ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថ្មី៖ សិទ្ធិ​សេរី​ភាព​មូល​ដ្ឋាននិង​សារ​ព័ត៌មាន​នៅ​កម្ពុជា​បន្ត​រង​ការ​រឹត​ត្បិត


អ្នកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ ដោយ​រក​ឃើញ​ថា​ស្ថាន​ភាព​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន​នៅ​តែ​បន្ត​រង​ការ​គាប​សង្កត់ និង​រឹត​ត្បិត​ក្នុង​ឆ្នាំ​២០២៣នេះ។

របាយ​ការណ៍​ដែល​សិក្សា​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ដល់​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ចង​ក្រង​ឡើង​តាម​រយៈ​ធ្វើសម្ភាស​អ្នក​សារ​ព័ត៌មាន​ចំនួន​៨​នាក់ អ្នក​ការពារ​សិទ្ធិ​មនុស្ស​៦​នាក់ និង​តាម​ការ​ប្រមូល​តាម​រយៈ​ការ​តាម​ដាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រចាំ​ថ្ងៃ និង​ការ​រាយការណ៍​អំពី​ហេតុ​ការណ៍​របស់​អ្នក​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​និង​ការ​វិវត្ត​ផ្នែក​នីតិ​បញ្ញតិ្ត​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​នេះ ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​រឹត​ត្បិត​បន្ថែម​ទៀត​លើ​សេរីភាព​បញ្ចេញ​មតិ ដែល​ផ្ទុយ​ពី​កាតព្វ​កិច្ច​អន្តរ​ជាតិ​របស់​កម្ពុជា។ របាយ​ការណ៍​បញ្ជាក់​ថា​ច្បាប់​ដែល​មាន​លក្ខណៈ​រឹត​ត្បិត​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ជា​ច្រើន​ទៀត ដើម្បី​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចំណែក​ការ​បំភិត​បំភ័យ ការ​ឃ្លាំ​មើល ការ​គំរាម​កំហែង​ ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ប្រចាំ​ផង​ដែរ ដើម្បី​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ រួម​មាន​អ្នក​សារ​ព័ត៌​មាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ គឺ​ជា​គោល​ដៅ​ចម្បង​របស់​រដ្ឋាភិបាល​ជំទាស់​នឹង​សំឡេង​រិះ​គន់​។ នេះ​បើ​តាម​របាយ​ការណ៍។

របាយ​ការណ៍​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ស្ថាន​ភាព​សិទ្ធិ​មនុស្ស​បាន​បន្ត​ធ្លាក់​ចុះ​ ហើយ​សិទ្ធិ​ពលរដ្ឋ​កាន់​តែ​រួម​តូច​ជាមួយ​នឹង​ការ​ដៅ​មុខ​សញ្ញា​របស់​រដ្ឋា​ភិបាល​ចំពោះ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​ទស្សនៈ និង​គំនិត​ផ្ទុយ​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា​ រួម​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។

ក្នុង​កម្មវិធីផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ លោក ហួច ផន អ្នក​សម្រប​សម្រួល​គម្រោង​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា​ស្ថាន​ភាព​នៃ​សេរីភាព​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​គឺ​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​រឹត​ត្បិត ហើយ​អ្នក​សារ​ព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​អំពី​បញ្ហា​រសើប​តែង​តែ​ជួប​នូវ​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ផ្លូវ​ច្បាប់។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ក្នុង​ហ្នឹង​យើង​ឃើញ​ថារវាង​ឆ្នាំ​២០២២-២០២៣​គឺ​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​លក្ខណៈ​រួម​តូច​ចង្អៀត ពិបាក​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​សារព័ត៌មាន​របស់​ខ្លួន​ ទាំង​អស់​យើង​យោង​ទៅ​តាម​អ្នក​រាយការណ៍​ពិសេស​ទាក់​ទង​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​លើក​ឡើង។ […] ហើយ​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ទាក់​ទង​នឹង​ប្រធាន​បទ​រសើប​មួយ​ចំនួន​ គាត់​រង​នឹង​ផល​ជះ​វិញ​ដូច​ជា​រង​នូវ​ការ​បណ្តឹង រង​នូវ​ការ​យាយី​ ការ​បំភិត​បំភ័យ​ និង​បង្ក​អំពើ​ហិង្សា​ទៅ​អ្នក​សារ​ព័ត៌មាន​ដែល​រាយការណ៍។ ហើយ​មួយ​ចុង​ក្រោយ​ គឺ​ទាក់​ទង​ជាមួយ​នឹង​ការ​រើស​អើង​ដែល​ផ្អែក​ទៅ​លើ​យេនឌ័រ​ដែល​អ្នក​សារ​ព័ត៌មាន​គាត់​បាន​ជួប​ប្រទះ​ដែរ​ជា​ពិសេស​អ្នក​សារ​ព័ត៌មាន​ជា​ស្រ្តី»។

លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល លើក​ឡើង​ក្នុង​កម្មវិធី​នោះ​ដែរ​ថា​របាយការណ៍​ដែល​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចង​ក្រង​នេះ​ វា​មាន​លក្ខណៈ​ជា​កំណត់​ត្រា​ពី​ករណី​ដែល​បាន​កើត​ឡើង​ទៅ​លើ​អ្នក​សារ​ព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ ហើយ​ធ្វើ​ការ​សន្និដ្ឋាន​ទៅ​លើ​ស្ថាន​ភាព​សិទ្ធិ​សេរី​ភាព​នៅ​ក្នុង​ប្រទេស។ លោក​បន្ថែម​ទៀត​ថា​ការ​ធ្វើ​របាយការណ៍​ណា​មួយ​គួរ​មាន​ភាព​ស្មើ​គ្នា ដោយ​រួម​បញ្ចូល​ទាំង​ចំណុល​ល្អ និង​អាក្រក់ ដើម្បី​ស្វែង​រក​ចំណុច​កណ្តាល​មួយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ថា​ខុស​ថា​ត្រូវ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ទាញ​ការ​ចាប់​អារម្មណ៍​ថា​របាយ​ការណ៍ ហើយ​និង​កំណត់​ត្រា​ អ៊ីចឹង​បើ​យើង​គ្រាន់​តែ​កត់​ករណី​រួច​ហើយ​យើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជារួម គឺ​ថា​វា​មាន​សុក្រឹត​ភាព​ប៉ុនណា​អំពី​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​យើង​ អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​ខាង​សារ​ព័ត៌មាន​នេះ។ ខ្ញុំ​គ្រាន់​តែ​ទាញ​ការ​ចាប់​អារម្មណ៍​ក្នុង​នាម​សុទ្ធ​តែ​ជា​បញ្ញវន្ត​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ យើង​ដឹង​ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ធ្វើ​ការ​សន្និដ្ឋាន​ត្រូវ​តែ​មាន​Balance [តុល្យភាព] មាន​ចំណុច​ល្អ​ចំណុច​អាក្រក់​យើង​បញ្ចូល​គ្នា​យើង​រក​ចំណុច​កណ្តាល​មួយ»។

លោក​បន្ត​ថាមនុស្ស​ម្នាក់ៗ​គឺ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​កតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ជា​សកល ប៉ុន្តែ​ការ​បញ្ចេញ​មតិ​ណា​មួយ​ត្រូវ​ធានា​ថា​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ និង​សង្គម​ជាតិ​ឡើយ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​បាន​យើង​ទាម​ទារ​ឱ្យ​បង​ប្អូន​ទាំង​អស់​ចូល​រួម​ទាំង​អស់​គ្នា​ ហើយ​កុំ​ទៅ​មូល​ដ្ឋាន​ស្រាប់​តែ​ប្រជា​ពលរដ្ឋ​ថា​សេរី​ភាព​បញ្ចេញ​មតិ​អ្នក​ឯង​មាន​សេរីភាព​បញ្ចេញ​មតិ​ការ​ពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ការពារ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ប៉ុន្តែ​អត់​បាន​ប្រាប់​គាត់​ថា​សេរី​ភាព​ទាំង​អស់​នោះ​វា​មាន​ព្រំដែន​ដែរ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​ទេព​ អស្នារិទ្ធ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថារបាយការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​បរាជ័យ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​របស់​កម្ពុជា​ ខណៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ដឹង​ច្បាស់​ថា​ខ្លួន​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​មធ្យោបាយ​ដ៏​សំបូរ​បែប​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន និង​សម្រាប់​ការ​បញ្ចេញ​មតិ​បាន​យ៉ាង​ទូលំ​ទូលាយ​។

លោក​ថ្លែង​ថា៖ «សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​និង​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រាជ​រដ្ឋា​ភិបាល​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ជា​រៀង​រហូត​មក​ ជា​ពិសេស​ក្នុង​អាណត្តិ​ទី​៧​នេះ​តែម្តង ក្រសួងព័ត៌មាន​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សេរីភាព​សារ​ព័ត៌មាន និង​ការ​គាំពារ​ការពារ​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មាន តាម​រយៈ​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់ ពង្រឹង​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ដល់​អ្នក​សារ​ព័ត៌មាន​ដើម្បី​រួម​គ្នា​ពង្រឹង​គុណ​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា»។

ទោះជាយ៉ាងណា​អ្នក​ស្រី​ ផាវ ញ៉ើង សកម្ម​ជន​ដី​ធ្លី​មក​ពី​ខេត្ត​កោះ​កុង ថ្លែង​នៅ​ក្នុង​កម្មវិធី​នោះ​ថា​ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ដែល​មាន​កូន​ចំនួន​៧​នាក់​ក្នុង​បន្ទុក​ អ្នក​ស្រី​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន ដោយ​ចោទពី​បទ​ញោះ​ញង់ និង​បទ​បរិ​ហា​កេរ្តិ៍​នៅ​ក្នុង​សំណុំ​រឿង​ដីធ្លី​របស់​អ្នកស្រី។

អ្នក​ស្រី​ថ្លែង​ថា​៖​«អ្វី​មួយ​ដែល​ជា​រឿង​ដែល​យើង​សោក​ស្តាយ​ថា​ប្រទេស​យើង​មាន​ច្បាប់ ប្រទេស​យើង​ប្រកាន់​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ ប្រទេស​យើង​អះ​អាង​ថា​ជា​នីតិ​រដ្ឋ ប៉ុន្តែ​ការ​គោរព​សិទ្ធ​មនុស្ស ការ​ឱ្យ​តម្លៃ​ទៅ​ប្រជា​ពល​រដ្ឋ ខ្លួន​ជា​ធំ​ ច្បាប់​ជា​ធំ​នោះ​នៅ​កន្លែង​ណា​ ខ្ញុំ​អត់​សូវ​យល់​កន្លែង​ហ្នឹង​»។

ចំណែក​អ្នក​ស្រី​ ភ្លឹក​ ភារម្យ ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​មក​ពី​ខេត្ត​មណ្ឌល​គិរី ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ និយាយ​ថា​ជន​ជាតិ​ដើម​ភាគ​តិច​ទទួល​បាន​ព័ត៌​មាន​តិច​តួច ហើយ​បញ្ហា​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចជួប​ប្រទះ​មាន​ច្រើន​ទាក់​ទង​នឹង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។

អ្នកស្រី​ថ្លែង​ថា​៖ «បើ​យើង​គិត​ពី​បញ្ហា ជន​ជាតិ​ដើម​ភាគ​តិច​ពួក​យើង និយាយ​ទៅ​គឺ​មាន​បញ្ហា​ច្រើន​មែន​ទែន​នៅ​ក្នុង​ភូមិ​ នៅ​ក្នុង​ខេត្ត​របស់​យើង​ទាំង​មូល​ប៉ុន្តែ​យើង​អត់​សូវ​ហ៊ាន​បញ្ចេញ​មតិ ជា​ពិ​សេស​ទាក់​ទង​ជាមួយ​ភាសា​របស់​យើង។ ដូច​មួយ​ទៀត​ចាស់​ៗ​តែង​តែ​ប្រាប់​យើង​ថា​កូន​ឯង​កុំ​និយាយ​ណា​ប្រយ័ត្នជញ្ជាំង​មាន​ត្រចៀក​ណា។ ​តាំង​ពី​សម័យ​ប៉ុល​ពត​ដល់​ឥឡូវ​នៅ​តែ​មាន​រឿង​ហ្នឹង»។

បើ​តាម​របាយការណ៍​នោះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​ផ្តល់​អនុ​សាសន៍​មួយ​ចំនួន​ផង​ដែរ ដោយ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ពិនិត្យ​មើល​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ទាំង​អស់ ដើម្បី​កែ​សម្រួល​ឱ្យ​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ បញ្ចូល​ធាតុ​ចូល​ពី​ភាគី​ពាក់​ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បញ្ឈប់​រាល់​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើ​អ្នក​សារ​ព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពហុ​និយម និង​ចម្រុះ​បែប​ជា​ដើម៕

XS
SM
MD
LG