ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មករ​ដាក់​ញត្តិ​ជូន​លោក​ហ៊ុន សែន​ទាមទារ​ឡើង​ប្រាក់ខែ

  • ​Reuters

កម្មករ​រោងចក្រ​កាត់ដេរ​ប្រហែល​២០០០​នាក់ ប្រុង​ដើរ​ពី​រោងចក្រ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​តែប៉ូលិស​បាន​រារាំង។
កម្មករ​រោងចក្រ​កាត់ដេរ​ប្រហែល​២០០០​នាក់​នៅ​កម្ពុជា​ដើរ​តវ៉ា​នៅ​ភ្នំពេញ​នៅ​ថ្ងៃសុក្រ​ទី២៧​ខែ​កញ្ញា​នេះ​ទាមទារ​ឡើង​ប្រាក់ខែ​និង​ប្រាក់​ឧបត្ថម្ភ​នានា។​

បាតុករ​ទាំង​នេះ​ ដែល​ភាគ​ច្រើន​ជាស្ត្រី​ប្រុង​ដើរ​ពី​រោងចក្រ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​តែប៉ូលិស​បាន​រារាំង។

លោក​រ័ត្ន​ស្រៀង ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ​បាន​ចរចា​ជាមួយ​កម្មករ​ ហើយ​បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​៣០​នាក់​យក​ញត្តិ​ទៅជូន​លោក​ហ៊ុន សែន។ ​

កម្មករ​កម្ពុជា​បាន​ប្រាក់ខែ​៨០​ដុល្លារ​ តែគេ​ទាមទារ​ឡើង​ដល់​១៥០​ដុល្លារ។​

កម្មករ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ​ច្រើន​លើក​មក​ហើយ​ តាំងពី​ថ្ងៃ៨​ខែសីហា ​តែគ្មាន​លទ្ធផល។

កម្មករ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បណ្តេញ​នាយក​គ្រប់គ្រង​ម្នាក់​ដែរ​ដោយ​ចោទ​ថា​ បុគ្គល​នេះ​រារាំង​មិនឲ្យ​មាន​ដំណោះ​ស្រាយ។​

លោក​ប៊ុន នឿន ​អនុប្រធាន​សហជីពកម្មករ CCAWDU ​បាន​ឲ្យ​ដឹង​ថា ​ថៅកែ​ដើរចេញ​ពី​តុចរចា។​

«នាយកក្រុម​ហ៊ុន​ដើរចេញ​ពីអង្គ​ប្រជុំ​ ហាក់ដូច​ជា​អត់ឲ្យ​តម្លៃ​ទៅ​ដល់​ស្ថាប័ន​រដ្ឋ ​ក៏​ដូចជាកម្មករ។​ អញ្ចឹង​ចំណុច​ទាំងអស់​ហ្នឹង​ហើយ​ដែលធ្វើ​ឲ្យពួក​គាត់​មាន​ការ​ស្ទុះស្ទារ ​ដើម្បី​ថ្ងៃ​នេះ​គោល​បំណង​គឺដើម្បី​ដាក់ញត្តិ​ជូន​សម្តេច​អគ្គ​ហ្នឹង​ ដើម្បីរក​ដំណោះ​ស្រាយ»។​

រោងចក្រ​នៅ​កម្ពុជា​ប្រើ​កម្មករ​ជាង​៦ម៉ឺន​នាក់​ ហើយ​លក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​សំខាន់ៗ។ ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ផ្តល់​ចំណូល​ច្រើន​បំផុត​ទី៣ ​បន្ទាប់ពី​កសិកម្ម​ និង​ទេស​ចរណ៍។​ វិស័យ​កាត់ដេរ​បាត់បង់​ការងារ​ច្រើន​ក្នុង​ឆ្នាំ​២០០៩ ​ដោយសារ​ទីផ្សារ​នៅ​ស.រ.អា.​និង​នៅ​អឺរ៉ុប​ធ្លាក់​ចុះ។​ របាយ​ការណ៍​នានា​បង្ហាញ​ថា ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ធ្វើការ​នាំចេញ​ ដោយ​មាន​ទឹក​ប្រាក់​២,៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ទៅ​គឺចុះ​ពី២,៩​ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨ ​ដែល​ជាង​ពាក់​កណ្តាល​នាំចេញ​មក​លក់​នៅ​ស.រ.អា.។​

កម្មករ​នៅ​ប្រទេស​បង់ហ្គ្លាដែស​ក៏​បានធ្វើ​បាតុកម្ម​ទាមទារ​ឡើង​ប្រាក់ខែ​នៅ​ទីក្រុង​Dohar​ដែរ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​ ប្រទេស​បង់ក្លាដែស​នាំ​សម្លៀក​បំពាក់​ចេញ​ច្រើន​បំផុត​ទី២​បន្ទាប់ពី​ប្រទេស​ចិន។​

​ប្រែសម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ
XS
SM
MD
LG