ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាល​កោះ​ហៅ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​ការ​ចេញ​ផ្សាយ​ចម្រៀង​រ៉េប​«ឈាម​បាតុករ»


រូបឯកសារ៖ បាតុករ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុងពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​រោងចក្រ​និង​កងកម្លាំង​សន្ដិសុខ​នៅ​ជាយ​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤។ (REUTERS/Samrang Pring)
រូបឯកសារ៖ បាតុករ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុងពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​រោងចក្រ​និង​កងកម្លាំង​សន្ដិសុខ​នៅ​ជាយ​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤។ (REUTERS/Samrang Pring)

ការិយាល័យ​សន្តិសុខ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​កោះ​ហៅ​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិលក្នុង​ស្រុក​ចំនួន៤ ​ដើម្បី​បំភ្លឺ​រឿង​ចាក់​ផ្សាយ​ចម្រៀង​មាន​ចំណង​ជើង​ថា​ «ឈាម​បាតុករ»។​

បទ​ចម្រៀង​រ៉េប​ឈាម​បាតុករ​ ដែល​ច្រៀង​ដោយ​លោក​ គា សុគន្ធ ត្រូវបានអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា​ សង់ត្រាល់​ចាក់​ផ្សាយ​លើ​បណ្តាញ​សង្គម​របស់​ផង​ខ្លួន​ដើម្បី​រំឭក​ដល់​ព្រឹត្តិ​ការណ៍​បង្ក្រាប​របស់​កង​កម្លាំង​ចម្រុះ​លើ​ហ្វូង​បាតុករ​ ដែល​ជា​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេងស្រេង​ កាល​ពី​៩​ឆ្នាំ​មុន។​ វីដេអូ​ចម្រៀង​នោះ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​មេ​ដឹកនាំ​អង្គការ​សមាគម​ដែល​ត្រូវ​ប៉ូលិស​កោះ​ហៅ​ផង​ដែរ​ ដែល​រួមមាន​លោក​វន់ ពៅ​ និង​លោក​ថេង​ សាវឿន។​

បើ​តាម​លិខិត​កោះ​ហៅ​ចំនួន​បួនរបស់​ស្នង​ការរង​ទទួល​ផែនការ​សន្តិសុខ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឧត្តម​សេនីយ៍​ទោ ប៊ុន សុសិក្ខា​ ទាំង​នាយកទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ ​លោក ​អំ សំអាត ​និង​ប្រធាន​អង្គការ​សង់ត្រាល់​ លោក​មឿន តុលា ​និង​មេ​ដឹកនាំ​អង្គការ​ សមាគម​ពីរ​នាក់​ទៀត​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ផែន​ការ​ងារ​សន្តិសុខ​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

លិខិត​ចុះ​ថ្ងៃទី​៧​មករា​ឆ្នាំ​២០២៣​របស់​លោក ​ប៊ុន​ សុសិក្ខា​លើក​ឡើង​ថា​ អ្នក​ទាំង​បួន​ត្រូវ​ចូល​ខ្លួន​«មក​បំភ្លឺ​លើ​ការ​បង្ហោះ​ចម្រៀង​ដោយ​រូបភាព​ក្រោម​ចំណង​ជើង​ «ឈាម​បាតុករ»។​ អ្នក​ទាំង​បួន​ត្រូវ​ទៅបង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី៩​ ទី​១០​ និង​ទី​១១​ខែ​មករា​នេះ។​

ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្សហៅកាត់​ថា ​សង់ត្រាល់​លោក​ មឿន តុលា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា​ លោក​នឹង​ទៅ​ចូល​ខ្លួន​នៅ​ស្នងការ​ដ្ឋាន​ប៉ូលិស​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ហើយ​ថា ​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​នោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ក្រើន​រំឭក​ដល់​ភាគី​រដ្ឋាភិបាល​ និង​កម្មករ​មិន​ឲ្យ​ងាក​ទៅ​រក​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការងារ​ទេ នៅ​ពេល​អនាគត។​

លោក​ថ្លែង​ថា៖​ «តាម​ពិត​ទៅ​វា​គ្រាន់​តែ​ជា​ការ​រំឭក​ខួប​៩​ឆ្នាំ​នៃ​អំពើ​ហិង្សា​ ដែល​កើត​ឡើង​នៅ​យ៉ាកជីង​ ហើយ​នឹង​នៅ​ផ្លូវ​វេង ស្រេង។​ គោល​បំណង​របស់​យើង​មាន​តែ​បី​ទេគឺ​ទី​១​ រំឭក​ខួប​៩​ឆ្នាំ​ ទី២​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ ជាពិសេស​អាជ្ញាធរ​ហ្នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​រក​អ្នក​ណា​ដែល​ជា​អ្នក​បង្កើត​ហិង្សា​ហ្នឹង ឲ្យ​មនុស្ស​រាប់​សិប​នាក់​របួស​ ហើយ​នឹង​ស្លាប់​ ក៏​ដូច​ជា​បាត់​ខ្លួន​អ៊ីចឹង។​ ហើយ​ទី៣​ហ្នឹង​ ​យើង​ចង់​ឲ្យ​យក​ថ្ងៃ​ទី​២ ​ទី​៣​មករា​ហ្នឹងជា​មេរៀន​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ទាំង​ភាគី​កម្មករ​និយោជិត​ ទាំង​ភាគី​អាជ្ញាធរ​ហ្នឹង​ យើង​មិន​គួរ​យក​អំពើ​ហិង្សា​ហ្នឹង​ទៅ​ដោះស្រាយ​ទេ»។​

លោក ​មឿន តុលា ​បន្ថែម​ថា​ បទ​ចម្រៀង​របស់​លោក ​គា សុគន្ធ​ ដែល​បាន​ផ្សព្វ​ផ្សាយ​នោះ​គ្មាន​ចរិត​បង្កភាព​អសន្តិ​សុខ​ក្នុង​សង្គម​ ដូចការ​គិត​របស់​អាជ្ញាធរ​ទេ ​ដែល​ក្នុង​នោះ​មាន​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នោះ​ទេ។​

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​លោក​វន់ ពៅ​ បញ្ជាក់​ឲ្យ​វីអូអេ​ដឹង​ដែរ​ថា​ លោក​នឹង​ចូល​ខ្លួន​ទៅ​តាម​ការ​កោះហៅ​របស់​នគរបាល​ តែ​ថា​ បទ​ចម្រៀង​ដែល​លោក​បាន​ចែក​រំលែក​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​នោះគ្មាន​ចរិត​ញុះញង់​ទេ។​

មេ​ដឹកនាំ​សមាគម​រូប​នោះ​ចាត់​ទុក​ការ​ចេញ​លិខិត​កោះ​ហៅ​ពី​សំណាក់​ប៉ូលិស​ក្រុង​ភ្នំពេញ​ថា ​ជា​បែប​ផែន​នៃ​ការ​គំរាម​កំហែង​ និង​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ឃាត់​ខ្លួន​ដែល​អាច​កើត​មាន។ ​លោក ​អំ សំអាត​ បាន​ចូល​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​តាម​ការ​កោះហៅ​នៅសៀល​ថ្ងៃ​ចន្ទ​នេះ។​

ការ​ចេញ​លិខិត​កោះ​ហៅ​លោកអំ សំអាត​ និង​លោក​មឿន តុលា​ និង​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ពីរ​រូប​ទៀត​នោះ​ កើត​មាន​ឡើង​ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​អ្នកស្រី​ភឿង សកុណា​ ដែល​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពីអគ្គ​ស្នងការ​នគរបាល​ជាតិនាយឧត្តម​សេនីយ៍​នេត សាវឿនឲ្យ​ចាត់វិធាន​ការ​ទប់​ស្កាត់​បណ្តាញ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ដែល​បាន​យក​បទ​ចម្រៀង​អម​ដោយ​រូប​ភាព​ក្រោម​ចំណង​ជើង​«ឈាម​បាតុករ»​ទៅបង្ហោះ​ផ្សព្វ​ផ្សាយ។​

បើ​តាម​លិខិត​ចុះ​ថ្ងៃទី​៦​ ខែ​មករា​ ​ឆ្នាំ​២០២៣ ​អ្នកស្រី​ភឿង សកុណា​ លើក​ឡើង​ថា​ បាន​ពិនិត្យ​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​ Page ​បណ្តាញ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​មួយ​ចំនួន​បាន​យក​បទ​ចម្រៀង​អម​ដោយ​ រូបភាព​ក្រោម​ចំណង​ជើង​ថា​ ឈាមបាតុករ «ដែល​មាន​ខ្លឹមសារ​អុជ ​អាល​ ​ញុះញង់​អាច​នឹង​បង្ក​អសន្តិសុខ​សណ្តាប់​ធ្នាប់​ដល់​សង្គម​ របស់​អ្នក​និពន្ធ​ទំនុក​ច្រៀង​ និង​អ្នក​ចម្រៀង​ឈ្មោះ​ គា សុគន្ធ​ ដែល​ធ្លាប់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ចាត់​វិធាន​ការ​បិទ​ និង​ផ្តន្ទាទោស​ម្តងរួច​ហើយ​ មក​ផ្សព្វផ្សាយ​ជាថ្មី​ឡើង​វិញ»។​ ​

អ្នកស្រី ​ភឿង សកុណា​ យល់​ថា ​ការ​ផ្សាយ​ម្រៀង​របស់​លោក​ គា សុគន្ធ ​អាច​បង្ក​នូវ​ភាព​មិន​ប្រក្រតី​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយថា​ហេតុ​តាមរ​យៈ​បទ​ចម្រៀង​ដែល​អ្នកស្រី​ថា​ មាន​ខ្លឹម​សារ​អុជ​អាល។​

តាម​ផ្នែក​ខ្លះ​នៃ​ខ្លឹមសារ​ចម្រៀង​រ៉េប​របស់​លោក ​គា សុគន្ធ​ មាន​ការ​លើក​ឡើង​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​កាលពី​អតីត​កាល​ ជុំវិញ​ការ​បង្ក្រាប​លើ​កម្មករ​រោងចក្រ​ ដែល​ខ្លះ​រង​របួស​ដោយ​ហូរ​ឈាម​ក្នុង​ពេល​កំពុង​ប្រើប្រាស់​សិទ្ធិ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល។​

បទ​ចម្រៀង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លីកាដូ​ អង្គការ សង់ត្រាល់​ និង​ត្រូវ​បាន​ចែក​រំលែក​ដោយ​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​នោះ​ មាន​ការ​បញ្ចូល​នូវ​រូបភាព​វីដេអូ​ បង្ហាញ​ឲ្យ​ឃើញ​ការ​បង្រ្កាប​លើ​ក្រុម​កម្មករ ​ពី​សំណាក់​កង​កម្លាំង​ចម្រុះ​នៅ​លើ​កំណាត់ផ្លូវ​វេងស្រេង​កាល​ពី​៩ឆ្នាំ​មុន។​ ចម្រៀង​ដដែល​បាន​ពណ៌នា​ថា ​មាន​បាតុករ​ខ្លះ​បាត់​ខ្លួន​ ហើយ​យុត្តិធម៌​ក៏​គ្មាន​សម្រាប់​ជន​រង​គ្រោះ។​

អ្នក​នាំពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក ​សាន សុខសីហា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ នគរបាល​ក្រុង​ភ្នំពេញទទួល​បន្ទុក​សន្តិសុខ​បាន​ចេញ​លិខិត​កោះ​ហៅ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ទាំង​បួន​នាក់។​ លោក​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​អំពី​ខ្លឹមសារ​នៃ​បទ​ចម្រៀង​របស់​លោក​ គា សុគន្ធ​ ដែល​លោក​អះអាងថា​ អាច​ប៉ះពាល់ដល់​សន្តិសុខ​សង្គម។​

លោក​ថ្លែង​ថា៖ ​«អ្វី​ដែល​បាន​ចាក់​ហ្នឹង​គឺ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិដ្ឋភាព​មួយ​ដែល​វា​មើល​ទៅ​ វា​ប៉ះពាល់​ដល់​សំខាន់​គឺ​គាត់​ផ្តោត​លើ​ការ​ញុះញង់​ហ្នឹង​ ហើយ​វា​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ»។​

នៅ​ពេល​សួរ​ថា​ តើ​ប៉ូលិស​អាច​មាន​ការ​កោះហៅ​លោក​គា សុគន្ធ​ដែរ​ឬ​ទេ​ លោក សាន សុខសីហា​ បញ្ជាក់​ឡើង​វិញ​ថា​ ជា​បឋម​មាន​ការ​កោះ​ហៅ​មនុស្ស​តែ​បួន​នាក់​ប៉ុណ្ណោះ។​

ក្នុង​ខួប​៩​ឆ្នាំ​នៃ​ព្រឹតិ្ត​ការណ៍​ហិង្សា​នៅ​ផ្លូវវេង ស្រេង​នោះ​ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ ​ កង​កម្លាំង​ចម្រុះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅវិថី​វេង ស្រេង ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​ ​និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៨​ ​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​កុមារា​ម្នាក់​បាត់​ខ្លួន។​ ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​នោះ​ មាន​សកម្ម​ជន​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដែល​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ​ ជាជន​រង​គ្រោះ​ដែល​មិន​ទាន់​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ។ ​

យ៉ាងណា​ក៏ដោយ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​កន្លង​មក​ថា​ វិធាន​ការ​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទៅ​លើ​ការ​តវ៉ា​កាល​ពី​៩​ឆ្នាំមុន​នោះ​គឺ​ជា​ការ​ទប់​ស្កាត់​ចលនា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល៕​

លោក លាស់​ លីបលីប​ រួមចំណែកដល់​សេចក្តីរាយការណ៍នេះ។

XS
SM
MD
LG