រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់តំបន់អាស៊ីខាងត្បូងនៅថ្ងៃអាទិត្យខាងមុខនេះ ស្របពេលដែលសហរដ្ឋអាមេរិកកំពុងទប់ទល់នឹងប្រទេសចិន ទាក់ទិននឹងការប្រឈមផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិករូបនេះ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌា រដ្ឋធានីកូឡំបូនៃប្រទេសស្រីលង្កា រដ្ឋធានីម៉ាលនៃប្រទេសម៉ាល់ឌីវ និងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែតុលានេះ។
លោករដ្ឋមន្ត្រី Pompeo បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅឯក្រសួងការបរទេសថា៖ «នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំក្នុងប្រទេសនីមួយៗ ខ្ញុំនឹងពិភាក្សាអំពីបញ្ហាទ្វេភាគីនានា ក៏ប៉ុន្តែក៏ធ្វើការជាមួយនឹងប្រទេសទាំងនោះដើម្បីស្វែងរកមធ្យោបាយដ៏ល្អបំផុតដែលយើងអាចធ្វើឲ្យច្បាស់ថា យើងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឲ្យមានលក្ខណៈសេរី និងបើកចំហ»។
លោក Pompeo បានបន្ថែមថា ជំនួបរបស់លោកនៅក្នុងដំណើរទស្សនកិច្ចនេះក៏ «នឹងមានការពិភាក្សាអំពីវិធីដែលប្រទេសសេរីអាចធ្វើការជាមួយគ្នាដើម្បីរារាំងការគំរាមកំហែងដែលបង្កឡើងដោយគណបក្សកុម្មុយនីស្តចិនផងដែរ»។
នៅក្នុងប្រទេសឥណ្ឌា លោក Pompeo និងរដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Mark Esper នឹងចូលរួមជាមួយនឹងសមភាគីរបស់ពួកគេនៅក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ ២+២ រវាងសហរដ្ឋអាមេរិកនិងឥណ្ឌា។ ក្រសួងការបរទេសសហរដ្ឋអាមេរិកថា ការពិភាក្សានឹងផ្ដោតលើការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងឥណ្ឌា និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។
នៅក្នុងប្រទេសស្រីលង្កា លោក Pompeo បានបញ្ជាក់ថា លោកនឹងសង្កត់ធ្ងន់អំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើយ៉ាងណាឲ្យប្រទេសស្រីលង្កាមានភាព «ខ្លាំងក្លា» និង «អធិបតេយ្យភាព»។ ក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសស្រីលង្កាមានលំហូរវិនិយោគចិនចូលជាបន្តបន្ទាប់។
រីឯដំណើរទស្សនកិច្ចរបស់លោក Pompeo ទៅកាន់ប្រទេសម៉ាល់ឌីវលើកនេះ គឺធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសម៉ាល់ឌីវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកការពារជាតិកាលពីថ្ងៃទី ១០ ខែកញ្ញា ដើម្បី «ពង្រឹងការចូលរួម និងកិច្ចសហប្រតិបត្តិការ» លើផ្នែកសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ចំណែកឯនៅក្នុងប្រទេសឥណ្ឌូណេស៊ីវិញ លោក Pompeo បាននិយាយកាលពីថ្ងៃពុធថា លោកនឹងពិភាក្សាអំពី «បញ្ហាពាណិជ្ជកម្ម សន្តិសុខ និងការទូត» និងបញ្ជាក់អំពីទស្សនវិស័យរបស់ប្រទេសទាំងពីរចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ នៅក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ដែលក្នុងនោះមានទាំងលោកប្រធានាធិបតី Joko Widodo ផងដែរ៕