ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ពង្រឹង​សកម្មភាព​ការពារ​សិទ្ធិ​ស្រ្តី ខណៈស្រ្តី​នៅតែ​ប្រឈម​នឹង​អំពើ​ហិង្សា


អ្នកស្រី សោម សុវ៉ាន់ ​ស្ត្រី​​រង​អំពើហិង្សា​ពីស្វាមី កំពុង​អង្គុយ​​រៀបរាប់​នៅ​ផ្ទះ​របស់​ប្អូនស្រី​អ្នកស្រី​ក្នុង​ខេត្តកំពង់​ឆ្នាំង កាលពី​​​ថ្ងៃទី​ ២៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី សោម សុវ៉ាន់ ​ស្ត្រី​​រង​អំពើហិង្សា​ពីស្វាមី កំពុង​អង្គុយ​​រៀបរាប់​នៅ​ផ្ទះ​របស់​ប្អូនស្រី​អ្នកស្រី​ក្នុង​ខេត្តកំពង់​ឆ្នាំង កាលពី​​​ថ្ងៃទី​ ២៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ជារៀងរាល់​ព្រឹក​នៅ​តាម​តូប​លក់​កាសែត​ និង​ទស្សនាវដ្តី​ក្នុង​ស្រុក​ ​គេ​នៅតែ​ឃើញ​សេចក្តី​រាយ​ការណ៍ព័ត៌មាន​អំពី​ករណី​វាយដំ​លើ​ស្ត្រី​ជា​ភរិយា ​ឬ​មិត្តស្រី និង​ករណី​រំលោភ​បំពាន​លើ​រូបរាង​កាយ​របស់​ស្ត្រី​នៅឡើយ។ ការណ៍​នេះ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ថា អំពើ​ហិង្សា​លើ​ស្ត្រី ​និង​វិសមភាព​យេនឌ័រ គឺជា​បញ្ហា​ចាក់ស្រេះ​មួយ​ដែល​ទាមទារ​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ពី​គ្រប់​ភាគី។ ​

មិន​ខុស​ពី​ស្ត្រី​ជា​ជន​រងគ្រោះ​មួយ​ចំនួន​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ឯទៀត អ្នកស្រី សោម សុវ៉ាន់ អាយុ ៤៣ ឆ្នាំ បាន​ឲ្យដឹង​ថា ស្វាមី​របស់​អ្នកស្រី​បាន​ចាប់ផ្តើម​ប្រើ​ហិង្សា​ជា​ពាក្យ​សម្តី ​និង​ហិង្សា​ផ្លូវចិត្ត​ នៅពេល​ស្វាមី​របស់​អ្នកស្រី​ផឹក​គ្រឿង​ស្រវឹង ហើយ​រក​រឿងជេរស្តី​អ្នកស្រី​មិន​ដែល​លោះ។ អ្នកស្រី​បាន​រៀបការ​ជាមួយស្វាមី​កាល​ពី​ឆ្នាំ​ ២០១៨ ដោយ​មាន​កូនប្រុស​ម្នាក់​អាយុ​៤ឆ្នាំ​។

អង្គុយ​ផ្តល់​បទ​សម្ភាសន៍​នៅ​ផ្ទះ​របស់​ប្អូនស្រី​ខ្លួន ស្រ្តី​សម្បុរសណ្តែកបាយ​ រូបរាងស្គមរូប​នេះ​និយាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា៖ ​

«ធ្ងន់ជាងគេ​គឺ​ប្រមាថមើល​ងាយ​ខ្ញុំ។ ប្រមាថមើលងាយខ្ញុំ ដូចជា​ប្រៀប​ធៀប ដូចជាខ្ញុំ និយាយ​ទៅ​គាត់​ធ្វើ​ឱ្យ​យើង​ពេល​ខ្លះ​យើង​ខឹង។ ធម្មតា​ប្រមាថយើង ដែល​យើង​ជាស្រី ជាប្រពន្ធ​រៀបការ​ពេញ​ច្បាប់ ប្រៀប​នឹង​ស្រី​សំផឹង ហើយ​ជេរ​ប្រមាថ»។

ក្រៅពី​រង​ហិង្សា​ពាក្យ​សម្តី និង​ផ្លូវ​ចិត្ត មានពេល​ខ្លះអ្នកស្រី​ក៏​រងនូវ​ការ​ប្រើ​ហិង្សាផ្លូវកាយពី​ស្វាមី​ផង​ដែរ ដែលមាន​ពេល​ខ្លះ អ្នកស្រី​ត្រូវ​ពរកូន​គេច​ចេញ​ពី​ផ្ទះ​ទៅពួន​នៅ​ផ្ទះ​របស់​សាច់ញាតិ​ក៏​មាន។ អ្នកស្រីបន្ថែម​ថា ចាប់តាំង​ពី​ស្វាមី​របស់​អ្នកស្រី​ផឹក​គ្រឿង​ស្រវឹង និង​ប្រើ​ហិង្សា​មក អ្នកស្រីត្រូវ​ប្រឈម​បញ្ហា​ជីវភាព ហើយចំណែក​ផ្លូវ​ចិត្តរបស់​អ្នកស្រី​ក៏​មានបញ្ហា​ផង​ដែរ។

«មានពេល​ខ្លះ​អារម្មណ៍​យើង​អត់​ដូចមុនទេ។ មានអារម្មណ៍ថាដូចជាផ្លូវ​ចិត្ត​ហ្នឹង វាទៅជា បើ​និយាយ​ឱ្យ​ចំ សឹងតែថា​មានពេល​ខ្លះ​វាសឹងតែ​ឆ្កួត​តែម្តង។​ វាពិបាក​ខ្លាំង»។

ការ​ប្រើហិង្សា​ក្នុង​គ្រួសារ មិនមែន​កើត​មាន​តែ​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏កំពុង​តែ​ជា​បញ្ហា​ប្រឈម​ផង​ដែរ។​

បើ​តាម​របាយការណ៍រ​បស់​អង្គការ​សហប្រជាជាតិ​ស្រ្តី (UN Women) ស្តីពី​អំពើ​ហិង្សា​លើ​ស្ត្រីនៅ​អាស៊ី​អាគ្នេយ៍​ក្នុងឆ្នាំ២០១៣​ បង្ហាញ​ថា ២២% នៃស្ត្រីដែ​ល​ត្រូវ​បាន​សម្ភាសន៍​បាន​រាយការណ៍​ថា ពួកគេ​បាន​ជួបប្រទះអំពើហិង្សាលើរាងកាយដោយដៃគូបុរស ប៉ុន្តែ​ភាពអាម៉ាស់ និង​ទំនៀម​ទំលាប់​ដែល​ជាប់​ទាក់ទង​នឹ​ងក្រ​ម​សីលធម៌​ដែល​បង្រៀន​ក្មេងស្រី​និង​ស្ត្រី បានអនុញ្ញាត​ឱ្យ​មាន​ការរំលោភ​បំពាន​ក្រោម​បរិយាកាសនិទណ្ឌភាព។

របាយ​ការណ៍​ដដែល​នោះ​ក៏​បាន​រកឃើញថា ៩៦,២% ​នៃ​បុរស​កម្ពុជា និង ៩៨,៥%​នៃ​ស្ត្រី​កម្ពុជា​គិត​ថា​ស្ត្រី​គួរ​តែ​ស្តាប់​បង្គាប់​ប្តី។ ហើយ៦៧​%​នៃ​ស្ត្រី​ជឿថា ពួកគេ​គួ​រ​តែ​អត់ធ្មត់​ចំពោះអំ​ពើហិង្សាដើម្បីរក្សាគ្រួសារ។

កិច្ច​ប្រឹងប្រែង​បន្ថែម​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សាលើស្រ្តី​និង​វិសមភាពយែនឌ័រ​មួយ​ ត្រូវ​បាន​អាស៊ាន​ប្រកាសកាលពី​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២២ តាមរយៈ​ការ​ដាក់​ចេញ​នូវផែនការ​សកម្ម​ភាព​ក្នុង​តំបន់​ស្តីពីស្រ្តី សន្តិភាព និង​សុវត្ថិភាព ដើម្បី​ឱ្យ​ប្រទេសក្នុង​តំបន់​អាស៊ាន​យក​ទៅ​អនុវត្ត ដោយ​ដាក់​បញ្ចូល​ក្នុង​ផែនការ​សកម្មភាពជាតិ​របស់​ប្រទេស​នីមួយៗ។

នា​ពេល​នោះ មាន​ប្រទេស​ប្រមាណ​ជា​បួន​បាន​ប្រកាស​អនុវត្ត​ជាបន្ត​បន្ទាប់ ដូចជា​ប្រទេស​ហ្វ៊ីលីពីន ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​វៀត​ណាម និង​ប្រទេស​ថៃ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​សម្ពោធដាក់​ដំណើរការ​ផែនការ​សកម្មភាពក្នុងតំបន់អាស៊ានស្តីអំ​ពីស្ត្រី សន្តិភាព និង​សុវត្ថិភាព (ASEAN RPA on WPS) នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​ ៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​សម្ពោធដាក់​ដំណើរការ​ផែនការ​សកម្មភាពក្នុងតំបន់អាស៊ានស្តីអំ​ពីស្ត្រី សន្តិភាព និង​សុវត្ថិភាព (ASEAN RPA on WPS) នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​ ៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

សម្រាប់​កម្ពុជា លោកស្រី អ៊ឹង កន្ថាផាវី ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​សម្ពោធដាក់​ដំណើរការ​ផែនការ​សកម្មភាពក្នុងតំបន់អាស៊ានស្តីអំ​ពីស្ត្រី សន្តិភាព និង​សុវត្ថិភាព (ASEAN RPA on WPS) នៅ​រាជធានីភ្នំពេញ​ថា កម្ពុជាទើប​ចាប់​ផ្តើមសិក្សា​ដើម្បី​រៀបចំ​ការ​ដាក់​បញ្ចូល​ផែនការ​សកម្មភាពក្នុង​តំបន់ ទៅ​ក្នុង​ផែនការ​សកម្មភាព​ជាតិ​ ដោយសារ​ត្រូវ​សិក្សា​ពីបរិបទ​ក្នុងប្រទេសកម្ពុជា​ជាមុន។

លោកស្រី​បន្ថែមថា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ប្រទេស​ក្នុងតំបន់​ខ្លះ ​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​នេះ គឺ​ដោយសារប្រទេស​ទាំងនោះ​មាន​បញ្ហា​អស្ថិរភាព ប៉ុន្តែ​សម្រាប់​កម្ពុជា​គឺ​ជា​ប្រទេស​មាន​សុខ​សន្តិភាព។

លោកស្រីបញ្ជាក់ថា​៖ «ឥឡូវយើងនឹង​ចាប់ផ្តើម​ ដោយសារ​ឥលូវយើង​មាន​មូលដ្ឋានហើយ ​ជា​តំបន់​ដូចខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង យើងត្រូវមើលតំបន់ឱ្យវាចូលក្នុងបរិបទរបស់ខ្មែរយើង។ អ្វីដែល​ជា​អាទិភាព​ចំពោះ​ខ្មែរ​យើង។ អ៊ីចឹងយើ​ង​នឹង​ចាប់ផ្តើម​រៀបចំ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​ផែនការ​តំបន់​នេះ​ហើយ​យើង​នឹង​ចាប់ផ្តើមធ្វើហើយ។​ ហើយបើថាចប់ បែប​ឆ្នាំក្រោយ ​ត្រូវការ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់»។​

លោកស្រី​ អ៊ឹង កន្ថាផាវី បន្ថែម​ថា ​ការ​រៀបចំ​ដាក់បញ្ចូល​ផែនការ​សកម្មភាពជាតិ​នេះ អាច​នឹងត្រូវ​ការ​រយៈពេល​មួយ​ឆ្នាំ ហើយ​កម្ពុជា​នឹង​ផ្តោតលើហិង្សា​លើ​ស្រ្តី គ្រោះ​ថ្នាក់ធម្ម​ជាតិ បញ្ហា​ជំងឺ​រាត​ត្បាតពីក្រៅប្រទេស សមភាព​យេនឌ័រ និង​ការពង្រឹង​អំណាច​របស់ស្រ្តី។​

របាយការណ៍​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​កាលពី​ខែ​មីនា ឆ្នាំ​ ២០២១ ​រក​ឃើញ​ថា ស្រ្តីម្នាក់ ក្នុង​ចំណោម​ ៣ ​នាក់ នៅ​ទូទាំង​ពិភព​លោក ទទួល​រងនូវ​ការរំលោភបំពាន​ផ្លូវភេទ និង​/ឬ​ហិង្សា​ផ្លូវកាយ ដោយ​ដៃគូស្និទ្ធស្នាល ឬមិនមែន​ដៃគូ​ ក្នុងជីវិតរបស់ពួកគេ។

ចំណែក​របាយការណ៍​ចេញ​ដោយមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ រកឃើញ​ថា មាន​ស្ត្រី​កម្ពុជា​យ៉ាង​ហោចណាស់​ម្នាក់​ក្នុង​ចំណោម​ ៥​ នាក់ ​ធ្លាប់​រង​អំពើ​ហិង្សាពីដៃគូស្នេហា សមាជិក​គ្រួសារ សហការី មន្ត្រី​សាធារណៈ និង​អ្នកផ្សេងៗទៀត ខណៈ​ចំនួន​នេះ​ត្រូវ​បាន​រកឃើញ​កើនឡើង​ក្នុង​អំឡុងពេល​នៃការ​រាតត្បាត​ជំងឺ​កូវីដ១៩។

អ្នកស្រី រី អេម អាយុ​ ៥០ ​ឆ្នាំ កំពុង​រស់​នៅ​ខេត្ត​បាត់​ដំបង ប្រាប់ VOA ថា អ្នកស្រី​ត្រូវ​បាន​ប្អូន​ប្រុស​ថ្លៃ​ចាប់​រំលោភកាលពី​ឆ្នាំ​ ១៩៩១ ប៉ុន្តែ​អ្នកស្រី​មិនហ៊ាន​ប្តឹងសមត្ថកិច្ច​ដោយសារ​គ្រួសារ​ខ្លាច​ខ្មាស​គេ​ ស្របពេល​ ដែល​ឪពុករបស់​អ្នកស្រី​តែង​វាយ​ដំ​ម្តាយ​របស់​អ្នកស្រី​ជាញឹក​ញាប់​ដែរ​នោះ។

«ល្ងាចមកវិញ​និយាយ​ប្រាប់​ម៉ែ ម៉ែថា​កុំ​មាត់ តែឱ្យ​ឪហ្អែង​ដឹង វាយ​ម៉ែ​ងាប់​ទៀត​ហើយ […] អ៊ីចឹង​បាន​ថា អាណិត​ម្តាយ អត់​មាត់ទេ ខ្លាច​ឪវាយម៉ែ»។​

អ្នកស្រី​បន្ថែម​ថា បន្ទាប់​ពី​ឪពុកម្តាយ​របស់​អ្នក​ស្រី​ចែក​ឋាន​ទៅ​នៅ​ឆ្នាំ​ ២០១៤ អ្នក​ស្រី​បាន​ដាក់​ពាក្យ​ប្តឹង តែមិនមាន​អ្នក​ទទួល​បណ្តឹង​។

បើតាម​អង្គការ UN Women អំពើ​ហិង្សា​ក្នុង​គ្រួសារមាន​ ៥​ ប្រភេទ ដូចជា ហិង្សា​ផ្នែក​សេដ្ឋកិច្ច ហិង្សា​ផ្លូវ​ចិត្ត ហិង្សា​ផ្លូវ​អារម្មណ៍ ហិង្សា​លើ​រាងកាយ និង​ហិង្សាផ្លូវ​ភេទ។​

ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញ​អត្តសញ្ញាណ រៀបរាប់ប្រាប់វីអូអេអំពីបទពិសោធន៍រង​អំពើហិង្សា​ពីស្វាមីម្នាក់ ខណៈកំពុង​អង្គុយ​បោកខោអាវនៅ​ផ្ទះ​របស់​អ្នកស្រី ក្នុង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ១៤ ខែ​ធ្នូ​ ឆ្នាំ​ ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញ​អត្តសញ្ញាណ រៀបរាប់ប្រាប់វីអូអេអំពីបទពិសោធន៍រង​អំពើហិង្សា​ពីស្វាមីម្នាក់ ខណៈកំពុង​អង្គុយ​បោកខោអាវនៅ​ផ្ទះ​របស់​អ្នកស្រី ក្នុង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ១៤ ខែ​ធ្នូ​ ឆ្នាំ​ ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ស្រ្តី​ប្រកប​របរ​លក់​ត្រី​នៅ​ផ្សារ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្តាល ដែល​រង​ការ​ប្រើ​ហិង្សា​ពាក្យ​សម្តី​ពី​ស្វាមីម្នាក់​ទៀត ថ្លែង​ដោយ​សុំ​មិនបញ្ចេញឈ្មោះ​ថា ស្វាមី​របស់​អ្នកស្រី​តែង​ស្រែក​ជេរ ​និង​ប្រើពាក្យ​ប្រមាថធ្ងន់ៗ​លើ​អ្នកស្រី​ជា​រៀងរាល់​ថ្ងៃ គ្រប់ពេល​ដែល​ស្វាមី​របស់​អ្នកស្រី​ប្រើ​គ្រឿង​ញៀន។

«នៅ​តែរករឿង ជេរបញ្ចោរ​យើង​នៅ​តែផ្ទះហ្នឹង។ បើខ្លាំង​គឺ​ខ្វេវ ពូថៅ ស៊ីញ៉ូយើង​។ ខ្វេវ ពូថៅ​ស៊ីញ៉ូតែម្តង»។

អ្នកស្រី​បន្ថែមថា នៅមុន​ពេល​ចេញ​ពីផ្សារ​មកផ្ទះ​វិញ អ្នកស្រី​តែង​តែ​រង​ការ​ភ័យ​ខ្លាច​ថា ស្វាមី​របស់​អ្នកស្រីនឹង​ប្រើហិង្សា​ជាថ្មី​ទៀត។

អ្នកស្រីនិយាយ​ថា​៖ «អូនអើយ ចង់​ថប់​ដង្ហើមម្តងៗ ចង់​ដាច់​ខ្យល់​ម្តងៗ ដូចថា​ប៊ឹប! ណែន​ដើម​ទ្រូង​តែម្តង។ ដូចថា មានអារម្មណ៍​ថា អញ​ច្បាស់ជារឿង​ទៀត​ហើយ​ទៅដល់​ផ្ទះ។ នឹក​ឃើញ​អ៊ីចឹង វា​ពិបាក​ក្នុង​ចិត្ត។ នឹក​ឃើញ​ថា​ទៅផ្ទះ​វិញ​អំពើហិង្សា [​ពី] ប្តី​អញ​ច្បាស់ជាជេរ​បញ្ចោរ​ពេញ​ហ្នឹង​ហើយ ខ្មាស​គេ​ណាស់។ និយាយ​ពី​ខ្មាស​គេ នោះខ្មាស។ នឿយហត់ រកស៊ី​ចិញ្ចឹមកូន​តាំងពី​តូច រហូត​ដល់​ចិញ្ចឹម​ឪពុកក្មេក មក​ដល់​ផ្ទះ​ប្តី​ជេរបញ្ចោរអ៊ីចឹង ​យើងដូច​ពិបាក​ដែរ»។

អ្នកស្រី​បន្ថែម​ថា បច្ចុប្បន្ន​ស្វាមី​របស់​អ្នកស្រី​កំពុង​ស្ថិត​នៅ​មណ្ឌល​កែប្រែ​ដើម្បី​បន្សាប​គ្រឿង​ញៀន ដោយ​អ្នកស្រី​រំពឹង​ថា ស្វាមី​នឹងឈប់​ប្រើ​ហិង្សា​ពេល​ចេញ​ពីមណ្ឌលមកវិញ។​

បើតាម​ស្រ្តី​ដែល​រង​នូវ​ការ​ប្រើហិង្សា​ក្នុង​គ្រួសារ​អះអាងថា ពេល​ខ្លះ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មិនមាន​អាជ្ញាធរ​ចុះ​ធ្វើ​អន្តរាគមន៍​ នៅ​ពេល​ពួកគេ​រង​ការ​ប្រើ​ហិង្សា​ពី​ស្វាមី​ផងដែរ។​

កញ្ញា ណម ស៊ីណា ប្រធាន​កម្មវិធី​ទំនាក់ទំនង​សហគមន៍​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា (GADC) លើក​ឡើង​ថា អំពើហិង្សា​ផ្លូវកាយ​តាមរយៈ​ការ​វាយដំ មិន​មាន​ចំនួន​ច្រើន​ដូចមុន​នោះ​ទេ ប៉ុន្តែ​អំពើហិង្សាផ្លូវ​ចិត្ត​ និង​ពាក្យ​សម្តី​នៅ​តែមាន​ច្រើន​ដដែល។

កញ្ញា​បន្តថា មូលហេតុ​ដែល​ស្រ្តី​ជាច្រើន​នៅ​តែ​បន្ត​រង​ការ​ប្រើហិង្សា​គ្រប់​រូបភាព​ ដោយ​សារ​កម្ពុជា​នៅ​មាន​ផ្នត់​គំនិត​បិតាធិបតេយ្យ មាន​ន័យ​ថា បុរសត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុងការ​សិក្សា​ច្រើន​ជាងស្ត្រី និងត្រូវ​បានចាត់​ទុក​ថា ​ជា​អ្នក​ដែល​មាន​អំណាចក្នុង​ការ​សម្រេចចិត្តខ្ពស់ក្នុងគ្រួសារ និង​ជា​អ្នក​ដែល​មាន​អំណាច​ផ្នែក​សេដ្ឋកិច្ច។​

បើតាមកញ្ញា ណម ស៊ីណា​ អំពើ​ហិង្សា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់សង្គម និង​គ្រួសារ ជាពិសេសផ្លូវ​ចិត្ត​របស់​ស្រ្តី និងកុមារ។​

សម្រាប់​ការ​ទប់​ស្កាត់ និង​ដំណោះស្រាយ ប្រធាន​កម្មវិធី​ទំនាក់​ទំនង​សហគមន៍​នៃ​អង្គការ​យេនឌ័រ​ និងអភិវឌ្ឍ​ដើម្បី​កម្ពុជា​រូបនេះ បន្ថែម​ថា ​អាជ្ញាធរ​ត្រូវ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​ការ​ប្រើ​អំពើ​ហិង្សា។ សហគមន៍​ត្រូវ​យល់​ដឹង​ថា អំពើ​ហិង្សា​ជា​បញ្ហា​របស់​ទាំងអស់​គ្នា ហើយ​ក្នុង​គ្រួសារ​ត្រូវ​យល់​អំពី​សមភាព​យែនឌ័រ ហើយ​ត្រូវ​ជំរុញ​ឱ្យ​ស្រ្តី​មាន​អំណាច​សេដ្ឋកិច្ច។

ក្រសួងកិច្ចការនារី​កម្ពុជា​តែង​បង្ហាញអំពី​យន្តការ​ក្នុងការ​ទប់ស្កាត់ និង​កាត់​បន្ថយអំពើ​ហិង្សា​លើ​ស្រ្តី ពិសេស​អំពើ​ហិង្សាក្នុង​គ្រួសារ ប៉ុន្តែ​យើង​ឃើញ​ថា ស្រ្តីនៅ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​ប្រើ​ហិង្សា​ស្ទើរៀង​រាល់​ថ្ងៃដដែល។​

អ្នកស្រី ​ស ស៊ីណែត អគ្គនាយិកា​រង​នៃ​អគ្គ​នាយកដ្ឋានអភិវឌ្ឍន៍​សង្គម​របស់​ក្រសួង​កិច្ចការនារី ប្រាប់ VOA ថា ក្នុង​ពេល​បច្ចុប្បន្ន មិនមាន​តួលេខ​ជាក់លាក់​ណាមួយ​បង្ហាញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​មានការ​កើនឡើង ឬ​ថយ​ចុះនោះទេ។ ទោះយ៉ាងណា​អ្នកស្រី​ថា សម្រាប់​ការ​អនុវត្ត​ជាក់​ស្តែង អំពើ​ហិង្សាក្នុង​គ្រួសារ​មាន​ការ​ថយចុះ។

អ្នកស្រី​បន្តថា ក្រសួង​កិច្ចការនារី​មាន​ក្រុម​ការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ ព្រមទាំង​មានការ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​ក្នុងការ​ឆ្លើយ​តប​ទៅនឹង​ការ​ទប់​ស្កាត់​ និង​ដោះ​ស្រាយ​អំពើហិង្សា។

អ្នកស្រី ស ស៊ីណែត បន្ថែម​ថា ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី ចាំបាច់​ត្រូវមាន​ការ​ចូលរួម​ពីគ្រប់គ្នា​ ដោយ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​នៅ​ពេល​បានឮ បាន​ឃើញ​ការ​ប្រើ​ហិង្សា​ណាមួយ ហើយ​សម្រាប់​អ្នក​ផ្តល់សេវា និង​អ្នក​អនុវត្ត​ច្បាប់​ ត្រូវ​ឆ្លើយ​តប​ដោយ​យក​ចិត្ត​ទុក​ដាក់​ដល់​ជនរង​គ្រោះ។

«ការ​ផ្តល់​សេវាហ្នឹងគឺមានន័យ​ថា ដោយ​ឆ្លើយ​តបទៅនឹងតម្រូវការ​របស់​ពួកគាត់​ ហើយ​គិត​ពី​តម្រូវ​ការ​របស់​ពួកគាត់​ហ្នឹង គឺគាត់​ត្រូវ​ការ​ចង់​បាន​អី។​ ហើយ​សំខាន់​បំផុត​ព្យាយាម​កុំ​បន្ទោស​ជនរងគ្រោះ ព្រោះ​ការ​បន្ទោស​ជន​រងគ្រោះ​ គឺជារឿង​មួយដែល​ធ្វើ​ឱ្យ​ជនរងគ្រោះ​កាន់តែគ្រោះ​ថ្នាក់ថែម​ទៀត។ ហើយ​មួយទៀត​ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មិន​ថា​ស្ថាប័ន​ក្រសួង​ ឬក៏​អង្គការ​ដៃគូទេ គឺ​យើង​ត្រូវ​តែចូល​រួម​ផ្សព្វផ្សាយឱ្យ​បាន​ទូលំទូលាយទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា។​ ហើយ​សម្រាប់​អ្នកអនុវត្ត​ច្បាប់ ឬអ្នកផ្តល់​សេវា គឺ​ត្រូវ​តែ​ផ្តល់​សេវា​ដល់​ជន​រង​គ្រោះ​ដោយ​មិនមានការ​រើសអើង ហើយផ្តល់​សេវា​ទាន់​ពេល​វេលា និង​មានប្រសិទ្ធភាព​ផង​ដែរ»។​

កំពុង​និយាយ​ទាំង​ទឹក​មុខ​ស្ងួត អ្នកស្រី សោម សុវ៉ាន់ ​ដែល​នៅ​បន្ត​រង​ការ​ប្រើ​ហិង្សា​ពាក្យ​សម្តី​ពី​ស្វាមី​ លើកឡើង​ថា អ្នកស្រី​នឹង​សម្រេច​ជ្រើសយក​ការ​លែងលះ ប្រសិន​បើ​ស្វាមី​របស់​អ្នកស្រី​នៅ​បន្តប្រើហិង្សា។​

«បើសិន​ជា​ថា​ទៅមុខ​ទៀត​គាត់​មិនកែ អាយុ​កាន់​តែ​ច្រើន​ហើយ​គាត់​មិនកែ​មិនអី ​បង​មាន​តែការ​បែកបាក់​លែងលះ​គ្នា​ហ្នឹង​ហើយ»៕

XS
SM
MD
LG