ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ចោទ​ជនសង្ស័យ​ពីរ​នាក់​និង​ដោះលែង​៣៦​ក្រោយ​ពី​អំពើ​ហិង្សា


មនុស្សស្លាប់ម្នាក់ ​ពេលប៉ូលិស​បង្រ្កាប​បាតុករ​អហិង្សា
សូម​រង់ចាំ

No media source currently available

0:00 0:06:28 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មនុស្សស្លាប់ម្នាក់ ​ពេលប៉ូលិស​បង្រ្កាប​បាតុករ​អហិង្សា

ប៉ូលិស​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ជូន​ខ្លួន​ជន​សង្ស័យ​វ័យ​ក្មេង​ចំនួន​ពីរនាក់​ទៅ​ឲ្យ​តុលាការដើម្បី​ធ្វើការ​ចោទប្រកាន់​និង​បុរសចំនួន​២៩​នាក់ផ្សេង​ទៀត​ត្រូវដោះ​លែងឲ្យ​មានសេរីភាព​ឡើងវិញ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ជន​ទាំងនេះ​ត្រូវ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​អង្គារក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​អាជ្ញាធរ​ប៉ូលិស​និងកង​រាជ​អាវុធហត្ថ​ជាមួយ​ក្រុមបាតករ​ដែលជា​កម្មករ​រោងចក្រ​កាត់ដេរSL។

លោកជួន ណារិន ​ស្នងការរង​ប៉ូលិស​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​អ្នក​កាសែត​ក្នុងពេល​ដែល​ប៉ូលិស​កំពុង​ដោះ​លែង​ជនត្រូវចាប់ខ្លួន​ថាប៉ូលិស​មិន​បាន​បាន​រកឃើញ​ថាជន​ត្រូវ​ចាប់ខ្លួនបាន​ប្រព្រឹត្ត​ខុស​ដូចបាន​សង្ស័យ​នោះ​ទេ។​

«នៅពេល​ដែល​យើង​ពិនិត្យ​តាម​នីតិវិធី​របស់​យើង​ យើង​ឃើញ​ថា​អ្វី​ដែល​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិមានតែ​ពីរ​នាក់​ទេ​ហើយ​ក្នុងនោះ​អត់មាន​ប៉ះពាល់​ដល់​កម្មករ​ដែល​ធ្វើ​បាតុកម្ម​ចេញពី​រោង​ចក្រ​SL​ទេ»។



កម្មករ​ប្រមាណ​១.០០០​នាក់​នៃ​រោងចក្រ​កាត់ដេរ​SL​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ដឹកនាំ​ក្បួន​បាតុកម្ម​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​កាន់​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​រូប​លោក​លើ​ការ​តវ៉ា​របស់​ពួកគេ​ជាមួយ​ថៅកែ​រោងចក្រ។​ ការតវ៉ា​នេះ​បាន​អូសបន្លាយ​ចាប់តាំង​ពីខែសីហា​មកម៉្លេះ។

បាតុកម្ម​បានផ្ទុះ​ទៅ​ជា​អំពើ​ហិង្សា​នៅ​ពេល​ដែល​ក្រុមសមត្ថកិច្ច​របស់​រដ្ឋាភិបាល​ព្យាយាម​រារាំង​ដំណើរ​ក្រុមបាតុករ។​ ស្ត្រី​អ្នកលក់​បាយ​តាមចិញ្ចើម​ផ្លូវ​ម្នាក់​បានស្លាប់​ក្នុង​ការបាញ់​បង្រ្កាប​របស់​អាជ្ញា​ធរ។ ដោយឡែក​ក្រុម​អ្នកគាំទ្រ​បាតុកម្ម​បានដុត​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង​របស់​ប៉ូលិស។​

មនុស្ស​ចំនួន​៣៨​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន​៧អង្គ។​ ប៉ុន្តែ​ព្រះសង្ឃ​ត្រូវ​ដោះលែង​មក​វិញកាលពី​យប់​ថ្ងៃអង្គារ។​ដោយ​ឡែក​យុវជន​ម្នាក់​ឈ្មោះ​វណ្ណី វណ្ណន ​អាយុ​១៩ឆ្នាំ ​និង​មាស នន់​ អាយុ​១៥ ​ឆ្នាំត្រូវ​បញ្ជូន​ទៅកាន់​តុលាការ។​ យុវជន​ទាំងពីរ​នាក់​មាន​លំនៅដ្ឋាន​ក្នុង​ក្រុងភ្នំពេញ។

លោក​ជួន ណារិន ​បញ្ជាក់​ថា​យុវជន​ទាំងពីរ​ត្រូវ​រកឃើញ​ថា​បានគុប​ដុំថ្ម​លើ​កងសមត្ថកិច្ច​និង​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់រដ្ឋ​ដែល​មាន​រថយន្ត​និង​ម៉ូតូ​របស់​ប៉ូលិស។

ដោយឡែក​ទាក់ទង​នឹង​ការស្លាប់​របស់​ស្ត្រី​លក់បាយ​ លោកស្នងការ​រង​លើកឡើង​ថា​វា​«ជា​ឧប្បត្តិហេតុ»ដែល​មិន​អាច​កំណត់​ពី​មូលហេតុ​ជាក់លាក់​បានឡើយ​ហើយ​ប៉ូលិស​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មួយ​និង​បាន​ចុះ​ធ្វើ​ការ​ស៊ើបអង្កេត​ជាបឋម​កាល​ពី​ម្សិលមិញ។

បុរស​ដែល​ត្រូវ​ដោះលែង​មកវិញ​សម្តែង​ការ​ត្រេកអរ​ទោះបីជា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​សង្ស័យ​របស់​ក្រុមប៉ូលិស​ក៏ដោយ។

លោកបូ ភក្តី ​អាយុ​២៩ ឆ្នាំ​នៅមាន​ស្នាម​បែក​ចិញ្ចើម ​បែក​ខ្ទង់​ច្រមុះ ​ជាំ​ក្បាលពោះ ​ជាំ​ចង្កេះ​និង​ហើម​ជើង​ខាងស្តាំ​ដោយសារ​ការវាយសំពង​របស់​ក្រុមប៉ូលិស​និង​កងរាជអាវុធហត្ថ។

«ខ្ញុំ​នៅ​ឈរ​មើល​គេ​ធ្វើ​បាតុកម្ម ​ហើយ​គេ​រត់​អស់​ទៅ។​ តែ​ខ្ញុំ​អត់ខុស​ខ្ញុំ​អត់​រត់។ ​ពេល​ប៉ូលិស​មក​ដល់​ចាប់​វាយ​ខ្ញុំ»។

បុរស​ត្រូវ​ចាប់​ខ្លួន​ផ្សេង​ទៀត​រីករាយ​នឹង​សេរីភាព​របស់​ខ្លួន​ឡើងវិញ​ប៉ុន្តែ​ពួកគេ​មិន​ទាន់​បំភ្លេច​ការ​បង្រ្កាប​របស់​ក្រុម​សមត្ថកិច្ច​មក​លើ​ខ្លួន​ដែល​ពួកគេ​មិន​បាន​ដឹង​ខ្លួន​ជាមុន។

«ខ្ញុំ​អ្នក​លក់​សាំង​ហើយ​គេ​មកវាយ»។​ នេះ​ជា​ការ​រំឭក​របស់​លោក​ឡុញ កុសល​ អាយុ​២០​ឆ្នាំ។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​រៀបរាប់​ថា៖​ «ខ្ញុំ​ត្រូវគេ​ចាប់​ហើយ​វាយ​ទាត់ធាក់​ដូច​សត្វ​ឆ្កែ ​សត្វ​ឆ្មារ»។

លោក​ណៃ វ៉ង់ដា​ អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​អបអរសាទរ​ការ​ដោះលែង​ជនត្រូវ​ចាប់​ខ្លួន​ពី​សំណាក់​ប៉ូលិស​នេះ​ប៉ុន្តែ​លោក​មាន​ការ​សោកស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង។

«យើង​មាន​ការ​សោកស្តាយ​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រហូត​ដល់​មាន​អ្នកស្លាប់​ស្ត្រី​ម្នាក់​ហើយ​យើង​សំណូមពរ​ថា​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​អាវុធ​ក្នុង​ការបង្រ្កាប​បាតុករ​តទៅ​ទៀត»។

លោក​ណៃ វ៉ង់ដា ​ចង់ឃើញ​ការ​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​រងគ្រោះ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG