ភ្នំពេញ —
ក្រុមអាជ្ញាធរប៉ូលិសបានព្យាយាមបដិសេធការទទួលខុសត្រូវចំពោះការស្លាប់របស់ជនរងគ្រោះក្នុងការបង្រ្កាបបាតុករយ៉ាងហិង្សាកាលពីថ្ងៃអង្គារខណៈពេលដែលជនរងគ្រោះប្រកាសស្វែងរកយុត្តិធម៌។
លោកង៉ែត វង់ ជាស្វាមីរបស់ស្ត្រីអ្នកលក់បាយតាមផ្លូវឈ្មោះអេង សុខុមដែលត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងការបង្រ្កាបបាតុករបានបញ្ជាក់ក្នុងពិធីធ្វើបុណ្យសពប្រពន្ធរបស់លោកកាលពីថ្ងៃពុធថា អាជ្ញាធរសង្កាត់បានរៀបរាប់ប្រាប់រូបលោកថាអ្នកទទួលខុសត្រូវក្នុងការបាញ់សម្លាប់ប្រពន្ធរបស់លោកគឺជាជនមិនស្គាល់មុខ។
«គេនិយាយថាអ្នកបាញ់គឺជាជនអានាមិក»។
អ្នកស្រីសុខុម ស្លាប់ក្នុងអាយុ៤៩ឆ្នាំដោយចោលកូនពេញវ័យចំនួន៣នាក់។
លោកឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចទាក់ទងទោះជាទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងក៏ដោយ។
ទោះជាយ៉ាងណាលោកគៀត ច័ន្ទថារិទ្ធ ត្រូវស្រង់សម្តីក្នុងសារព័ត៌មានជាភាសាអង់គ្លេស The Cambodia Dailyនៅថ្ងៃនេះថា៖«ប៉ូលិសសុំបដិសេធសេចក្តីរាយការណ៍ដែលថាកងប៉ូលិសបានបាញ់សម្លាប់ស្ត្រី»រងគ្រោះ។
អ្នកនាំពាក្យនគរបាលជាតិដដែលអះអាងថាស្ត្រីរងគ្រោះ«មិនស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ប៉ូលិសបង្រ្កាបបាតុកម្មទេ» ហើយគ្រាប់ដែលបាញ់ចេញលើស្ត្រីរងគ្រោះ«មិនដឹងចេញពីទីណាទេ»។
លោកជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា ការស្លាប់របស់ស្ត្រីលក់បាយ«ជាឧប្បត្តិហេតុ»។
«វាជាឧប្បត្តិហេតុមួយដែលយើងមិនអាចកំណត់បាន។ សំណួរសួរថាតើយើងឃើញប៉ូលិសបាញ់ប្រជាពលរដ្ឋពិតប្រាកដទេ?»។
កងប៉ូលិសបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើការបាញ់ដែលបណ្តាលឲ្យស្លាប់ស្ត្រីរងគ្រោះក៏ប៉ុន្តែគ្មានរបាយការណ៍ជាសាធារណៈណាមួយបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតនេះទេ។
ទោះជាបែបនេះក្តីលោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថាប៉ូលិសមិនអាចគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេហើយស្របពេលជាមួយគ្នានេះព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញគួរតែចាត់វិធានការស៊ើបអង្កេតដោយឯករាជ្យនិងចោទប្រកាន់ចំពោះបទល្មើសនេះដោយសារតែភស្តុតាងជាក់ស្តែងមានសព្វគ្រប់ដែលបង្ហាញឈុតឆាកបាញ់តម្រង់របស់ក្រុមសមត្ថកិច្ចដោយប្រើអាវុធគ្រាប់ពិតក្នុងការបង្រ្កាបក្រុមអ្នកតវ៉ា។
«បើប៉ូលិសអត់មានការទទួលខុសត្រូវ តើអ្នកដែលរបួសនិងស្លាប់ដែលសុទ្ធតែមានក្បាលគ្រាប់កាំភ្លើងតើអ្នកណាជាអ្នកទទួលខុសត្រូវ។ យើងចង់និយាយថាប៉ូលិសមិនអាចប្រកែកបានទេនៅក្នុងក្របខណ្ឌនេះដែលមានការបង្រ្កាបដោយប្រើអាវុធ»។
នៅក្នុងពេលនេះលោកង៉ែត វង់ ស្វាមីរបស់សពស្ត្រីអ្នកលក់បាយយល់ថាការស្លាប់ប្រពន្ធរបស់គាត់គឺជាអំពើអយុត្តិធម៌។
«ខ្ញុំនៅឈរក្បែរគាត់។ គាត់ដាក់កៅអីឡើងស្រាយតង់។ គ្រាន់តែលូកដៃត្រូវគ្រាប់តែម្តង។មិនទាន់បានស្រាយទេ។ដួលមកកូនត្រកង បន្ទាប់មកឡើងរឹងដៃរឹងជើងហើយគាត់បានដាច់ខ្យល់នៅពាក់កណ្តាលផ្លូវមុនដល់មន្ទីរពេទ្យ។ យើងត្រូវការយុត្តិធម៌ជូនជនរងគ្រោះព្រោះគាត់ស្លាប់ទៅដោយអត់មានកំហុសអីសោះ។ គ្នានៅលក់បាយសោះហើយបាញ់គ្នាឲ្យស្លាប់។អយុត្តិធម៌ពេកហើយ»។
មកទល់នឹងថ្ងៃនេះលោក ង៉ែត វង់មិនទាន់សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការនៅឡើយទេ។
នៅថ្ងៃនេះដែរលោកនាង សុឃុន ដែលជាយុវជនស្ថិតក្នុងចលនាដែលមាននិន្នាការគាំទ្រគណបក្សជំទាស់បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនឹងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោករ័ត្ន ស្រ៊ាងនិងលោកស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ។
លោកនាង សុឃុន បានចោទប្រកាន់មេបញ្ជាការកងប្រដាប់អាវុធទាំងពីររូបថាជាអ្នកទទួលខុសត្រូវចំពោះឃាតកម្មនិងជាអ្នកបញ្ជាឲ្យមានការបាញ់ប្រហារលើហ្វូងបាតុករ។
កម្មករប្រមាណ១.០០០នាក់នៃរោងចក្រកាត់ដេរSLក្នុងទីក្រុងភ្នំពេញបានដឹកនាំក្បួនបាតុកម្មមួយកាលពីព្រឹកថ្ងៃអង្គារក្នុងគោលដៅឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ពីរូបលោកលើការតវ៉ារបស់ពួកគេជាមួយថៅកែរោងចក្រ។ ការតវ៉ាដែលបានអូសបន្លាយចាប់តាំងពីខែសីហាមកម៉្លេះ។
បាតុកម្មបានផ្ទុះទៅជាអំពើហិង្សានៅពេលដែលក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលព្យាយាមរារាំងដំណើរក្រុមបាតុករ។ ស្ត្រីអ្នកលក់បាយតាមចិញ្ចើមផ្លូវអេង សុខុមបានស្លាប់ក្នុងការបាញ់បង្រ្កាបរបស់អាជ្ញាធរ។ ដោយឡែកក្រុមអ្នកគាំទ្របាតុកម្មបានដុតរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងរបស់ប៉ូលិស។
មនុស្សចំនួន៣៨នាក់ត្រូវចាប់ខ្លួនក្នុងនោះមានព្រះសង្ឃចំនួន៧អង្គប៉ុន្តែព្រះសង្ឃត្រូវដោះលែងមកវិញកាលពីយប់ថ្ងៃអង្គារ។ ដោយឡែកយុវជនម្នាក់និងកុមារម្នាក់ត្រូវបញ្ជូនទៅកាន់តុលាការចោទប្រកាន់ពីបទបានវាយប្រហារលើប៉ូលិសនិងបង្កការខូចខាតទ្រព្យសម្បតិ្តសាធារណៈ៕