ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​ស្ម័គ្រចិត្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ជន​រងគ្រោះ ​ម៉ៅ សុខចាន់


ទិដ្ឋភាពនៅក្នុងពិធីបុណ្យសពរបស់លោកម៉ៅ សុខចាន់ ដែលត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល​ពី​ចម្ងាយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ពេលផ្ទុះ​អំពើ​ហិង្សា​មួយ​រវាង​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ចំណុច​ស្ពាន​ច្បារ​អំពៅ​កាល​ពី​យប់​ថ្ងៃ​ទី​១៥​ខែ​កញ្ញា។
ភ្នំពេញ៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុមដែល​មាន​គ្នាសរុប​ប្រមាណ​១០០​នាក់​បាន​ប៉ុនប៉ង​ដង្ហែរ​ញត្តិ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃសុក្រ​នេះ​ ដើម្បី​ស្វែង​រកការផ្តល់​យុត្តិធម៌​ជូន​សព​លោក​ម៉ៅ​ សុខចាន់ ​ប៉ុន្តែ​ពួកគេ​ត្រូវ​រារាំង​ដោយ​ក្រុម​សមត្ថកិច្ច​និង​បង្ក​ឲ្យ​មាន​ការប៉ះទង្គិច​គ្នា​មួយ​ឈុត​ខ្លី។

ការប៉ះទង្គិច​នេះ​បណ្តាល​ឲ្យ​បុរស​អ្នកកាសែត​ជនជាតិ​បរទេស​ម្នាក់​រងរបួស​ត្រង់ក្បាល​ដោយសារ​ការ​វាយ​របស់​ក្រុមសមត្ថកិច្ច​និង​ក្រុម​យុវជន​មួយ​ចំនួន​ទៀត​រង​របួស​ស្រាល។
ក្រុម​យុវជន​ដែល​គាំទ្រ​ដោយ​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ព្យាយាម​ដង្ហែរ​ញត្តិ​ដែល​មាន​ស្នាម​មេដៃនិង​ហត្ថលេខា​៥៥០​នាក់ពី​បរិវេណ​វត្ត​ភ្នំ​ទៅ​សាលា​ដំបូង​រាជភ្នំពេញ​ប៉ុន្តែ​នៅពេល​នោះ​កង​មាន​សមត្ថកិច្ច​ខណ្ឌ​ដូន​ពេញ​រារាំង​ដំណើរ​របស់​ពួកគេ​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ​និង​សមត្ថកិច្ច​ក៏បាន​ផ្ទុះ​ឡើង។

ក្រុម​ភ្នាក់ងារ​របស់​អាជ្ញាធរ​បាន​ចាប់​យក​ផ្កាឈូក​ទៅ​កម្ចេច​ចោល​និង​ចាប់​យក​កម្រង​ស៊ុំផ្កា​សម្រាប់​ដាក់​រូបថត​សព​លោកម៉ៅ សុខចាន់​ ទៅ​គ្រវែង​ចោល។

លោក គុច សារ ​អាយុ​២១​ឆ្នាំ​ ជា​យុវជន​ស្ម័គ្រចិត្ត​ម្នាក់និងជា​និស្សិត​ក្នុង​សកលវិទ្យាល័យ​មួយ​នៅ​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា៖

«អាជ្ញាធរ​បាន​មក​កាច់​បំផ្លាញ​ផ្កា​របស់​យើង​ទាំង​អស់ ​ហើយ​រូបថត​ក៏​គាត់​គ្រវែង​ចោល ​ហើយ​រឹប​អូស​បដា​យក​ទៅ។ ពួកយើង​ប្រកាន់​គោល​ជំហរ​ត្រូវ​តែ​រកយុត្តិធម៌​ជូន​លោក​ម៉ៅ​សុខ​ចាន់​ឱ្យ​បាន ​ព្រោះ​ពួក​យើង​គិត​ថា​រឿង​នេះ​មិន​មែន​ជា​រឿង​បុគ្គល​ទេ​ ប៉ុន្តែ​ជា​ភាព​អយុត្តិធម៌​ក្នុង​សង្គម ​ដូច្នេះ​ក្នុង​នាម​យើង​ជា​យុវជន ​យើង​ត្រូវ​តែ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ទាំង​អស់​គ្នា»។

លោក ម៉ៅ​ សុខចាន់​អាយុ​២៩ឆ្នាំ​ជា​កម្មករ​សំណង់​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល​ពី​ចម្ងាយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ពេលផ្ទុះ​អំពើ​ហិង្សា​មួយ​រវាង​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ចំណុច​ស្ពាន​ច្បារ​អំពៅ​កាល​ពី​យប់​ថ្ងៃ​ទី​១៥​ខែ​កញ្ញា។

ក្រៅ​ពី​ការ​ស្លាប់​របស់​លោកម៉ៅ សុខចាន់ ​អំពើ​ហិង្សា​នេះ​បាន​បណ្តាល​ឱ្យ​មនុស្សយ៉ាង​តិច​ណាស់​១០​នាក់រង​របួស​ និង​នាំ​ឱ្យ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​៦​នាក់​ផ្សេង​ទៀត។

គ្រួសារសពលោក​ម៉ៅ សុខចាន់​បាន​ដាក់​ពាក់​បណ្តឹង​ទៅ​តុលាការ​តាំង​ពី​យប់​ថ្ងៃ​កើត​ហេតុ​មក​ម្ល៉េះ ប៉ុន្តែ​បើ​តាម​អ្នកស្រី ទិត សាង​ ជា​ម្តាយ​លោក​ម៉ៅសុខចាន់ មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​អ្នកស្រី​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​តប​ណា​មួយ​ពី​តុលាការ​នៅ​ឡើយ។

​ជនរងគ្រោះ​ផ្សេង​ទៀត​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ ចំណែក​ឯជនជាប់​ចោទ​ទាំង​៦​នាក់ផ្សេង​ទៀត​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ចំនួន​៤​នាក់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ។
ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ ​សមត្ថកិច្ច​បាន​សន្យាបង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ​ទៅ​លើ​ការ​បាញ់​ប្រហារ​នេះ។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ក្រុមយុវជន​ស្ម័គ្រចិត្ត​បានជំរុញ​ឲ្យ​មានការផ្តល់យុត្តិធម៌​សម្រាប់ជន​រងគ្រោះ​ក្រោយពី​ការប៉ះទង្គិច​យ៉ាងហិង្សា​នោះ​ស្របពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​ទទួលរង​ការរិះ​គន់​ពី​អំពើ​និទណ្ឌភាព​ឬភាព​គ្មានទោស​ចំពោះ​ការប្រព្រឹត្ត​ផ្ទុយនឹង​ច្បាប់​របស់​រដ្ឋ​នានា។

លោក គៀត ច័ន្ទថារិទ្ធ ​និង​ លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ​ លោក ខេង ទីតូ ​អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ឱ្យ​ដឹង​ថា​ការ​ស៊ើប​អង្កេត​កំពុង​បន្ត ​ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ឬ​នៅ​ទេ។

«យើង​មិន​បាន​ដឹង​ថា​ក្រសួង​មហា​ផ្ទៃ​បាន​បង្កើត​គណៈកម្មការ​នៅ​ឡើយ​ទេ ​ក៏​ប៉ុន្តែ​ខាង​សមត្ថកិច្ច​អាវុធហត្ថ​យើង​បាន​សហការ​ស៊ើប​អង្កេត​ករណី​ហ្នឹង​ជា​មួយ​ខាង​ប៉ូលិស​ដែរ ​ប៉ុន្តែ​មិន​ទាន់​បាន​លទ្ធផល​ទេ»។

លោក អំ សំអាត ​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ដើម្បី​វែក​មុខ​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ដើម្បី​រក​យុត្តិធម៌​ឱ្យជនរងគ្រោះ​និង​កាត់​បន្ថយ​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា៕
XS
SM
MD
LG