ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​កើន​ឡើង


យុវជន​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ កំពុង​អង្គុយ​អាន​របាយការណ៍ស្តីអំពី​ «អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​​ក្នុង​ខេត្ត​ចំនួន​បី​នៃ​ប្រទេសកម្ពុជា​ឆ្នាំ​២០២០» ក្នុង​​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​​ពិភព​លោក ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
យុវជន​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ កំពុង​អង្គុយ​អាន​របាយការណ៍ស្តីអំពី​ «អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​​ក្នុង​ខេត្ត​ចំនួន​បី​នៃ​ប្រទេសកម្ពុជា​ឆ្នាំ​២០២០» ក្នុង​​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​​ពិភព​លោក ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ករណី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​រំលោភ​សេព​សន្ថវៈ​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិចកំពុង​កើន​ឡើង​ ដោយ​សារ​ចន្លោះ​ប្រហោង​ក្នុង​ការ​អនុវត្ត​ច្បាប់​មាន​ភាព​មិន​ប្រក្រតី ហើយចំណេះ​ដឹង​និង​ការ​ទទួល​បាន​ព័ត៌មាន​របស់​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​នៅ​មាន​កម្រិត។ នេះ​បើ​តាម​របាយការណ៍​ និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្តោត​លើ​សិទ្ធិ​ស្រ្តី។

របាយ​ការណ៍​ស្តី​អំពី​ «អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ចំនួន​បី​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២០» ដែល​មាន​កម្រាស់​ ៧៦ ​ទំព័រ​នេះ ត្រូវ​បាន​សហការ​ស្រាវជ្រាវ​ដោយ​សមាគម​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​ អង្គការ​ក្លាហាន និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ (UNOHCHR)។

នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា ប្រាប់ VOA ​ថា​ របាយការណ៍​បានរក​ឃើញ​ថា​ ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​រង​ការ​រំលោភ​សេព​សន្ថវៈ និង​ការ​ប្រើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ចំនួន​ ២៣ ​ករណី។ ចំនួន​នេះ​មានការ​កើន​ឡើង​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥ ដោយសារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត ហើយ​អាជ្ញាធរ​មូលដ្ឋានមិន​មាន​ភាព​សកម្ម​គ្រប់គ្រាន់ ស្រប​ពេល​មាន​ផល​លំបាក​ក្នុង​ការ​ទំនាក់​ទំនង និង​ការ​ប្រើ​ភាសា​រវាង​ស្រ្តី​ជន​ជាតិ​ដើម​ភាគ​តិច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​បន្ទុក​គាំពារ​សិទ្ធិ​ស្ត្រី។

កញ្ញា បុណ្យ​ រចនា នាយិកា​អង្គការ​ក្លាហាន ថ្លែង​ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា បុណ្យ​ រចនា នាយិកា​អង្គការ​ក្លាហាន ថ្លែង​ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ស្ថានភាព​នៃ​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​នៅ​ក្នុង​សង្គម​កម្ពុជា​ អត់​មានការ​ថយ​ចុះ​ទេ បើ​ទោះ​បី​ជា​ យើង​ឃើញ​មាន​គោល​នយោបាយ​ជាតិ​ ឬក៏​ផែនការ​ជាតិ​ ឬក៏​ច្បាប់​ដែល​បាន​ដាក់​ចេញក្នុង​ការ​ទប់​ស្កាត់ក៏​ដោយ។ ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​របស់​យើង​នៅ​មាន​ភាព​មិន​ប្រក្រតី ហើយ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ ហើយ​ដាច់​ដោយ​ដុំ​ទៀត។ ហើយ​មួយទៀត​មន្រ្តី​ដែលទទួល​បន្ទុក​នៅ​តាមមូលដ្ឋាន​ហ្នឹង​ គាត់​នៅ​មាន​ទស្សនៈ​មួយ​ ដែល​ដូច​លើក​ឡើង​ក្នុង​របាយការណ៍​អ៊ីចឹង គឺ​នៅ​តែ​ចាប់​បង្ខំ​ជន​រង​គ្រោះ​ឱ្យ​ទទួល​ខុសត្រូវ​នូវ​ហេតុការណ៍​ដែល​បាន​កើត​ឡើង»។

កញ្ញា រចនា បាន​រៀបរាប់​បន្ថែម​ថា ​ក្នុង​ឆ្នាំ​ ២០១៥ មិន​មាន​ការ​ចងក្រង​ទិន្នន័យ​ជាក់​លាក់​នោះ​ទេ ប៉ុន្តែ​ការ​រក​ឃើញ​ថា​ មានការ​កើន​ឡើង​នូវ​ការ​ប្រើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ និង​ការ​រំលោភ​ផ្លូវ​ភេទ​នេះ​ គឺ​ត្រូវ​បាន​កត់​សម្គាល់​តាម​រយៈ​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​និង​សារព័ត៌មាន។

កញ្ញា​ថ្លែង​ថា៖ «អ្វី​ដែល​យើង​អាច​និយាយ​បាន​ហ្នឹង​ គឺ​ថា​នៅ​ក្នុង​ចំណោម​សហគមន៍​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច ដែល​គាត់​រស់​នៅ​ផ្ទាល់ ឬក៏​ធ្វើការ​ផ្ទាល់​ក្នុង​សហគមន៍​ហ្នឹង​ គឺ​ជា​ការ​ចាប់​អារម្មណ៍​របស់​គាត់​ផ្ទាល់​ថា នៅ​ក្រោយ​ឆ្នាំ​ ២០១៥ ​ហ្នឹង​ គឺ​មានករណី​ហិង្សា​ផ្លូវ​ភេទ​ហ្នឹង​កើន​ឡើង​ អ៊ីចឹង​ហើយ​ទើប​គាត់​ចាប់​ផ្តើម​ធ្វើការ​ចង​ក្រង​ទិន្នន័យ​ទាំងអស់​ហ្នឹង»។

របាយការណ៍​នេះ​ ធ្វើ​ឡើង​ឡើង​ដោយ​មាន​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ចំនួន​ ៥៤ ​នាក់ ក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្ត​មណ្ឌល​គិរី ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​ពួកគេ​គឺ​ជា​ជន​រង​គ្រោះ ​សាច់​ញាតិ​ជន​រងគ្រោះ និង​អាជ្ញាធរ។ ក្នុង​នោះ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ករណី​រំលោភ​សេព​សន្ថវៈ និង​ការ​ប្រើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​លើ​ស្រ្តី​ជន​ជាតិ​ដើម​ភាគ​តិច​ មានចំនួន​ ២៣​ ករណី។​

ក្រុម​យុវជន​ជនជាតិ​ដើមភាគ​តិចអាន​សេចក្តី​ថ្លែងការណ៍​រួមរបស់​ជនជាតិ​ដើម​ភាគ​តិច ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុម​យុវជន​ជនជាតិ​ដើមភាគ​តិចអាន​សេចក្តី​ថ្លែងការណ៍​រួមរបស់​ជនជាតិ​ដើម​ភាគ​តិច ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា បុណ្យ រចនា បាន​ថ្លែង​បន្ថែម​ថា តួលេខ​នេះ​គ្រាន់​តែ​រក​ឃើញក្នុង​ខេត្ត​ចំនួន​បី​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្តជាង ​១០ ​ផ្សេងទៀត ក៏​កើត​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ផង​ដែរ។​

នាយិកា​អង្គការ​ក្លាហាន​រូប​នេះ​ពន្យល់​បន្ថែម​ទៀត​ថា​ ដើម្បី​ទប់​ស្កាត់​ និង​ដោះស្រាយ​ករណី​រំលោភ​សេព​សន្ថវៈ និង​ការ​ប្រើ​ហិង្សាផ្អែក​លើ​យេនឌ័រ​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច លុះ​ត្រា​តែ​រដ្ឋាភិបាលត្រូវ​បង្កើត​ឱកាស​សម្រាប់​មន្រ្តី​មូលដ្ឋាន ស្វែង​យល់​អំពី​បរិបទ​សង្គម និង​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច ហើយ​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​នៃ​ឫសគល់​អំពី​បញ្ហា​ហិង្សា​លើ​ស្រ្តី ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ព្រម​ទាំង​បង្កើត​កញ្ចប់​ថវិកា និង​ធនធាន​មនុស្ស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។

នា​ពេល​បច្ចុប្បន្ន​នេះ ជនជាតិ​ដើម​ភាគ​តិចនៅ​កម្ពុជា​មាន​ចំនួន​ ២៤ ​ក្រុម​ផ្សេងៗ​គ្នា ដែល​មាន​ចំនួន​សរុប​ ២៥០.០០០ ​នាក់ ទៅ ៤០០.០០០នាក់ ឬ​ ២% ទៅ​ ៣% ​នៃ​ចំនួន​ប្រជាជន​កម្ពុជាសរុប​ប្រមាណ ១៦លាន​នាក់។ ក្នុង​នោះ​ស្រ្តី​ជនជាតិ​ដើម​ភាគតិច​មាន​ប្រមាណ​ជា ៥១%។​ នេះ​បើ​តាម​របាយការណ៍​ស្តី​អំពី​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រលើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្ត​មណ្ឌល​គិរី ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។

ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយរបាយការណ៍​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ​ជា​ ១០០​ នាក់ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភពលោក​ លើកទី​ ២៨ ​ក្រោម​ប្រធានបទ​ «តួនាទី​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ការ​អភិរក្ស និង​ការ​ផ្ទេរ​ចំណេះ​ដឹង​ប្រពៃណី» ផង​ដែរ។

អ្នកស្រី​ រម៉ាស់ សារ៉ន តំណាង​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច ផ្តល់បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី​ រម៉ាស់ សារ៉ន តំណាង​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច ផ្តល់បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី​ រម៉ាស់ សារ៉ន តំណាង​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​ លើកឡើង​ថា របាយការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​យកចិត្ត​ទុក​ដាក់ និង​ដោះ​ស្រាយ​ករណី​ហិង្សា​ផ្អែក​លើ​យេនឌ័រ និង​ការ​រំលោភ​សេព​សន្ថវៈ​លើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច។

អ្នកស្រី​ រម៉ាស់ សារ៉ន ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​របាយការណ៍​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​យេនឌ័រលើ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​នេះ​ មានសារៈសំខាន់​មែនទែន​ ដើម្បី​គ្រប់​ភាគី​ទាំងអស់ចាប់​ផ្តើម​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​ ក៏​ដូចជា​យក​លទ្ធផលដែល​បាន​រក​ឃើញ​ក្នុង​របាយការណ៍​នេះ​ ដើម្បី​ដាក់​បញ្ចូល​ក្នុង​ផែន​ការ​អភិវឌ្ឍ ក៏​ដូចជា​ផែនការ​សកម្មរបស់​ខ្លួន​ ក្នុង​ការ​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​នេះ»។​

អ្នកស្រី​ថ្លែង​បន្ថែម​ថា ប្រសិនបើ​មិនមានការ​ស្រាវជ្រាវ ឬ​ចងក្រង​តួលេខ​អំពី​ការ​ប្រើ​ហិង្សា និង​ការ​រំលោភ​សេព​សន្ថវៈ​នេះ​ទេ​ នោះ​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​ការងារ។​

អគ្គនាយិកា​រង​នៃ​អគ្គ​នាយកដ្ឋានអភិវឌ្ឍន៍​សង្គម​របស់​ក្រសួងកិច្ចការនារី អ្នកស្រី ​ស ស៊ីណែត ​លើក​ឡើងថា របាយ​ការណ៍​នេះ​មិន​មាន​តួលេខ​ជាក់​លាក់​អំពី​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ហិង្សា និង​រំលោភ​សេពសន្ថវៈ​ ហេតុ​នេះ​មិន​ទាន់​អាចបញ្ជាក់ថា​ពិតជាមាន​ការ​កើនឡើង ឬ​ថយ​ចុះ​នៅ​ឡើយ។ អ្នកស្រីថ្លែង​បន្ថែម​ដោយ​ទទួល​ស្គាល់​ថា ​អាជ្ញាធរ​ដែល​អនុវត្ត​ការងារ​នៅ​មូលដ្ឋានមាន​ផ្នត់​គំនិត​រើសអើង​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច ហើយ​វិធីសាស្រ្ត​ក្នុង​ការ​ទំនាក់ទំនង​នៅ​មាន​កម្រិតដោយសារ​បញ្ហា​ភាសា​ និងអា​ច​ដោយសារជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ នៅ​ប្រកាន់​ប្រពៃណី​ទំនៀម​ទម្លាប់​មិន​ឱ្យ​អ្នក​ដទៃ​ជ្រៀត​ជ្រែក​ជាដើម។​

អ្នកស្រី ស ស៊ីណែត អគ្គនាយិការង​នៃអគ្គ​នាយកដ្ឋានអភិវឌ្ឍន៍សង្គម​របស់ក្រសួងកិច្ចការនារីថ្លែង​ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី ស ស៊ីណែត អគ្គនាយិការង​នៃអគ្គ​នាយកដ្ឋានអភិវឌ្ឍន៍សង្គម​របស់ក្រសួងកិច្ចការនារីថ្លែង​ក្នុងទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក នៅ​ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ទោះ​យ៉ាងណាក្តី​ ​អ្នកស្រី​ថ្លែង​ថា ក្រសួង​កិច្ចការ​នារី​បាន​និង​កំពុង​ទប់​ស្កាត់ និង​ដោះ​ស្រាយ​បញ្ហាទាំង​នេះ​តាម​រយៈ​ការ​ប្រមូល​ឯកសារ​រៀងរាល់ ៥​ ឆ្នាំ​ម្តង និង​បន្ថែម​ផែនការ​សកម្មភាព​និង​យុទ្ធសាស្ត្រជាច្រើនទៀត។

អ្នក​ស្រី​ ស ស៊ីណែត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «យើង​រៀប​ចំ​ policy [គោលនយោបាយ] មាន​ទាំង​ពី​យុទ្ធសាស្រ្ត​នារី​រតនៈ​ទី​ ៥ ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី មាន​ទាំង​ពី​ផែនការ​សកម្ម​ភាព​ស្តី​ពី​ការ​បង្ការ​ការ​រៀប​អាពាហ៍ពិពាហ៍វ័យ​ក្មេង​ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់»។​

អ្នកស្រី ស ស៊ីណែត ថ្លែង​ទៀតថា រាល់​សកម្មភាព និង​យុទ្ធសាស្រ្ត​ដែល​ចេញ​ដោយ​ក្រសួង​កិច្ចការ​នារី ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទប់​ស្កាត់ និង​ប្រាប់​ពី​ផល​ប៉ះពាល់​ដើម្បីពង្រឹង​ភាព​អង់​អាច​ផ្នែក​សេដ្ឋកិច្ច ព្រមទាំង​ឱកាស​ផ្សេងៗ​ដល់​ក្មេង​ស្រី និង​ស្រ្តី​ជនជាតិដើម​ភាគ​តិច៕

XS
SM
MD
LG