ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នករាយការណ៍​សិទ្ធិមនុស្ស​អ.ស.ប​នឹង​មក​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

សកម្មជន​ដីធ្លី​កម្ពុជា​បង្ហាញ​រូបថត​របស់​សហការី​របស់​ពួកគេ​ដែល​ត្រូវបាន​ឃុំខ្លួន​ ក្នុង​កំឡុង​ពេល​ប្រមូលផ្តុំគ្នា​ដើម្បី​ប្រារព្ធ​ទិវាសិទ្ធិមនុស្សអន្តរជាតិ​ នៅ​ពីមុខវិមាន​រដ្ឋសភាជាតិ​ ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃពុធ​ ទី១០ ​ខែធ្នូ ​ឆ្នាំ២០១៤។ (​រូបថត​ដោយ: AP/Heng Sinith)

លោកស្រី​ រ៉ូណា​ ស្មីត ​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​របស់​ អង្គការ​សហ​ប្រជាជាតិ​ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជាលើក​ដំបូង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃទី​២២ ខែ​ឧសភា​ខាងមុខ​នេះ ដើម្បី​ពិនិត្យ​មើល​ដោយ​ផ្ទាល់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ។

គេហទំព័រ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥ បង្ហាញ​រូបលោកស្រី​ រ៉ូណា​ ស្មីត ​(Rhona Smith) អ្នករាយការណ៍​ពិសេស​ថ្មី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ (រូបថត​ថត​ពី​គេហទំព័រ http://cambodia.ohchr.org)

ការ​អញ្ជើញ​មក​ធ្វើទស្សន​កិច្ច​នៅ​កម្ពុជា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោកស្រី​ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប ​តែងតាំង​ជំនួស​លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី នៅ​ខែមិនា​ឆ្នាំ២០១៥ ដើម្បី​ឃ្លាំ​មើល​ដំណើរ​វិវត្តន៍​សិទ្ធិ​មនុស្សនៅក្នុង​ប្រទេស​កម្ពុជា។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​សិទ្ធិមនុស្ស​ អ.ស.ប​ដដែល​បញ្ជាក់​ថា លោកស្រី​ ស្មីត ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស​ គ្រោង​នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​លើ​កិច្ចការ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា៖ «ខ្ញុំ​មាន​បំណង​ចង់​ជួប​ពិភាក្សា​ជា​មួយ​ក្រុមមនុស្ស​ជាច្រើន​នៅក្នុង​ជួរ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា»។

លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​ប្រទេស​កម្ពុជា ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ២០១៥ ​ដែល​នៅ​ទី​នោះ​លោក​បាន​ចូល​រួម​ស្តាប់​សវនាការ​សំណុំ​រឿង​សកម្មជន​ដី​ធ្លីនិង​ព្រះសង្ឈ​ទាំង​អស់​ចំនួន​១៩​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​វិច្ឆិកា​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ។ (AP Photo/Heng Sinith)

លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ ដែល​បាន​កាន់​ការងារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​បេសកកម្ម​របស់​លោក​ក្នុង​រយៈពេល​៦ឆ្នាំ ​ដោយ​បាន​វាយតម្លៃ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​មាន​ភាព​ល្អ​ប្រសើរ​នៅត្រង់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពក្លាហាន​ក្នុងការ​ហ៊ាន​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ខណៈពេល​ដែល​យុវជន​មាន​សេចក្តី​ក្លាហាន​ច្រើន​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម។​

ប៉ុន្តែ​លោក ​សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ យល់​ថា ការគោរព​សិទ្ធិមនុស្ស​ សេរីភាព​បញ្ចេញ​មតិ​នៅ​ពុំទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ រីឯ​ស្ថាប័ន​តុលាការ​ក៏​ពុំទាន់​បាន​ផ្តល់​យុត្តិធម៌​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋកម្ពុជា​ដែរ។​

លោក នី ចរិយា ​ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ត្រៀម​នឹង​លើក​យក​បញ្ហា​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ហើយ​នឹង​បញ្ហា​និទណ្ឌភាព​ដែល​កើត​មាន​ក្នុង​សង្គម​កម្ពុជា នៅពេល​ដែល​លោកស្រី ស្មីត មក​ដល់​ប្រទេស​កម្ពុជា។

លោក​សុខ សំអឿន នាយក​ប្រតិ​បត្តិគម្រោង​អ្នក​ច្បាប់ការពារ​សិ​ទ្ធិ​កម្ពុជា និង​លោកនី ​ចរិយា​ មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​ ជា​វាគ្មឹនកម្មវិធីហេឡូ​វីអូអេថ្ងៃ៨​ខែសីហា​ ២០១៣។
លោក​សុខ សំអឿន នាយក​ប្រតិ​បត្តិគម្រោង​អ្នក​ច្បាប់ការពារ​សិ​ទ្ធិ​កម្ពុជា និង​លោកនី ​ចរិយា​ មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​ ជា​វាគ្មឹនកម្មវិធីហេឡូ​វីអូអេថ្ងៃ៨​ខែសីហា​ ២០១៣។

លោក​និយាយ​ថា​៖ «យើង​នឹង​ផ្តោត​ទៅលើ​ទាក់ទង​សេរីភាព​នៃ​ការ​សម្តែង​មតិ​ជាមួយ​នឹង​អំពើ​និទណ្ឌភាព​ ជាពិសេស​កំណែ​ទម្រង់​តុលាការ​នេះ​ឯង»។​

លោកបន្ថែម​ថា៖ «យើង​លើក​បញ្ហា​ទាក់ទង​ទៅ​នឹង​ការ​ដែល​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បាញ់​សម្លាប់​ទៅលើ​ពលករ ដែល​កើត​ឡើង​កាល​ពីដើម​ឆ្នាំ២០១៤​ ដូចជា​ស្ពាន​ក្បាល​ថ្នល់​ និង​លើ​ផ្លូវ​វេង​ស្រេង​ជាដើម»។

នៅក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​ដ៏​ហិង្សា​ពី​ក្រុម​សមត្ថ​កិច្ច​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ ​នៅលើ​ស្ពានក្បាលថ្នល់ មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​យ៉ាងតិច​១០​នាក់​ផ្សេង​ទៀត​ត្រូវ​កងកម្លាំង​មាន​សមត្ថកិច្ច​បាញ់​ឲ្យរងរបួស។ កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ​២០១៤​ មាន​មនុស្ស​យ៉ាងហោច​ណាស់​ប្រាំ​នាក់​បាន​ស្លាប់​ និង​២៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសនៅក្នុង​ព្រឹត្តិការណ៍​បង្រ្កាប​បាតុកម្ម ដោយ​ការបាញ់​រះ​មួយ​ដោយ​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សហកម្ម​កាត់​ដេរ​កាណាឌីយ៉ា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ៕

XS
SM
MD
LG