ស្ថានទូតចិនប្រចាំនៅកម្ពុជាឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមសកលស្តីពីសន្តិសុខទិន្នន័យ(Global Initiative on Data Security)ដែលត្រូវបានរាយការណ៍ថា ជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងប៉េងកាំងដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។
ប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងប្រឈមមុខដាក់គ្នាទាក់ទងនឹងផ្នែកបច្ចេកវិទ្យាទំនើប 5G របស់ក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន។ សហរដ្ឋអាមេរិកបានរឹតបន្តឹងលើក្រុមហ៊ុនHuawei ដោយអនុវត្តបទបញ្ញត្តិថ្មី កាលពីខែកញ្ញា ដែលបានធ្វើឲ្យក្រុមហ៊ុន Huawei ពិបាកជាងមុនក្នុងការទិញបន្ទះអេឡិចត្រូនិកchipពីក្រុមហ៊ុនផ្សេងទៀត។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហោះសារដែលសរសេរថា៖ «ភាគីកម្ពុជាសូមកោតសរសើរ និងគាំទ្រគំនិតផ្តួចផ្តើមសកលស្តីពីសន្តិសុខទិន្នន័យ(Global Initiative on Data Security)ដែលលើកឡើងដោយភាគីចិន និងបន្តសហការរួមដៃគ្នាជាមួយភាគីចិនក្នុងកិច្ចការអន្តរជាតិ ដើម្បីការពារផលប្រយោជន៍រួមនៃភាគីទាំងពីរ និងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក»។
អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុងបានជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃអាទិត្យ។ លោកហោ ណាំហុងបានបង្ហោះសារលើហ្វេសប៊ុករបស់លោកថាប្រទេសចិនបានស្នើឲ្យកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមសកលស្តីពីសន្តិសុខទិន្នន័យ ដែលត្រូវបានមើលឃើញថា ប្រឆាំងនឹងការប្រឹងប្រែងរបស់សហរដ្ឋអាមេរិក។ លោកបានសរសេរថា៖ «ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យឌីជីថលស្នើឲ្យកម្ពុជាគាំទ្រ»។
VOAមិនទាន់អាចសុំការឆ្លើយតបពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ។
យោងតាមក្រសួងការបរទេសចិន រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនមិនត្រឹមតែសហការជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចនោះទេ តែក៏មើលទៅលើបច្ចេកវិទ្យាដែរ។ ក្រសួងការបរទេសចិនបញ្ជាក់ថា៖ «ចិន និងកម្ពុជា មិនត្រឹមតែជំរុញទៅលើកិច្ចសហប្រតិបត្តិការលើវិស័យដែលធ្លាប់ធ្វើជាមួយគ្នាទេប៉ុន្តែក៏នឹងស្វែងរកផ្នែករីកចម្រើនថ្មី ដូចជាបច្ចេកវិទ្យាបញ្ញានិម្មិត(AI) ប្រព័ន្ធអ៊ីនធឺណិតកាន់តែទំនើបលឿន(5G) ទិន្នន័យធំៗ និង Cloud Computing ឬដែលមានន័យថា កន្លែងផ្ទុកទិន្នន័យលើអ៊ីនធឺណិត»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier ប្រាប់VOAនៅថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិកតស៊ូមតិឲ្យមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយនៅទូទាំងពិភពលោក ដើម្បីឲ្យមនុស្សទាំងអស់គ្នាអាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាអ៊ីនធឺណិតកាន់តែលឿន5Gដែលមិនគំរាមកំហែងដល់ឯកជនភាព អធិបតេយ្យភាពសេដ្ឋកិច្ច កម្មសិទ្ធិបញ្ហា ឬក៏សិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៩រដ្ឋាភិបាលរបស់លោក ហ៊ុន សែនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei ដើម្បីជួយកម្ពុជាបង្កើតប្រព័ន្ធ5G ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ធ្វើឲ្យល្បឿនអ៊ីនធឺណិតលឿនជាងមុន៕