អស់ពេលជាច្រើនឆ្នាំមកហើយ ដែលសហរដ្ឋអាមេរិកបានព្យាយាម ដោយទទួលបានទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមាន ដើម្បីបញ្ចុះបញ្ចូលបណ្តាប្រទេសសម្ព័ន្ធមិត្តនៅអាស៊ីឲ្យរុញច្រានខ្លាំងត្រឡប់ទៅវិញ និងដោយសាមគ្គីភាពប្រឆាំងនឹងចិន។
នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកហាក់ដូចជាទទួលបានជោគជ័យក្នុងការប្រមែរប្រមូលក្រុមប្រទេសប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ហើយសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ក្រុមប្រទេសមួយឈ្មោះថា «Quad» ដើម្បីសម្រេចនូវភាពជោគជ័យនេះ។
ប្រហែលមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo រិះគន់ខ្លាំងៗមកលើប្រទេសចិន អំឡុងពេលដំណើរទស្សនកិច្ច
រយៈពេលមួយថ្ងៃរបស់លោកទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ទី០៦ ខែតុលាកន្លងទៅនេះ។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ កិច្ចប្រជុំចុងក្រោយបង្អស់នៃក្រុមប្រទេសក្នុងតំបន់ក្រោមឈ្មោះថា «Quad»។
ដោយមានសហរដ្ឋអាមេរិក ឥណ្ឌា អូស្រា្តលី និងជប៉ុនជាសមាជិក ក្រុមប្រទេស Quad មិនមែនជាសម្ព័ន្ធភាពជាក់លាក់ណាមួយនោះទេ។ ផ្ទុយទៅវិញ ក្រុមប្រទសនេះផ្តោតច្រើនទៅលើកិច្ចពិភាក្សាផ្នែកការពារជាតិ។
នាពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋបាលលោកប្រធានាធិបតីត្រាំបានពង្រឹងក្រុមប្រទេស Quad ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីរុញច្រានកាន់តែខ្លាំងប្រឆាំងនឹងប្រទេសចិន។
នៅក្នុងសេចក្តីអធិប្បាយរបស់លោកកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បានថ្លែងសំដៅចំៗមកលើបក្សកុម្មុយនីស្តចិនឬហៅកាត់ថា CCP ។
លោក Pompeo បានមានប្រសាសន៍ថា៖ «ជាដៃគូក្នុងក្រុមប្រទេស Quad ជាការសំខាន់ជាងពេលណាៗទាំងអស់ដែលយើងត្រូវសហការគ្នាដើម្បីការពារប្រជាពលរដ្ឋ និងដៃគូរបស់យើងពីការកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំពីសំណាក់បក្សកុម្មុយនីស្ត»។
ទោះបីជារដ្ឋបាលលោកប្រធានាធិបតីត្រាំជាទូទៅតែងប្រើភាសាខ្លាំងៗក៏ដោយ ក៏ការលើកឡើងដូចនេះពីសំណាក់លោករដ្ឋមន្រ្តី Pompeo ជាភាសាត្រង់ៗខ្លាំងខុសពីធម្មតាផងដែរ។
នេះជាភាសាធ្ងន់ជាងភាសាដែលសមាជិកក្រុមប្រទេស Quad ដទៃទៀតប្រើប្រាស់ដើម្បីពណ៌នាបក្សកុម្មុយនីស្តចិន។
ប្រទេសជប៉ុន អូស្រ្តាលី និងឥណ្ឌា មានទំនាក់ទំនងសេដ្ឋកិច្ចសំខាន់ជាមួយចិន ហើយជាញឹកញយតែងតែនិយាយសម្រាលពីគំនិតដែលថា ក្រុមប្រទេស Quad ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ផ្ទុយទៅវិញ បណ្តាប្រទេសទាំងបីនេះផ្តោតទៅលើទស្សនវិស័យវិជ្ជមាន ដូចជា ការរក្សាការពាររបៀបរៀបរយលើសាកលលោកដោយមានច្បាប់ជាមូលដ្ឋាន។
ប៉ុន្តែតួនាទីរបស់បណ្តាប្រទេសទាំងនេះក្នុងក្រុមប្រទេស Quad ចាប់ផ្តើមផ្លាស់ប្តូរ ខណៈពេលមានការរាតត្បាតវីរុសកូរ៉ូណា ដែលមានប្រភពដើមចេញពីប្រទេសចិន។ បណ្តាប្រទេសជិតខាងនឹងប្រទេសចិនមួយចំនួននិយាយថា ចិនមិនបាននិយាយដោយស្មោះត្រង់ពីវិបត្តិវីរុសនេះទេ។ បន្ថែមពីលើនេះ ពួកគេក៏មានការព្រួយបារម្ភពីភាពគឃ្លើនកាន់តែខ្លាំងរបស់ចិនផងដែរ។
លោក Jagannath Panda អ្នកវិភាគមួយរូបមានមូលដ្ឋាននៅក្រុងញូវដេលី និយាយថា ជាឧទាហរណ៍ នៅព្រំដែនរវាងចិននិងឥណ្ឌា ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានសម្លាប់ទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់។ ហេតុការណ៍នេះបានបង្កឲ្យមានការគិតគូរវែកញែកឡើងវិញនៅឥណ្ឌាដែលពីមុនមកធ្លាប់តែបដិសេធមិនជ្រើសយកភាគីណាមួយរវាងសហរដ្ឋអាមេរិក និងចិន។
លោក Panda បាននិយាយថា៖ «ឥណ្ឌាគោរពតាមគោលនយោបាយការបរទេសមិនរណបនឹងប្រទេស ឬសម្ព័ន្ធភាពណាមួយ។ ឥណ្ឌាមិនដែលចង់ឲ្យក្រុមប្រទេស Quad ក្លាយជាស្ថាប័នមួយផ្តោតទៅលើយោធា ឬតំបន់ផ្លូវទឹកនោះទេ។ ប៉ុន្តែជាមួយនឹងបញ្ហានានាពាក់ព័ន្ធនឹងព្រំដែនជាមួយចិន ឥណ្ឌាពិតជាកំពុងតែផ្លាស់ប្តូរផែនការរបស់ខ្លួនហើយ។ ឥណ្ឌាមានទំនោរនឹងជំរុញឲ្យក្រុមប្រទេស Quad ស្ថិតក្នុងដំណើរការផ្លូវការជាស្ថាប័នមួយ»។
អ្នកវិភាគលោក Andrew O'Neil និយាយថា ប្រទេសអូស្តា្រលីក៏ជាប់ក្នុងជម្លោះធំមួយជាមួយនឹងចិនផងដែរ។ បន្ទាប់ពីអូស្រា្តលីបានកោះហៅឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើប្រភពវីរុសកូរ៉ូណា ប្រទេសចិនបានប្រតិកម្មតបតទៅវិញជាមួយនឹងវិធានការផ្នែកសេដ្ឋកិច្ច។ ហើយក៏មានការចោទប្រកាន់ផ្សេងៗពាក់ព័ន្ធនឹងការលូកដៃរបស់ប្រទេសចិនចូលរឿងផ្ទៃក្នុងរបស់អូស្រ្តាលីផងដែរ។
លោក O'Neil បាននិយាយថា៖ «តាមទស្សនៈរបស់អូស្រា្តលី ខ្ញុំគិតថា មានទំនោរច្រើនក្នុងចំណោមអ្នកធ្វើគោលនយោបាយដើម្បីរុញច្រានប្រឆាំងនឹងចិន ភាគច្រើនគឺដោយសារតែការយល់ឃើញថា ចិនកាន់តែមានភាពគឃ្លើនក្នុងការចាត់គោលដៅលើប្រទេសអូស្រ្តាលីតាមរយៈចារកម្ម»។
ប៉ុន្តែទោះបីជា មន្រ្តីសហរដ្ឋអាមេរិកនិយាយថា ពួកគេចង់ពង្រីកទំហំ និងសមាជិកភាពក្រុមប្រទេស Quad ក៏ដោយ ក៏ក្រុមអ្នកវិភាគមិនរំពឹងថា នឹងមានជាសម្ព័ន្ធភាពយោធាចងដោយច្បាប់ដូចជា អង្គការណាតូនោះទេ នាពេលឆាប់ៗនេះ។
នេះគឺដោយសារតែភាពស្មុគស្មាញពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច និងការប្រជែងគ្នានៅទ្វីបអាស៊ី ដែលបង្កជាការលំបាកសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា