ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​និង​តំណាង​គណបក្ស​មួយ​ចំនួន​រំពឹង​ថា​នឹង​មាន​ពលរដ្ឋ​ច្រើន​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់


រូបឯកសារ៖ ស្ត្រីម្នាក់ពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៤ នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧។

អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត អ្នក​តាម​ដាន​ និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន បង្ហាញ​សុទិដ្ឋិនិយម​ថា​នឹង​មាន​ពលរដ្ឋ​ច្រើន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ ខាង​មុខ​នេះ។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិច (NICFEC) លោក​ សំ គន្ធាមី យល់​ឃើញ​ថា​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នឹង​មាន​ពលរដ្ឋ​ចូល​រួមច្រើន​ជាង​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ឆ្នាំ​២០១៨​ ដោយ​លោក​ថា​ ប្រជាពលរដ្ឋ​ «​មាន​ជម្រើស​ច្រើន» ក្នុង​ពេល​ដែល​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​គណ​បក្ស​ផ្សេងៗ​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ។

លោក​ថ្លែង​ថា៖«ឃើញ​មាន​គណបក្ស​ឥឡូវ​ជាង​ ១០​ឯណោះ​ចូលរួម​ប្រកួត។ ដូច្នេះ​ប្រជាពលរដ្ឋអ្នក​Voter (អ្នក​បោះ​ឆ្នោត) ​គឺមាន​ជម្រើស​ច្រើន។ គ្រាន់​តែ​ថា​ចំនួន​ជាក់​ស្តែង​ភាគរយ​ជាក់​ស្តែង​ យើង​អត់​បាន​ ព្រោះ​យើង​អត់​ធ្វើ​Voter Survey (ការ​ស្ទង់​មតិ​អ្នក​បោះឆ្នោត)ហ្អា»។

ដោយសារ​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ហើយ​ពលរដ្ឋ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​មិន​ទៅ​បោះ​ឆ្នោត​ឡើយ ដោយសារ​ពួកគេ​យល់​ថា​ មិន​មាន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។ អ្នក​បោះ​ឆ្នោត​ប្រមាណ​៦០​ម៉ឺន​នាក់ បាន​គូស​សន្លឹក​ឆ្នោត​មិន​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​ឱ្យ​សន្លឹក​ឆ្នោត​នោះ​មិន​អាច​រាប់​ជា​ការណ៍​បាន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ប៉ុន្តែ​នៅក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​ក្រោយ​នេះ មាន​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អតីត​គណបក្ស​សម រង្ស៊ី ចូលរួម​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។

អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក​ មាស នី​ បាន​ឱ្យ​ដឹង​ថា​ សន្ទុះ​ពលរដ្ឋ​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ប្រហែល​មិន​អាច​ស្មើ​នឹង​សន្ទុះ​ពលរដ្ឋ​ដែល​បាន​ចូលរួមបោះ​ឆ្នោតគាំទ្រ កាល​ពី​ឆ្នាំ​២០១៧ នៅ​ពេល​មាន​ការ​ប្រជែងគ្នា​ខ្លាំង​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​បើ​បៀប​ធៀប​ជាមួយ​នឹង​លើក​មុន​ ទោះបី​មាន​គណ​បក្ស​ណា​មួយ​ ដូចជា​ភ្លើង​ទៀន​ឈាន​មុខ​គេ ក៏​ប្រហែល​មិន​មាន​កម្លាំង​ធំ​ ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​២០១៧​នោះ​ទេ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ខ្ញុំ»។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ក៏​យើង​មិន​ទាន់​គិត​ថា​បើ​សិន​ជា​បាន​ចំនួន​ណា​មួយ​ ដែល​ធ្វើ​ឱ្យ​ចំណោម​គណបក្ស​ ដែល​ចែកជា​គណបក្ស​តូចៗ​នៅ​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​អាច​ទៅ​មុខ​រួច​ ដើម្បី​ប្រកួត​ឱ្យ​បាន​ខ្លាំងក្លា​ឱ្យ​ប្រកួត​ប្រជែង​ខ្ពស់​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ»។

លោក​ មាស​ នី​ បាន​បន្ត​ថា ជាទូទៅ អ្នក​បោះឆ្នោត​មាន​ទំនោរ​នឹង​ចូលរួម​ច្រើន​ ប្រសិន​បើ​ការ​បោះឆ្នោត​មាន​ទៅ​ដោយ​គណបក្ស​នយោបាយ​ដែល​អាច​ប្រជែង​គ្នា​ខ្លាំង ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​តម្លាភាព ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ភាពឯករាជ្យ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន រំពឹង​ថា​ នឹង​មាន​ពលរដ្ឋមួយ​ភាគ​ធំ​មក​ចូល​រួម​បោះឆ្នោត​ ដោយ​លោក​យោង​លើ​គំរូ​និង​បទ​ពិសោធន៍​នៃ​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ឆ្នាំ ២០១៨។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ទស្សន៍​ទាយ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សង្ឃឹម​និង​សុទិដ្ឋិ​និយម​ថា ​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​នឹង​អញ្ជើញ​ទៅ​បោះ​ឆ្នោត ពីព្រោះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨​នោះ​ ទោះ​បី​មាន​យុទ្ធនាការ​ពី​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​រហូត​ដល់ជាង ៨៣%​អញ្ជើញ​ទៅ​បោះ​ឆ្នោត»។

លោក​បន្ត​ថា ​គណបក្ស​ប្រជាជនកម្ពុជា​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ខែ​មិថុនា បើ​ទោះ​បី​ជា​មាន​ការ​ប្រែប្រួល​សំឡេង​ខ្លះ​ក៏​ដោយ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ បាន​និយាយ​ថាការ​វិលត្រឡប់​មក​វិញ​នូវ​គណបក្ស​ភ្លើង​ទៀន​ ដែល​តំណាង​ឱ្យ​គណបក្ស​ប្រឆាំង​ធំ​មួយ​ អាច​ជំរុញ​ឱ្យ​ពលរដ្ឋ​ច្រើន​មក​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត។ យ៉ាងណាក្តី​ លោក​បាន​បញ្ជាក់​ថា លទ្ធ​ផល​យ៉ាង​ណា គឺ​អាស្រ័យ​ការ​លើ​រៀប​ចំ​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «វា​ជា​ការណ៍​ពិត​ហើយ នៅ​ពេល​ដែល​ពលរដ្ឋ​ លោក​មាន​ជម្រើស​នៅ​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​លោក នោះ​ការ​ចូលរួម​នឹង​មាន​ច្រើន​ជាង​ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​មិន​ទទួល​បានជម្រើស​ច្បាស់​លាស់។ ដូច្នេះ​យើង​សង្ឃឹម​ថា ពលរដ្ឋ​នឹង​ចូលរួម។ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​គ.ជ.ប.​ហ្នឹង​សម្រួល​យ៉ាង​ណា​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ។ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មក​ចូល​រួម​បោះឆ្នោត​ដោយ​មិន​ភ័យ​ខ្លាច ដូចអ្វី​ដែល​ព្រះរាជ​សារ​ព្រះមហាក្សត្រ​លោក​បាន​ថ្លែង»។

លោក​ សុន ឆ័យ​ ក៏​បាន​លើក​ឡើងពី​ការ​ព្រួយ​បារម្ភ​ផ្សេងៗ​ពាក់ព័ន្ធ​ករណី​បំភិតបំភ័យ​មក​លើ​មន្រ្តី​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​គណបក្ស​តាម​មូលដ្ឋាន​មួយ​ចំនួនក្រោម​រូបភាព​ផ្សេងៗ និង​បទ​ពិសោធន៍​នៃ​ការប្រឈម​នឹងការ​លួច​បន្លំ​សន្លឹក​ឆ្នោត កាល​ពី​ពេល​កន្លងមក។

ចំណែក​ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ លោក អ៊ូក អ៊ី សង្ឃឹម​ថា ​ពលរដ្ឋភាគ​ច្រើន​នឹង​មក​បោះ​ឆ្នោត​ ដើម្បី​ជ្រើសរើស​តំណាង​តាម​ឃុំ​សង្កាត់​របស់​ខ្លួន ស្រប​ពេល​មាន​ការ​ចូលរួម​ពី​សំណាក់​គណបក្ស​តូចៗ​ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​នឹង​មាន​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ច្រើន​ជាង​មុន ព្រោះខ្ញុំ​យល់​ថា ដូចជា​ការ​បោះឆ្នោត​ ២០១៨ កន្លង​មក​ យើង​អត់​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ។ ហើយ​ម្យ៉ាង​ទៀត យើង​យល់​ឃើញ​ថា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ ប្រជាពលរដ្ឋ​នឹង​ជ្រើស​រើស​អ្នក​តំណាង​របស់​គាត់​នៅ​តាម​ឃុំ​សង្កាត់។ ប្រសិន​បើ​គាត់​មិន​ចូលរួម​ការ​បោះឆ្នោត​ទេ អ្នក​តំណាង​របស់​គាត់​តាម​មូលដ្ឋាន​មួយៗ​ហ្នឹង អាច​ថា​ជា​ការ​បណ្តែត​បណ្តោយ​ឱ្យ​គណបក្ស​តែ​មួយ​ធ្វើ​អី​តាម​អំពើ​ចិត្ត​អ៊ីចឹង​ណា»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​លោក ឡឹក សុធារ យល់​ឃើញ​ថា​ ចំនួន​អ្នក​បោះ​ឆ្នោត​អា​ចស្ថិត​នៅក្នុង​រង្វង់​៨០​ភាគរយ​នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប។ លោក​ក៏​បាន​យល់​ស្រប​ផង​ដែរ​ថា​ វត្តមាន​នៃ​គណបក្ស​តូចៗ​បង្កើត​ឡើង​ដោយអតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិដើរ​តួ​សំខាន់​ក្នុង​ការជំរុញ​ទឹកចិត្ត​អ្នក​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «ការ​បោះឆ្នោត​នេះ​ជា​ការ​បោះ​ឆ្នោត​ប្រយោល​ទៅ​ដល់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​ រាជធានី។ ហើយ​ដោយ​ឡែក​វត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​ក្នុង​ទម្រង់​ជា​គណបក្ស​ផ្សេងៗ​ទៀត ខ្ញុំ​គិត​ថា​នឹង​ជំរុញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ»។

អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ​លោក សោម សូរីដា ឱ្យ​ដឹង​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ទូទៅ​មាន​និន្នា​ការ​ពលរដ្ឋ​ចូលរួម​មួយ​ភាគ​ធំ ហើយ​និន្នាការ​នេះ​នឹង​បន្ត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ ដោយ​លោក​បាន​លើក​ឡើង​ពី​ករណី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ជា​គំរូ។ ​

លោក​ថ្លែង​ថា៖ «ផ្អែក​ទៅ​លើ​បទពិសោធន៍​ដ៏​ល្អ​នេះ ខ្ញុំ​ជឿជាក់​ថា ​បង​ប្អូន​ប្រជាពលរដ្ឋ​នឹង​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ហើយ​ជា​ពិសេស​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ ដើម្បី​ជ្រើស​រើស​តំណាង​ស្រប​ច្បាប់​របស់​ខ្លួន ហើយ​ជា​ពិសេស​តំណាង​ដែល​តំណាង​ឱ្យ​ផល​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​របស់​ខ្លួន»។

គួរ​បញ្ជាក់​ថា​ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០១៧​ គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ​៥០០៧​ និង​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​ ៤៨៩ ​ក្នុង​ចំណោម​ ១.៦៤៦​ ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ គណបក្ស​ប្រឆាំង​នេះទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រប្រមាណ​៣​ លាន​នាក់។

បើ​តាម​ទិន្នន័យ​ផ្លូវការ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)៕

XS
SM
MD
LG