ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លីកាដូ៖ អ្នក​ចម្រៀង​រ៉េប​​​ខ្មែរ​២​នាក់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ញុះ​ញង់


អ្នក​ចម្រៀង​រ៉េប​​លោក គា សុគុណ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​​ផ្តន្ទាទោស​ពី​បទ«​ញុះញង់» រឿង​និពន្ធ​បទ​ចម្រៀង ដែល​ក្រសួង​វប្បធម៌​យល់​ថា​មាន​អត្ថន័យ​រិះគន់។ (រូបថត​ពី​ហ្វេសប៊ុក Kea Sokun)
អ្នក​ចម្រៀង​រ៉េប​​លោក គា សុគុណ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​​ផ្តន្ទាទោស​ពី​បទ«​ញុះញង់» រឿង​និពន្ធ​បទ​ចម្រៀង ដែល​ក្រសួង​វប្បធម៌​យល់​ថា​មាន​អត្ថន័យ​រិះគន់។ (រូបថត​ពី​ហ្វេសប៊ុក Kea Sokun)

អ្នក​ច្រៀង​ចម្រៀង​រ៉េបខ្មែរ​២​នាក់ នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​ បាន​សម្រេច​ផ្តន្ទាទោស​ពួក​គេ​ពី​បទ«​ញុះញង់» រឿង​និពន្ធ​បទ​ចម្រៀង ដែល​ក្រសួង​វប្បធម៌​យល់​ថា​មាន​អត្ថន័យ​រិះគន់។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​កាត់​ទោស​នេះ។

បើ​តាម​ព័ត៌មាន​សង្ខេប​របស់​អង្គការ​លីកាដូ​ដែល​បង្ហោះ​នៅ​លើ​វេបសាយ​របស់​ខ្លួន សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​សម្រេច​ផ្ដន្ទាទោស​អ្នក​ចម្រៀង​រ៉េប​ទាំង​ពីរ​នាក់ ​គឺយុវជន គា សុគុណ អាយុ​២២​ឆ្នាំ និង​យុវជន ឡុង ពុទ្ធារ៉ា​ អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ពី​«បទ​ញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»ដូច​គ្នា​ តាម​ក្រម​ព្រហ្មទណ្ឌ។

លោក សុគុណ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ ៦​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​១​ឆ្នាំ។ ចំណែក​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ។ នេះ​មាន​ន័យ​ថា​លោក​នៅ​បន្ត​ជាប់​ពន្ធនាគារ ​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០២១។

ចំណែក​លោក ពុទ្ធារ៉ា​ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ខែ​ប៉ុណ្ណោះ តែ​ឲ្យ​អនុវត្ត​ទោស​៣​ខែ​១១​ថ្ងៃ ​និង​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ។ នេះ​មាន​ន័យ​ថា​លោក​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​អង្គការ​លីកាដូ។

យុវជន​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ និង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​តាំង​ពី​ពេល​នោះ ពាក់ព័ន្ធ​នឹង​ទំនុក​ច្រៀង​ក្នុង​បទ​ចម្រៀង​រ៉េប​ ដែល​ពួកគេ​បាន​ផលិត​ឡើង ដែល​មាន​អត្ថន័យ​រិះ​គន់​ទៅ​លើ​បញ្ហា​សង្គម ​ដូចជា​សេដ្ឋកិច្ច​ និង​ព្រំដែន​ប្រទេស​កម្ពុជា​ជាដើម។ ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​លីកាដូ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ឲ្យ​ដឹង​ទៀត​ថា អំឡុង​ពេល​សវនាការ​របស់​អ្នក​ទាំង​ពីរ​ យុវ​ជន​ ពុទ្ធារ៉ា ដែល​ត្រូវ​ផ្តន្ទា​ទោស​តែ​៥​ខែ បាន​យល់​ស្រប​ជាមួយ​មេធាវី​តំណាង​ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ​ថា​វា​ជា​កំហុស​របស់​ខ្លួន​នៅ​ពេល​ចេញ​ផ្សាយ​ចម្រៀង​អំពី​បញ្ហា​សង្គម​ទាំង​នេះ។ ចំណែក​យុវជន​ សុគុណ ដែល​ត្រូវ​ផ្តន្ទា​ទោស​១​ឆ្នាំ​កន្លះ​នោះ នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ថាលោកពុំ​មាន​អ្វី​ត្រូវ​សុំ​ទោស​នោះ​ទេ។

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ជួន សុបញ្ញា ​អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​សៀមរាបបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ថ្លែង​ប្រាប់​VOA​ថា​ក្រសួង​វប្បធម៌​គួរ​តែ​ហៅ​ពួក​គាត់​ទាំង​ពីរ​មក​អប់រំ ហើយ​បណ្តុះ​បណ្តាល​បន្ថែម ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពួក​គេ​ចេះ​តែង​និពន្ធ ​ស្រប​តាម​គោលការណ៍​របស់​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថាការ​នាំ​ពួកគេ​មក​កាត់​ទោស​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សរសេរ​ផ្សេង​ទៀត ឲ្យ​មាន​ភាព​ភ័យ​ខ្លាច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG