ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជ​ប្រជាជន​ធ្វើ​ឡើង​ដោយ​ជន​រងគ្រោះ​ត្រូវ​រដ្ឋាភិបាល​បង្រ្កាប


មន្ត្រី​ប៉ូលិស​​និយាយ​ថា​ ការ​ចូល​កាន់​កាប់​យក​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​ជាការ​ធ្វើ​សម​យុទ្ធ​បង្ក្រាប​​បាតុកម្ម​តែ​ប៉ុណ្ណោះ។​
មន្ត្រី​ប៉ូលិស​​និយាយ​ថា​ ការ​ចូល​កាន់​កាប់​យក​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​ជាការ​ធ្វើ​សម​យុទ្ធ​បង្ក្រាប​​បាតុកម្ម​តែ​ប៉ុណ្ណោះ។​
កងកម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​រាប់​រយ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្ថិ ​រថយន្ត​បាញ់​ទឹក​ ខែល​និង​ដំបង​ឆក់​បាន​ចូល​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មិន​អនុញ្ញាត​ឱ្យ​សមាជ​ប្រជាជន​របស់​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​យក​ដីធ្លី​ធ្វើ​ពិធី​របស់​ខ្លួន​ទេ។ ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​វាយ​បង្ក្រាប​ដោយ​ហិង្សា​ប្រឆាំង​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​មួយ​ផ្សេង​ទៀត​ដែល​បាន​មក​តវ៉ានៅ​ពី​មុខ​គេហដ្ឋាន​ដ៏​ធំ​ស្កឹម​ស្កៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នា​វិមាន​ឯករាជ្យ។​

ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បាន​បណ្តាល​ឱ្យ​កម្មករ​ជាច្រើន​បាន​រង​របួស​តែពុំមាន​កម្មករ​ណា​ម្នាក់​រង​របួស​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​ទេ។​

កម្មករ​ម្នាក់​មក​ពី​រោងចក្រ​ SL ​ដែល​បាន​តវ៉ា​អស់​រយៈ​ពេល​ជាច្រើន​ខែមក​ហើយ​បាន​ប្រាប់​វីអូអេ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ថា​ទង្វើ​របស់​ប៉ូលិស​បង្ក្រាប​បាតុកម្ម​គឺជា​ទង្វើ​ដ៏​ឃោរឃៅ។​

ប្អូន​ប្រុស​និយាយ​ថា៖​«គេ​វាយ​មនុស្ស​សូម្បី​តែ​ម៉ូតូ​ក៏វាយ​ដែរ។ ​វាយ​ដូច​ឆ្កែ ​ដូច​ឆ្មា​អញ្ចឹង​គ្មាន​អាណិត​ប្រជាជន​ខ្មែរ​សោះ។ ​សូម​ឱ្យ​ជួយ​រក​ដំណោះ​ស្រាយ​ក្រុម​កម្មករ​SL 1 ​ SL 2 ​។​គ្រាន់​តែ​ពួក​ខ្ញុំ​កូដកម្ម​បីខែ​ហើយ​គ្មាន​ដំណោះ​ស្រាយ​ទេ​។​បី​ខែ​ហើយ»។​

ក្រុម​កម្មករ​ជាច្រើន​រាប់​រយ​នាក់​មក​ពី​រោង​ចក្រ​SL​មួយ​និង​SL ​ពីរ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដើម្បី​ទាម​ទារ​សុំឱ្យ​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ឡើង​តែ​ត្រូវ​បាន​ប៉ូលិស​ជាច្រើន​រាប់​រយ​នាក់​បាន​បង្ក្រាប។​

រីឯ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចូល​កាន់​កាប់​ពេញទី​លាន​ប្រជាធិបតេយ្យ​មិន​ឱ្យ​សហគមន៍​ធ្វើ​សមាជ​មហាជន​ទេ។​ មន្ត្រី​ប៉ូលិស​នៅ​ទីនោះ​និយាយ​ថា​ការ​ចូល​កាន់​កាប់​យក​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​ជាការ​ធ្វើ​សម​យុទ្ធ​បង្ក្រាបបាតុកម្ម​តែ​ប៉ុណ្ណោះ។​

សហគមន៍​រងគ្រោះ​ដោយ​សារ​ការ​ចាប់​យក​រំលោភ​ដី​ធ្លី​និង​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ផ្សេងៗ​ចំនួន​ជាង​២០​សហគមន៍​មក​ពី​២៤​ខេត្ត​ក្រុង​បាន​សម្រេច​ចិត្ត​បង្វែរ​ពី​ការ​ធ្វើ​សមាជ​ប្រជាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​មក​ធ្វើ​នៅ​ក្បែរ​ស្ពាន​នាគ​វិញ​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ​តែ​សមាជ​ប្រជាជន​នេះ​បាន​ស្ថិត​នៅ​ក្រោម​ការ​ឡោម​ព័ទ្ធ​របស់​សមត្ថកិច្ច។​

គោល​បំណង​នៃ​ការ​ធ្វើ​សមាជ​ប្រជាជន​កម្ពុជា​នេះ​គឺធ្វើ​ឡើង​ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​បាន​លើក​ឡើង​នូវ​កង្វល់​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​ដូច​ជាការ​រំលោភ​ចាប់យកដី​ធ្លី​ជា​ដើម។​

ក្រុម​អ្នក​ចូល​រួម​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្តែង​មតិ​ម្តង​ម្នាក់ៗ​ជុំវិញ​ការ​រំលោភ​ដីធ្លី​និង​អំពើ​អយុត្តិ​ធម៌​ក្នុង​សង្គម​ផ្សេងៗ​ដើម្បី​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​រក​ដំណោះ​ស្រាយ។​

ស្រ្តី​ម្នាក់​មក​ពី​ខេត្ត​កោះកុង​បាន​បញ្ជាក់​ទៅកាន់​អ្នក​ចូល​រួម​ថា៖ «ប្រជាពល​រដ្ឋ​ខ្ញុំ​នៅ​ឃុំ​ជីខ​ លើស្រុក​ស្រែ​អំបិល​ខេត្ត​កោះ​កុង​នេះ​ ចំនួន​២០០​គ្រួសារ​គ្រាន់​តែ​តុលាការ​គាត់​ហៅទៅ​បំភ្លឺ​ ហៅទៅ​ជាច្រើន​លើក​ច្រើន​សារ​ប៉ុន្តែ​អត់មាន​រក​ដំណោះ​ស្រាយ​អ្វីបាន​សោះ»។​

ក្រុម​អ្នក​ចូល​រួម​ដែល​រៀប​ចំឡើង​ដោយ​ពហុ​វិស័យ​បាន​ចង​បូណ៌​ពណ៌ស​នៅលើ​ក្បាល​ដែល​មាន​សរសេរ​អក្សរ​ថា​សមាជ​ប្រជាជន​កម្ពុជា​និង​មាន​កាន់​បដា​ទាមទារ​រក​យុត្តិធម៌​ជាដើម។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ដែល​បាន​ចូល​រួម​សមាជ​ប្រជាជន​កម្ពុជា​ដោយ​បាន​មក​អង្គុយ​កណ្តាល​ហ្វូង​ប្រជាជន​តែ​លោក​មិន​បាន​កាន់​បដាទេ។​

លោកបាន​បញ្ជាក់​ថា​សមាជ​នេះ​គឺ​ជា​គំនិត​ថ្មី​មួយ​ទៀត​របស់​ប្រជាជន​ដែល​ជា​សក្ខី​ភាព​មួយ​បង្ហាញ​ថា​ប្រជាជន​បាន​យល់​ដឹង​នៅ​សិទ្ធិ​សេរីភាព​ និង​ការបញ្ចេញ​មតិ​របស់​ពួកគេ។​

លោក​បាន​និយាយ​ថា៖«នេះ​ជាការ​ល្អ​ហើយ​គេអាច​ពង្រីក​តទៅ​ទៀត​ផង​ថ្ងៃ​ក្រោយ​ទៅ។ ​បើសិន​គេ​ចង់​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​អំណាច​ប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​ការ​គ្រប់​គ្រង​ប្រទេសគួរ​ឱ្យ​មាន​ឱ្យ​ច្រើន​ហើយ​ទូទាំង​ប្រទេស​ក៏បាន​ដែរ»។​

លោក​ យ៉េង វីរៈ​ ប្រធាន​មជ្ឈមណ្ឌលអប់រំ​ច្បាប់​សម្រាប់​សហគមន៍​មាន​ប្រសាសន៍​ថា​សមាជ​ប្រជាជន​ជា​ទង្វើ​មួយ​ដ៏ល្អ​នៅ​ក្នុង​សង្គមកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​តែ​លោក​មាន​ការ​សោក​ស្តាយ​ដែល​កម្លាំង​មាន​សមត្ថកិច្ច​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

លោក​និយាយ​ថា៖​ «ការ​ខក​ខាន​មិន​បាន​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​នូវ​សិទ្ធិ​នេះ​គឺជា​ជាការ​ខក​ខាន​របស់​អាជ្ញាធរ ជា​ការ​រំលោភ​របស់​អាជ្ញាធរ​ទៅលើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ»។​
សមាជ​ប្រជាជន​នេះ​បាន​អញ្ជើញ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​បាន​ឆ្លើយ​តប​ថា​ខ្លួនបាន​ចូល​រួម​ទេលើក​លែង​តែ​គណបក្ស​សង្គ្រោះជាតិ​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG