ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលារាជធានី​ហាម​ដុត​ផាវ​និង​លេងល្បែង​ស៊ីសង​ពេល​ចូលឆ្នាំ​ចិន​-វៀតណាម


រូបឯកសារ៖ ពលរដ្ឋខ្មែររាំមុងសាយដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣។ (រូបថត Reuters)
រូបឯកសារ៖ ពលរដ្ឋខ្មែររាំមុងសាយដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣។ (រូបថត Reuters)

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអង្គារ​នេះ ប្រកាសចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​ជន​ណា​ដែល​ដុតផាវ កាំជ្រួច ​បង្ក​សំឡេង​ផ្ទុះ​ និង​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដោយ​អះអាង​ថា ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹងរបស់​សាលា​រាជធានី​។

ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​មាន​ចំនួន​៧​ចំណុច ​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​មករា​ ឆ្នាំ២០១៩​ ដោយ​លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​សាលា​រាជ​ធានី​ភ្នំពេញ​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី០៤ ដល់​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាង​មុខ​ រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ មិន​ឲ្យ​លេង​ល្បែង​ស៊ីសង​ និង​មិនឲ្យ​មាន​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត។

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​សរសេរ​ទៀត​ថា នៅ​ទី​កន្លែង​កម្សាន្ត​សប្បាយ​នានា ទាំង​នៅ​តាម​ស្ថាប័ន និង​អង្គភាព​ត្រូវ​រក្សា​សន្តិសុខ សេចក្ដី​ថ្លៃថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​អគ្គិសនី និង​ចរន្ត​អគ្គិសនី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ។ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្ដា​សមាគម​ចិន វៀតណាម ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​នេះ។

ចំណែក​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ កុំឲ្យ​មាន​ការនាំ​ចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រក​ចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួត​ពិនិត្យ​ដកហូត​វត្ថុ​ទាំង​នេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​បាន​បញ្ជាក់​ក្នុងចំណុច​ទី​៧​នៃ​សេចក្តី​ណែនាំ​នោះ​ថា៖ «ជនណា​បំពាន​លើ​សេចក្តី​ណែនាំ​នេះ ឬ​ប្រព្រឹត្ត​ល្មើស​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម បាត់​សណ្តាប់ធ្នាប់​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​សាធារណៈ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សាលា​រាជធានី​តែង​ចេញ​សេចក្តី​ជូន​ដំណឹង ក៏​ដូចជា​បំរាម​ផ្សេងៗ ហាម​មិន​ឲ្យ​មាន​ការ​ហែរក្បួន ឬ​បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម៕

XS
SM
MD
LG