ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​​ថា ចំនួន​ស្រ្តី​​​តំណាងរាស្រ្ត​​​ថយ​ចុះ​​​​​​​​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមភាព​យេនឌ័រ​ក្នុ​ង​​​សង្គម​​​​


រូបឯកសារ៖ សមាជិករដ្ឋសភានីតិកាលទី ៧ មកពីគណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈចំណយន ១២៥ ទាំងអស់នោះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨។
រូបឯកសារ៖ សមាជិករដ្ឋសភានីតិកាលទី ៧ មកពីគណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈចំណយន ១២៥ ទាំងអស់នោះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​លើក​ស្ទួយ​ស្ត្រី​លើកឡើងថា កម្ពុជា​មាន​វិសមភាព​យេនឌ័រក្នុង​វិស័យ​នយោបាយ​បន្ថែម​ទៀត​ បន្ទាប់ពី​ចំនួន​តំណាង​រាស្ត្រ​ស្ត្រីក្នុង​រដ្ឋ​សភា​នីតិកាល​ទី៧​ មានការ​ថយចុះពី​២០,៨ មក​១២,៨​ភាគរយ បើ​ធៀប​នឹង​អាណត្តិ​មុន។ ​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​អង្កេត៖ បេក្ខជន​ស្រ្តី និង​ស្រ្តី​ជាប់​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី៧ ឆ្នាំ២០២៣» អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលកា​លើក​ឡើង​ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ចំនួន​អ្នក​បោះ​ឆ្នោត​គឺ​មាន​ស្ត្រី​ច្រើន​ជាង​បុរស ក៏​ប៉ុន្តែ​បែរ​ជា​សមាជិក​សភា​ដែល​ជា​ស្រ្តី​តំណាង​រាស្រ្ត​ហាក់​មិន​មាន​ភាព​សម​ស្រប​ជាមួយ​នឹង​ចំនួន​អ្នក​បោះ​ឆ្នោត​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​ផ្អែក​ទៅ​លើ​អ្នក​បោះ​ឆ្នោត​ហ្នឹង​ ភាព​ជា​តំណា​ង​របស់​គាត់​ហ្នឹង​សួរ​ថា ភាព​ជា​តំណាង​របស់​គាត់​នៅ​ក្នុង​សភា​វិញ​នោះ គឺ​វា​អត់​សមាមាត្រ​ជាមួយ​ហ្នឹង​ មនុស្ស​ឡើង​ពាក់​កណ្តាល​ប្រទេស​ជាង​តែ​ដល់​ពេល​តំណាង​គាត់​មាន​តែ​១២%ជាង​ទេ​នៅ​ក្នុង​សភា​»។

ក្នុងអាណត្តិ​ទី​៦ ស្រ្តី​តំណាង​រាស្រ្ត​មាន​ចំនួន​២៦​នាក់ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ ស្រ្តី​ជា​តំណាងរាស្រ្តមាន​ចំនួន​តែ​១៦​នាក់​ប៉ុណ្ណោះ។​

អ្នក​ស្រី ​សេង រាសី ​បន្ថែម​ថា ការ​ណ៍​ដែល​មិន​មាន​តំណាង​ស្រ្តី​គ្រប់​គ្រាន់​ក្នុង​សភា​បាន​បង្ហាញ​ពី​វិ​សមភាព​យេនឌ័រ​ដែល​ជា​ផែន​ការ​យុទ្ធសាស្រ្ត​ប្រកប​ដោយ​ចីរភាព និង​ថា ការណ៍​នេះ​ក៏​នឹង​បង្អាក់​ការ​ត្រៀម​ខ្លួន​ចូល​រូម​ក្នុង​វិស័យ​នយោបាយ​របស់​ស្រ្តី​ផង​ដែរ។

សន្និសីទសារព័ត៌មានរបស់ក្រុមអង្គការសង្គមដែលធ្វើការលើកស្ទួយសមភាពយេនឌ័រ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។ (ស៊ឹម ចាន់សំណាង/វិអូអេ)
សន្និសីទសារព័ត៌មានរបស់ក្រុមអង្គការសង្គមដែលធ្វើការលើកស្ទួយសមភាពយេនឌ័រ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។ (ស៊ឹម ចាន់សំណាង/វិអូអេ)

អ្នកស្រី​ថ្លែង​បន្ត​ថា៖ «ទី​ពីរ​ទៀត​ហ្នឹង​ វា​បង្អាក់​ដល់​ស្រ្តី​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ ក៏​ដូច​ជា​កំពុង​ប្រលូក​ក្នុង​នយោបាយ​ទាំង​កម្រិត​ថ្នាក់​ជាតិ​ក៏​ដូច​ជា​ប្រទេស​ទាំង​មូល​ហ្នឹង​ ជា​ពិសេស​ស្រ្តី​វ័យ​ក្មេង​ដោយ​សារ​តែ​គាត់​មើល​ឃើញ ប្រសិន​បើ​គាត់​ឃើញ​ចំនួន​ដែល​ជា​តំណាង​រាស្ត្រ​ស្ត្រី​មាន​ការ​កើន​ឡើង​ គាត់​មើល​ឃើញ​ថា​មាន​គំរូ​ភាព​ច្រើន។ អ៊ីចឹង​ដល់​ពេល​មាន​ការ​ធ្លាក់​ចុះ​ វា​ក្លាយ​ទៅ​ជា​សំណួរ​មួយ​ថា​ហេតុ​អី​ចំនួន​ហ្នឹង​ធ្លាក់​ចុះ គេ​មិន​ស្វាគមន៍​ស្រ្តី​ គេ​មិន​ផ្តល់​បរិយាកាស​អំណាយ​ផល​ដល់​ស្រី្ត ឬយ៉ាង​ណា​វិញ»។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​សន្និសីទ និង​របាយការណ៍​នៅថ្ងៃ​ពុធ​នេះ មាន​ដូច​ជា អង្គការ​សីលកា​កម្ពុជា គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) កម្មវិធី​តស៊ូ​មតិ និង​បណ្តាញ​នៃ​អង្គ​ការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា (GADC) អង្គការ​បន្ទាយ​ស្រី និង​គណៈកម្មាធិការ​លើក​ស្ទួយ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ ​(CPWP)។

កញ្ញា សង្វា ភួងវីណា ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​បណ្តាញ​នៃ​អង្គ​ការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា (GADC) ថ្លែង​ថា ស្រ្តី​ជា​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​នៅ​តែ​បន្ត​ជួប​ប្រទះ​ការ​រើស​អើង និង​អំពើ​ហិង្សា​ បើ​ទោះ​បី​ជា​ពូក​គេ​មាន​សិទ្ធិ​ និង​ចូល​រូម​នយោបាយ​ពេញ​លេញ​ដែល​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ និង​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នឹង​ស្ត្រី ឬ​ហៅ​កាត់​ថា CEDAW។

កញ្ញា​ថ្លែង​ថា៖ «ហើយ​ទី​ពីរ​ហ្នឹង​គឺ​ការ​ខ្វះ​គោល​នយោបាយ​សមភាព​យេនឌ័រ​ជាក់​លាក់​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ក្នុង​គណ​បក្ស​នយោបាយ​ រួម​ទាំង​មិន​មាន​ការ​ចែង​ជាក់​លាក់​អំពី​វិធានការ​ពិសេស​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ដើម្បី​គាំទ្រ និង​ផ្តល់​ឱកាស​ឱ្យ​ស្រ្តី​ហ្នឹង គាត់​បាន​ចូល​រូម​ស្មើ​គ្នា​នៅ​ក្នុង​វិស័យ​នយោបាយ ជាពិសេស​គឺ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ និង​ជាប់ឆ្នោត​ក្លាយ​ជា​អ្នក​ដឹក​នាំ»។

ការ​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្រ្វែល ស្តី​ពី​ការ​ចូលរួម​របស់​សកម្មជន​នយោបាយ​ស្រ្តី​ក្នុង​វិស័យ​នយោ​បាយ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​ ២០២០ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​នៅ​បន្ត​រក្សា​បញ្ហា​វិសម​ភាព​នៃ​ភាព​ជា​តំណាង​រវាង​ស្រ្តី និង​បុរស​ក្នុង​កិច្ច​ការ​សាធារណៈ និង​ជីវិត​នយោបាយ។

បើ​តាម​ការ​ស្ទង់​មតិ​នេះ ផ្នែក​ចម្បង​នៃ​បញ្ហា​ គឺ​ដោយ​សារ​កង្វះ​នូវ​គោល​នយោបាយ​ និង​ច្បាប់​ជាក់​លាក់​ដើម្បីឆ្លើយ​តប​នឹង​យេនឌ័រ ជាពិសេស​ច្បាប់​បោះ​ឆ្នោត ដើម្បី​គាំទ្រ និង​ផ្តល់​ឱកាស​ឲ្យ​ស្រ្តី និង​បុរស​ចូលរួម​ស្មើ​គ្នា ស្រប​តាម​អនុសញ្ញា​ស៊ី-ដរ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន និង​គោល​ដៅ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរភាព ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​យក។ ការ​ស្ទង់​មតិ​ក៏​បាន​លើក​ឡើង​អំពី​ការ​រើស​អើង ការ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​ឆន្ទៈ​នយោ​បាយ​របស់​គណ​បក្ស​នយោបាយ​ផង​ដែរ។

ពាក់​ព័ន្ធ​នឹង​យន្ត​ការ​ពង្រឹង​នៃ​ការ​ចូលរួមរបស់​ស្រ្តី​នៅ​ក្នុង​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិលទាំង​នោះ​បាន​ផ្តល់​អនុសាសន៍​ទៅ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដោយ​គណ​បក្ស​នយោបាយ​គួរ​ដាក់​បញ្ចូល​បេក្ខជន​ស្រ្តី​បម្រុង​ជា​តំណាង​រាស្ត្រ និង​ធានា​បង្កើត​គោល​នយោបាយ​សមភាព​យេនឌ័រ​នៅ​ក្នុង​គណ​បក្ស​ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្រ្តី​ដោយ​ស្មើ​ភាព និង​គ្មាន​ការ​រើស​អើង​។

រដ្ឋាភិបាល​កម្ពុជា​គួរ​បង្កើន​ចំនួន​ស្រ្តី​ជា​ថ្នាក់​ដឹក​នាំ និង​ក្នុង​តួនាទី​សម្រេច​ចិត្ត​នៅ​ក្នុង​ក្រសួង​ពាក់​ព័ន្ធ​ ស្ថាប័ន​នីមួយៗ​យ៉ាង​ហោច​ ៣៥% ដោយ​គិត​ចាប់​ពី​តួនាទី​ជា​ប្រធាន​នាយកដា្ឋន រហូត​ដល់​រដ្ឋ​មន្ត្រី និង​ឧប​នាយក​រដ្ឋ​មន្ត្រី។

រដ្ឋសភា​ និង​ព្រឹទ្ធសភា ត្រូវ​ធានា​បង្កើត​ច្បាប់​បោះ​ឆ្នោត​ឆ្លើយ​តប​នឹង​យេនឌ័រ​ ទាំងច្បាប់​ស្តី​ពី​ ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាង​រាស្ត្រ​ និង​ច្បាប់​ស្តី​ពី​កា​របោះ​ឆ្នោត​ជ្រើស​រើ​ស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​ជា​វិធានការ​ពិសេស​ដើម្បី​លើ​ក​កម្ពស់​សមភាព​យេនឌ័រ។

ជុំ​វិញ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ប្រាប់​វីអូអេ​ថា​ គណបក្ស​កត់​សម្គាល់​ពី​សារៈ​សំខាន់​តួនាទី​នៃ​ការ​ចូលរួម​របស់​ស្រ្ដី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ សង្គម និង​នយោបាយ។ យ៉ាង​ណា​មិញ​ លោក​ក៏​ទទួល​ស្គាល់​ថា​មាន​ការ​ថយ​ចុះ​ការ​ចូលរួម​របស់​ស្រ្ដី​ពី ៣០% មកត្រឹម១០%បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

មន្រ្ដី​រូប​នេះ​អះ​អាង​ថា ការ​លើក​កម្ពស់​ស្រ្ដី​ក្នុង​វិស័យ​ផ្សេងៗ​ក្នុង​ជួរ​រដ្ឋាភិបាល ​ត្រូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ គោល​ជំហរ និង​កម្រិត​វប្បធម៌ ដើម្បី​ធានា​លទ្ធផល​ការងារ​ជា​ប្រយោជន៍​រួម​ដល់​សង្គម​ជាតិ​។

លោក​ថ្លែងថា៖ «ពីព្រោះ​យក​មក​ក្នុង​នាម​ជា​អ្នក​តំណាងរាស្រ្ដ​ ឬមួយ​ក៏​ជា​សមាជិក​ព្រឹទ្ធ​សភា ឬ​សមាជិក​រាជ​រដ្ឋាភិបាល​ដែល​ត្រូវ​តែ​បំពេញ​តួនាទី​ភារកិច្ច​ហ្នឹង​ បម្រើ​ឱ្យ​មាន​ផល​ប្រយោជន៍​ដល់​ជាតិ​និង​ប្រជាជន បើ​យក​គ្រាន់​តែ​ឱ្យ​មាន​ចំនួន​ច្រើន​នេះ​ ខ្ញុំ​គិត​ថា ជា​ការ​លំបាក​ហើយ​ពីព្រោះ​ការងារ​វា​អត់​សាច់​ការ វា​អត់​បាន​ហុច​លទ្ធផល​ការងារ»។

ចំណែក​លោក​ ញឿន​ រ៉ាដែន អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ដែល​ទើប​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​៥ លើក​ឡើងថា ​គណបក្សមាន​បេក្ខភាព​ជាស្រ្តី​ចំនួន​២៩​រូប​ ក្នុង​ចំណោម​១២៥​រូប ប៉ុន្តែ​តំណាងរាស្រ្ត​ដែល​ជាប់​ឆ្នោត​ទាំង​៥​អាសនៈ​សុទ្ធតែ​ជាបុរស។ ទោះ​យ៉ាងណា​លោក​ថា គណបក្ស​នៅ​តែបន្ត​ជំរុញ​លើកកម្ពស់​ស្រ្តី​ឱ្យ​ចូល​រួមក្នុង​វិស័យ​នយោបាយ​នេះ​ឱ្យ​កាន់​តែច្រើន។​

ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិបាល​ និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ ដើម្បី​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​ ព្រម​ទាំង​អភិវឌ្ឍ​សមត្ថភាព​ស្ត្រី​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។​ ក៏ប៉ុន្តែ​ ជា​រៀងរាល់​អាណត្តិ កម្ពុជា​មិន​បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍សហស្សវត្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ក្នុងឆាក​នយោបាយ ​ដែល​ធានា​ឲ្យ​មាន​ការ​កើន​ឡើង​តំណាង​ស្ត្រី​ក្នុង​សភា​ជាតិ​ឱ្យ​បាន​ដល់​ ៣០%​ (ឬ ៣៦ រូប)​ នោះ​ទេ៕

XS
SM
MD
LG