ក្រុមអង្គការសង្គមស៊ីវិលនិងសហជីព បានជំរុញឲ្យដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនៃការបញ្ចេញមតិ និងបញ្ឈប់ការគាបសង្កត់ផ្នែកនយោបាយដើម្បីឲ្យស្ត្រីអាចចូលរួមនៅក្នុងសកម្មភាពសង្គមបានពេញលេញ។
ថ្លែងក្នុងកិច្ចពិភាក្សាអំឡុងការប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នាថ្ងៃសុក្រនេះ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើល៍ លើកឡើងថា ស្ត្រីក្នុងវិស័យជាច្រើនបានជួបប្រទះបញ្ហា ដូចជាការរំលោភបំពាន ដោយសារតែការរឹតត្បិតសេរីភាពសហជីព។
កញ្ញាថ្លែងថា៖ «ភ្ជាប់ជាមួយការរឹតត្បិតផ្នែកនយោបាយ លំហសេរីភាពអីហ្នឹង ប្រាកដណាស់ មិនត្រឹមតែស្ត្រីទេបុរសក៏ដោយ តែរឹតត្បិតសេរីភាព ហើយការមិនបើកលំហសេរីភាពទាំងសេរីភាពបញ្ចេញមតិ សេរីភាពនយោបាយទាំងអស់នេះ នឹងធ្វើឲ្យមានការរារាំងមិនឲ្យមានការចូលរួម ហើយជាលទ្ធផល សង្គមយើងនឹងមានការវិវត្តថយក្រោយ មិនថាខាងផ្នែកសិទ្ធិ ឬខាងផ្នែកអភិវឌ្ឍន៍ទេ»។
បើតាមកញ្ញា ឈឹម ស៊ីថរ ការអភិវឌ្ឍក្នុងសង្គមប្រជាធិបតេយ្យ គឺត្រូវការការចូលរួមពីប្រជាពលរដ្ឋ ដែលកញ្ញាថា ការបំបិទសេរីភាពរបស់ពួកគេគឺប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍសង្គម។
ចំណែកនាយិកាប្រតិបត្តិអង្គការក្លាហានលោកស្រី ម៉ៅ ម៉ាប់ កត់សម្គាល់ថា សេរីភាពនៃការបញ្ចេញមតិមានការរួមតូចច្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ លោកស្រីថា ការគំរាមកំហែង ការបន្ទុចបង្អាក់ និងការរឹតត្បិតផ្សេងៗ បានក្លាយជារនាំងនៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។ លោកស្រីស្នើឲ្យអ្នកពាក់ព័ន្ធបើកឱកាសសម្រាប់ការបញ្ចេញមតិឲ្យបានទូលំទូលាយ។
លោកស្រីបញ្ជាក់ថា៖ «ហើយបើសិនជាយើងនិយាយមកមានបណ្តឹង យើងនិយាយមក មានការបន្ទុចបង្អាក់ មានការគំរាមកំហែងអីផ្សេងៗ សួរថាតើមានការចូលរួមអត់ មានមតិផ្សេងៗដែលលើកឡើងអត់ ដែលជាការរួមចំណែកនៅក្នុងការអភិវឌ្ឍហ្នឹង ឬអត់? ខ្ញុំថា វាពិតជាបានចូលរួមនៅក្នុងការទប់ស្កាត់ ការចូលរួមចំណែករបស់ស្ត្រី នៅក្នុងភាពជាដៃគូរនៅក្នុងការអភិវឌ្ឍខ្លាំងមែនទែន បើសិនជាសេរីភាពនៃការបញ្ចេញមតិ មិនត្រូវបានទទួលស្គាល់ មិនត្រូវបានបើកទូលាយ មិនត្រូវបានគោរព»។
របាយការណ៍វាយតម្លៃថ្មីរបស់អង្គការ CIVICUS ចេញនៅថ្ងៃទី ៤ ខែធ្នូ បង្ហាញថា លំហសេរីភាពស៊ីវិលនៅប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំង។ បើតាម CIVICUS តាំងពីលោកហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុកកាលពីខែសីហា ឆ្នាំ ២០២៣ មក សកម្មភាពរំលោភលើសេរីភាពជាមូលដ្ឋាននៅតែកើតមានជាហូរហែ។ ជាក់ស្តែង ការចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ការចាប់ខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ ការធ្វើសវនកម្មលើអង្គការសង់ត្រាល់ រួមនឹងការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជននយោបាយគណបក្សប្រឆាំងដទៃទៀត។
នាយិកាស្តីទីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ជរ ចន្ទធីតា ថ្លែងថា ការរឹតត្បិតសិទ្ធិនៅកម្ពុជានៅតែបន្តកើនឡើង ខណៈនៅក្នុងឆ្នាំ ២០២៤ នេះ មានការចាប់ខ្លួន និងការចោទប្រកាន់ជាច្រើនលើសកម្មជនសិទ្ធិមនុស្ស។
លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹងជាចុងក្រោយអ្វីដែលខ្ញុំចង់សំណូមពរដល់រដ្ឋាភិបាលកម្ពុជាគឺដោយសារតែបញ្ហាសិទ្ធិមនុស្សនៅតែមានភាពខ្វះចន្លោះ។ ដូច្នេះក្នុងនាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា សូមបន្តពង្រឹងបន្ថែមនូវការបំពេញកាតព្វកិច្ច ភារកិច្ចរបស់ខ្លួនក្នុងការការពារ គោរពនិងការលើកកម្ពស់សិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដូចដែលបានចែងក្នុងមាត្រាទី ៣១ ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
បើតាមលោកស្រី ជរ ច័ន្ទធីតា រដ្ឋាភិបាលត្រូវតែអនុវត្តទៅតាមអ្វីដែលខ្លួនបានផ្តល់សច្ចាប័នទៅលើច្បាប់អន្តរជាតិនានាដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការលើកឡើងដែលថា ការនិយាយស្តីមានការរឹតត្បិត។ លោកថា ក្នុងប្រវត្ដិសាស្ដ្រកម្ពុជា មានតែសម័យបច្ចុប្បន្នទេដែលស្ដ្រីមានសិទ្ធិសេរីភាពទូលំទូលាយគ្រប់បែបយ៉ាងលើគ្រប់វិស័យ។
លោកថ្លែងថា៖ «នៅកម្ពុជាការបញ្ចេញមតិ អត់មាននរណាចាត់វិធានការអីទេ អត់ទាំងអស់ឲ្យតែបញ្ចេញមតិស្ថិតនៅក្នុងក្របខណ្ឌច្បាប់នៃការគោរពសិទ្ធិគ្នាទៅវិញទៅមក មិនបំពានទៅលើអ្នកដទៃ គឺអត់មានអ្នកណាធ្វើអីទាំងអស់ គឺជាសេរីភាពពេញទី»។
នៅក្នុងរបាយការណ៍ស្តីពី ៖«ស្ថានភាពនៃសេរីភាពខាងការ បញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា» ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី ២៦ ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃថា៖ «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មាន នៅតែបន្តរងការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដោយអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សរងការបង្ក្រាបនិងការដៅមុខសញ្ញាដោយសារតែការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការរាយការណ៍ និងការតស៊ូមតិសំខាន់ៗរបស់ខ្លួន»៕
វេទិកាបញ្ចេញមតិ