ទិវាសិទ្ធិនារីអន្តរជាតិដែលជាយុទ្ធនាការប្រចាំឆ្នាំមួយរបស់អង្គការសហប្រជាជាតិ ដើម្បីផ្សព្វផ្សាយកិច្ចប្រឹងប្រែងបង្កើតសមភាពយេនឌ័រនៅជុំវិញពិភពលោកនោះ នៅឆ្នាំនេះទិវានេះប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី៨ ខែមីនា ក្រោមប្រធានបទ «វិនិយោគលើស្ត្រី បង្កើនការរីកចម្រើន»។ នេះជាគំនិតមួយដែលបង្កើតឱ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ស្ត្រី អាចជាដំណើរដ៏វែងឆា្ងយមួយ ក្នុងការសម្រេចបាននូវកិច្ចប្រឹងប្រែងដែលមានសមភាព។
អ្នកស្រី Jemimah Njuki ប្រធានផ្នែកផ្តល់អំណាចសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិទទួលបន្ទុកលើស្ត្រី ឬ UN Women បាននិយាយថា ប្រធាបទសម្រាប់ការប្រារព្ធទិវាសិទ្ធិនារីក្នុងឆ្នាំនេះ គឺមានលក្ខណៈបន្ទាន់ ពីព្រោះ «ពិភពលោកកំពុងស្ថិតក្នុងរបត់ផ្លូវដ៏សំខាន់មួយសម្រាប់សមភាពយេនឌ័រ»។
អ្នកស្រីកត់សម្កាល់ថា ក្នុងពិភពលោក សិទ្ធិស្រី្តកំពុងស្ថិតក្នុងការគំរាមកំហែងកាន់តែខ្លាំងឡើង ឬក៏មានការដើរថយក្រោយនៅកន្លែងខ្លះ ដែលស្ត្រីធ្លាប់គិតថា គេធ្លាប់ធ្វើឱ្យមានការចម្រើនទៅមុខលើបញ្ហាសិទ្ធិស្ត្រី។ យោងតាមអង្គការសហប្រជាជាតិទទួលបន្ទុកលើស្ត្រី មានស្ត្រីម្នាក់ក្នុងចំណោម១០នាក់ កំពុងរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត។
ការសិក្សារបស់អង្គការនេះបង្ហាញថា មានស្ត្រីនិងក្មេងស្រីប្រមាណ៣៤០លាននាក់ ដែលស្មើ៨ភាគរយនៃចំនួនពលរដ្ឋស្ត្រីសរុបទាំងអស់នៅលើពិភពលោក នឹងមិនអាចរំដោះខ្លួនចេញពីភាពក្រីក្រខ្លាំងត្រឹមឆ្នាំ២០៣០បានទេ ប្រសិនបើនិន្នាការនៅតែបន្ត ដូចអ្វីដែលគេកំពុងមាននាពេលនេះ។
ស្ត្រីជារឿយៗទទួលបន្ទុកថែទាំគ្រួសារនិងចាត់ចែងប្រាក់កាសក្នុងគ្រួសារ ជាពិសេសក្នុងពេលមានវិបត្តិ នៅពេលដែលមានសម្ពាធកាន់តែខ្លាំងឡើងលើប្រព័ន្ធថែទាំនិងរដ្ឋាភិបាល។
យោងតាមរបាយការណ៍វឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្តោតលើយេនឌ័រ សម្រាប់ឆ្នាំ២០២៣ដោយអង្គការសហប្រជាជាតិទទួលបន្ទុកលើស្ត្រី ឬ UN Women មានគម្លាតការផ្តល់ថវិកា៣៦០ពាន់លានដុល្លារ ពីរដ្ឋាភិបាលសម្រាប់អង្គការនានានិងសម្រាប់កម្មវិធីនានា ដែលគាំទ្រដល់ស្ត្រី។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានធ្វើការងារបំពេញគម្លាតថវិកានោះ ដោយផ្តល់ហិរញ្ញប្បទានដល់កម្មវិធីជាច្រើន ឬផ្តល់ប្រាក់កម្ចីដល់ស្ត្រី។
អ្នកស្រី Robyn G. Nietert ជាប្រធាននិងសហស្ថាបនិកអង្គការគំនិតផ្តួចផ្តើមមីក្រូហិរញ្ញវត្ថុរបស់ស្ត្រី ដែលជាអង្គការមួយផ្តល់ប្រាក់កម្ចីខ្នាតតូច និងបណ្តុះបណ្តាលការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រីក្រីក្រក្នុងតំបន់ជនបទ ក្នុងប្រទេសអូហ្គង់ដា កេនយ៉ា និងប្រទេសតង់សានី។ អ្នកស្រីនិយាយថា ការផ្តល់ប្រាក់កម្ចីដល់ស្ត្រីដើម្បីបង្កើតមុខរបរអាជីវកម្មផ្ទាល់ខ្លួន ជាលទ្ធផលបង្ហាញថាបទដ្ឋានរស់នៅនិងការគាំទ្រដល់ក្រុមគ្រួសាររបស់គេមានភាពល្អប្រសើរជាងមុន។
អ្នកស្រី Nietert និយាយថា «គ្រប់គ្នាត្រូវមានសកម្មភាពសេដ្ឋកិច្ច បើមិនដូចនេះទេនឹងត្រូវស្លាប់។ បើ អ្នកមិនមានសកម្មភាពសេដ្ឋកិច្ច អ្នកត្រូវធ្វើអ្វីមួយ ដើម្បីមានប្រាក់ឱ្យបានគ្រប់គ្រាន់ដើម្បីទិញម្ហូបអាហារ ទឹក និងមានកន្លែងរស់នៅ។ ដូចនេះស្ទើរតែគ្រប់ពេលទាំងអស់ ដែលអ្នកផ្តល់ប្រាក់កម្ចី អ្នកបង្កើតឱ្យមានរឿងជោគជ័យមួយ ពីព្រោះអ្នកបានជួយដល់មនុស្សម្នាក់ដែលគ្មានអ្វីទាំងអស់ អាចចាត់ចែងរស់នៅជាមួយប្រភពហិរញ្ញប្បទានមួយ ដែលអាចជួយផ្ចុងផ្តើមមុខរបរដល់ពួកគេ»។
អង្គការគំនិតផ្តួចផ្តើមមីក្រូហិរញ្ញវត្ថុសម្រាប់ស្ត្រី ក៏បានផ្តល់ផងដែរ នូវការបណ្តុះបណ្តាលការយល់ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្រៀនដល់ស្ត្រីពីរបៀបចាត់ចែងលុយកាក់ នៅពេលដែលពួកគេទទួលបាន។
អ្នកស្រី Nietert ថ្លែងបន្ថែមទៀតថា «វាធ្វើឱ្យស្ត្រីទាំងនោះមានអារម្មណ៍ថា ពួកគេអាចគ្រប់គ្រងជីវិតខ្លួនឯងបាន» ខណៈដែលគេយល់ដឹងពីការកេងប្រវ័ញ្ចរបស់អង្គការខ្លះ ដែលអះអាងថាគេចង់ផ្តល់ប្រាក់កម្ចីនោះ។
អ្នកស្រីនិយាយទៀតថា «វាមិនមែនជារឿងអាថ៌កំបាំងអ្វីធំដុំទៀតទេ អំពីការកេងប្រវ័ញ្ចនៅក្នុងពិភពផ្តល់ប្រាក់កម្ចីនោះ។ វាជារឿងហួសហេតុខ្លាំង ដោយមានការប្រាក់ខ្ពស់ តម្លៃសេវាដែលត្រូវបង់មានច្រើនហួសហេតុ ត្រូវមានវត្ថុធានាឬបញ្ចាំច្រើនសន្ធឹកសន្ធាប់ មិនទុកពេលវេលាអនុគ្រោះ រឹបអូសយករបស់ធានាបញ្ចាំ ដែលពេលនោះហើយ មិនអាចធ្វើឱ្យអ្នកដែលខ្ចីនោះអាចរួចផុតពីបំណុលដើមឡើយ»។
អ្នកស្រីក៏បានកត់សម្កាល់ផងដែរថា ការធ្វើការក្នុងសហគមន៍ជនបទតូចតាច បង្កើតឱ្យមានជំនឿទុកចិត្តគ្នា និងការធានាក្នុងសង្គមដែលត្រូវបានអនុវត្តឡើងដោយសហគមន៍ស្រ្តីខ្លួនឯង ក្នុងការធានាថាគេនឹងទូទាត់សងប្រាក់កម្ចីទាំងនោះមកវិញ។
តាមការប្រមើមើលរបស់អ្នកស្រី Nietert ប្រាក់កម្ចីលុបបំបាត់ភាពមិនប្រាកដប្រជា ដែលនឹងផ្តល់សេរីភាពដល់ស្ត្រី ឱ្យយកចិត្តទុកដាក់លើទិដ្ឋភាពគ្រួសារ ដូចជាការថែទាំកូននិងសុខភាពជាដើម។
អ្នកស្រី Beverley Francis-Gibson ប្រធានប្រតិបត្តិនៃអង្គការ Together Women Rise ដែលជាក្រុមមួយដែលផ្តល់ប្រាក់ឧបត្ថម្ភដល់អង្គការនានា ដែលផ្តល់អំណាចដល់ស្ត្រីនិងក្មេងស្រីក្នុងប្រទេសដែលមានប្រាក់ចំណូលទាប បានចែករំលែកពីបទពិសោធន៍របស់អ្នកស្រី ដែលបានធ្វើទស្សនកិច្ចនៅអង្គការផ្តល់មូលនិធិ TWR ចំនួន៤ ក្នុងប្រទេសឥណ្ឌា ដែលធ្វើការដើម្បីជួយដល់ក្មេងស្រី។
អ្នកស្រីនិយាយថា «ក្មេងស្រីៗបានប្រាប់យើងថា ពួកគេត្រូវបានចាត់ទុកជាវីរៈនារីនៅក្នុងសហគមន៍របស់គេ។ ក្មេងស្រីនីមួយៗស្រមៃចង់ផ្លាស់ប្តូរពិភពលោក មិនមែនសម្រាប់តែគ្រួសារគេប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺសម្រាប់ខ្លួនរបស់ពួកគេផ្ទាល់។ យើងមានក្មេងស្រីមួយចំនួនដែលចូលរួមក្នុងកម្មវិធីនេះ ចង់ក្លាយជាសមាជិករដ្ឋសភា ឬចង់ក្លាយជាអ្នកជំនួញអន្តរជាតិជាដើម។ យើងឃើញក្មេងស្រីខ្លះទៀត មានបំណងចង់ក្លាយជាមេធាវីផងដែរ»។
ផ្អែកតាមការសង្កេតរបស់អ្នកស្រី បទពិសោធន៍របស់អ្នកស្រីបានសង្កត់ធ្ងន់លើជំនឿចិត្តថា នៅពេលដែលសង្គមជាតិមួយ វិនិយោគលើស្ត្រីនិងក្មេងស្រី ពួកគេទទួលបាននូវអំណាច ដែលនឹងបង្កើតពិភពលោកមួយ ដែលកាន់តែមានភាពល្អប្រសើរ សុវត្ថិភាព សន្តិភាពនិងសេដ្ឋកិច្ចកាន់តែល្អជាងមុន។
ទិវាសិទ្ធិនារីអន្តរជាតិគាំទ្រដល់រដ្ឋាភិបាលនានា ឱ្យធ្វើការចូលរួមដោយពេញលេញ ដើម្បីឆ្លើយតបនូវភាពចាំបាច់ចម្រុះសម្រាប់ស្ត្រីនៅជុំវិញពិភពលោក ដោយប្រើប្រាស់នូវទំនាក់ទំនងជាមួយផ្នែកឯកជន និងសង្គមស៊ីវិល ដើម្បីបង្កើតឱ្យមានជម្រើសដ៏ល្អបំផុតក្នុងការគាំទ្រដល់ស្ត្រី។
អ្នកស្រី Francis-Gibson និយាយថា «យើងដឹងថា ការលើកកម្ពស់ពិភពលោក ការលើកកម្ពស់សហគមន៍ កើតឡើងពីការចូលរួមរបស់ក្មេងស្រីម្នាក់និងស្រ្តីម្នាក់ ក្នុងពេលមួយ។ ប៉ុន្តែយើងក៏ទទួលស្គាល់ផងដែរថា ដើម្បីធ្វើឱ្យយើងទទួលបានលទ្ធផលល្អ យើងត្រូវដោះស្រាយនូវមូលហេតុជារឹសគល់ ឬទ្រឹស្តីឧបសគ្គជាប្រព័ន្ធ ដែលរាំងខ្ទប់ស្ត្រីនិងក្មេងស្រីមិនឱ្យរស់នៅក្នុងជីវិតដ៏ពេញលេញរបស់គេបាន»។
អ្នកស្រី Njuki នៃអង្គការស្ត្រីសហប្រជាជាតិ បានកត់សម្កាល់ថា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរប្រកបដោយចីរភាពក្នុងការបង្កើតឱ្យមានសមភាព សហគមន៍សាកល ត្រូវការទទួលស្គាល់ទាំងស្រុងនូវតួនាទីដ៏សំខាន់របស់ស្ត្រីជាមុនសិន។
អ្នកស្រីបន្ថែមទៀតថា «អ្វីដែលពិភពលោកចាំបាច់ត្រូវយល់ដឹងនោះគឺថា វិបត្តិទាំងអស់ សុទ្ធតែមានការពាក់ព័ន្ធជាមួយបញ្ហាដែលស្ត្រីប្រឈម។ ការប្រែប្រួលអាកាសធាតុមានការពាក់ព័ន្ធនឹងបញ្ហាដែលស្ត្រីប្រឈម ជម្លោះក៏ពាក់ព័ន្ធនឹងបញ្ហាដែលស្ត្រីប្រឈមផងដែរ។ យើងកំពុងឃើញស្ត្រីកាន់តែច្រើនឡើងៗកំពុងរស់នៅក្នុងជម្លោះ។ ដូចនេះ យើងមិនអាចដោះស្រាយវិបត្តិនេះបាន ដោយគ្មានការវិនិយោគទៅលើស្រ្តីឡើយ។ ពីព្រោះបើយើងវិនិយោគលើស្ត្រី យើងឃើញមានការរីកចម្រើនទៅមុខកាន់តែខ្លាំងក្នុងសង្គម និងឃើញសង្គមមួយមានសន្តិភាពកាន់តែខ្លាំងជាងមុន»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ