ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ថ្កោល​ទោស​ការបោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​កម្ពុជា​ថា ជាការ​បោះ​ឆ្នោត​ដ៏ «គួរ​ឲ្យ​ខ្ពើម» និង «គួរ​ឲ្យ​អៀន​ខ្មាស»


រូបភាព ថតពីគេហទំព័រ ASEAN Parliamentarians for Human Rights នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព ថតពីគេហទំព័រ ASEAN Parliamentarians for Human Rights នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។

ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​នេះ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ថា​ជា​ការ​បោះ​ឆ្នោត​ដែល «គួរ​ឲ្យ​អៀន​ខ្មាស» និង​បាន​អំពាវនាវ​ឲ្យ​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ចាត់ទុក​ការ​បោះ​ឆ្នោត​នេះ និង​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ខុស​ច្បាប់។

អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights) និង​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​បាន​ជំទាស់​ទៅ​នឹង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ថា​ជា​ការ​បោះ​ឆ្នោត​ដ៏ «គួរ​ឲ្យ​ខ្ពើម» និង «គួរ​ឲ្យ​អៀន​ខ្មាស»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​អស់ ៣៣ ឆ្នាំ​មក​ហើយ ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ដោយ​ងាយ​ស្រួល​ជា​ទី​បំផុត ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ចម្បង​តែ​មួយ​គត់​របស់​គណបក្ស​កាន់​អំណាច​របស់​លោក ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន បន្ទាប់ពី​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ឃុំ​ពី​បទ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ។

រូបឯកសារ៖ លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)
រូបឯកសារ៖ លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក Charles Santiago ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​និយាយ​ថា៖

«យើង​ឃើញ​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក លោក ហ៊ុន សែន បាន​រៀបចំ​រចនា​សម្ព័ន្ធ​មួយ​ដែល​គ្មាន​អ្នក​ប្រឆាំង ដែល​គាត់​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត ដែល​គ្រប់​ទម្រង់​ទាំង​អស់​នៃ​សេរីភាព​បញ្ចេញ​មតិ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ត្រូវ​បាន​គាប​សង្កត់​ទាំង​ស្រុង និង​ដែល​សមាជិក​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​ចោល​ស្រុក។ ហេតុ​ដូច្នេះ​ហើយ ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស»។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន និង​អ្នក​ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ក្នុង​ប្រទេស​ថៃ (Foreign Correspondents Club of Thailand) នៅ​ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​អង្គារ លោក Santiago បាន​សង្កត់​ធ្ងន់​ថា ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស ដោយសារតែ «បរិយាកាស [នៅ​ក្នុង​ប្រទេស​កម្ពុជា] មិន​បាន​ផ្ដល់​ឱកាស​ទាល់​តែ​សោះ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌»។

លោក Santiago បាន​បន្ថែម​ទៀត​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្យាយាម​ធ្វើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី «ឈ្នះ​ការ​បោះ​ឆ្នោត​នេះ តាម​រយៈ​អ្វី​ដែល​យើង​ហៅ​ថា​ការ​ប្រថាប់​ត្រា»។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​ដែល​បាន​ឈ្នះ​សំឡេង​ឆ្នោត​ប្រហែល ៤៤ ភាគរយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ទ្វារ សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​បង្ក្រាប ហើយ​សមាជិក​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

លោក Santiago បាន​រិះគន់​ថា ការ​បោះ​ឆ្នោត​នេះ គឺ​មិន​គ្រាន់តែ​ជា​ការ​គួរ​ឲ្យ​អៀន​ខ្មាស​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង​ទេ ប៉ុន្តែ​ក៏​ជា​ការ​គួរ​ឲ្យ​អៀន​ខ្មាស​សម្រាប់​សមាគម​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ផង​ដែរ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​ណាស់​ដែល​អាស៊ាន​មិន​បាន​ងើប​ឡើង​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នេះ ហើយ​ដែល​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​មិន​បាន​ងើប​ឡើង​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នេះ។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​ខ្លាំង​ណាស់»។

ដូច​ទៅ​នឹង​លោក Santiago ដែរ លោក John Cavanaugh ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កម្ពុជា ដែល​ជា​វាគ្មិន​មួយ​រូប​ផង​ដែរ​នៅ​ក្នុង​សន្និសីទ​នេះ បាន​ឯកភាព​ថា សហគមន៍​អន្តរជាតិ​មិន​បាន​ដាក់​សម្ពាធ​ខ្លាំងក្លា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ ហើយ​ករណី​នេះ​អាច «បណ្ដាល​ឲ្យ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ធ្វើ​តាម»។

ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែល​ប្រៀប​ដូច​ជា​ទឹក​ដល់​ច្រមុះ​ដូច្នេះ​ដែរ លោក Santiago បាន​ស្នើ​នូវ​វិធី​ដែល​សហគមន៍​អន្តរជាតិ​គួរ​ធ្វើ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ។

«ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​គឺ​ថា យើង​ត្រូវតែ​បន្ត​ដំណើរ​ទៅ​មុខ។ យើង​ចាំបាច់​ត្រូវ​បន្ត​តាមដាន​ពិនិត្យ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មួយ​វិញ​ទៀត អ្វី​ដែល​ខ្ញុំ​គិត​ថា​មាន​សារៈសំខាន់​ផង​ដែរ​នោះ​គឺ​ថា បណ្ដា​ប្រទេស​អាស៊ាន​មិន​ត្រូវ​អបអរសាទរ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ។ ការ​បោះ​ឆ្នោត​នេះ​ត្រូវតែ​ចាត់​ទុក​ថា​ខុស​ច្បាប់។ របប​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​ចាត់​ទុក​ថា​ខុស​ច្បាប់ ហើយ​សហគមន៍​អន្តរជាតិ​មិន​គួរ​ផ្ដល់​នូវ​ភាព​ស្រប​ច្បាប់​ណា​មួយ​ដល់​ការ​បោះ​ឆ្នោត​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​នេះ​ទេ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG