ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោ​បាយ​ខ្វែង​គំនិត​គ្នា​លើ​ការជូន​ដំណឹង​ពាក់ព័ន្ធ​ការឃោសនា​បោះឆ្នោត​ឃុំសង្កាត់


រូបឯកសារ៖ សកម្មភាព​នៃ​ការដង្ហែក្បួន​ឃោសនា​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ (ធីតា វីន/វីអូអេ)
រូបឯកសារ៖ សកម្មភាព​នៃ​ការដង្ហែក្បួន​ឃោសនា​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ (ធីតា វីន/វីអូអេ)

គណ​បក្ស​នយោបាយ​ដែល​បាន​សម្រេច​ចូល​រួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ បានប្រតិកម្ម​ផ្ទុយគ្នា​លើ​ការ​កំណត់​ពេល​នៃ​ការ​ជូន​ដំណឹង​ដើម្បី​បាន​ចេញ​ទៅ​ឃោសនា​កៀរ​គរ​សំឡេង​គាំទ្រ​អ្នក​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់ ​ដោយ​គណ​បក្ស​ខ្លះ​ទាម​ទារឱ្យ​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះឆ្នោត ឬហៅកាត់​ថា​(គឃ.សប) ​បន្ថែម​ពេល​វេលា​សម្រាប់​ការ​ជូនដំណឹង​ដល់​គណបក្ស​ដែល​បច្ចុប្បន្ន​មាន​តែ​៣ថ្ងៃ ខណៈ​បក្ស​មួយ​ចំនួន​មិន​បង្ហាញ​ការ​ជំទាស់​។ ​
ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ ត្រូវ​បាន​គ្រោង​ធ្វើ​នៅថ្ងៃទី​៥ ខែ​មិថុនា​ ឆ្នាំ​២០​២២ ដោយ​មាន​គណបក្ស​នយោ​បាយ​យ៉ាង​ហោច​ណាស់​១៧​គណ​បក្ស​ចូលរួម។

​អ្នកនាំពាក្យគណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋានលោក​ ឡឹក សុធារ​ ស្នើ​ទៅ​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះឆ្នោត ​ពន្លឿន​ការ​ជូន​ដំណឹង​នៃ​ការ​បែង​ចែក​ពេល​វេលា​ និង​ថ្ងៃឃោសនា​បោះ​ឆ្នោត​ដល់​គណ​បក្ស​ទាំង​អស់​ឱ្យ​បាន​លឿន​បន្តិច​ ពោល​គឺ​គណៈ​កម្មការ​ឃុំ ​គួរ​ប្រាប់មក​គណបក្ស​យ៉ាង​តិច​៧ថ្ងៃ មុន​ពេល​គណៈកម្មការ​សម្រេច​ថា​ គណ​បក្ស​អាច​ឃោសនា​នៅ​ពេល​វេលា​ជាក់​លាក់​ណា​មួយ​នោះ។

លោក​ថ្លែង​ថា៖ ​«រឿង​នេះ​ វាពិត​ជា​ជិះ​ឥទ្ធិពល និងមាន​ការ​លំបាក​ ដល់​គណបក្ស​នយោបាយ​ក្នុង​ការ​រៀប​ចំផែន​ការ​ហែ និង​ផែន​ការ​ចុះ​ជួយ​។ ផែនការ​រៀប​ចំនោះ​ គឺ​បើ​សិន​ជាយើង​ដឹង​យឺតពេល ហើយ​ឧទាហរណ៏​ថា​ គណបក្ស​មួយ​នឹង​ចុះ​ហែ​នៅ​ថ្ងៃ​ដំបូង​ ដូ​ច្នេះ​វា​នឹង​មាន​ការ​លំបាក ពីព្រោះថាត្រូវ​កៀរ​គរ​កម្លាំង​ ធ្វើ​ផែន​ការ​ចលនា​ធនធាន​ជា​ដើម​ រួម​ទាំង​ការ​គាំទ្រ​ ពីថ្នាក់ដឹកនាំ​ ពីព្រោះពេល​វេលា​របស់​ថ្នាក់ដឹកនាំ​ ក៏​មិនច្បាស់​ថា អាច​ទៅ​ជួយ​ឃុំ​ណា​បាន​...»​។

យ៉ាង​ណាក៏ដោយ​ នៅ​ក្នុង​បទ​បញ្ជា​ និងនីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ អាណត្តិ​ទី៥​រៀបចំ​ដោយ​គ.ជ.ប គណបក្ស​នយោបាយ​ទាំងអស់​ត្រូវបាន​កំណត់​ឱ្យ​ជូនដំណឹង​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ យ៉ាង​ហោច​ឱ្យ​បាន​មុន​៣ថ្ងៃ​ អំពី​ថ្ងៃ ​ពេលវេលា​ និង​ទីកន្លែង​សម្រាប់​ការហែ​ក្បួន​ឃោសនា។

​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​មេឃុំ​លេខ​រៀង​ទី២ របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូ​ល​ដ្ឋាន​នៅ​ក្នុង​ឃុំព្រែក​ស្តី​ ស្រុក​កោះ​ធំ​ ខេត្ត​កណ្តាល​ ​អ្នក​ស្រី សែម សុផល​ លើក​ឡើង​អំពីបញ្ហា​ប្រឈម​ជុំវិញការ​កំណត់​កាល​បរិច្ឆេទ​ និងទីតាំង​សម្រាប់​ការ​ឃោសនា​បោះឆ្នោត។

អ្នកស្រី​បាន​ស្នើ​ទៅ​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ​ពន្លឿន​ការ​កំណត់​បែង​ចែក​ថ្ងៃឃោសនា​បោះ​ឆ្នោត​ដល់​គណ​បក្ស​ទាំង​អស់​ឱ្យ​បាន​លឿន​បន្តិច ដើម្បី​ឱ្យ​គណ​បក្ស​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ដំណើរ​ការ​នៃ​កា​រឃោស​នា​នោះ។

អ្នក​ស្រី​ថ្លែង​ថា៖«ខ្ញុំ​ចង់​ឱ្យមាន​ការ​ពន្លឿន​ឆាប់​បន្តិច [ព្រោះ​]​ពេល​ហ្នឹង​យើង​ត្រូវ​ការ​មមារ​ញឹក​ ​រៀប​ចំ​អីអត់​ទាន់​»​។

ឆ្លើយតប​ទៅនឹង​ការ​ទាមទាររបស់​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​ព្រែក​ស្តី​ លោក លោក ​ប៉ិច សេង​គី និយាយ​ថា​ គណៈកម្មការ​រាជ​ធានី​ខេត្ត​រៀប​ចំការ​បោះឆ្នោ​ត មិន​ទាន់​អនុញ្ញាត​ឱ្យ​គណៈ​កម្មការ​ឃុំ​ទទួល​ពាក្យ​ និង​សំណើ​របស់​គណបក្ស​ក្នុង​ការ​កំណត់​ថ្ងៃ​ឃោសនា​បោះឆ្នោត​នោះ​ទេ។

ប៉ុន្តែ​លោក​អះអាង​ថា​ គណៈកម្មការ​ឃុំ​ព្រែក​ស្តី នឹង​ធ្វើការ​បែង​ចែក​ពេលវេលា​ឃោសនា​សម្រាប់​គណបក្ស​ទាំង​អស់​នៅថ្ងៃទី​១៧​ ខែ​ឧសភា​នេះ ហើយ​គណបក្ស​នីមួយ​ៗ​ អាច​ធ្វើ​កា​រឃោសនា​បា​ន​២​ដង​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​១៤​ថ្ងៃនៃ​យុទ្ធការ​ឃោសនា​នោះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា៖​«​អ៊ីចឹង​ការ​លើក​ពេល​ដើម្បី​ចែ​កពេល​វេលា​ឃោស​នា​ហ្នឹង​ ​គឺ​មកប្រជុំ​នៅ​ថ្ងៃ​១៧​វិញ ​ដើម្បី​សម្រេច​ចុង​ក្រោយ​នៃ​កាល​បរិច្ឆេទ​ ដើម្បី​ឱ្យ​ឃោសនា»។

​ដោយឡែក​ គណ​បក្ស​ផ្សេង​ទៀត​ យល់​ស្រប​តាម​នីតិវិធី​នៃ​ការ​បែង​ចែងពេល​វេលា​របស់​គណៈ​កម្មាការ​រៀប​ចំការ​បោះ​ឆ្នោត​ ពាក់ព័ន្ធ​ដំណើរ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយ​ៗនៅ​តាម​ឃុំ​សង្កាត់​នោះ​។

ប្រធាន​គណ​បក្ស​កម្ពុជា​និយម ​លោក​ យ៉ែម បុញ្ញឫទ្ធិ​ ថ្លែងថា​ ការ​កំណត់ពេលវេលាជូន​ដំណឹង​ ដើម្បី​ធ្វើ​ការបែង​ចែក​ថ្ងៃ​សម្រាប់​ឃោសនា​រក​សំឡេងឆ្នោត​តាម​ឃុំ​សង្កាត់ ​គឺ​អាច​ទទួល​យកបាន​សម្រាប់គណ​បក្ស​របស់​លោក។ ​
លោក​និយាយ​ថា៖ ​«ដូច្នេះ​យើង​ [គណ​បក្ស​]កម្ពុជា​និយម​យល់​ឃើញថា ពេល​វេលា​គ្រប់​គ្រាន់​ សម​ល្មម​ក្នុង​ការ​រៀប​ចំ​យុទ្ធនាការ​ឃោសនា​នោះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព»​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​លោក​ ​សុខ ឥសាន ​ប្រាប់​វីអូអេនៅថ្ងៃព្រហស្បតិ៍​នេះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​ មិន​មាន​ការ​ជំទាស់​នឹង​ដំណើរ​ការ​បែង​ចែក​ពេល​វេលា​ឃោសនា ដែល​កំណត់​ដោយ​ ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ គ.ជ.ប​នោះ​ទេ។

អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ​លោក​ សោម សូរីដា និយាយថាការ​ហែ​ក្បួន​នៅ​តាម​ឃុំសង្កាត់​គឺ គណបក្ស​ទាំង​អស់ត្រូវ​ជូន​ដំណឹងទៅ​គណៈ​កម្មាការ​ឃុំ​សង្កាត់ យ៉ាង​ហោច​៣​ថ្ងៃ​ មុន​ថ្ងៃ​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា ដើម្បី​បើក​ផ្លូវ​ឱ្យអាជ្ញាធរមូលដ្ឋាន​ មាន​ភាពងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់ និង​សន្តិ​សុខ​តាម​ឃុំ​សង្កាត់​ជូន​គណ​បក្ស​ទាំង​អស់។

បើតាម​លោក​សោម​ សូរីដា​ គណបក្ស​ទាំង​អស់​ ​អាច​រៀប​ចំ​ឯក​សារ​ដូចជា​សេច​ក្តី​ជូន​ដំណឹង និ​ងកម្មវិធីហែ​ក្បួន​របស់​ខ្លួន​ទុក​ជា​មុន​ ហើយ​ប្រសិន​បើ​គណបក្ស​ណា​ដាក់​បាន​មុន នោះ​គណៈកម្មការ​ឃុំសង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​ នឹង​សម្រេច​ឱ្យ​មុន​។ ប៉ុន្តែបើ​សិន​ដាក់​ចំថ្ងៃតែមួយ ​នោះ​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះឆ្នោត​ នឹង​បែង​ចែង​ម៉ោង​ហែ​ខុស​គ្នា​ ដើម្បី​បញ្ចៀស​បញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​ឃុំ​សង្កាត់​នោះ​។

លោកនិយាយ​ថា៖ ​«ពូចង់បញ្ជាក់ឡើង​វិញថា​ថ្ងៃទី២១ ខែឧសភា គឺជាថ្ងៃ​ចាប់ផ្តើម​នៃ​យុទ្ធនា​ការឃោសនា​បោះ ឆ្នោត​ អ៊ីចឹង​គណ​បក្ស​នយោបាយ​អាច​រៀបចំ​ទុក​ជា​មុន​ [គឺ]នៅមុន​ថ្ងៃ​ទី​២១​ បាន​ន័យថា​ អាច​នៅក្នុង​ថ្ងៃទី២០​ ថ្ងៃ​ទី​១៩ ​ថ្ងៃ​ទី​១៨​ហ្នឹង​ អាច​មាន​កម្មវិធី ដើម្បី​ជម្រាប​ជូន​ទៅ​គណៈ​កម្មការ​ឃុំសង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​។ អ៊ីចឹង​ទេ អ្វីដែល​យើង​ធ្លាប់​អនុវត្ត​កន្លង​មក​ មុន​ហែ​ក្បូន​នៅ​កន្លែង​ណា ត្រូវ​តែ​ជូន​ដំណឹង​យ៉ាង​តិច​៣​ថ្ងៃ​ ដើម្បី​ឱ្យគណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ដឹង​ដើម្បី​ចាត់​វិធានការ​ ហើយ​ការ​ងារ​សន្តិ​សុខសណ្តាប់​ធ្នាប់ ជា​មួយ​អាជ្ញាធរ»។

លោក​បន្ថែមថា៖ ​«តាម​ពិត​កម្ម​វិធីជាទូទៅរបស់​គណ​បក្ស​នយោបាយ​លោក​មាន​ហើយ​ ហើយ​នៅ​ក្នុង​បទ​បញ្ជា​នឹង​នីតិ​វិធី​របស់គ.ជ.ប​ ក៏​បាន​កំណត់​ដើម្បី​ឱ្យ​គណៈកម្មការឃុំសង្កាត់រៀប​ចំ​ការ​បោះឆ្នោត​ទទួល​ពាក្យ​សុំហែ​ក្បួនរបស់​គណ​បក្ស​នយោ​បាយ ឬ​ទទួលការ​ជូនដំណឹង​របស់គណបក្ស​នយោបាយ​អំពី​ការ​ហែក្បួន»​។ ​

​គួរ​បញ្ជាក់​ថា​ គណបក្ស​នយោបាយនីមួយៗ​នឹងមាន​ពេល​១៤ថ្ងៃ​ដើម្បី​ធ្វើយុទ្ធនាការឃោសនា​បោះ​ឆ្នោត​នៅ​តាម​ឃុំសង្កាត់ ​ដែលនឹង​ចាប់​ផ្តើម​ពីថ្ងៃទី​២១ ខែ​ឧសភា ដល់ថ្ងៃ​ទី​០៣ ខែ​មិថុនា។ ចំណែក​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៥​ ខែ​មិថុនា​ខាង​មុខ ​ដោយ​អ្នកបោះឆ្នោត​នឹង​ផ្តល់​ឱកាស​ឱ្យ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ទាំង​អស់​ជាង​១១.០០០​នាក់ ​នៅ​តាម​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦៥២​ ដែល​មាន​គណ​បក្ស​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​១៧​គណ​បក្ស។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុម​ហ្វ្រែល​ដែល​ឃ្លាំ​មើល​កិច្ច​ការ​បោះ​ឆ្នោត​ លោក ​កន សាវាង្ស ថ្លែង​ថា ​ការ​ជូន​ដំណឹង​ក្នុង​ការ​ហែ​ក្បូន​របស់​គណ​បក្ស​នីមួយ​ៗ ​គឺជា​រឿង​សំខាន់ ហើយ​គណបក្ស​ទាំង​អស់យ៉ាង​ហោច​ណា​ស់ត្រូវជូនដំណឹង​ទៅ​គណៈ​កម្មា​ការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​ឱ្យ​បាន៣​ថ្ងៃ​មុន​ថ្ងៃ​ឃោសនា​ ដើម្បីឱ្យ​ងាយ​ស្រួលសម្រប​សម្រួល ​រៀបចំ​សណ្តាប់​ធ្នាប់ ​និងរក្សា​សន្តិ​សុខ​ក្នុង​ឃុំ​សង្កាត់​ទាំង​នោះ​៕

XS
SM
MD
LG