សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកំពង់ឆ្នាំងចំនួន២រូបទាក់ទិនការកាន់កាប់និងទន្រ្ទានដីព្រៃលិចទឹកតំបន់៣ក្នុងខេត្តដែលនៅជាប់បឹងទន្លេសាបនេះ។
មន្ត្រីនគរបាលទាំង២រូបខាងលើរងបទចោទប្រកាន់យ៉ាងតិច៣ករណីបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោកឱមយ៉ិនទៀងរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធនឹងការចូលទៅទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។
កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោកស៊ុំ សុជាតិអាយុ៥១ឆ្នាំស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនិងលោក កែវណារុនអាយុ៥៩ឆ្នាំប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបន្ទាប់ពីការសួរចម្លើយពាក់ព័ន្ធការកាន់កាប់និងបានលក់ព្រៃលិចទឹកតំបន់៣ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងហើយនឹងបន្តនីតិវិធី។
ក្រោយពីមានការឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយមកដល់ថ្ងៃទី១៩ខែធ្នូនេះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោកកែវណារុនចំនួន៣បទបីល្មើសដែលរួមមានបទបំផ្លាញនិងគៃបំបាត់ បទហ៊ុមព័ន្ធកាន់កាប់ដីព្រៃលិចទឹកនិងបទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុលដែលប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣នៃបឹងទន្លេសាបក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងពីអំឡុងឆ្នាំ២០១៧ដល់ឆ្នាំ២០២១។នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១៩ខែធ្នូនេះ។
ដីកាមួយផ្សេងទៀតបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃ១៩ខែធ្នូដូចគ្នាបានឲ្យដឹងថាលោកស៊ុំសុជាតិត្រូវបានតុលាការចោទប្រកាន់៤បទលើ្មសដែលលើសលោកកែវ ណារុនមួយបទល្មើសគឺបទសម្អាតប្រាក់ដែលប្រព្រឹត្តនៅដែនព្រៃលិចទឹកក្នុងតំបន់៣នៃបឹងទន្លេសាបក្នុងភូមិកង្កែបនិងភូមិធ្លកឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងពីអំឡុងឆ្នាំ២០១៧ដល់ឆ្នាំ២០២១។
បទលើសទាំងនេះមានចរិតជាបទល្មើសព្រហ្មទណ្ឌនិងត្រូវផ្តន្ទាទោសតាមមាត្រា៦០៨នៃក្រមព្រហ្មទណ្ឌនិងមាត្រា ៩៨នៃច្បាប់ស្តីពីជលផលនិងមាត្រា៣២មាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងមាត្រា៣មាត្រា២៩ថ្មី១នៃវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
បើតាមដីកាទាំងពីរខាងលើ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរលោកកូយ សៅបានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទាំង២គឺលោកកែវ ណារុននិងលោកស៊ុំ សុជាតិទៅពន្ធនាគារឬមណ្ឌលអប់រំកែប្រែទី១ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ហើយបើអតីតមន្ត្រីប៉ូលិសទាំងពីរត្រូវរកឃើញថា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ អ្នកទាំង២អាចជាប់ពន្ធនាគារចន្លោះពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពីបួនលានរៀលទៅ១០លានរៀល។
ដោយឡែកកាលពីថ្ងៃទី៣ខែធ្នូរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ចំពោះលោកឈួរ ច័ន្ទឌឿនអតីតអភិបាលខេត្តកំពង់ឆ្នាំងនិងបញ្ជាឲ្យដកហូតដីរដ្ឋចំនួន២.១០០ហិកតា។នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៣ខែធ្នូឆ្នាំ២០២១នេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកឱម យ៉ិនទៀងបាននៅឡើយទេគិតត្រឹមថ្ងៃអង្គារនេះ។
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេង ហ៊ី ក៏មិនទាន់ឆ្លើយសំណួរផ្ញើតាមតេឡេក្រាមអំពីករណីនេះផងដែរ។
ក្នុងសំណុំរឿងដដែលនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកប្លង់ សុផលបានប្រាប់វីអូអេថាតំណាងអយ្យការបានបើកការស៊ើបសួរដោយចៅក្រមស៊ើបសួររួចរាល់ហើយហើយបានស្នើឲ្យអ្នកយកព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក(VOA)សួរអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ។
ដោយឡែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកអ៊ី រិន្ទមិនទាន់ឆ្លើយសំណួររបស់វីអូអេដែលបានផ្ញើតាមតេឡេក្រាមនៅថ្ងៃអង្គារនេះទេ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា(Cambodian Youth Network) ហៅកាត់ថាCYNលោកហេង គឹមហុងលើកឡើងថាអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើអន្តរាគមន៍បន្ថែមទៀតដើម្បីបន្តស្វែងរកអ្នកពាក់ព័ន្ធដោយមិនមានការលើកលែងឬអត់ឱនឲ្យបុគ្គលណាម្នាក់នោះទេ។
លោកថ្លែងថា៖«ទីមួយខ្ញុំទទូចឲ្យមានការបន្តស្វែងរកវែកមុខជនទាំងឡាយណាដែលពាក់ព័ន្ធឬក៏បានបញ្ជាឬក៏ជាអ្នកដើមហេតុចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាបនិងជុំវិញបឹងទន្លេសាប។ ទី២ខ្ញុំក៏យល់ថា គួរតែមានការឃាត់ខ្លួនមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធឬក៏បើកដៃឬក៏ចូលរួមសហការក្នុងដំណើរការចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់និងបំផ្លាញធនធានធម្មជាតិនេះ»។
លោកហេង គឹមហុងលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវលើបុគ្គលដែលបានប្រព្រឹត្តខុសបូករួមការដាក់ទោសឬពិន័យរដ្ឋបាលដល់មន្ត្រីមូលដ្ឋាន ឬមន្ត្រីមុខងារសាធារណៈក្នុងដែនដីនីមួយៗពីបទធ្វេសប្រហែសដើម្បីកុំឲ្យមានគំរូអាក្រក់ក្នុងការបំពេញមុខងារសាធារណៈផ្សេងទៀត។
លោកបញ្ជាក់ថា៖«ដូច្នេះហើយការទទួលខុសត្រូវរបស់មន្ត្រីដែលមិនមែនជាអ្នកកាន់កាប់ដីក៏ដោយប៉ុន្តែជាអ្នកបណ្តែតបណ្តោយមិនបានបំពេញការងារស្របទៅតាមមុខងាររបស់ខ្លួនក៏គួរតែត្រូវបានទទួលខុសត្រូវទៅលើបទធ្វេសប្រហែសឬក៏ការទទួលខុសត្រូវរដ្ឋបាលបន្ថែមទៀតដើម្បីកុំឲ្យមានគំរូអាក្រក់នៅក្នុងការបំពេញមុខងារសាធារណៈទៀត។ ហើយក៏ជាផ្នែកមួយនៃការជំរុញឲ្យមានការទទួលខុសត្រូវកាន់តែល្អនិងមានភាពសកម្មនៅក្នុងការការពារដីជុំវិញបឹងទន្លេសាបហើយធនធានធម្មជាតិនៅតំបន់ផ្សេងទៀតផងដែរ»។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តកំពង់ឆ្នាំងលោកសំ ច័ន្ទគាប្រាប់វីអូអេថា ស្ថាប័នតុលាការនិងអង្គភាពប្រឆាំងអំពើពុករលួយគួរតែធ្វើការអង្កេតនិងនាំបុគ្គលផ្សេងទៀតដែលទន្រ្ទានដីបឹងទន្លេសាបនេះយកមកដាក់ទោសទណ្ឌទៅតាមផ្លូវតុលាការ។
លោកសំ ច័ន្ទគាថា ប្រសិនបើផ្តន្ទាទោសតែបុគ្គល២នាក់ខណៈអ្នកផ្សេងប្រព្រឹត្តដែរបែរជារួចខ្លួននោះវាបង្ហាញឲ្យឃើញថា រឿងអយុត្តិធម៌កំពុងកើតឡើងចំពោះអតីតមន្ត្រីប៉ូលិសទាំង២ដែលត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួននាពេលថ្មីៗនេះ។
លោកបញ្ជាក់ថា៖«ទស្សនៈរបស់យើងចង់ឲ្យសង្គមមួយហ្នឹងវាមានយុត្តិធម៌។មានយុត្តិធម៌ទាល់តែអ្នកប្រព្រឹត្តទាំងអស់ត្រូវបានដាក់ទោសទណ្ឌ។ ហើយបើសិនជាដាក់តាមបក្ខពួកដាក់តាមអីអ៊ីចឹង...វាមើលទៅសង្គមមួយអយុត្តិធម៌ពេកណាស់»។
គួរបញ្ជាក់ថាដីព្រៃលិចទឹកក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាបរួមមានខេត្តកំពង់ឆ្នាំងពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាបនិងកំពង់ធំមានចំនួនប្រមាណ៦៥ម៉ឺនហិកតា។អាជ្ញាធរខេត្តត្រូវបានកំណត់ភារកិច្ចកាតព្វកិច្ចនិងការទទួលខុសត្រូវលើការគ្រប់គ្រងការការពារនិងការថែរក្សាដែនព្រៃលិចទឹកហើយចំពោះការបាត់បង់ដែនព្រៃលិចទឹកនិងព្រៃលិចទឹកដែលស្ថិតក្នុងដែនសមត្ថកិច្ចនៃខេត្តណា គណៈអភិបាលនៃខេត្តនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរដ្ឋាភិបាល៕