ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ យល់​ឃើញ​ខុស​គ្នា​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ខណៈ​យុទ្ធនាការ​ឃោសនា​បាន​បញ្ចប់


ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦ ​ដែល​នឹង​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៧​ ខែ​កក្កដា​​មក​នោះ បាន​បញ្ចប់​ហើយ​នៅ​​ថ្ងៃ​សុក្រ​នេះ​ ​ក្នុង​បរិយាកាស​សន្តិវិធី​ ​និង​គ្មាន​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​ឡើង​នោះ​ទេ។ ​ពលរដ្ឋ​សាមញ្ញ​រួម​ទាំង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​មួយ​ចំនួន ​បាន​សម្ដែង​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា ក្នុង​ពេល​មាន​ការ​រិះគន់​ឥត​ឈប់ឈរ​ជា​អន្តរជាតិ​ថា​ ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​នេះ ​​គឺ​ជា​ការ​បោកបញ្ឆោត​មួយ​នោះ។​

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈពេល​២១ថ្ងៃ បាន​បិទ​បញ្ចប់​ហើយ​នៅថ្ងៃ​សុក្រ​នេះ ជា​មួយ​ទស្សនៈ​យល់ឃើញ​ផ្សេងគ្នា​របស់​អ្នកគាំទ្រ​ ​សមាជិក​បក្ស​ ​និង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ ចំពោះ​បរិយាកាស​នៅ​ថ្ងៃ​បោះឆ្នោត​ និង​ក្រោយ​ការបោះឆ្នោត។​ ​

ជាមួយគ្នា​នោះ​ដែរ​ ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​មួយ​ បាន​ឲ្យដឹង​ពី​ការ​ព្រមាន​របស់តំណាងរាស្ត្រ​ ​ចំពោះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​ដែល​ពួកគេ​ចាត់​ទុក​ថា​ ​ជា​«ការ​ចំអក​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​តំបន់»។​

អនុប្រធាន​ភូមិ​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​នៅ​សង្កាត់​ច្រាំងចំរេះ១ ខណ្ឌ​ឫស្សីកែវគឺ​លោក ​ចាន់​ សារឿន ប្រាប់​VOA​ ​ថា​ ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ នឹង​មាន​ប្រជារាស្ត្រ​ច្រើន​ទៅ​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​នៅ​កន្លែង​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​ ​បើ​ទោះ​បី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ក្រៅ​ទីលាន​ប្រកួត​ក្ដី។

លោក​ ចាន់​ សារឿន ​និយាយ​ថា៖

«ទៅ​ចឹង​ព្រោះ​ខ្ញុំ​ចុះ​សំណេះ​សំណាលជាមួយ​គាត់ គាត់​ថា ប្រជា​ពលរដ្ឋ​ដាច់​ខាត​ ត្រូវ​តែ​ចុះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា»។​

ក្រុម​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា អង្គុយ​ឃោសនា​បក្ស​នៅ​តាម​កំណាត់ផ្លូវ​ជាតិ​លេខប្រាំ​ក្នុង​ទីក្រុង​ភ្នំពេញ នៅថ្ងៃទី​២៧ ខែ​កក្កដា​ ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)
ក្រុម​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា អង្គុយ​ឃោសនា​បក្ស​នៅ​តាម​កំណាត់ផ្លូវ​ជាតិ​លេខប្រាំ​ក្នុង​ទីក្រុង​ភ្នំពេញ នៅថ្ងៃទី​២៧ ខែ​កក្កដា​ ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

អម​ដោយ​ធុងបាស​មួយ​គូ​ ដែល​បាន​បំពង​បទចម្រៀង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥​ ​និង​មាន​ទង់​គណ​បក្ស​ប្រជាជន​ ​និង​ទង់ជាតិ​កម្ពុជា​ដំឡើង​នៅ​ពី​ខាង​មុខ​កៅអី​ដែល​លោក​កំពុង​អង្គុយ​ជាមួយ​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រជាជន​ផ្សេង​ទៀត​នោះ លោក​ ​ចាន់ សារឿន​ ​ជឿ​ថា​គណបក្ស​ប្រជាជន​ នឹង​ឈ្នះ​ការ​បោះឆ្នោត​ ​ហើយ​លោក​បាន​ត្រៀម​ផ្ដល់​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​ឲ្យ​រក​ស៊ី​បង្កើន​ជីវភាព​ ដោយ​គ្មាន​បញ្ហា​ប្រឈម។​

«បាទ​គណបក្ស​ប្រជាជន​មើល​ទៅ​ ប្រហែល​អាច​ជា​ឈ្នះ​ទៀត។​ ​ផ្ដល់​នូវ​គោលការណ៍ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ត្រឹមត្រូវ​ រកស៊ី​ស្រួល​ អត់​ពិបាក»។​

លោក​ ​ជឹម វុទ្ធី​ ​សមាជិក​គណបក្ស​នយោបាយ​មួយ​ ​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ដែល​ចូលរួម​ការ​ប្រជែង​យក​អាសនៈ​សភា​សម្រាប់​អាណត្តិ​ទី​ប្រាំ​មួយ​នេះ​ ក៏​មាន​សុទិដ្ឋិនិយម​ថា​ ពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​នឹង​ចូលរួម​ ទម្លាក់​សន្លឹក​ឆ្នោត​របស់​ពួកគេ​ នៅ​ហិប​ឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យនេះ។​

«អត់មាន​ចំនួន​តិច​ទេ​ ​មានតែ​កើន​ឡើង​បាទ ​មាន​តែ​កើន​ឡើង​ រួច​សុខ​សន្តិភាព​ប៉ុណ្ណេះ​ហើយ​អត់​មានការ​ព្រួយបារម្ភ​ទេ​បាទ»។​

លោក​ថា​ សន្តិភាព​ដែល​មាន​សព្វថ្ងៃ​នេះ​ ​នឹង​បញ្ជាក់​ថា​ បរិយាកាស​ក្រោយ​ការបោះឆ្នោតនឹង​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី​ ហើយ​ប្រជាជន​និង​បន្ត​រស់នៅ​ដូច​ធម្មតា​ ហើយ​ការ​អភិវឌ្ឍន៍​ប្រ​ទេស​ ក៏​នឹង​បន្ត​កើត​មាន​ទៅមុខ​ទៀត។​

«ដូច​អត់​មាន​បញ្ហា​ចោទ​ លើ​អ្វី​ទេ​ មាន​តែ​សន្តិភាព​ហ្នឹង​ហើយ​ នាំ​មក​នូវ​ការ​រីកចម្រើន»។​

ក្នុង​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ចុងក្រោយ​នេះ​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ​ដែល​គេ​សង្កេត​ឃើញ​ថា​ បាន​ដាក់​ពង្រាយ​ក្រុម​អ្នកគាំទ្រ​ខ្លួន​នៅ​តាម​មូលដ្ឋាន​ ដោយ​មាន​ការ​ចាក់​តន្ត្រី​រៀបរាប់​ពី​ទិដ្ឋភាព​អភិវឌ្ឍន៍ និង​សន្តិភាព​ ដែល​បាន​មក​ក្រោយ​ថ្ងៃ​៧ មករា​ ឆ្នាំ​១៩៧៩។​

គណបក្ស​តូចៗ​ផ្សេង​ទៀត​ ត្រូវ​គេ​ឃើញ​ថា​បាន​ ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​ដោយ​អន្លើ​ ក្នុង​ទ្រង់​ទ្រាយ​ ដែល​មិន​អាច​ប្រៀប​ជាមួយ​នឹង​គណបក្ស​ប្រជាជន​បាន​ទេ។ ស្លាក​សញ្ញា​គណបក្ស​ប្រជាជន ក៏​ត្រូវ​បាន​គេ​ឃើញ​ដាក់​ពង្រាយ​នៅ​តាម​ទីប្រជុំជន និង​កន្លែង​ធ្វើ​អាជីវកម្ម​តូច​ធំ​របស់​ប្រជាពលរដ្ឋ។​

ការ​រីកសាយ​ភាយ​នៃ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​នេះ បាន​កើតមាន​ឡើង​ នៅ​ចំ​ពេល​ មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល។

លោក ​សម រង្ស៊ី ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ក្រុម​មន្ត្រី​គណបក្ស​នេះ កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងក្លា​ពី​ក្រៅ​ប្រទេស​ ដោយ​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​ទាត់​ចោល​ការ​បោះឆ្នោត​ ដែល​ពួកគេ​ចោទ​ថា​ ជា​ការបោះឆ្នោត​ភូតភរ​កុហក​បោកប្រាស់​ពលរដ្ឋ​ ដើម្បី​បន្ត​អំណាច​របស់​លោក ហ៊ុន​ សែន។

អ្នកស្រី​ ​ឃុត ផាត​ ​អ្នកលក់​ដូរ​ម្នាក់​នៅ​ជាយ​ក្រុង​ភ្នំពេញ​ម្នាក់​ មិនបាន​ដឹង​ពី​ស្ថានភាព​អាប់អួ​នយោបាយ​នៅ​ក្នុង​ប្រទេស​ ក៏ដូចជា​យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​មាន​ម្រាម​ដៃ​ស្អាត​ ដើម្បី​ធ្វើ​ពហិការ​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខនេះ​ទេ។​ ​

អ្នកស្រី​ដឹង​តែ​ម្យ៉ាង​ គឺ​នឹងផ្ដល់​ការ​គាំទ្រ​ដល់គណបក្ស​កាន់អំណាច​ ដោយ​រំឭក​ដល់​គុណ​នៃ​ការ​រំដោះ​ពលរដ្ឋ​ពី​សម័យ​ខ្មែរ​ក្រហម។

អ្នក​ស្រី និយាយ​ថា៖​

«រំដោះ​ និង​ជួយ​ប្រជាជន​មក​ពី​ដាច់អា​ពត​នោះ​មក​រហូត​អ៊ីចឹង​ ចា៎!» ។​

ជា​អាជីវករ​សាមញ្ញ​មួយ​រូប​នោះ​ អ្នកស្រី ឃុត​ ផាត និយាយ​ថា​ ការប្រែប្រួល​ស្ថាន​ការណ៍​នយោបាយ​ក្រោយ​ការបោះឆ្នោត​យ៉ាង​ណា​នោះ​ អ្នកស្រី មិន​អាច​ប៉ាន់ស្មាន​ដឹង​ជាមុន​នោះ​ឡើយ។​

អ្នក​រត់​រ៉ឺម៉ក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន នឹង​មិន​ចូល​រួម​ការបោះឆ្នោត​ ជាមួយ​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​នោះ​ឡើយ។​

ដោយ​មិន​បញ្ជាក់​ថា​ លោក​ជា​អ្នក​គាំទ្រ​គណបក្ស​ណា​នោះ​ អ្នក​រត់​រ៉ឺម៉ក​រូប​នោះ​និយាយ​ថា​ ​លោក​មិន​បោះ​ឆ្នោត​ទេ​ នៅ​អាណត្តិនេះ ព្រោះ​សន្លឹក​ឆ្នោត​លោក​មិន​ដែល​បាន​ធ្វើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ចាញ់​ឆ្នោត​នោះ​ទេ។​

​លោក​និយាយ​ថា៖​

«គិតៗ​ទៅ​ វា​ពិបាក​ បោះ​ឲ្យ​អ្នកណា​ក៏​បោះ​ឲ្យគាត់​ឈ្នះ​រហូត​ ខាន​បោះ​ម្ដង»។​

​ពីរ​ថ្ងៃមុន​ពេល​ការបោះឆ្នោត​ជាតិ​កម្ពុជា​បាន​មក​ដល់​នោះ​ មាន​ការរិះគន់​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ជាច្រើន​ និង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​ ថា​ការបោះឆ្នោត​ខាងមុខ​ជា​ការ​បោះ​ឆ្នោត​ដែល​ឥត​អៀនខ្មាស​ បោកប្រាស់​ប្រជារាស្ត្រ​ខ្មែរ​ និង​ជា​ដំណើរ​បើក​ផ្លូវ​ឲ្យ​លោក​ ​ហ៊ុន សែន​ បាន​បន្ត​អំណាច​៣៣​ឆ្នាំ​របស់​លោក​បន្ថែម​ទៀត។ ​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ដែល​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​អំពី​វិបត្តិ​នយោបាយ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ បាន​ព្រមាន​ថា​ការបោះឆ្នោត​ដែល​កំពុង​តែ​មក​ដល់​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍។​

រូបភាព ថតពីគេហទំព័រ ASEAN Parliamentarians for Human Rights នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព ថតពីគេហទំព័រ ASEAN Parliamentarians for Human Rights នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ​(Asean Parliamentarians for Human Rights) ហៅ​កាត់​ថា​ APHRបាន​ថ្លែង​ព្រមាន​ពី​ទីក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី​ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការបោះឆ្នោត​សភា​នៅ​ប្រទេស​កម្ពុជា​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ «ជា​ការ​ចំអក​ដល់​លទ្ធិប្រជាធិបតេយ្យ»​ ​ហើយ​ក៏​នឹង​គ្មាន​ភាព​សេរី​ និង​យុត្តិធម៌ ដោយសារ​ការ​បោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ ពោរពេញ​ទៅ​ដោយ​ការ​គាបសង្កត់​យ៉ាង​ខ្លាំង ខណៈ​ដែល​គណបក្សប្រឆាំង​តែមួយគត់​ ដែល​អាច​យក​ឈ្នះ​ការ​បោះឆ្នោត​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដដែល​នេះ​ បាន​និយាយ​បន្ត​ថា​ បណ្ដាញ​សមាជិក​សភា​ក្នុង​តំបន់​ បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ កុំ​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​ ឬ​ផ្ដល់​ជំនួយ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​រូប​ភាព​ដទៃ​ផ្សេង​ទៀត​ ដែល​ជា​ការ​ផ្ដល់​នូវ​ភាព​ស្របច្បាប់​ដល់​ការ​បោះឆ្នោត​ដ៏​សែន​អាម៉ាស់​នៅ​កម្ពុជា។​

លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)
លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក​ ​Charles Santiago​ ​ប្រធាន​ក្រុម APHR និង​ជា​តំណាង​រាស្ត្រ​មួយ​រូប​របស់​សភា​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​គេ​ស្រង់​សំដី​ថា៖​ «អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នឹង​មិន​អាច​ក្លាយ​ជា​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សោះ​ឡើយ​ ទោះ​ក្នុង​ន័យ​ណា​ក៏​ដោយ»។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ សមាជិក​សភា​ក្នុង​តំបន់​ បាន​ព្រមាន​បន្ថែម​ថា​ ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ដល់​តំបន់​ទាំងមូល​ ជា​ពិសេស ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹង​ត្រូវ​រៀប​ចំ​នៅ​ឆ្នាំ​ក្រោយ។​

លោក​ ​Charles Santiago​ ​បាន​ថ្លែង​ថា​ ​«ការ​រំលាយ​លទ្ធិប្រជាធិបតេយ្យ​ អាច​បង្កើត​គំរូ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​អាស៊ីអាគ្នេយ៍​ទាំងមូល​ ជា​តំបន់​ដែល​មេដឹកនាំ​ផ្ដាច់​ការ​តែង​តែ​ស្វែង​រក​មតិ​យោបល់​ពី​គ្នា​ទៅវិញ​ទៅមក។​ ​ភាព​ងាយ​ស្រួល​ដែល​លោក​ ហ៊ុន សែន​ ប្រើប្រាស់​ក្នុង​ការ​យក​ស្ថាប័នរដ្ឋ​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ការ​ច្បាម​អំណាច​សម្រាប់​គណបក្ស​របស់​លោក​ មិន​ត្រូវ​ក្លាយ​ជា​គំរូ​សម្រាប់​តំបន់​ទាំង​មូល​នោះ​ទេ។ បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ និង​បន្ត​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក​និយាយ​ ទោះ​នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក៏ដោយ»។​

សកម្មជន​សិទ្ធិ​នយោបាយ​ក្នុង​តំបន់​អាស៊ាន​រូប​នេះ​ បាន​ចំអក​ដល់​លោក ​ហ៊ុន សែន មេដឹកនាំ​កម្ពុជា និង​សម្ព័ន្ធមិត្ត​របស់​លោក​ថាកំពុង​ប្រឹងប្រែង​ទាំង​ត្រដរ​ ដើម្បី​បង្កើត​ភាព​ស្របច្បាប់​ដល់​ការបោះឆ្នោត​ដែល​ពួកគេ​ចាត់​ទុក​ថា​មិន​ស្រប​ច្បាប់​នេះ ដោយ​ធានា​ឲ្យ​មាន​ចំនួន​សមរម្យ​ដែល​អាច​ទទួលយក​បាន​នៃ​អ្នក​ទៅ​បោះឆ្នោត​ និង​វត្តមាន​អ្នកសង្កេតការណ៍​បោះឆ្នោត។​

លោក​ ​Charles Santiago បន្ត​ថា​ ​សហគមន៍​អន្តរជាតិ​ មិន​គួរ​ចាញ់​ការ​បោកបញ្ឆោត​នេះ​ឡើយ​ ដោយសារ​ប្រជាពលរដ្ឋ​ដែល​ក្លាហាន​រាប់​មិន​អស់​ បាន​និង​កំពុង​យក​សុវត្ថិភាព​ និង​សេរីភាព​ផ្ទាល់​ខ្លួន​ ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដោយ​ការ​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ការ​មិនទៅ​បោះឆ្នោត។​

​លោក បន្ថែម​ទៀត​ថា បណ្ដា​ប្រទេស​ដែល​កំពុង​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ការ​បោះឆ្នោត​ដ៏​សែន​អាម៉ាស់​នេះ​ មិន​ថា​ដោយ​គ្មាន​ចេតនា​ ឬ​មាន​ចេតនា​ក្ដី​ គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ពាក់ព័ន្ធ​របស់​ខ្លួន​ជា​មួយ​នឹង​ប្រទេស​កម្ពុជា​ ហើយ​គួរ​បញ្ជាក់​ដោយ​ច្បាស់​ថា​នឹង​មិន​អាច​យក​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បាន​ឡើយ។​

បើ​ទោះ​ជា​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​និង​បក្ស​ដឹកនាំ​ប្រទេស​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​ដោយ​ ​ក៏​ការ​បោះឆ្នោត​ជាតិ​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ​ឥត​កែប្រែ។​

ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី​៦​នេះ​ នឹង​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ​ទី២៩​ខែ​កក្កដា​ខាងមុខ​ ​ចាប់​ពី​ម៉ោង​ ៧ព្រឹកដល់ម៉ោង​ ​៣រសៀល៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG