ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​បក្ស​ប្រឆាំង​​៥រូប​រង​ការ​ផាក​ពិន័យ​ម្នាក់ៗ​ចំនួន​១០លាន​រៀល​ដោយសារ​បង្ហោះ​រូប​ម្រាម​​ដៃ​ស្អាត


រូបឯកសារ៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ថត​រូប​ជុំគ្នា​កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ដើម្បី​បង្ហាញ ​«ម្រាមដៃស្អាត»​ មិន​ចូលរួម​ការ​បោះឆ្នោត។ ​(រូបថតពីហ្វេសប៊ុក​លោក ជា ជីវ)
រូបឯកសារ៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ថត​រូប​ជុំគ្នា​កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ដើម្បី​បង្ហាញ ​«ម្រាមដៃស្អាត»​ មិន​ចូលរួម​ការ​បោះឆ្នោត។ ​(រូបថតពីហ្វេសប៊ុក​លោក ជា ជីវ)

គណៈ​កម្មការ​​រៀបចំ​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បើក​សវនាការ​សម្រេច​ពិន័យ​សមាជិក​គណបក្ស​​សង្គ្រោះ​​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​ចំនួន​១០លាន​រៀល​ទៅ​តាម​បណ្តឹង​របស់​សមាជិក​គណបក្ស​​កាន់​អំណាច​ក្នុង​ខេត្ត​បាត់​ដំបង ដែល​បាន​ប្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​បង្ហាញ​ពី​ការ​មិន​ទៅ​បោះ​ឆ្នោត។

សមាជិក​គណ​បក្សសង្គ្រោះជាតិ​ចំនួន​៥នាក់​ ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​ផាក​ពិន័យ​ក្នុង​ម្នាក់​ចំនួន​១០លាន​រៀល​ ​ដោយ​រងការ​ចោទ​ថា​បាន​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត​ ដោយ​ក្នុង​នោះ​ម្នាក់​ជា​អតីត​ប្រធាន​ប្រតិបត្តិ​គណ​បក្សសង្គ្រោះជាតិ​ខេត្ត​បាត់​ដំបង ដែល​កំពុង​ស្ថិត​ក្នុង​ការព្យួរ​សិទ្ធិ​នយោបាយ​ចំនួន​៥ឆ្នាំ។​

លោក​ ​វន ពន​ ​ប្រធាន​គណៈ​កម្មការរៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់​ដំបង​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​អតីត​សមាជិក​គណ​បក្សសង្គ្រោះជាតិ​ចំនួន​៥រូប​ ​ត្រូវ​បាន​សមាជិក​គណបក្សកាន់​អំណាច​ក្នុង​ខេត្ត​បាត់​ដំបង​ប្តឹង​ពាក់​ព័ន្ធ​នឹង​ការបង្ហោះសារ​បង្ហាញ​ពីការ​មិន​ទៅ​បោះ​ឆ្នោត។​ ​លោកបន្ថែម​ថា​អ្នក​ទាំង​៥​នោះ​ត្រូវ​បាន​គណៈ​កម្មការរៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់​ដំបង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយ​សម្រេច​ឲ្យ​អ្នក​ទាំង​៥បង់​ពិន័យម្នាក់ៗ​ចំនួន​១០លាន​រៀល​ ​ទៅ​តាម​មាត្រា​១៤២​ ​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចង្អុល​ដៃ​អីហ្នឹង​គឺ​ថាវា​ជាន័យ​មួយ​សម្រាប់​មិន​ឲ្យ​គេ​ទៅ​បោះ​ឆ្នោត។​ ​បើ​គាត់​មិន​បង់វាអនុលោម​ទៅ​តាម​ច្បាប់​ ​តើ​ច្បាប់​គេ​កំណត់​យ៉ាង​ម៉េចអី​យ៉ាង​ម៉េច​ ​ទៅ​តាម​ច្បាប់។​ ​ទី១ គេ​ធ្វើ​យ៉ាង​ម៉េច​ ​ទី២​ ​គេ​អនុ​វត្តវិធានការ​រដ្ឋបាល​អីអញ្ចឹង»។

សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្សត្រូវ​បាន​តុលាការ​កំពូលរំលាយទាំង៥​រូប​ ដែល​រង​ពិន័យរួមមាន​ ​លោក​ ​ជា ជីវ​ ជា​អតីត​ប្រធាន​ប្រតិបត្តិរបស់គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្តបាត់​ដំបង​ ​និង​សមាជិក​បួន​រូប​ផ្សេង​ទៀត​គឺ​លោក​ ​ថោង សារឿន​ ​លោក​ ពៅ តាំង​ ​លោក​ ​គ្រុយ គឹមសាំង​ ​និង​ លោក​ ​ម៉ាំង ឈុន។

លោក​ ​វន ពន​ ​បន្ថែម​ថា​អ្នក​ទាំង​៥​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង់​ពិន័យ​នេះ​ក្រោយ​ការ​បញ្ចប់​បណ្តឹង​តវ៉ា​ចប់​សព្វ​គ្រប់​ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​វិធានការ​លម្អិត​ក្នុង​ករណី​ដែល​អ្នក​ទាំង​៥​មិន​អនុ​វត្តតាម​នោះ​ទេ។ ចំណែក​លោក​ ​ជា ជីវ​ ​ដែល​ជា​បុគ្គល​ស្ថិត​ក្នុង​ការ​ព្យួរ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​មួយ​រូប​ ​នឹង​ត្រូវ​រង​វិធាន​ការ​ផ្សេង​ទៀត​ ​ដែល​លោក​ ​វន ពន​ ​អះអាង​ថា​ ​ករណី​នេះ​គឺ​ផុតពី​សមត្ថកិច្ច​របស់​គណៈ​កម្មការរៀបចំ​ការ​បោះ​ឆ្នោត។​

មាត្រា​១៤២​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ចែង​ថា​ ​ត្រូវ​ផាកពិន័យជា​ប្រាក់​ពី ៥,០០០,០០០​ ​(ប្រាំលាន​រៀល)​ ​ទៅ​ ​២០,០០០,០០០​ ​(ម្ភៃលាន​រៀល)​ ​ដោយ​ ​គ.ជ.ប.​ ​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ​ចំពោះ​ជនណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដូច​ជា រារាំង​ប្រជា​ពលរដ្ឋដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ ធ្វើ​ឲ្យ​មាន​ការភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​និង​បង្កការរំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន។​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី០៦​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​នេះ​ ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណ​បក្សសង្គ្រោះជាតិ​ដែល​ជាគណប​ក្សត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ដោយ​រង​ការ​ចោទ​ថា​គណ​បក្សនេះ​បាន​ឃុតឃិត​ជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។​ ​ក្រោយ​ការ​រំលាយ​ ​ គេ​ឃើញ​ថ្នាក់​ដឹក​នាំ​គណបក្សនេះ​ដែល​ភាគ​ច្រើន​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​ពហិការ​ ​កុំ​ទៅ​បោះ​ឆ្នោត ដោយ​ថា​ការ​បោះ​ឆ្នោត​នេះ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។​

ខណៈ​ការ​អំពាវនាវ​និង​ការ​បង្ហោះសារ​ផ្សេងៗ​ដោយ​មាន​ទាំង​ការ​ថត​ម្រាម​ដៃ​មិន​មាន​ប្រឡាក់​ទឹក​ខ្មៅ​បង្ហាញ​ពីការ​មិន​ទៅ​បោះ​ឆ្នោត​បាន​និង​កំពុង​ធ្វើ​ឡើង​ជារៀង​រាល់​ថ្ងៃ​នោះ គេ​ឃើញ​ថា មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្សប្រឆាំង​បាន​លើក​ឡើង​ថា​ ​ការ​បង្ហោះសារ​ទាំង​នោះ​ ​ជា​សកម្មភាព​ខុស​នឹង​ច្បាប់។​ ពួក​គេ​ក៏​បាន​ប្រកាស​ចាត់​វិធានការ​ផ្សេងៗ​ទៅ​លើការ​អំពាវនាវ​និង​ការបង្ហោះសារ​ទាំង​នោះ​ ​ដោយ​មាន​ទាំង​ការពិន័យជា​ប្រាក់​និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម។​

​VOA​ ​មិន​អាច​ទាក់ទងសមាជិកទាំង៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិបានទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​និង​អ្នក​ច្បាប់​សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ការ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​និង​ការថតម្រាម​ដៃ​បង្ហោះ​ដោយ​ខ្លួន​ឯង​ ​មិន​មែន​ជាបទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ។​ ​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ថា​ ​ការ​អំពាវនាវ​ ​និង​ការ​បង្ហោះ​ជា​សារ​ទាំង​នោះ​ ​គ្រាន់​តែ​ជាការ​បញ្ចេញ​មតិ​ ​មិន​មែន​ជាការ​គំរាម​កំហែង​និង​មិន​មែន​ជា​ការ​បង្ខិត​បង្ខំ​ណា​មួយ​ឡើយ។​

ក្នុង​ពេល​ថ្មីៗ​នេះ​ ​អង្គការ​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​រួម​មាន​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិ​មនុស្ស​ជា​ដើម​ ​បាន​ជំទាស់​ទៅ​នឹង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​នេះ​ ​ថា​ជាការ​បោះ​ឆ្នោត​ដ៏​ ​«គួរ​ឲ្យ​ខ្ពើម»​ ​និង​ ​«គួរ​ឲ្យ​អៀនខ្មាស» ដោយ​ពួក​គេ​លើក​ឡើង​ថា កម្ពុជា​មិន​បាន​ផ្តល់​ឲ្យ​មាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG