតែបានចុះ ទៅមើលតំបន់ដែលរងការពាល់ខ្លាំង ហើយបាននិយាយថា លោកបានឃើញសាកសពសត្វរាប់រយក្បាល។ លោកនិយាយថានៅតំបន់ Bay ប្រជាជនបាត់បង់ខូតខាតផលដំណាំស្ទើរតែ ៩០ ភាគរយដោយសារតែគ្មានភ្លៀងធ្លាក់ពីឆ្នាំជាប់ៗគ្នា៕