ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗពីរ បានរិះគន់លើការបោះឆ្នោតក្នុងប្រទេសកម្ពុជាដែលពួកគេយល់ថា ជាទង្វើក្បត់ឆន្ទះប្រជារាស្ត្រខ្មែរនិងបើកផ្លូវឲ្យមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន បានបន្តអំណាចដ៏យូររបស់ខ្លួនទៀតតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights) ហៅកាត់ថា IFDHR ដែល VOA បានទទួលនៅថ្ងៃព្រហស្បតិ៍។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងក្នុងសេចក្តីប្រកាសរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃពុធថា ការបោះឆ្នោតជាតិរបស់កម្ពុជានៅថ្ងៃទី២៩ ខែកក្កដាដែលបានបាត់បង់គ្រឹះជាមូលដ្ឋាននិងមិនអាចយកជាការបាននោះ បានបដិសេធចោលសិទ្ធិរបស់ប្រជាពលរដ្ឋខែ្មរដែលត្រូវបានការពារជាអន្តរជាតិ ដើម្បីជ្រើសរើសរដ្ឋាភិបាលរបស់ពួកគេ។
អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះបានបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន និងប្រទេសដទៃទៀតបានកំណត់ថា ដំណើរការបោះឆ្នោតគឺមានបញ្ហាខ្លាំងណាស់ ដែលមិនអាចឲ្យពួកគេបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការមកឃ្លាំមើលការបោះឆ្នោតនេះបាន។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ត្រូវបានស្រង់សំដីក្នុងសេចក្តីប្រកាសនោះតាមន័យដើមថា៖
«រដ្ឋាភិបាលទាំងឡាយ ដែលបារម្ភពីអនាគតប្រទេសកម្ពុជា គួរតែថ្កោលទោសជាសាធារណៈចំពោះការបោះឆ្នោតនេះ ថា ជាសកម្មភាពគៃបន្លំយ៉ាងឃោរឃៅប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរ»។
លោក ប្រេដ អាដាមស៍ ត្រូវបានស្រង់សំដីបន្ថែមថា៖
«ចាប់តាំងតែពីថ្ងៃដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលរួចមកនោះ ការបោះឆ្នោតនេះ ក្លាយជារឿងចំអកដល់លទ្ធិប្រជាធិបតេយ្យ ហើយជាជ័យជម្នះដែលបានកំណត់ទុកមុនរួចជាស្រេចសម្រាប់គណបក្សកាន់អំណាច។ ឥឡូវនេះ វាស្រេចតែទៅលើប្រទេសដែលផ្តល់ការតាំងចិត្តខ្ពស់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីជួយស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដដល់ប្រទេសកម្ពុជា ឬក៏ត្រូវទទួលយកផលវិបាកខាងសិទ្ធិមនុស្សរបស់រដ្ឋដឹកនាំដោយគណបក្សតែមួយនោះ»។
ការបោះឆ្នោតជាតិរបស់ប្រជាពលរដ្ឋខ្មែរ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទូទាំងប្រទេស ទោះណាជាគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែនប្តឹងតុលាការកំពូលរំលាយចោលកាលពីឆ្នាំមុន ដោយរដ្ឋាភិបាលចោទគណបក្សនេះថាបានរួមគំនិតជាមួយជនបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។
ការបោះឆ្នោតជាតិនៅកម្ពុជាលើកទីប្រាំមួយនេះនឹងមានគណបក្សនយោបាយចូលរួមចំនួន២០ ហើយក្នុងចំណោមគណបក្សទាំង២០នោះ មានតែគណបក្សប្រជាជនកម្ពុជាទេដែលត្រូវសហគមន៍អន្តរជាតិនិងក្រុមអ្នកសង្កេតការណ៍ជាតិ ក៏ដូចជាអន្តរជាតិរំពឹងទុកជាមុនថា នឹងឈ្នះការបោះឆ្នោត។ ជោគជ័យដែលអាចកើតមានសម្រាប់បក្សប្រជាជនត្រូវបានគេព្យាករណ៍ទុកជាមុនដោយហេតុតែគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានប្រកាសដកការគាំទ្ររបស់ខ្លួនពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយការរំលាយចោលគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាដោយពួកគេមិនមានជំនឿលើការបោះឆ្នោតនាពេលខាងមុខថាសេរីនិងយុត្តិធម៌។
ចំណែកប្រទេសជប៉ុន បានសម្រេចចិត្តកាលពីពេលថ្មីៗនេះ ថាខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតសភានៅចុងសប្តាហ៍នេះនោះទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់បាននិយាយថា ប្រទេសជប៉ុនបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីពួកគេបានពិចារណាពីស្ថានភាពទាក់ទងការបោះឆ្នោតនៅកម្ពុជា។
អង្គការសិទ្ធិមិនុស្សអន្តរជាតិមួយផ្សេងទៀត គឺសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សហៅកាត់ថា IFDHR បាននិយាយក្នុងសេចក្តីប្រកាសខ្លួនចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះថា ការបោះឆ្នោតខាងមុខនេះ ជាការបោះឆ្នោតបោកបញ្ឆោត។ អង្គការនេះបានលើកឡើងបន្តថា ខណៈដែលគណបក្សនយោបាយចំនួន២០ ត្រូវបានរំពឹងថានឹងប្រកួតយកអាសនៈសភាចំនួន១២៥ នៅរដ្ឋសភាជាតិនោះ ដំណើរឆ្ពោះទៅថ្ងៃបោះឆ្នោត បានបង្កើតបរិយាកាសមួយដែលមិនអាចនាំឲ្យមាននូវដំណើការបោះឆ្នោតមួយមានការចូលរួមគ្រប់គ្នា និងពិតប្រាកដ ស្របតាមបទដ្ឋានមធ្យមដែលអាចទទួលស្គាល់បានជាអន្តរជាតិ។
អ្នកស្រី Debbie Stothard អគ្គលេខាធិការ សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សត្រូវបានស្រង់ប្រសាសន៍តាមន័យដើមក្នុងសេចក្តីប្រកាសនោះថា៖
«ការគាបសង្កត់របស់លោកហ៊ុន សែនទៅលើការរិះគន់ដោយសន្តិវិធី ការណ៍ដែលគាត់បំផ្លាញចោលទាំងស្រុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរំលាយគណបក្សប្រឆាំងដ៏សំខាន់នោះធានាបានថា ការបោះឆ្នោតនេះ មិនអាចជឿទុកចិត្តបានទេ»។
អ្នកស្រីត្រូវបានស្រង់ប្រសាសន៍បន្ថែមថា៖
«ការបោះឆ្នោតប្រទេសកម្ពុជា ជាដំណើរការគៃបន្លំ ដែលគេតាក់តែងឡើង ដើម្បីឲ្យរបបផ្តាច់ការលោក ហ៊ុន សែន បានបន្តទៅមុខទៀត និងធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងសេចក្តីវេទនានិងការគាបសង្កត់បន្ថែមទៀត»។
សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សបានទទូចសុំសហគមន៍អន្តរជាតិឲ្យច្រានចោលដោយគ្មានមន្ទិលចំពោះលទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ទាមទារឲ្យមានការវិលមកវិញនៃគណបក្សសង្គ្រោះជាតិ និងដោះលែងលោក កឹម សុខាមេដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សនេះ ហើយអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតលក្ខខណ្ឌនានា ដែលធានាបានការបោះឆ្នោតដ៏បរិសុទ្ធមួយ ស្របតាមបទដ្ឋានអន្តរជាតិ។
ស្រដៀងគ្នានោះដែរ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានអនុម័តសេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជា ឬ (H.R. 5754) ដើម្បីជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លើកកម្ពស់សេរីភាពខាងនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហើយនិងដាក់ទណ្ឌកម្មលើក្រុមមនុស្សរបស់លោក ហ៊ុន សែន ចំពោះតួនាទីរបស់ពួកគេដែលបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការប្រព្រឹត្តទង្វើបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ដោយមិនខ្វល់នឹងការរិះគន់លាន់រំពងជាអន្តរជាតិទាំងពីខាងរដ្ឋាភិបាលប្រជាធិបតេយ្យនិងអង្គការសិទ្ធិមនុស្សនោះ លោក សុខ ឥសានមន្ត្រីនាំពាក្យគណបក្សកាន់អំណាច និងលោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ពលរដ្ឋខ្មែរអាចសម្រេចជោគវាសនារបស់ខ្លួនបាន ដូច្នេះមិនបាច់មានការឈឺឆ្អាលពីអ្នកខាងក្រៅនោះទេ ហើយថាប្រទេសកម្ពុជាជាប្រទេសដែលលើកតម្កើងការគោរពសិទ្ធិមនុស្ស និងការសម្តែងមតិស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស៕