រយៈពេល៩ឆ្នាំកន្លងមកនេះ អំពើហិង្សាលើកំណាត់ផ្លូវវេងស្រេង និងនៅមុខរោងចក្រយ៉ាកជីងមិនទាន់ត្រូវបានបំភ្លេចដោយសកម្មជនការពារសិទ្ធិមនុស្សទេ ហើយជនរងគ្រោះដោយអំពើហិង្សាដែលកើតឡើងតាមរយៈការបង្ក្រាបពីសំណាក់កងកម្លាំងចម្រុះនោះ នៅអះអាងថា ពួកគេមិនទាន់បានឃើញពន្លឺយុត្តិធម៌នៅឡើយ។
អង្គការសិទ្ធិមនុស្សមួយចំនួន ក្នុងនោះគឺអង្គការលីកាដូ បានរំឭកអំពីហេតុការណ៍ហិង្សាកាលពីដើមឆ្នាំ២០១៤ ដែលកើតឡើង ក្រោយពីកងកម្លាំងចម្រុះបានបាញ់រះទៅលើកម្មករដែលកំពុងតវ៉ានៅមហាវិថីវេង ស្រេង ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់៤នាក់ និងបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៣៨ នាក់ផ្សេងទៀតរងរបួស។ អង្គការលីកាដូឲ្យដឹងទៀតថា ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សាផាត ដែលកាលណោះមានអាយុ១៥ឆ្នាំ បានបាត់ខ្លួនមកទល់សព្វថ្ងៃ ដោយកុមារានោះត្រូវបានគេឃើញចុងក្រោយ ដោយមានអាការៈហូរឈាមដោយសារត្រូវគ្រាប់កាំភ្លើង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អំពើហិង្សានៅតាមផ្លូវវេង ស្រេង និងនៅមុខរោងចក្រយ៉ាកជីងកាលពីថ្ងៃទី២ និង៣ ខែមករា ឆ្នាំ២០១៤ បានកើតឡើងអំឡុងពេលមានការតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលគោលឲ្យដល់១៦០ដុល្លារអាមេរិកក្នុងឧស្សាហកម្មកាត់ដេរ ហើយជនរងគ្រោះដែលរងការវាយដំពីកងកម្លាំងចម្រុះនោះមិនទាន់ស្គាល់នូវអ្វីដែលពួកគាត់ហៅថា យុត្តិធម៌នោះទេ។
លោកថ្លែងថា៖ «អ៊ីចឹង រយៈពេល៩ឆ្នាំហើយដែលយើងឃើញថា យុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិត ដែលរងរបួស ហើយនឹងការចាប់ខ្លួន និងជាប់ពន្ធនាគារ ដោយអយុត្តិធម៌ មិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយទេ»។
បើតាមលោក អំ សំអាត មនុស្ស២៣នាក់ដែលសង្គមស៊ីវិលអះអាងថាជាជនរងគ្រោះនៅក្នុងការបង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះកាលពីដើមឆ្នាំ២០១៤នោះ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដាក់ក្នុងពន្ធនាគារ ខណៈបុគ្គលដែលបញ្ជាឲ្យមានអំពើហិង្សាមិនត្រូវបាននាំខ្លួនយកមកកាត់ទោស។
លោកថ្លែងថា៖«នេះជាការសោកស្តាយ ដែលយើងមើលទៅថា ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត បែរជាត្រូវរងដោយការអំពើហិង្សា បណ្តាលឲ្យមានការស្លាប់ ការរងរបួស និងការចាប់ខ្លួនទាំងអយុត្តិធម៌ទៅដាក់ពន្ធនាគារ ប៉ុន្តែអ្នកនយោបាយបែរជាចោទប្រកាន់គ្នាទៅវិញទៅមកដើម្បីគេចពីការទទួលខុសត្រូវទៅវិញ ដែលនេះយើងមើលទៅថា វាជាវប្បធម៌និទណ្ឌភាពមួយដ៏អាក្រក់»។
លោកបន្ថែមថា៖ «ហើយក៏វាជាគំរូអាក្រក់ដែរ បើសិនជាករណីទាំងអស់នេះមិនបានរកឲ្យឃើញអ្នកដែលទទួលខុសត្រូវ នៅក្នុងរឿងដែលកើតអំពើហិង្សាហ្នឹងទេ។ វាជាវប្បធម៌បន្តទៅទៀត នាំឲ្យមានការកើតឡើងទៅថ្ងៃក្រោយទៀត ពីព្រោះបើសិនជាគ្មានអ្នកណាទទួលខុសត្រូវនៅក្នុងព្រឹត្តិការណ៍នេះទេ»។
ក្រោយការបង្ក្រាបយ៉ាងហិង្សាទៅលើហ្វូងកម្មករកាលពីដើមឆ្នាំ២០១៤នោះ ការស៊ើបអង្កេតហ្មត់ចត់ដើម្បីរកមុខអ្នកដែលចេញបញ្ជាឲ្យកងកម្លាំងចម្រុះវាយដំលើបាតុករដែលជាកម្មកររោងចក្រកាត់ដេរ និងសកម្មជនមួយចំនួនទៀតនោះ ហាក់មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើនោះឡើយ។ នេះជាការកត់សម្គាល់របស់លោកឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «យើងមានការសោកស្តាយដែលអាជ្ញាធរមានសមត្ថកិច្ចមិនបានធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពទៅលើករណីនៃព្រឹត្តិការណ៍នៅផ្លូវវេង ស្រេងនេះ ខណៈពេលដែលក្រុមគ្រួសារសមាជិកពីជនរងគ្រោះនៅតែបន្តអំពាវនាវទាមទាររកយុត្តិធម៌ទៅដល់សមាជិកក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគាត់ ហើយមកដល់ពេលនេះ ក៏យើងមិនទាន់ឃើញមានចំណាត់ការ ឬក៏វិធានការផ្នែកច្បាប់ទៅលើជនល្មើសដែលទទួលខុសត្រូវនៅក្នុងព្រឹត្តិការណ៍នៅផ្លូវវេង ស្រេងនៅឡើយ»។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ និងអង្គការសង់ត្រាល់ រហូតមកដល់ពេលនេះ នៅមិនទាន់មានការចាត់វិធានការលើជនល្មើស ដែលបានបាញ់សម្លាប់ លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោកផេង កុសល និងការធ្វើឱ្យកុមារា ខឹម សាផាតបាត់ខ្លួននោះទេ។ ផ្ទុយទៅវិញ កម្មករ និងអ្នកការពារសិទិ្ធមនុស្សចំនួន២៣នាក់បែរជាត្រូវបានអាជ្ញាធរចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសដោយមិនត្រឹមត្រូវពីបទល្មើសមួយចំនួនទាក់ទងនឹងការធ្វើបាតុកម្មទៅវិញ។
អង្គការលីកាដូរៀបរាប់បន្តថា ក្រោយមកកម្ទេចឆ្អឹង និងសំណល់សាកសពមួយចំនួនដែលនៅសេសសល់ក្រោយពីការដុតដោយកៅស៊ូកង់ឡានត្រូវបានរកឃើញនៅក្នុងមូលដ្ឋានកងពលតូចលេខ៧០ក្នុងខេត្តកំពង់ស្ពឺ កាលពីខែឧសភា ឆ្នាំ២០១៤ ប៉ុន្តែអាជ្ញាធររដ្ឋបានបដិសេធ ដោយបានលើកឡើងថា សំណល់សាកសពនោះមិនមែនជារបស់ខឹម សាផាតនោះទេ។ អង្គការបញ្ជាក់ថា គួរឲ្យសោកស្តាយ អាជ្ញាធរមិនបានស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងប្រកបដោយតម្លាភាព ទៅលើករណីនេះទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)លោកវន់ ពៅ ដែលអះអាងថា ជាជនរងគ្រោះពីការវាយដំដោយទាហានឆ័ត្រយោង៩១១ លើកឡើងថា យុត្តិធម៌មិនទាន់មានសម្រាប់លោកនោះឡើយ ក្រោយហេតុការណ៍ហិង្សានៅមុខរោងចក្រយ៉ាកជីងកាលពី៩ឆ្នាំមុន។
លោកថ្លែងថា៖ «ក្នុងចំណុចនេះ រហូតមកដល់ពេលនេះរយៈពេល៩ឆ្នាំហើយ ដែលពួកយើងទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់ផ្តល់ឲ្យពួកយើង ក្នុងនាមយើងជាអ្នកធ្វើការ ជាថ្នាក់ដឹកនាំសហជីព ជាសកម្មជនដែលរងគ្រោះដោយការវាយដំពីទាហានឆ័ត្រយោង រងរបួសធ្ងន់ ហើយគេដាក់ ចាប់ដាក់ពន្ធនាគារមួយជាន់ទៀត។ វាមានន័យថា អយុត្តិធម៌ត្រួតលើអយុត្តិធម៌ ហើយមិនត្រឹមតែប៉ុណ្ណឹងចេញមកវិញ គេលាបពណ៌ថា ពួកក្រុមបដិវត្តន៍ពណ៌ជាដើម»។
លោកបន្ថែមថា៖ «ហើយយើងគិតថា បើសិនជាតុលាការដូចសព្វថ្ងៃនេះ គឺមិនអាចផ្តល់យុត្តិធម៌ឲ្យពួកយើងបានទេ ព្រោះយើងដឹងហើយថា សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនសហជីព សកម្មជនគណបក្សនយោបាយអីជាដើម អ្នកធ្វើការសង្គមទាំងអស់ហ្នឹង តែងតែរងនូវការចោទប្រកាន់ពីតុលាការ ហើយតុលាការមិនដែលផ្តល់យុត្តិធម៌ឲ្យពួកគាត់ទេ... តុលាការបច្ចុប្បន្ននេះ។ អ៊ីចឹង យើងគិតថា តុលាការដូចសព្វថ្ងៃនេះមិនអាចផ្តល់យុត្តិធម៌ឲ្យយើងបានទេ ប្រសិនបើមិនមានការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការនោះ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា វិធានការអាជ្ញាធរមានសមត្ថកិច្ចទៅលើការតវ៉ាកាលពី៩ឆ្នាំមុននោះគឺជាការទប់ស្កាត់ចលនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍នៅពេលនោះគឺជាការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បង្ក្រាបនូវចលនា និងការបះបោរហិង្សា ក្នុងការផ្តួលរំលំរដ្ឋាភិបាល។ អ៊ីចឹងបើសិនបើគាត់មានសាច់ញាតិ គាត់បាត់ខ្លួន ឬក៏របួសស្នាមអីនៅពេលនោះ អាហ្នឹងគាត់ត្រូវទៅទាមទារឲ្យមានការសងការខូចខាត ឬក៏ការទទួលខុសត្រូវពីមេកើយ មេក្រុម មេចលនា ដែលដឹកនាំធ្វើសកម្មភាពទាំងអស់នោះ ដែលត្រូវទទួលខុសត្រូវ និងជួសជុលការខូចខាត ប្រសិនបើគាត់មានសាច់ញាតិ ដែលរងគ្រោះ ឬក៏បាត់បង់ជីវិត ឬក៏មានរបួសស្នាមអីនៅពេលនោះ»។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីមេបញ្ជាការកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ៩១១លោកចាប ភក្តី និងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០លោកម៉ៅ សុផាន់តាមទូរស័ព្ទ ប៉ុន្តែមិនទាន់ទាក់ទងបានទេនៅថ្ងៃពុធនេះ។
ក្នុងការរំឭកខួបព្រឹត្តិការណ៍បាញ់ប្រហារនៅផ្លូវវេង ស្រេងនោះ អង្គការលីកាដូ និងអង្គការសង់ត្រាល់បានរួមគ្នាចេញផ្សាយចម្រៀងរ៉េបរបស់លោក គា សុគន្ធ ដែលមានចំណងជើងថា «ឈាមបាតុករ»។ បទចម្រៀងក៏មានរំលេចវីដេអូបង្ហាញឲ្យឃើញការបង្ក្រាបយ៉ាងហិង្សារបស់កងកម្លាំងចម្រុះលើក្រុមកម្មករ នៅកំណាត់ផ្លូវវេង ស្រេង។ អង្គការទាំងពីរបន្ថែមថា បន្ទាប់ពីទទួលរងភាពឈឺចាប់ និងស្រពេចស្រពិលអំពីស្ថានភាពកូនរបស់ខ្លួន៩ឆ្នាំមកនេះ ក្រុមគ្រួសារកុមារា ខឹម សាផាតត្រូវតែទទួលបាននូវចម្លើយ សន្តិភាពផ្លូវចិត្ត និងយុត្តិធម៌ ពីការស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័សទៅលើការបាត់ខ្លួនរបស់សាផាត៕