កាលពីចុងសប្តាហ៍កន្លងទៅអ្នកស្រីជា គឹមសាន វ័យ៣៨ឆ្នាំ ដែលជាពលរដ្ឋខ្មែរកាត់ចិនមានការមមាញឹកយ៉ាងខ្លាំងក្នុងការទិញទំនិញនានា រួមទាំងគ្រឿងតុបតែងលម្អសម្រាប់ទទួលឆ្នាំថ្មី។
ពលរដ្ឋខ្មែរកាត់ចិនម្នាក់នេះបានប្រាប់ VOA ថា ជាធម្មតាសម្រាប់ពលរដ្ឋខ្មែរ ដូចអ្នកស្រី ដែលមានដូនតាជនជាតិចិន តែងតែរៀបចំសែនព្រេនដល់បុព្វការីជននិងរៀបចំចូលឆ្នាំចិនជារៀងរាល់ឆ្នាំ។ ជាម្ចាស់ហាងសាច់អាំងផងនោះ អ្នកស្រីបញ្ជាក់ថា ការតុបតែងហាង ឬគេហដ្ឋានគឺជារឿងសំខាន់ដែលអាចធ្វើឱ្យជំនួញរបស់ខ្លួនមានការរីកចម្រើនផងដែរ។
កំពុងទិញដើមផ្កាអង្គារសីលនិងដើមផ្កាស្បៃរឿង១៤ដើមសម្រាប់ដាក់នៅក្នុងហាង អ្នកស្រីជា គឹមសានបាននិយាយប្រាប់ VOA ថា៖
«ហើយអានេះខ្ញុំទិញដាក់ហាង ព្រោះអី តាមអបិយជំនឿ ផ្កាហ្នឹងគេហៅថា ផ្កាលើករាសី។ អ៊ីចឹង មួយឆ្នាំយើងត្រូវតែទិញដាក់។ ការដែលយើងធ្វើទៅវាចេះតែបាន។ យើងចង់និយាយថា យើងខំរក យើងចេះតែបានទៅ។ អ៊ីចឹងបានជាយើងធ្វើតាមទំនៀមទម្លាប់អ៊ីចឹងទៅណា៎»។
នៅសប្តាហ៍នេះ ពលរដ្ឋខ្មែរដែលកាត់ចិន និងជនជាតិភាគតិចវៀតណាមមួយចំនួនក្នុងប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ផងខ្លួនដែលមានរយៈពេលបីថ្ងៃ ចាប់ថ្ងៃអង្គារនេះ ដោយមានរៀបចំតុបតែងគេហដ្ឋាន និងការសែនព្រេនឱ្យដូនតាដែលចែកឋាន។ មួយថ្ងៃមុនថ្ងៃចូលឆ្នាំចិន គេសង្កេតឃើញការសែនព្រេននានានៅតាមផ្ទះ ហាងអាជីវកម្មផ្សេង និងការជួបជុំសាច់ញាតិរបស់ខ្លួន និងមានការដុតលុយក្រដាស រថយន្តក្រដាស ឬដុំមាសក្រដាសជាដើមដែលពួកគេជឿថា បានក្លាយជារឿងធម្មតាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន នៅក្នុងប្រទេសកម្ពុជា។
លោកថៃ នរៈសត្យា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននិយាយថា លោកបានសង្កេតឃើញថា ប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះតាំងពីមុនសម័យប៉ុល ពតមកម្ល៉េះ។ ហើយរហូតមកទល់ពេលនេះ ប្រជាជនកម្ពុជាបានប្រារព្ធពិធីបុណ្យនេះកាន់តែច្រើនជាងមុន។
លោកបាននិយាយថា៖
«ចលនានៃការចងសាច់ ចងឈាមគ្នាវាមានសន្ទុះជាល្បាយស្ទើរតែស្មើសាច់ទៅហើយ អ៊ីចឹងបានជាខ្ញុំសង្កេតឃើញថា របៀបនៃការទៅតាមគ្នានោះ ការជឿតាមគ្នានោះ ការអបអរសាទរ ការឃើញតែគេសែន ការឃើញតែគេអីទៅ ក៏វាសប្បាយម៉្យាងដែរ ក៏ឃើញតែគេរកស៊ីមានបាន»។
របាយការណ៍ស្ថិតិសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជារបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៨ឱ្យដឹងថា ជនជាតិចិនកំពុងរស់នៅក្នុងប្រទេសកម្ពុជាមានចំនួន០,២ភាគរយនៃប្រជាជនកម្ពុជាសរុប។
ស្របពេលដែលពលរដ្ឋខ្មែរកាត់ចិនប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ខ្លួន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃអង្ការនេះបានបង្ហោះសារជូនពរនិងអបអរពិធីបុណ្យចូលឆ្នាំចិន រួមជាមួយនឹងរូបថតលោកពាក់អាវក្រហម នៅលើទំព័រហ្វេសប៊ុករបស់លោក។
លោកបានសរសេរថា៖
«មិនថា តែពិធីបុណ្យចូលឆ្នាំចិនទេគឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានារបស់បងប្អូនជនជាតិភាគតិចគឺមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ»។
ខណៈមានការសែនព្រេនតាមទម្លាប់របស់ជនជាតិខ្មែរកាត់ចិន យ៉ាងណាក៏ដោយ ក៏នៅមានប្រជាជនខ្មែរមួយចំនួនធំមិនបានធ្វើការសែនអ្វីនោះទេ ដោយបានអះអាងថា ខ្លួនជាជនជាតិខ្មែរសុទ្ធ ហើយពួកគេប្រកបរបរនិងធ្វើការដូចធម្មតា។
លោកចាន់ធី អាយុ៥២ឆ្នាំជាអ្នករត់ម៉ូតូឌុបនៅផ្សារសាមគ្គី បាននិយាយថា លោកមិនបានសែនអ្វីនោះទេ ដោយសារតែលោកមិនមែនជាជនជាតិចិនហើយនិងមានសាសនាផ្សេងគ្នា។
ខណៈដែលលោកកំពុងចាំអតិថិជននៅជិតតូបលក់សម្ភារៈតុបតែងចិនមួយ លោកបាននិយាយថា៖
«គេកូនកាត់ចិន។ គេកាត់អស់ហើយ។ រឿងខ្ញុំ រឿងផ្សេង។ ខ្ញុំខ្មែរសុទ្ធ។ រឿងគេចិន គិតរឿងគេ តាមរបស់គេទៅ»។
ចំណែកអ្នកស្រីពៅ សាង អាយុ៤៨ឆ្នាំ មានមុខរបរជាគ្រូបង្រៀន និងជាអ្នកកាន់សាសនាព្រះពុទ្ធយ៉ាងមុតមាំ បានមកធ្វើការអុជធូបបន់ស្រន់នៅលើព្រះវិហារឯរមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃច័ន្ទម្សិលមិញ ដែលជាថ្ងែសែនព្រេនរបស់ជនជាតិចិន។
បន្ទាប់ពីបានសែនពងទានិងសាច់ជ្រូកឲ្យទៅរូបសំណាកខ្លានៅខាងមុខព្រះវិហារព្រះចៅ អ្នកស្រីពៅ សាងបាននិយាយប្រាប់ VOA ថា ថ្ងៃនេះដោយសារជាថ្ងៃពេញបរមី ទើបអ្នកស្រីមកបន់ស្រន់រំដោះគ្រោះ ហើយអ្នកស្រីមិនបានសែនអ្វីធំដុំ ដូចកូនចៅខ្មែរកាត់ចិនមួយចំនួនធំនោះទេ។
«ខ្ញុំនិយាយទៅខ្ញុំខ្មែរ ខ្ញុំអត់មានសែនអីទេ។ គ្រាន់តែថា ថ្ងៃនេះ ថ្ងៃសីលខ្ញុំធ្វើតាមវិធីថ្ងៃសីល ចា៎! របៀបខ្មែរណា៎។ ព្រឹកឡើងទៅវត្ត សុំសីល ហើយល្ងាចឡើងមកថ្វាយបង្គុំ មកសុំខមាទោសឲ្យអស់កម្ម អស់ពារពីថ្ងៃហ្នឹងទៅ»។
ទោះជាយ៉ាងណាក៏ដោយលោកថៃ នរៈសត្យា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិយាយថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសកម្ពុជាមិនបានប៉ះពាល់ដល់ប្រពៃណី និងវប្បធម៌របស់កម្ពុជាឡើយ ទោះបីជាប្រជាជនខ្មែរនៅកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះច្រើនជាងមុនក៏ដោយ។
រដ្ឋលេខាធិការនៃក្រសួងវប្បធម៌រូបនេះបានប្រាប់ VOA តាមទូរស័ព្ទកាលពីរសៀលថ្ងៃអង្គារថា៖
«ជាការសន្និដ្ឋានក្នុងសុទិដ្ឋិនិយម គ្រាន់តែការអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ហ្នឹង ខ្ញុំគិតថា វាមិនធ្វើឲ្យប៉ះពាល់ បាត់បង់ ឬល្អក់កករដល់វប្បធម៌ ឬប្រពៃណីកម្ពុជាទេ»។
ខណៈដែលប្រជាជនខ្មែរ ទាំងខ្មែរកាត់ចិន និងវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ប្រជាជនខ្មែរមួយចំនួនរកបានកម្រៃបន្ថែមច្រើនជាងថ្ងៃធម្មតាដោយសារការលក់សម្ភារៈសម្រាប់តុបតែងបែបចិន ដូចជាដើមផ្កាអង្គារសីល ផ្កាស្បៃរឿង ឬដើមក្រូចជាដើម។
អ្នកស្រីធី អាយុ៥៤ឆ្នាំ ជាបុគ្គលិកក្រសួងអប់រំ កំពុងអង្គុយលក់ផ្កាអង្គារសីលដើម្បីរកកម្រៃបន្ថែមក្នុងពេលបុណ្យចូលឆ្នាំចិន នៅជិតវត្តសំពៅមាសរៀងរាល់ល្ងាច បន្ទាប់ពីអ្នកស្រីចប់ពីការងារ ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុនម្ល៉េះ។
អ្នកស្រីបានប្រាប់ VOA ថា អ្នកស្រីអាចរកកម្រៃបានសមរម្យ មិនច្រើននោះទេ អំឡុងពេលបុណ្យចូលឆ្នាំចិននេះ។
«អត់ចំណេញច្រើនទេ បានម៉ារួច ម៉ារាល់ បានពីររយអីដែរ បានម៉ារួចចូលឆ្នាំហ្នឹង អត់បានច្រើនទេកូន»។
គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ខុសពីថ្ងៃធម្មតា នៅដើមសប្តាហ៍នេះ ទោះបីជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាទាំងអស់ និងក្រសួងនានាបានប្រកាសបើកដំណើរការធម្មតានៅក្នុងអំឡុងបុណ្យចូលឆ្នាំចិននេះក៏ដោយ៕