ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការឈឺចាប់​នៅតែ​បន្ត មួយឆ្នាំ​ក្រោយពី​កម្លាំង​រដ្ឋាភិបាល​បាញ់​សម្លាប់​កម្មករ​៥នាក់


រូបថត​របស់​ផែង កុសល្យ ដែល​បាន​ស្លាប់​ដោយសារ​ការបាញ់​របស់​កងរាជ​អាវុធហត្ថ កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ក្នុង​ទីក្រុង​ភ្នំពេញ។

មួយឆ្នាំ​ក្រោយពី​កងរាជ​អាវុធហត្ថ​បាន​បាញ់​លើកម្មករ​ធ្វើ​បាតុកម្មដែល​ទាមទារ​ឡើង​ប្រាក់ខែ​ ដោយ​បាន​សម្លាប់​មនុស្ស​៥នាក់​នោះ ​គ្រួសារ​របស់​គេ​នៅតែ​កាន់​ទុក្ខ​នៅ​ឡើយ​ ហើយ​សង្ឃឹម​ថា ​ថ្ងៃណា​មួយ​នឹង​មាន​យុត្តិធម៌។​

លោក​ផែង ​កុសល្យ​នៅ​ក្នុង​ចំណោម​បាតុករ ​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី​៣​ខែ​មករា​ឆ្នាំ​២០១៤​នោះ។​

ប្រាក់ខែ​របស់​កុសល្យ​ ដែល​មាន​ចំនួន​១០០​ដុល្លារ​ក្នុង​មួយ​ខែ​បាន​ជួយ​ដល់​ជីវភាព​របស់​ម្តាយ ​ដែល​ជា​ស្ត្រី​មេម៉ាយ​ និង​បង​ប្អូន​៧​នាក់។​

តាំងពី​កុសល្យ​បាន​ស្លាប់​ទៅ​ អ្នកស្រី​កែវ សុខម៉េង ​អាយុ​៥០ឆ្នាំបាន​ព្យាយាម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ដោយ​ប្រាក់​ខែ​របស់​អ្នកស្រី​ចំនួន​១០០​ដុល្លារ​ប៉ុណ្ណោះ។ ​ប្រាក់​ខែ​នេះ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ផ្ទះ​ដែល​មាន​ទំហំ​៣ម៉ែត្រ​ការ៉េ​ និង​ថ្លៃ​ទឹក ​ថ្លៃ​ភ្លើង​ ថ្លៃ​សាលារៀន​ ចំណី​អាហារ​ និង​ចំណាយ​ផ្សេងៗ​ទៀត។

អ្នកស្រី​កែវ សុខម៉េង​និយាយ​ថា៖​«ខ្ញុំ​ពឹង​ផ្អែក​លើ​កូន​ប្រុស​ខ្ញុំ​នេះ​ជាង​កូនៗ​ដទៃ​ទៀត​ ពីព្រោះ​កូន​នេះ​រៀន​បាន​ច្រើន​ ជាង​កូនៗ​ដទៃ​ទៀត​ ហើយ​ឆ្លាត​បំផុត»។​

កូន​ប្រុស​របស់​អ្នកស្រី​ជា​សិស្ស​ល្អ ​តែ​កុសល្យ​បាន​ឈប់​រៀន​កាល​ពី​ជាង​៥​ឆ្នាំ​មុន​ ក្រោយ​ពី​ឪពុក​គឺ​ប្តី​របស់​អ្នកស្រី​បាន​ស្លាប់​ទៅ។​

កុសល្យ​ទៅ​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុន​ប្រមូល​សម្រាម​មួយ​ ហើយ​សន្សំ​លុយ​ដើម្បី​រៀន​ធ្វើ​ជាង​ម៉ាស៊ីន។​ កុសកល្យ​បាន​ការធ្វើ​នៅ​រោងចក្រ​មួយ​នៅ​ជិត​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា។

អ្នកស្រី កែវ សុខម៉េងជា​ម្តាយ​របស់​ផែង កុសល្យ កាន់​រូបថត​របស់​កូន​ប្រុស​គាត់​នៅ​ក្នុង​ផ្ទះ​នៅ​ខ័ណ្ឌ​ដង្កោ​ក្នុង​ទីក្រុង​ភ្នំពេញ។
អ្នកស្រី កែវ សុខម៉េងជា​ម្តាយ​របស់​ផែង កុសល្យ កាន់​រូបថត​របស់​កូន​ប្រុស​គាត់​នៅ​ក្នុង​ផ្ទះ​នៅ​ខ័ណ្ឌ​ដង្កោ​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​កែវ ​សុខម៉េង​និយាយ​ថា៖ ​«កូនប្រុស​ខ្ញុំ​ស្រឡាញ់​ការងារ​របស់​វាធ្វើជាជាង​ម៉ាស៊ីន។ ​ កូន​ខ្ញុំ​មិន​ដែល​បង្ក​ការ​លំបាក​ឲ្យ​ខ្ញុំ​ទេ»។

អ្នកស្រី​បន្ថែម​ថា ​កុសល្យ​បានឲ្យ​ប្រាក់​ខែ​មក​អ្នកស្រី​ដើម្បី​បន្ថយ​ការ​លំបាក​របស់​អ្នកស្រី។​

អ្នកស្រី​និយាយ​ថា៖​«លុយ​ដែល​កុសល្យ​បាន​ពី​ធ្វើការ​ កុសល្យ​បាន​ជួយ​ខ្ញុំ​ទ្រទ្រង់​បង​ប្អូន​ស្រី​ ប្រុស»។​

អ្នកស្រី​កែវ សុខម៉េងនិយាយ​ថា ​ភាព​ក្រីក្រ​របស់​គ្រួសារ​នេះ​បាន​បង្ខំ​ឲ្យ​កូន​របស់​អ្នកស្រី​ចំនួន​ពីរ​នាក់​ទៅ​រស់​នៅជា​មួយ​សាច់​ញ្ញាតិ។​

អ្នកស្រី​និយាយ​ថា៖​«កូនស្រី​ខ្ញុំ​អាយុ​១៦​ឆ្នាំ​រស់​នៅ​ជាមួយ​បង​ប្អូន​ស្រី​ខ្ញុំ​នៅ​ខេត្ត​កំពង់ចាម។ ​កូន​ប្រុស​ខ្ញុំ​ម្នាក់​ទៀត​ទៅ​រស់​នៅ​ជាមួយ​ឪពុកមារ​នៅ​ខេត្ត​កណ្តាល​ ដើម្បី​រកត្រី»។​

មរណភាព​របស់​ផែង កុសល្យ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​គ្រួសារ​របស់​អ្នកស្រី​ត្រដាប​ត្រដួស។​

អ្នកស្រី​និយាយ​ថា៖​«បើ​ខ្ញុំ​ដឹង​ថា ​កងរាជ​អាវុធ​ហត្ថ​បាញ់​ប្រជាជន ​ខ្ញុំមិន​បណ្តោយ​ឲ្យ​កូន​ប្រុស​ខ្ញុំ​ទៅ​ធ្វើ​បាតុកម្ម​ កាលពី​ឆ្នាំ​ទៅ​នោះ​ទេ»។​

អ្នកស្រី​និយាយ​ថា៖​«ខ្ញុំ​បាន​ប្រាប់​កូន​ខ្ញុំ​ថា ​"កុំទៅកូន"»។​ កុសល្យ​ឆ្លើយ​ថា៖​« "ម៉ែ យើង​ត្រូវតែ​ចេះ​ជួយ​គ្នា។​ ពេល​យើង​បានឡើង​ប្រាក់ខែ​ យើង​នឹង​បាន​ឡើង​ទាំង​អស់គ្នា​។​ យើង​មិន​ត្រូវចាំ​ឲ្យ​គេ​ទាមទារ​ឲ្យ​យើង​ទេ។ ​យើង​ត្រូវតែ​ជួយ​គ្នា"»។​

ផែង បញ្ញា បាន​បាត់បង់​បងប្រុស​កាលពី​មួយ​ឆ្នាំ​មុន បង្ហាញ​រូបថត​របស់​បងប្រុស​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ខ័ណ្ឌ​ដង្កោ​ក្នុង​ទីក្រុង​ភ្នំពេញ។
ផែង បញ្ញា បាន​បាត់បង់​បងប្រុស​កាលពី​មួយ​ឆ្នាំ​មុន បង្ហាញ​រូបថត​របស់​បងប្រុស​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ខ័ណ្ឌ​ដង្កោ​ក្នុង​ទីក្រុង​ភ្នំពេញ។

ចាប់ពី​ចុង​ឆ្នាំ​២០១៣ ​មក​ កម្មករបាន​ចាប់​ផ្តើម​ទាមទារ​ប្រាក់​ខែ​អប្បរមា​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​ខ្មែរ​ជាង​៦០​ម៉ឺននាក់​ ដែល​ធ្វើការ​នៅ​រោងចក្រ​ធ្វើ​ស្បែក​ជើង​ និង​រោងចក្រ​កាត់ដេរ​ខោអាវ​ ដែល​ថៅកែភាគ​ច្រើន​ជាជន​បរទេស។ ​នៅពេល​នោះ​ ប្រាក់​ខែ​អប្បរមា​គឺ​៨០​ដុល្លារ​ក្នុង​មួយ​ខែ។​ រដ្ឋាភិបាលបាន​សុខចិត្ត​ដំឡើងប្រាក់ខែ​ដល់​១០០​ដុល្លារ។ ​នៅថ្ងៃ​ទី១​ខែ​មករា ​ឆ្នាំ​២០១៥​ ប្រាក់ខែ​អប្បរមា​នឹង​ឡើង​ពី​១០០​ដុល្លារ​ដល់​១២៨​ដុល្លារ។​

នៅ​ថ្ងៃទី​៣​ខែមករា ​កម្មករ​ច្រើន​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដង​ផ្លូវ​វេង​ស្រ៊េង​ នៅ​តំបន់​ឧស្សាហ​កម្ម​កាណាឌីយ៉ា។​ នៅ​ពេល​ប៉ូលិស​ព្យាយាម​រារាំង​ក្រុម​បាតុករ​ បាតុករ​បាន​តតាំង​វិញ​ ដោយ​ប្រើ​ដំបង​ ដុំថ្ម ​និង​ដបសាំង។ ប៉ូលិស​បានបាញ់​លើ​ហ្វូង​មនុស្ស ​ដោយ​បាន​សម្លាប់​កម្មករ​៥នាក់​និង​ធ្វើ​ឲ្យ​របួស​ប្រហែល​៣០​នាក់។​

លោក​យ៉ាន់ រិទ្ធី ​អាយុ​២៦​ឆ្នាំ ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​នោះដែរ។ ​ភរិយា​របស់​លោក​គឺ​អ្នកស្រី​ឈីវ សារុន ​អាយុ​២៥​ឆ្នាំ​ ដែល​ជាស្រ្តី​មេម៉ាយ​ និយាយថា ​តាំងពី​ប្តី​របស់​អ្នកស្រី​ត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​បាតុកម្ម​នោះ មាន​តែ​អ្នក​កាសែត​ទេ​ដែល​បាន​មក​សួរ​អ្នកស្រី​អំពី​រឿង​ហេតុ​នេះ។ ​ គ្មាន​មន្ត្រីណា​មក​សាក​សួរ​អ្នកស្រី​ទេ។​

អ្នកស្រី​និយាយ​ថា៖​«ខ្ញុំមាន​អារម្មណ៍​ឯកោ​ណាស់ ​ឥឡូវ​នេះ​ ក្រោយ​ពី​គាត់​បាន​ស្លាប់​ទៅ។ ​ខ្ញុំត្រូវ​ចិញ្ចឹម​កូន​ម្នាក់​ឯង។​ ប្រាក់ខែ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ខែ​ទេ»។​

បាតុករ​និង​សកម្ម​ជន​សិទ្ធិ​មនុស្សកម្ពុជា​មាន​កំហឹង​ ព្រោះ​ថា​ គ្មាន​កងរាជ​អាវុធ​ហត្ថណា​ម្នាក់​ ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ​ទៅ​នោះ ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​ទេ។ ​

លោក​ខេង ទីតូ ​អ្នក​នាំពាក្យ​កងរាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស ​និយាយ​ថា ​ការ​ស៊ើប​អង្កេត​បាន​ធ្វើ​ចប់​ហើយ។​

លោក​និយាយ​ថា៖​«បើគេ​ទាមទារ​ទៀត​ យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​ទៀត»។ ​

តែ​លោក​ខេង ទីតូ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​លម្អិត​បន្ថែម​ទៀត​ទេ។​ ​ទោះជា​យ៉ាង​ណាក្តី ​លោក​និយាយ​ថា​ កងរាជ​អាវុធ​ហត្ថចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​នោះ។​

លោក​ខេង ទីតូ​បាន​សុំឲ្យ​សួរ​សំណួរ​ផ្សេង​ទៀត​ទៅ​ក្រសួង​មហាផ្ទៃ។​

ទោះជា​យ៉ាង​ណាក្តី​ ប៉ូលិស​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បាតុករ​២៣​នាក់​ក្នុង​ការ​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក។ ​ ក្រុម​សិទ្ធិ​មនុស្សបាន​តវ៉ា​ ដោយ​និយាយ​ថា ​អ្នក​ទាំង​២៣​នាក់​នោះ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទេ។​

លោក​អំ សំអាត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​បន្ទោស​ថា ​ប្រទេស​កម្ពុជា​មាន​វិប្បធម៌​និទណ្ឌភាព។ ​

លោក​និយាយ​ថា៖​«គ្មាន​អ្នកណា​ម្នាក់​ត្រូវ​គេ​ចាប់​ឲ្យ​ទទួល​ខុសត្រូវ​សម្រាប់​អំពើ​នេះ​ទេ។ ​គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​គេ​ចាប់​ ឬ​ដាក់​ទណ្ឌកម្ម​ទេ។​ កម្មករ​២៣​នាក់​ និង​អ្នក​រត់ម៉ុតូឌុប​ត្រូវ​ចាប់ខ្លួន​ឃុំឃាំង​ ក្រៅពី​នោះ​មាន​តំណាង​សហជីព​កម្មករ​៦នាក់​ត្រូវ​តុលាការ​ព្យួរ​ទោស​បណ្តោះអាសន្ន»។​

អ្នកស្រី​កែវ សុខម៉េង​ចង់​បាន​យុត្តិធម៌​សម្រាប់​កូន​ប្រុស​របស់​អ្នកស្រី ​ប៉ុន្តែ​នេះ​មិនមែន​ជា​កង្វល់​ចម្បង​របស់​អ្នកស្រី​ទេ។​

អ្នកស្រី​និយាយ​ថា៖​«ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​បញ្ជូន​កូន​ស្រី​ខ្ញុំអាយុ​៩​ឆ្នាំ​ទៅ​នៅ​ឯ​ខេត្ត ​ប្រសិន​បើ​ខ្ញុំមិន​អាច​ទ្រាំទ្រ​បាន។ ​ បើ​ខ្ញុំ​មិន​មាន​កូន​ត្រូ​វមើល​ថែ​ទេ ​ខ្ញុំ​នឹង​ទាមទារ​រក​យុត្តិធម៌»។

XS
SM
MD
LG