ក្នុងពេលប្រទេសកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតដ៏ចម្រូងចម្រាសនៅចុងខែកក្កដានេះ ក្រុមតំណាងរាស្ត្ររបស់សភាម៉ាឡេស៊ីមួយចំនួន បានទទូចស្នើរដ្ឋាភិបាលខ្លួនឲ្យមានវិធានការ ដែលអាចនាំឲ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យកម្ពុជា ក្រោយពីរដ្ឋាភិបាលទីក្រុងភ្នំពេញ បានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រុមសមាជិកសភាដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights)។
សេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ាន ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានស្រង់ការថ្លែងរបស់លោក Wong Chen សមាជិករបស់គណបក្សយុត្តិធម៌ប្រជាជននៃក្រុមសម្ព័ន្ធគណបក្សកាន់អំណាច Pakatan Harapan បានបង្ហាញពីការបារម្ភរបស់លោកចំពោះការបោះឆ្នោតនៅកម្ពុជា និងបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលខ្លួនក្នុងបញ្ហានេះ។
លោក Wong ត្រូវបានស្រង់សម្តីតាមន័យដើមថា៖
«ខ្ញុំចង់ទាញយកការយកចិត្តទុកដាក់របស់ក្រសួងទៅលើការវិវត្តនានានៃនយោបាយនៅប្រទេសកម្ពុជា។ សហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជាច្រើនបារម្ភយ៉ាងខ្លាំងចំពោះការរំលាយគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មិនឲ្យមន្ត្រីជាច្រើនរបស់គណបក្សនេះធ្វើនយោបាយរយៈពេលប្រាំឆ្នាំ»។
លោក Wong បាននិយាយបន្តថា៖
«ខ្ញុំទទូចសុំឲ្យរដ្ឋាភិបាលម៉ាឡេស៊ីកាន់ជំហរដែលមានសកម្មភាពមួយទៅលើរដ្ឋាភិបាលកម្ពុជា ដូចអ្វីដែលបានធ្វើកន្លងមកប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាស្តីពីបញ្ហាជនភៀសខ្លួនរបស់អម្បូររ៉ូហ៊ីងញ៉ា នៅក្រោមរដ្ឋបាលលោក Najib»។
លោក Wong Chen បានបញ្ជាក់ទៀតថា រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី មានតួនាទីដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅរដ្ឋដែលជាសមាជិកអាស៊ានដទៃទៀត។
លោកត្រូវបានស្រង់សម្តីបន្ថែមក្នុងន័យដើមថា៖
«ខ្ញុំជឿថា យើង ក្នុងនាមជារដ្ឋាភិបាលថ្មីមួយ បានជំពាក់តួនាទីមិនត្រឹមតែក្នុងការកែទម្រង់ការបោះឆ្នោតរបស់យើងទេ ដើម្បីធានាបានយុត្តិធម៌ និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យ តែយើងក៏ត្រូវធ្វើបន្ថែមទៀតដើម្បីជំរុញឲ្យមានការបោះឆ្នោតសេរី និងត្រឹមត្រូវនៅក្នុងតំបន់អាស៊ានផងដែរ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម រាប់ទាំងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ធ្លាប់មានការគាំទ្រពីពលរដ្ឋខ្មែរជាង៤០ភាគរយនោះ ត្រូវផាត់ចេញពីការបោះឆ្នោតនេះ។ ស្ថាប័នរៀបចំការបោះឆ្នោតកម្ពុជាដែលមានសមាជិកភាគច្រើនមកពីគណបក្សកាន់អំណាចគឺប្រជាជនកម្ពុជានោះ តែងតែច្រានចោលការរិះគន់របស់ក្រុមអ្នកសង្កេតការណ៍នានា ដែលរាប់បញ្ចូលទាំងអ្នកស្រីរ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រកាសច្បាស់ៗថា ការបោះឆ្នោតខាងមុខមិនមែនជាការបោះឆ្នោតពិតប្រាកដនោះឡើយ នៅពេលគណបក្សប្រឆាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនោះ។
ស្រដៀងគ្នានោះដែរ លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ធ្លាប់ថ្លែងរិះគន់ការបោះឆ្នោតនៅកម្ពុជាលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកថា៖
«ដើម្បីឈ្នះការបោះឆ្នោតដ៏អាម៉ាស់នៅប្រទេសកម្ពុជានោះ គណបក្សប្រជាជនកម្ពុជាទំនងជាមិនគ្រាន់តែហាមឃាត់គណបក្សប្រឆាំង មិនគ្រាន់តែគ្រប់គ្រងរាល់ស្ថាប័នបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយនោះទេ ឥឡូវនេះ គណបក្សប្រជាជនកម្ពុជាថែមទាំងដាក់ពង្រាយឧត្តមសេនីយ៍ដ៏អាស្រូវជាច្រើននាក់ឲ្យឃោសនាទាំងខុសច្បាប់ និងគំរាមកំហែងពលរដ្ឋឲ្យទៅបោះឆ្នោតទៀតផង»។
យ៉ាងណាក៏ដោយ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកសភាប្រទេសម៉ាឡេស៊ីគួរអានរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើងវិញ ហើយមិនត្រូវឈឺឆ្អាលកិច្ចការនយោបាយរបស់ប្រទេសដែលជារដ្ឋសមាជិករបស់អាស៊ាន ដែលបានចែងក្នុងធម្មនុញ្ញថា សមាជិកនីមួយៗមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នានោះឡើយ។
«ការណ៍ដែលលូកមាត់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាគឺជាការរំលោភធម្មនុញ្ញនៃសមាគមអាស៊ាន។ គាត់គ្មានតួនាទីអីទាំងអស់មកគ្របដណ្តប់លើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ សុំធ្វើម៉េចឲ្យតែប្រទេសគាត់ហ្នឹងវាបានសុខស្រួលទៅ កុំឲ្យទាស់គ្នាដូចរាល់ថ្ងៃអីចឹង»។
សេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានផ្តល់ការអធិប្បាយថា ការបោះឆ្នោតជាតិរបស់ប្រទេសកម្ពុជាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដានោះ កំពុងដំណើរការទៅដោយមិនមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសនេះ។ ហើយស្របពេលជាមួយគ្នានេះ ក៏មានការគំរាមកំហែងលើអ្នកបោះឆ្នោត និងការបង្ក្រាបដែលមិនធ្លាប់មានពីមុនមក ប្រឆាំងសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលយ៉ាងចម្រូងចម្រាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយសមាជិកលេចធ្លោចំនួន១១៨នាក់នៃគណបក្សនេះត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សកន្លងមកក៏បានហៅការបោះឆ្នោត នេះថា «មិនស្របច្បាប់» ហើយ ថា ការបោះឆ្នោតនោះគឺជា«ល្បែងលេងសើច» ដោយគ្មានការចូលរួមរបស់គណបក្សប្រឆាំងដ៏រស់រវើកមួយនោះ។ រដ្ឋាភិបាលបរទេសជាច្រើន និងតួអង្គផ្សេងទៀត បានរិះគន់បរិយាកាសបោះឆ្នោត និងការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងការយុទ្ធនាការបង្ក្រាប កាលពីពេលកន្លងមក។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា គឺមិនមានលំនឹងទេ តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដោយសារគណបក្សកាន់អំណាចបច្ចុប្បន្នរមែងកម្ទេចចោលក្រុមណាដែលគណបក្សនេះយល់ថា ជាការគំរាមកំហែងដល់អំណាចរបស់ខ្លួន។
លោកមានប្រសាសន៍បន្តថា ការរំលាយចោលគណបក្សសង្គ្រោះជាតិនេះនឹងបញ្ជាក់ថា ដំណើរទៅមុខរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងនៅតែស្ថិតក្នុងដំណើររដាក់រដុបមួយ។ លោកបានប្រដូចគណបក្សកាន់អំណាចសព្វថ្ងៃទៅនឹងសត្វពស់ ដែលចាំតែត្របាក់សត្វកងែ្កប ដែលជាក្រុមប្រឆាំងនឹងខ្លួន។
«ពេលដែលពស់ហ្នឹងអាចលេបកង្កែបបាន អត់ៗអីទេ ប៉ុន្តែបើកង្កែបវាធំ ហើយពស់លេបមិនរួច យើងច្រើនតែឃើញមានការប្រទង់ប្រទាញគ្នា ដូចដែលយើងឃើញសព្វថ្ងៃ។ អីចឹង អ្វីដែលកើតមានឡើងនៅក្នុងពេលថ្មីៗកន្លងមកនេះ ដូចជាការរំលាយសង្គ្រោះជាតិនោះ ក៏មិនខុសគ្នាអីពីការរលត់រលាយនៃគណបក្សហ៊្វុនស៊ីនប៉ិចកាលពីឆ្នាំ១៩៩៧ដែរបាទ»។
អ្នកវិភាគរូបនេះថ្លែងបន្ថែមថា រាប់តាំងពីក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ១៩៩១មកនោះ ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាបន្តមានភាពយឺតយ៉ាវធៀបនឹងប្រទេសក្បែរខាង តែអ្វីដែលមានសន្ទុះលឿននោះ គឺការវាយប្រហារគ្នារវាងអ្នកនយោបាយខ្មែរ និងខ្មែរ ដែលអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ននេះ៕