ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ប្រទេស​អាស៊ី​ឲ្យ​ប្រុង​ប្រយ័ត្ន​​ចំពោះ​យុទ្ធសាស្រ្ត​​ក្នុង​តំបន់​របស់​អាមេរិក


លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ប្រមុខ​ការទូតនៃ​រដ្ឋាភិបាល​ប្រទេស​ចិន​លោក​ Wang Yi (វ៉ាង យី) ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន បាន​ជំរុញ​កាល​ពី​ថ្ងៃ​អង្គារ​ឲ្យបណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ី«មាន​ការ​ប្រុង​ប្រយ័ត្ន»​ចំពោះ​ហានិភ័យនៃ​យុទ្ធសាស្រ្ត​របស់សហរដ្ឋ​អាមេរិក ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការប្រកួត​ប្រជែងដណ្តើម​ការ​គ្រប់គ្រង​ភូមិសាស្រ្ត​នយោបាយ ក្នុង​សមុទ្រចិន​ខាង​ត្បូង​ និង​ផ្នែក​ផ្សេងៗទៀតក្នុង​តំបន់​អាស៊ី​នោះ។

ក្នុងសន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​ លោក Wang Yi លើក​ឡើង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និងប្រទេស​សមាជិក​អាស៊ាន​ គួរ​ធ្វើ​ការ​រួម​គ្នា ដើម្បីកម្ចាត់នូវ​«ការបន្ទុច​បង្អាក់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ» ​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

លោក​ វ៉ាង ដែល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​រយៈ​ពេល​ខ្លី​ ក្នុង​ប្រទេសតំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ ​ដែល​រួមមាន​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ ​បានបន្ត​ទៀតថា​ ប្រទេស​ចិន​និង​ម៉ាឡេស៊ី​ មាន​ទស្សនៈ​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ​មិន​គួរ​ជា​ទី​កន្លែង​សម្រាប់​ការប្រកួត​ប្រជែង​របស់​មហាអំណាច ដោយ​បញ្ជូន​នាវា​ចម្បាំង​មកព្រោងព្រាត​នោះ​ទេ។

លោក​បន្ថែម​ទៀត​ថា​ ប្រទេស​ចិន​និង​អាស៊ាន​ មាន​សមត្ថភាព​និង​គតិបណ្ឌិត​ និង​ការ​ទទួល​ខុស​ត្រូវ​ពេញ​លេញ​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​ភាព​ស្ងប់​ស្ងាត់​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

ទន្ទឹម​នឹង​នេះ​ដែរ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី លោកHishammuddin Hussein ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ គួរ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ តាម​រយៈ​កិច្ច​សន្ទនា​គ្នាជាមួយ​ប្រទេសក្នុងតំបន់។

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Mike Pompeo ធ្លាប់​បានលើក​ឡើង​ក្នុង​ពេល​កន្លង​ទៅ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ចង់​ឃើញ តំបន់​អាស៊ី​មួយ​ដែល​មាន​ «សេរីភាព​និង​ការ​បើក​ចំហ»​ និង​មិន​ត្រូវ​បាន​ត្រួតត្រា​ដោយ​ប្រទេស​ណា​មួយ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG