ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថ​កិច្ច​ដាក់​កំហិត​ឱ្យ​អង្គការ​លីកាដូ​លុប​វីដេអូ​បទ​ចម្រៀង​រ៉េប​«ឈាម​បាតុករ»


រូបឯកសារ៖ លោក អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

ក្រោយ​ពី​ការ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ទាក់ទង​នឹង​ការ​បង្ហោះ​វីដេអូ​ចម្រៀង«ឈាម​បាតុករ»​ មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គ​ការ​លីកាដូ​ឲ្យ​ដឹង​ថា​សមត្ថ​កិច្ច​បាន​ដាក់​កំហិត​ឲ្យ​លុប​វីដេអូ​ចម្រៀង​នោះ​ចេញ​ពី​ក្នុង​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​២៤​ម៉ោង ​ហើយ​បើ​មិន​លុបទេ ​នឹង​ត្រូវប្រឈម​ផ្លូវ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការនេះ​ចាត់​ទុក​ថា ​នេះ​ជា​ការ​ដាក់​សម្ពាធ ​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពល​រដ្ឋ​ក្នុង​ការ​សម្តែង​មតិ។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​កាល​ពី​ថ្ងៃ​ចន្ទ ទី​៩ ខែ​មករា ​ឆ្នាំ​២០២៣ ​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​ ទាក់ទង​វីដេអូ​បទ​ចម្រៀង​«ឈាម​បាតុករ»​ ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ។​ លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នៅ​ពេល​លោក​ចូល​ទៅ​បំភ្លឺ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ សមត្ថ​កិច្ច​បាន​ដាក់កំហិត​រយៈ​ពេល​២៤​ម៉ោង​ដល់​អង្គការ​លីកាដូ​ក្នុង​ការ​សម្រេច​ចិត្តថា​ លុប ​ឬ​មិន​លុបវីដេអូ​បទ​ចម្រៀងនោះ ​ដែល​បង្ហោះលើ​គណនី​ហ្វេសប៊ុក ​និង​លើ​វេបសាយ​របស់អង្គការ។​ លោក​បន្ថែម​ថា​ បើ​អង្គការ​លីកាដូមិន​លុប​វីដេអូ​តាម​កាល​កំណត់​នោះ​ទេ ​នោះសមត្ថ​កិច្ចនឹ​ង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់។​

​លោក​ថ្លែង​ថា៖​ «ប៉ូលិស​បាន​ប្រាប់​ថា​ គេ​ទុក​ពេល​ឲ្យ​យើ​ង​២៤​ម៉ោង ​នៅ​ក្នុង​ការ​សម្រេច​ថា​ លុប ​ឬ​មិន​លុប​[វីដេអូ​ចម្រៀង ​ដែល​មាន​ចំណង​ជើង​ឈាម​បាតុករ​ ​លើ​គណនី​ហ្វេសប៊ុក​របស់​អង្គការលីកាដូ]។ ​អ៊ីចឹង​ការ​ដក​ចេញ ​ឬ​មិន​ដកចេញ​ជា​សិទ្ធិ​របស់​យើង​ ប៉ុន្តែ​បើ​យើង​មិន​ដក ​គេ​នឹង​ធ្វើ​តាម​នីតិវិធី ​ដោយ​បញ្ជូន​សំណុំ​រឿ​ង​ទៅ​ថ្នាក់​លើ​ និង​អាច​ទៅ​តុលាការ»។​

លោក ​អំ សំអាត ​បញ្ជាក់​ថា​ គណៈ​កម្មការ​គ្រប់​គ្រង​របស់​អង្គការលីកាដូ​បាន​សម្រេច​លុប​ចេញ​វីដេអូ​បទ​ចម្រៀង​នោះ​ដើម្បី​កុំ​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ​បន្ត​ទៀត​ ព្រោះ​លោក​ថា​ អង្គការ​លីកាដូ​នៅ​មាន​ការ​ងារ​ច្រើនទៀ​ត ​ដែល​ត្រូវ​ជួយ​ដោះ​ស្រាយ​ដល់ប្រជា​ពល​រដ្ឋ។​

​លោក ​អំ សំអាត ​បន្តថា ​អង្គការ​លីកាដូ​នៅ​តែ​កាន់​ជំហរ​ថា ​វីដេអូ​បទ​ចម្រៀង​ដែល​បាន​ផលិត​ និង​បង្ហោះ​លើ​បណ្តាញ​សង្គម​នេះ​គឺ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ ហើយ​វា​មិនមាន​អត្ថ​ន័យញុះ​ញង់ ​អុចអាល​ និង​បង្ក​អសន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ ដូច​ការ​ចោទ​ប្រកាន់របស់ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​នោះ​ទេ។​

លោក​ អំ សំអាត ​បាន​ឲ្យដឹងថា ការ​បង្ហោះ​វីដេអូ​ចម្រៀង​«ឈាម​បាតុករ»​នោះ​មាន​គោល​បំណង​បី​ គឺ​ទីមួយដើម្បី​រំឭក​ខួប​៩​ឆ្នាំនៃព្រឹត្តិ​ការណ៍​បង្ក្រាប​របស់​កង​កម្លាំង​ចម្រុះ​លើ​ហ្វូង​បាតុករ​ ដែល​ជា​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេងស្រេង​ ទីពីរ​ទទូច​ទាមទារ​ឲ្យ​អាជ្ញាធរស៊ើប​អង្កេត​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ ដែល​រង​គ្រោះ​ និង​របួសនៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​នៅតាមផ្លូវ​វេងស្រេង​នោះ និង​ទីបី​ចង់​ឲ្យលុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​សង្កត់​ធ្ងន់​ថា​ ​បើ​ទោះ​បី​ជា​លោក​បាន​បញ្ជាក់​អំពី​គោល​បំណង​នៃ​ការបង្ហោះ​វីដេអូ​ចម្រៀង​«ឈាម​បាតុករ»ទៅ​កាន់​សមត្ថ​កិច្ច​យ៉ាង​ណា​ក្តី ​ក៏​សមត្ថ​កិច្ច​នៅ​តែ​កំណត់​លក្ខខណ្ឌតម្រូវ​ឲ្យ​លីកាដូ​លុប​វីដេអូ​ចម្រៀងនោះចេញ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដដែល​ ​ដែល​ការណ៍​នេះ​លោក​ថា ជា​ការ​រឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា ​នេះ​ជា​ការ​រឹតត្បិត​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ ពី​ព្រោះ​ការ​បញ្ចេញ​មតិ​គឺ​តាម​មធ្យោ​បាយ​ផ្សេង​ៗ ​តាម​ការ​បោះ​ពុម្ព ​តាម​បទ​ចម្រៀង ​តាម​កំណាព្យ ​តាម​អ្វី​ផ្សេងៗ​ទាំង​អស់។ ​អាហ្នឹង​គេ​ហៅ​ថា​ ការ​បញ្ចេញ​មតិ»។

បើ​តាម​លោក ​អំ សំអាត ​រូប​ភាពដែល​នៅ​មានក្នុង​បទ​ចម្រៀង​នោះ​គឺ​ជារូប​ភាពឯក​សាររបស់​អង្គការ​លីកាដូ ​និង​អង្គការ​សង់​ត្រាល់ ​ដែលតែង​តែ​បង្ហោះ​ជា​រៀង​រាល់​ឆ្នាំនៅ​ចំ​ពេល​ខួប​នៃ​ព្រឹត្ត​ការណ៍​ហិង្សា​តាមផ្លូវ​វេងស្រេងថ្ងៃ​ទី​៣ ​ខែ​មករា។​ លោក​បន្ថែម​ថា​បទ​ចម្រៀង ​ដែល​មាន​ចំណង​ជើង​«ឈាម​បាតុករ»​គឺ​ទើប​តែ​ផលិត​ឡើង​មុន​ថ្ងៃ​ទី៣ ​ខែ​មករា​ ​ឆ្នាំ២០២៣​នេះ ​ដែលផ្សារភ្ជាប់​ជា​មួយ​រូប​ភាព​ឯកសារ​ដើម្បីជា​ការ​រំឭក​ខួប​៩​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​បង្ក្រាបនៅ​តាម​ផ្លូវ​វេងស្រេង​នោះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ លោក ​សាន សុខសីហា ​បាន​នៅ​ឡើយទេ ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ក្នុង​ខួប​៩​ឆ្នាំ​នៃ​ព្រឹតិ្ត​ការណ៍​ហិង្សា​នៅ​តាម​ផ្លូវ​វេងស្រេង​នោះ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ កង​កម្លាំង​ចម្រុះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​ផ្លូវ​វេងស្រេង ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​ ​និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៨​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​កុមារា​ម្នាក់​បាត់​ខ្លួន។​ ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​នោះ​ ​មាន​សកម្ម​ជន​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដែល​អង្គការ​សង្គម​ស៊ីវិល​យល់​ថា​ ជា​ជន​រង​គ្រោះ​ដែល​មិន​ទាន់​បាន​ឃើញ​ពន្លឺ​យុត្តិ​ធម៌​នៅ​ឡើយ។​

​បើតាម​ផ្នែក​ខ្លះ​នៃ​ខ្លឹម​សារ​ចម្រៀង​រ៉េប ​ដែល​មាន​ចំណង​ជើង«ឈាម​បាតុករ»ដែល​ច្រៀង​ដោយ​លោក ​គា សុគន្ធ​នេះគឺ​មាន​ការ​លើក​ឡើង​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើងតាំង​ពី​ឆ្នាំ​២០១៤ ជុំវិញ​ការ​បង្ក្រាប​លើ​កម្មករ​រោងចក្រ​ ដែល​ខ្លះ​រង​របួស​ដោយ​ហូរឈាម​ក្នុង​ពេល​កំពុង​ប្រើប្រាស់​សិទ្ធិ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល។​

បទ​ចម្រៀង​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លីកាដូ​ និងអង្គ​ការ​សង់​ត្រាល់​ ហើយ​ត្រូវ​បាន​ចែក​រំលែក​ដោយ​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​នោះ​ មាន​ការ​បញ្ចូល​នូវ​រូប​ភាព​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ការ​បង្រ្កាប​លើ​ក្រុម​កម្មករ​ពី​សំណាក់​កង​កម្លាំង​ចម្រុះ​នៅ​លើ​កំណាត់​ផ្លូវវេងស្រេង​កាល​ពី​៩ឆ្នាំ​មុន។ ចម្រៀង​ដដែល​បាន​ពណ៌នា​ថា មាន​បាតុករ​ខ្លះ​បាត់​ខ្លួន​ ​ហើយ​យុត្តិ​ធម៌​ក៏​គ្មាន​សម្រាប់​ជន​រង​គ្រោះ។​

ក្រៅពី​លោក ​អំ សំអាត​ ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ​មាន​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣​នាក់​ផ្សេង​ទៀត​ រួមមាន​លោក​ មឿន តុលា​ ប្រធាន​អង្គការ​សង់​ត្រាល់​ ដែល​បង្ហោះ​ចម្រៀង​នោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​អង្គការ​នេះ​ លោក​ វន់ ពៅ​ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​ និង​លោក​ ថេង សាវឿន​ ដែល​ជា​ជន​រង​គ្រោះ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ហិង្សា​នៅ​តាម​ផ្លូវ​វេងស្រេង​ និង​ជាអ្នក​បាន​ចែក​រំលែក​បន្ត​នូវ​ចម្រៀង​នោះក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​ផង​ដែរ។​

ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ដែល​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពីអគ្គ​ស្នងការ​នគរបាល​ជាតិ​ឲ្យ​ចាត់វិធាន​ការ​ទប់​ស្កាត់​បណ្តាញ​ប្រព័ន្ធ​ព័ត៌​មាន​សង្គម​ដែល​បាន​បង្ហោះ​បទ​ចម្រៀង​អម​ដោយ​រូប​ភាព​ក្រោម​ចំណង​ជើង​«ឈាម​បាតុករ»។​ រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ​អ្នកស្រី ភឿង សកុណា​ បាន​ចាត់​ទុកថា​ ​បទ​ចម្រៀង​អម​ដោយ​រូបភាព​ក្រោម​ចំណង​ជើង​ថា​«ឈាមបាតុករ»​នេះ​មាន​ខ្លឹម​សារ​អុច​អាល ​ញុះញង់ ​និង​អាចបង្ក​អសន្តិ​សុខ​ដល់​សណ្តាប់​ធ្នាប់សង្គម៕

XS
SM
MD
LG