ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ រារាំង​មិន​ឲ្យ​សង្គម​ស៊ីវិល ប្រារព្ធ​ខួប​នៃ​ការ​បាញ់​បាតុករ​លើ​ផ្លូវ​វេង ស្រេង


Security forces and police pushed the monks from behind when the monks are making their way on Duong Ngeab 2 road in the morning of Sunday January 3rd,2016. (Hul Reaksmey/VOA Khmer)
Security forces and police pushed the monks from behind when the monks are making their way on Duong Ngeab 2 road in the morning of Sunday January 3rd,2016. (Hul Reaksmey/VOA Khmer)

អាជ្ញាធរ​ជាង​១០០​នាក់​​ពី​​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​ និង​ខណ្ឌ​​សែន​សុខ​ ​នៃ​រាជធានី​ភ្នំពេញ​ បាន​រារាំង​ មិន​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នោះ ធ្វើពិធី​បង្សុកូល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

សំឡេង​សូត្រ​ធម៌​បង្សុកូលរបស់​ព្រះសង្ឃ​ ដែល​កំពុង​និមន្តលើ​ផ្លូវ​ឌួងងៀប​២ ​បាន​បន្លឺ​ឡើង ដើម្បី​ឧទ្ទិស​កោសល្យ​ដល់​កម្មករដែល​បាន​ស្លាប់ ដោយ​ការ​បាញ់​ប្រហារ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ពេល​ដែល​ក្រុម​កម្មករ​រួមគ្នា​ ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​របស់​ពួកគេ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤។

ការ​ធ្វើ​ពិធី​បង្សុកូល​ដោយ​ថ្មើរ​ជើង​នៅ​ថ្ងៃ​អាទិត្យ​ទី​៣ ខែ​មករា​ ឆ្នាំ២០១៦​នេះ កើត​មាន​ ខណៈ​ដែលអាជ្ញាធរ​ជាង​១០០​នាក់ពីខណ្ឌ​ពោធិ៍​សែនជ័យ​ និង​ខណ្ឌសែន​សុខ​ ​នៃ​រាជធានី​ភ្នំពេញ​ បាន​រារាំង​ មិន​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នោះ ធ្វើពិធី​បង្សុកូល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

ការ​បង្ក្រាប​ហ្វូង​បាតុករ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ពីរ​ឆ្នាំមុន​នោះ បាន​ធ្វើ​ឲ្យ​បាតុករ​បួននាក់​ស្លាប់ ម្នាក់បាត់ខ្លួន និង​២៣​នាក់​ផ្សេង​ទៀតរង​របួស។

លោក​ វ៉ន ​ពៅ គឺ​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IDE​A​ និង​ជា​តំណាង​កម្មករ​ ព្រម​ទាំង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២៤​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​វាយដំ​ដោយ​កងទ័ព​ពិសេស​៩១១​ នា​ថ្ងៃ​ទី​០២​ខែ​មករាឆ្នាំ២០១៤​ គឺ​មួយ​ថ្ងៃ ​មុន​ការ​បាញ់​ប្រហារ​លើ​ក្រុម​អ្នក​តវ៉ា​លើ​ផ្លូវ​វេងស្រេង។

លោក​ វ៉ន ពៅ​ បាន​ស្រែក ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច ​កំពុង​រារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​ពិធី​បង្សុកូល​នៅ​លើ​ផ្លូវ​វេងស្រេងនា​ព្រឹក​ថ្ងៃ​អាទិត្យ​យ៉ាង​ដូច្នេះ៖

«យើង​ជា​អ្នក​រងគ្រោះ​ មិន​ត្រឹម​តែ​មិន​បាន​យុត្តិធម៌​ គេ​ធ្វើ​បាប​យើង។ យើង ​គ្រាន់​តែ​ប្រារព្ធ​រំឭក​នៃ​ការ​ឈឺចាប់​របស់​យើង​ហ្ហេ​ ត្រូវ​បាន​គេ​បិទ​ទៀត។ សួរ​ថា​យុត្តិធម៌​នៅឯណា? យើង​ជា​អ្នក​រងគ្រោះ ហើយ​អ្នក​ដែល​ស្លាប់​បាត់​បង់​ជីវិត​ គ្រួសារ​របស់​គេ​គ្រាន់​តែ​មក​ពិធី​ធ្វើ​បង្សុកូល​ តាម​បែប​សាសនា​ ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៃ​ការ​បូជាជីវិត​របស់​កម្ម​ករ ​ត្រូវ​បាន​គេ​រឹត​ត្បិត។ គេ​សូម្បី​តែ​ឈរ​នៅ​កន្លែង​ដែល​កម្មករ​ស្លាប់​ គេ​មិន​ឲ្យ​យើង​ឈរ​ផង។​ តើ​នៅ​ឯណា​យុត្តិធម៌​ សម្រាប់​ខ្ញុំ​គឺ​អ្នក​រងគ្រោះ​ម្នាក់​ដែរ​ គ្រាន់​តែ​ចូល​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​ គេ​មិន​ឲ្យ​យើង​ធ្វើ​ផង។ តើ​នៅ​ឯ​ណា​យុត្តិធម៌?​ យើង​ឃើញ​ថា​រហូត​មក​ដល់​ពេល​នេះ​ យើង​ដើរ​ចម្ងាយ​ជាង​២គីឡូ​ [ម៉ែត្រ] ពី​កន្លែង​ដែល​កើត​ហេតុ។ ឥឡូវ​ គេ​ មក​តាម​យាយី​ គេ​តាម​បំបែក​យើង​ទៀត។ យើង​ឃើញ​ថា​ អត់មាន​យុត្តិធម៌​ទេ!»។

លោក​ បានលើក​ជា​សំនួរ​ថា​ តើ​យុត្តិធម៌​ និង​សេរីភាព​នៅ​ឯណា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ដើម្បី​ជីវភាព​របស់​យើង យើង​ត្រូវ​គេ​បំបែក​ ត្រូវ​គេ​បិទ។ តើ​នៅឯណា​សេរីភាព? អត់មាន​យុត្តិធម៌​ អត់មាន​សេរីភាព​ទេ​ ប្រទេស​កម្ពុជា​ អត់មាន​សេរីភាព ​អត់​មាន​យុត្តិធម៌»។

ព្រះ​តេជគុណ​ លួន​ សូវ៉ាត​ ព្រះសង្ឃ​ការពារ​សិទ្ធិ​មនុស្ស​ រៀប​រាប់​ពី​ការ​រារាំង​នេះ​ យ៉ាង​ដូច្នេះ​ថា៖

«ក្នុង​នាម​ អាត្មា​ជា​ព្រះ​សង្ឃ​ មាន​ចិត្ត​អាណិត​អាសូរ​ញាតិ​ញោម​ពុទ្ធបរិស័ទ ដែល​រង​វិបត្តិ​គ្រោះ​ថ្នាក់​ ដោយ​របួស​ពិការ​ ហើយ​ស្លាប់​ ដោយ​ការ​បាញ់​ប្រហារ។ អាត្មា ​ក៏បាន​និមន្ត​មក​ចូល​រួម​បង្សុកូល។​ ក៏ប៉ុន្តែ​ មកដល់​ទីនេះ​ ត្រូវ​ឃើញ​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ រាប់​រយ​នាក់​ ប្រដាប់​ដោយ​ដំបង​ឆក់​ បាន​ធ្វើ​ការ​រុញ​ច្រាន​ និង​វាយ​បង្ក្រាប​ពុទ្ធបរិស័ទ​ មិន​ឲ្យ​រៀប​ចំ​ពិធី​បុណ្យ​ តាម​លក្ខណៈ​ពុទ្ធ​សាសនា។ មិន​តែ​ប៉ុណ្ណោះ​សោត​ គឺ​រុញ​ទាំង​ព្រះ​សង្ឃ​ទៅ​ទៀត​ ហើយ​ជេរ​ព្រះ​សង្ឃ​ ចោទ​ទាំង​ព្រះ​សង្ឃ​ថា​ ព្រះសង្ឃ​ក្លែង​ក្លាយ​ ថា​ព្រះ​សង្ឃ​ខុសច្បាប់​ ថា​ព្រះ​សង្ឃ​មិន​គង់​នៅ​តែ​ក្នុង​វត្ត​ ហើយ​មក​នៅ​តាម​ផ្លូវ​ធ្វើ​អី»។

កងទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​គេ​ស្គាល់​ថា​ជា​ជំនិត​លោក ​ហ៊ុន សែន​ បាន​បើក​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​នៅថ្ងៃ​ទី២​ខែ​មករា​ ឆ្នាំ​ ២០១៤។

មួយ​ថ្ងៃ​ក្រោយ​មក​ គឺ​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ មាន​មនុស្ស​ប្រាំ​នាក់​ បាន​ស្លាប់​ហើយ២៤​នាក់​ផ្សេង​ទៀត ​បាន​រង​របួស​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ដោយ​ក្នុង​ថ្ងៃ​នោះ​ មានការ​បាញ់​រះ​មួយ​បាន​កើតឡើង​ពីក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់​ដេរ​ កាណាឌីយ៉ា​ ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ លើ​កំណាត់​ផ្លូវ​វេង​ស្រេង។

លោក ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ការ​ពារ​ចំណាត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា​ ការ​រារាំង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ គឺ​ជា​ការ​ការពារ​មិន​ឲ្យ​មាន​សកម្ម​ភាព​ញុះញង់​ ដែល​អាច​បង្ក​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ។

លោក​ មាន​ប្រសាសន៍​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​ប៉ុន​ប៉ង​ធ្វើពិធី​បង្សុកូល​នេះ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ។

«យើង​គិត​ថា​ អ្វី​ដែល​គាត់​ធ្វើ​ យើង​ឃើញ​ពី​គោលបំណង​របស់​គាត់​ច្បាស់​លាស់​ហើយ​ ក្នុង​ការ​ដែល​គាត់​ប្រើ​ប្រាស់​រូបភាព​សាសនា​ គឺ​ពិធី​សាសនា​ ក៏​ប៉ុន្តែ​តាម​ពិត​ គាត់​មាន​កម្មវិធី​មួយ​ក្នុង​ការ​ញុះញង់​ បង្ក​ចលាចល ​អស្ថិរភាព​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណឹង​ទេ។ យើង​ ឃើញ​ហើយ​អ្នក​ដែល​គាត់​ដែល​ចូលរួម​ធ្វើ​ គឺ​សុទ្ធ​តែ​ជា​អ្នក​ដដែលៗ​ ដែល​គាត់ ​សុទ្ធតែ​ជា​អ្នក ដែល​យើង​ឃើញ​មុខ​ ហើយ​ការ​តវ៉ា​នានា​ យើង​ស៊ឹង​តែ​ក្លាយ​ ហៅ​គាត់ថា​ក្លាយ​ទៅ​ជា​ បាតុករ​ពហុ​វិស័យ​ហើយ​ ព្រោះ​គ្រប់​រឿង​ទាំង​អស់​ ក៏​ឃើញ​មុខ​ពួក​គាត់​ដដែលៗ​ដែរ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ មឿន តុលា​ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ​ហៅ​កាត់​ថា​ CLEC​ ដែល​គ្រោង​នឹង​បង្កើត​ មជ្ឈមណ្ឌលដើម្បី​សម្ព័ន្ធ​ការ​ងារ​ ​និង​សិទ្ធិ​មនុស្ស​ (Center for Alliance of Labor and Human Rights) ឬហៅ​កាត់​ថា ​Central ​បាន​បង្ហោះ​ពី​កម្មវិធី​នៃ​ការ​ធ្វើ​ពិធី​បង្សុកូល​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​លោក ​បាន​រៀបរាប់​ថា​ កម្មវិធី​នោះ​រួម​មាន​ការ​អុជ​ធូប​ ដាក់​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​វីរ​កម្មករ​ ដែល​បាន​បាត់​បង់​ជីវិត​ មតិ​របស់​ក្រុម​គ្រួសារ​ និង​ជន​រងគ្រោះ​ ហើយ​តំណាង​សហជីព​ អាន​សេចក្ដី​ថ្លែងការណ៍​រួម ហើយ​និង​ការ​បង្ហោះ​ប៉ឺតប៉ោង​ជា​ដើម។

នៅ​ខាង​លើ​នៃ​ការ​រៀប​រាប់​នៃ​កម្មវិធី​នោះ​ លោក​ ​ មឿន តុលា​ បាន​សរសេរថា៖ «កម្មវិធី​ខាងក្រោម​សាមញ្ញ​សោះ​ តែ​អាជ្ញាធរ​ បែរ​ជា​រំខាន​ ហើយ​ធ្វើឲ្យ​ស្ទះ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​វិញ។​ យើង​អត់​មាន​គម្រោង​ណាមួយ​នឹង​ដើរ​ហែ​ក្បួន​សោះ​ តែ​បញ្ចប់​ទៅ ​អាជ្ញាធរ ​ទៅ​ជា​បង្ក​ឲ្យ​យើង​ដើរ​ទាល់​តែ​បាន»។​

រីឯ​លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ប្រាប់​ VOA ​នៅ​ក្នុង​ពេល​ឈប់​សម្រាក​ពី​ការ​ដើរ​ក្បួន​នោះ​ ថា​ការ​ចរចា​ដោយ​សន្តិ​វិធី​ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ខាង​អាជ្ញាធរ​ ហើយ​មិន​ចាំបាច់ ​ត្រូវ​ធ្វើ​ការ​បណ្ដេញ​ចេញ​ ដោយ​ការ​រុញច្រាន​យ៉ាង​ដូច្នេះទេ។

«វា​ គួរ​តែ​មាន​ការ​ចរចា​គ្នា​ណាមួយ ការ​និយាយ​គ្នា​ណាមួយ​ ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា»។​

លោក ​អំ សំអាត​ ថ្លែង​បន្ត​ថា​ រហូត​មក​ទល់​នឹង​ពេល​នេះ​ រដ្ឋាភិបាល​ ពុំ​ទាន់​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទៅលើ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​របស់​កម្មករ​ ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​កាលពី​ពីរ​ឆ្នាំ​កន្លងទៅ​នោះ​ទេ។

«កាល​ពី​ខែ​មុន​ យើង​ឃើញ​ថា​ សម្ដេច​នាយករដ្ឋមន្ត្រី​ លោក​បាន​មានប្រសាសន៍​ថា​ ផ្លូវ​វេងស្រេង​នេះ​ អត់​ទាន់​បញ្ចប់​ទេ។​ អានេះ​ គឺ​យើង​ស្វាគមន៍​ ចំពោះ​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​កម្មករ ​ដែល​បាន​ស្លាប់​៤នាក់​ បាត់ខ្លួន​១នាក់​ និង​រង​របួស​ជាង​ ៤០​នាក់​ហ្នឹង​ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង ​ចាត់​វិធានការណ៍​ដោយ​ឆន្ទៈ​ ពិត​ប្រាកដ​ ទោះ​បី​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ហ្នឹង ​ជា​ភាគី​ខាង​ណា​ក៏​ដោយ​ គឺ​យើង​ ត្រូវ​តែ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ ហើយ​បំបាត់​និទ្ទណ្ឌភាព​ បំបាត់​វប្បធម៌​នៃ​អំពើ​ហិង្សា​ជា​បន្ត​ទៅ​ទៀត។ ប៉ុន្តែ​ អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ វា​ដូច​ជា​ជើង​មេឃ ពីព្រោះ​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ពន្លឺ​អី​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ពួកគាត់​ទេ»។

VOA ​ព្យាយាម​ទាក់​ទង​លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​សុំ​ការ​អធិប្បាយ​ ទាក់​ទិន​ដំណើរ​នៃ​ការ​ស៊ើប​អង្កេត​នេះ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន។

អ្នក​ស្រី ​អិន​ លក្ខិណា​ វ័យ​ ៣៨ឆ្នាំ​ ម្ដាយ​របស់​កម្មករ​ម្នាក់​ ដែល​បាន​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​នោះ​ ថ្លែង​ទាំង​អួល​ដើម​ករ​ថា​ ​ការ​រារាំង​របស់​អាជ្ញាធរ​ ធ្វើ​ឲ្យ​អ្នកស្រី​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ពីព្រោះ​អ្នក​ស្រី​ គ្រាន់​តែ​ចង់​ធ្វើ​ពិធី​បង្សុកូល​ដល់​កូន​ប្រុស​របស់​អ្នក​ស្រី​ ដែល​ស្លាប់​បាត់​ទៅ​ ហើយ​រក​សព​មិន​ទាន់ឃើញ​នៅ​ឡើយ។

អ្នក​ស្រី ​ថ្លែង​ថា​ ជីវភាព​នៃ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ បាន​ធ្លាក់​ចុះ​ ដុន​ដាប​ ដោយ​សារ​ ការ​បាត់​បង់​កូន​ប្រុស​ម្នាក់​នេះ។

«ពិបាក​ណាស់​ លោកគ្រូ​ ពិបាក​មែន​ទែន។​ តាំងពី​បាត់​កូន​ ពិបាក​រហូត។​ គ្មាន​អ្នកណា​រក​ ចិញ្ចឹម​ប្អូន​តូច​តាច​អញ្ចឹង​អ្ហា​លោក​គ្រូ។​ ធ្វើ​អញ្ចឹង​ទៀត​ ដូច​ក្ដៅ​ក្ដុកក្ដួល»។

នៅ​ក្នុង​ការរារាំង​នោះ​ អាជ្ញាធរ ​បាន​ទាញ​យក ​បដា​រូបភាព​នៃ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ និង​បាត់​ខ្លួន​ ​នៅ​ពេល​ចាប់​ផ្ដើម​ពិធី​បង្សុកូល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង។​

ការ​រុញ​ច្រាន​ បាន​កើត​ឡើង​ រហូត​អាជ្ញាធរ​មាន​សមត្ថកិច្ច ​បាន​បណ្ដេញ​អ្នក​រៀបចំ​ធ្វើ​ពិធី​នេះ​ ពី​ផ្លូវ​វេងស្រេង​ ធ្លាក់​ចូល​មក​ផ្លូវ​ឌួងងៀប​២​ បន្ត​ចូល​មក​ហួស​ព្រំប្រទល់​ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ ឆ្លង​ចូល​ខណ្ឌ​សែន សុខ។ ​

ក្រុម​អ្នក​ចូល​រួម​ធ្វើ​ពិធី​នោះ​ ត្រូវ​បាន​អម​ពី​ក្រោយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង​ និង​ខែល។

យ៉ាង​ណា​ក៏ដោយ​ សកម្មភាព​រារាំង​ការ​ដើរ​ក្បួន​នេះ ​បាន​បញ្ចប់​ទៅ​នៅ​ម៉ោង​ ប្រមាណ​ ១១ និង​៤៥នាទី ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នោះ​ ដោយ​មិន​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ណាមួយ​នោះ​ទេ៕​

XS
SM
MD
LG